

សាកសពយុវជនបង់ក្លាដេស (Bangladesh) ម្នាក់ត្រូវបានអាជ្ញាធររៀបចំរុំដាក់ក្នុងក្ដារមឈូសបញ្ជូនមកដល់ប្រទេសកំណើតវិញហើយនៅថ្ងៃទី៨ ខែតុលា បន្ទាប់ពីគាត់បានទទួលរងការធ្វើទារុណកម្មរហូតដល់ស្លាប់នៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅក្នុងប្រទេសកម្ពុជា។ កាសែតប្រទេសបង់ក្លាដេសរាយការណ៍ថា នៅមុនពេលយុវជនរូបនេះបានស្លាប់ បណ្ដាញឧក្រិដ្ឋជនឆបោកតាមអនឡាញនៅកម្ពុជាបានជំរិតទារប្រាក់ពីក្រុមគ្រួសាររបស់គាត់ ដែលមានជីវភាពក្រីក្រនៅប្រទេសបង់ក្លាដេសអស់ប្រមាណជាង ៧ពាន់ដុល្លារអាមេរិក។
ក្រុមគ្រួសាររបស់យុវជនបង់ក្លាដេសលោក សូហាក់ អាម៉េដ (Sohag Ahmed) បានទន្ទឹងរង់ចាំអស់ជាច្រើនខែ ដើម្បីទទួលកូនប្រុសត្រឡប់មកពីប្រទេសកម្ពុជា។ ប៉ុន្តែការរង់ចាំនោះ បែរជាបញ្ចប់ដោយក្ដីសោកសៅ និងអារម្មណ៍ក្ដុកក្ដួល នៅពេលក្រុមគ្រួសារទទួលបានកូនប្រុសត្រឡប់មកពីកម្ពុជាវិញ ក្នុងសភាពជាសាកសព ក្នុងក្ដារមឈូស។
កាសែតល្បីឈ្មោះរបស់បង់ក្លាដេស ដឹ ដេលី ស្ដារ (The Daily Star) បានរាយការណ៍ថា លោក សូហាក់ អាម៉េដ មានអាយុ ២៣ឆ្នាំ និងបានមកកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥ ដើម្បីស្វែងរកការងារ។ ម្ដាយឪពុករបស់លោកក៏បានខ្ចីលុយគេយ៉ាងច្រើន ដើម្បីចំណាយលើការធ្វើដំណើរមកកម្ពុជា ដោយសង្ឃឹមថា កូនប្រុសនឹងអាចរកប្រាក់ជួយគ្រួសារដែលមានជីវភាពក្រីក្រ។
ប៉ុន្តែពេលមកដល់កម្ពុជាគ្រួសាររបស់លោក សូហាក់ អាម៉េដ អះអាងថា កូនប្រុសត្រូវបានគេនាំចូលទៅក្នុងទីតាំងប្រតិបត្តិការឆបោកតាមអនឡាញ ដែលគ្រប់គ្រងដោយជនជាតិចិន និងត្រូវគេធ្វើទារុណកម្ម និងបង្ខំឱ្យធ្វើការក្នុងអគារឆបោក។
ម្តាយរបស់លោក សូហាក់ អាម៉េដ គឺលោកស្រី សូហាជី ខាតុន (Sohagi Khatun) ថ្លែងប្រាប់កាសែត ដឹ ដេលី ស្ដារ ថា មុនពេលកូនប្រុសបានស្លាប់ កូនលោកស្រីបានហៅទូរស័ព្ទបញ្ជាក់ថា ខ្លួនកំពុងរងការធ្វើទារុណកម្ម និងត្រូវបានគេយកម្ជុល ប្រេងកាតដាក់ចូលភ្នែកកូនប្រុសលោកស្រី។ ម្ដាយជនរងគ្រោះអះអាងទៀតថា ពេលកូនប្រុសទៅដល់កម្ពុជាបណ្ដាញឆបោកបានចាប់បង្ខាំងកូនប្រុស ដើម្បីជំរិតទាមទារប្រាក់ជាបន្តបន្ទាប់ ហើយលោកស្រី និងប្ដីបានដើរខ្ចីបុលលុយគេ ដើម្បីផ្ញើទៅឱ្យក្រុមបណ្ដាញឆបោកនៅកម្ពុជាអស់ជាង ៧ពាន់ដុល្លារ។
កាសែត ដឹ ដេលី ស្ដារ ឱ្យដឹងថា យុវជនបង់ក្លាដេស លោក សូហាក់ អាម៉េដ បានស្លាប់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។ សាកសពរបស់ លោក សូហាក់ អាម៉េដ ត្រូវបានដឹកមកដល់ប្រទេសកំណើតនៅថ្ងៃទី៨ ខែតុលា ជាមួយសាកសពជនជាតិបង់ក្លាដេស ២នាក់ផ្សេងទៀតដែលបានស្លាប់នៅកម្ពុជាអំឡុងពេលពួកគេមកធ្វើជាពលករ។
ការស្លាប់របស់យុវជនបង់ក្លាដេសវ័យ ២៣ឆ្នាំ លោក សូហាក់ អាម៉េដ មិនត្រឹមតែបន្សល់ទុកនូវភាពសោកសៅ និងការឈឺចាប់ដល់ក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យគ្រួសារដែលមានជីវភាពខ្វះខាតស្រាប់កាន់តែធ្លាក់ខ្លួនក្រលំបាក និងត្រូវប្រឈមនឹងបំណុលវ័ណ្ឌក។ សារព័ត៌មានអន្តរជាតិក៏បានចុះផ្សាយព្រោងព្រាតពីការស្លាប់យុវជនបង់ក្លាដេសរូបនេះ ដែលធ្វើឱ្យប្រទេសកម្ពុជាបន្តរងភាពអាម៉ាស់ និងធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិកាន់តែខ្លាចរអា និងបារម្ភពីសុវត្ថិភាពពេលមកលេងកម្សាន្តកម្ពុជា។
មកដល់ពេលនេះ មិនទាន់មានការបកស្រាយជាសាធារណៈ ឬការបង្ហាញពីចំណាត់ការស៊ើបអង្កេតពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជុំវិញករណីការស្លាប់យុវជនបង់ក្លាដេសរូបនេះនៅឡើយទេ។
ទូរទស្សន៍អាស៊ីសេរីក៏មិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី៨ ខែតុលា។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការរៀបចំសាកសពយុវជនបង់ក្លាដេសបញ្ជូនទៅប្រទេសកំណើតវិញគឺជា កិច្ចការមនុស្សធម៌របស់កម្ពុជា ប៉ុន្តែលោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលកម្ពុជាត្រូវតែស្រាវជ្រាវ និងស៊ើបអង្កេតចំពោះការសម្លាប់យុវជនរូបនេះ ដើម្បីស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ និងក្រុមគ្រួសារ។
លោក អំ សំអាត៖ «អាជ្ញាធរកម្ពុជាហ្នឹងត្រូវតែធ្វើ និងធ្វើបច្ចុប្បន្នភាពអំពីការវិវត្តនៃការស៊ើបអង្កេត ការស្រាវជ្រាវ ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ការស្លាប់របស់យុវជនបង់ក្លាដេសហ្នឹង។ អាហ្នឹងបង្ហាញអំពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់។ សម្រាប់កម្ពុជា ជនណាក៏ដោយឱ្យតែប្រព្រឹត្តបទល្មើសនៅលើទឹកដីកម្ពុជា គឺមិនអាចរួចផុតពីសំណាញ់ច្បាប់។ ហើយបើសិនជាជនដែលពាក់ព័ន្ធហ្នឹង អាចនឹងចាកចេញពីកម្ពុជា ហើយមានតម្រូវការ កម្ពុជាក៏អាចសហការជាមួយបណ្ដាប្រទេសផ្សេងៗហ្នឹង ដើម្បីស៊ើបអង្កេត និងស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើសហ្នឹង ដើម្បីអនុវត្តតាមផ្លូវច្បាប់ផងដែរ»។
ការធ្វើទារុណកម្ម និងការសម្លាប់ជនបរទេសក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជាមិនមែនកើតឡើងតែលើជនជាតិបង់ក្លាដេសនោះឡើយ។ កន្លងទៅ ក៏មានបុគ្គលឆបោកអនឡាញជាជនជាតិឥណ្ឌា ចិន តៃវ៉ាន់ វៀតណាម និងជនជាតិថៃជាដើម ក៏ត្រូវបានរាយការណ៍អំពីការចាប់បង្ខាំង និងធ្វើទារុណកម្មយ៉ាងឃោរឃៅក្នុងមជ្ឈមណ្ឌលឆបោកតាមអនឡាញ ដោយសារតែពួកគេមិនអាចឆបោកលុយពីជនរងគ្រោះតាមគោលដៅដែលក្រុមមេខ្លោងជនជាតិចិនបានកំណត់។ សាក្សីមួយចំនួនបានអះអាងថា ជនបរទេសខ្លះទៀតដែលមិនអាចទ្រាំទ្រនឹងការធ្វើទារុណកម្ម ពួកគេក៏បានបង្ខំចិត្តបញ្ចប់ជីវិតរបស់ខ្លួនដោយចង់ ក និងលោតសម្លាប់ខ្លួនពីអគារឆបោកអនឡាញ។
គិតត្រឹមខែមិថុនា យ៉ាងហោចណាស់មានពលរដ្ឋបង់ក្លាដេសជិត ៦រយនាក់ (៥៨៣) ត្រូវបានបញ្ជូនត្រឡប់ពីកម្ពុជាទៅប្រទេសកំណើតវិញ ក្នុងនោះក៏មានអ្នកដែលត្រូវបានជួយសង្គ្រោះចេញពីទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
ពលរដ្ឋបង់ក្លាដេស ដែលបានត្រឡប់ទៅប្រទេសកំណើតវិញបានរៀបរាប់ប្រាប់ កាសែត ឌឹ ដេលី ស្ដារ (The Daily Star) ថា ពួកគេធ្វើដំណើរមកកម្ពុជាដោយសារតែទទួលបានការឃោសនាការងារដូចជា ប្រតិបត្តិករកុំព្យូទ័រ បញ្ចូលទិន្នន័យ និងកម្មកររោងចក្រជាដើម។ ប៉ុន្តែពេលមកដល់ ពួកគេបែរជាត្រូវបានបង្ខាំង និងបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។ ជនជាតិបង់ក្លាដេសមួយចំនួន ដែលបានត្រឡប់ទៅស្រុកកំណើតក៏បានអះអាងថា លិខិតឆ្លងដែនរបស់ពួកគេត្រូវបានរឹបអូស ចំណែកឯ អ្នកដែលបន្តជាប់ឃុំឃាំងក្នុងអគារឆបោកតាមអនឡាញនៅកម្ពុជា ត្រូវបានបណ្ដាញឧក្រិដ្ឋជនលក់ពួកគេពីមួយកន្លែងទៅមួយកន្លែង ដើម្បីបង្ខំឱ្យបន្តប្រតិបត្តិការឆបោកលុយជនរងគ្រោះនៅជុំវិញពិភពលោក៕









