បក្សប្រឆាំង​និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​មេដឹកនាំ​កម្ពុជា​បង្រួបបង្រួម​ជាតិ​តាម​បណ្ដាំ​សម្ដេច សីហនុ

0
130
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។ RFA/Tin Zakariya

អ្នក​នយោបាយ​បក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គម ជំរុញឱ្យមេដឹកនាំកម្ពុជាបច្ចុប្បន្នអនុវត្តតាម​ព្រះរាជបណ្តាំរបស់ អតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គតែងចង់ឃើញអ្នកនយោបាយខ្មែរចេះបង្រួបបង្រួមជាតិ និងការការពារផលប្រយោជន៍ប្រជាពលរដ្ឋ។ ការជំរុញនេះធ្វើឡើងក្នុងឱកាសខួប ១៤ឆ្នាំ​នៃការសោយព្រះទិវង្គតរបស់ព្រះបាទ នរោត្តម សីហនុ ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ស្របពេលដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតំណាងក្រសួង-ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ និងសមាគម នាំគ្នាដាក់កម្រងផ្កាថ្វាយព្រះវិញ្ញាណក្ខន្ធ នៅមណ្ឌបព្រះបរមរូប ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី១៤ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ មន្រ្តីបក្សប្រឆាំង និងអ្នកឃ្លាំមើលនៅក្រៅប្រទេស ដែលមិនមានឱកាសចូលរួមគោរពព្រះវិញ្ញាណក្ខន្ធដោយផ្ទាល់ បានទទូចឱ្យថ្នាក់ដឹកនាំកម្ពុជានៃគ្រួសារត្រកូលហ៊ុន គោរពតាមព្រះរាជបណ្តាំរបស់អតីតព្រះមហាក្សត្រ ដែលមុនពេលព្រះអង្គយាងចូលព្រះទិវង្គត ព្រះអង្គចង់ឱ្យអ្នកនយោបាយខ្មែរចេះរួបរួមគ្នាជាធ្លុងមួយដើម្បីឱ្យខ្មែរខ្លាំង។ 

អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍អាស៊ីសេរីថា ព្រះបាទ នរោត្តម សីហនុ ជាព្រះមហាក្សត្រដែលបានបំពេញព្រះរាជកិច្ច​ដើម្បីផល​ប្រយោជន៍​ប្រជាជាតិខ្មែរ ហើយព្រះរាជស្នាព្រះហស្តរបស់ព្រះអង្គនៅ​តែមានសារៈសំខាន់​សម្រាប់​ប្រទេសជាតិ។

លោក គឹម សុខ អះអាងថា ព្រះអង្គបានបង្ហាញពីការគោរពរដ្ឋធម្មនុញ្ញ ការយកព្រះទ័យទុកដាក់ចំពោះបញ្ហារបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់សាមគ្គីភាពជាតិ។ លោកក៏បានលើកឡើងពីតួនាទីរបស់ព្រះអង្គក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលជាមូលដ្ឋានសំខាន់សម្រាប់ការបង្កើតរដ្ឋធម្មនុញ្ញ និងការស្តារសន្តិភាពនៅកម្ពុជា។ លោក គឹម សុខ បានជំរុញឱ្យអ្នកកាន់អំណាចបច្ចុប្បន្នយកគំរូតាមអតីតព្រះមហាក្សត្រដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។

លោក គឹម សុខ៖ «ព្រះអង្គក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលឲ្យមានកិច្ច​ព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីស ដែលជាមូលដ្ឋាន ផលិតរដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ព្រះអង្គក៏បានបង្ហាញជំហររឹងមាំរបស់ទ្រង់ក្នុង​កាលៈទេសៈ ក្នុងការការពារទឹកដីកម្ពុជា ដែលជាមូលដ្ឋាន តទល់និងការឈ្លានពាន​គ្រប់ទម្រង់​របស់ពួកអ្នកជិតខាង។ ព្រះអង្គ ក៏ ប្រកាន់នូវជំហរ ក្នុងការ​ផ្សះផ្សា​បង្រួបបង្រួបជាតិហើយ​ធ្វើ​ការ​ដឹកនាំផ្សះផ្សាបង្រួបបង្រួបជាតិដោយផ្ទាល់ក្នុងពេលដែលទ្រង់នៅមានព្រះជន្មដែល​នេះជា​មូលដ្ឋានធ្វើឱ្យជាតិរឹងមាំ»។

នៅព្រឹកថ្ងៃទី១៥ ខែតុលា ថ្នាក់​ដឹកនាំស្ថាប័នជាតិមួយចំនួនបានចូលរួមដាក់​កម្រងផ្កា​គោរព​ព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នៅស្តូបក្បែរវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ខណៈអ្នក​នយោបាយ និងគណបក្សនយោបាយមួយចំនួនក៏បានបង្ហោះសារ​រំឭកពីព្រះរាជ​ស្នា​ព្រះហស្ត​របស់ព្រះអង្គតាមបណ្ដាញសង្គមផងដែរ។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ព្រះបាទ នរោត្តម សីហនុ បានបំពេញព្រះរាជតួនាទីសំខាន់ក្នុងការដឹកនាំប្រទេសក្នុងសម័យសង្គមរាស្ត្រនិយម និងការបង្រួបបង្រួមជាតិ។

លោក ស៊ឹង សែនករុណា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺជាស្នាព្រះហស្តប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ព្រះអង្គ ដែលបានរួមចំណែកបើកផ្លូវឱ្យកម្ពុជា​ស្តារសន្តិភាព និងបង្កើតរដ្ឋធម្មនុញ្ញដែលចែងពីការគោរពសិទ្ធិមនុស្ស និងគោលការណ៍​ប្រជាធិបតេយ្យសេរីពហុបក្ស។

លោក ស៊ឹង សែនករុណា ក៏បានរិះគន់ស្ថានភាពនយោបាយកម្ពុជាក្រោយ​ការសោយទិវង្គត​របស់​ព្រះអង្គ ដោយអះអាងថា សេរីភាពនយោបាយ សេរីភាពសារព័ត៌មាន និងសិទ្ធិរបស់សង្គមស៊ីវិល​បានរងការរឹតត្បិត។ លោកបានលើកឧទាហរណ៍ពីការរំលាយគណបក្ស​សង្គ្រោះជាតិ​នៅឆ្នាំ​២០១៧ និងការចាប់ខ្លួនសកម្មជននយោបាយ និងសង្គមមួយចំនួន។

លោក ស៊ឹង សែនករុណា៖ «ព្រះអង្គមានគុណសម្បត្តិដ៏ធំធេងនោះគឺព្រះអង្គបានធ្វើការ​បង្រួបបង្រួម​ជាតិ​ដែលព្រះអង្គបានដឹកនាំនូវក្រុមត្រីភាគីមក ចូលរួមជាមួយនឹងខាង មួយភាគី​របស់លោក ហ៊ុន សែន ហេង សំរិន អី ទាំងអស់នេះយើងឃើញថា បានលេច​ចេញនូវ​កិច្ច​ព្រមព្រៀងបញ្ចប់ជម្លោះកម្ពុជាមួយ គឺ កិច្ចព្រមព្រៀងក្រុងប៉ារីស»។

លោក ស៊ឹង សែនករុណា យល់ថា ការបាត់បង់ព្រះអង្គបានធ្វើឱ្យប្រទេសខ្វះឥទ្ធិពលដែល​លោក​ជឿ​ថា អាចជួយទប់ស្កាត់អំណាចនយោបាយ របស់លោក ហ៊ុន សែន មិនអាចឲ្យលោក ហ៊ុន សែន ជិះសេះ​លែងដៃ ធ្វើអ្វីៗតាមអំពើចិត្តដូចបច្ចុប្បន្ននោះទេ ពីព្រោះកាលពីពេលព្រះអង្គនៅ​មាន​ព្រះជន្មលោក ហ៊ុន សែន ដែលជាជនមានអំណាចហាក់មិនហ៊ាន ប៉ះទង្គិចជាមួយព្រះអង្គ​ធ្ងន់ធ្ងរនោះទេ។

ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅ​រាជធានីភ្នំពេញ និង​បាន​ឡើង​គ្រង​រាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។

ព្រះអង្គបានដើរតួនាទីសំខាន់ក្នុងចលនាទាមទារឯករាជ្យពីអាណានិគមបារាំង ដែលកម្ពុជាទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ។

ព្រះអង្គក៏បានចូលរួមក្នុងការតស៊ូផ្នែកការទូតជុំវិញប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌​អន្តរជាតិ​នៅទីក្រុងឡាអេ បានសម្រេចនៅឆ្នាំ១៩៦២ ថា​ប្រាសាទនេះស្ថិតនៅក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា។

ព្រះបាទ នរោត្តម សីហនុ បានសោយព្រះទិវង្គតនៅថ្ងៃទី១៥ ខែ​តុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅទីក្រុង​ប៉េកាំង ប្រទេសចិន។ ខួបនៃការសោយទិវង្គតរបស់ព្រះអង្គ​ត្រូវ​បាន​រំឭកជារៀងរាល់ឆ្នាំ ដោយមានការលើកឡើងពីព្រះរាជស្នាព្រះហស្តក្នុងការទាមទារឯករាជ្យ ការដឹកនាំប្រទេស និងការស្វែងរកសន្តិភាពសម្រាប់កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ