វៀតណាមស្នើកម្ពុជាបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់​ការ​បោះ​បង្គោល​ព្រំដែន​គោក​នៅ​សេសសល់

0
134
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន (ស្ដាំ) ទទួល​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក តូ ឡឹម (To Lam) នៅក្នុងព្រះបរមរាជវាំង កាលពី​ថ្ងៃទី៦ ខែមករា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (To Lam) ស្នើឲ្យ​កម្ពុជា​បង្កើត​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ការបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់​រវាងប្រទេសទាំងពីរ និង​បង្កើន​ប្រសិទ្ធភាព​នៃការគ្រប់គ្រង និងការពារព្រំដែន​រួមគ្នា​កម្ពុជា-វៀតណាម។ សំណើរបស់លោក តូ ឡឹម ធ្វើឡើងក្នុងជំនួបជាមួយ​រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា នៅទីក្រុងហាណូយ កាលពីថ្ងៃទី១៤ ខែតុលា។

អគ្គលេខាធិការបក្សកុម្មុយនីស្ដ និង​ជា​ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម បាន​ស្នើឱ្យក្រសួង​ការពារជាតិនៃប្រទេសទាំងពីរ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែនរួមគ្នាកម្ពុជា-វៀតណាម​ដោយបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់​ការបោះបង្គោលព្រំដែន និងការធ្វើឱ្យស្រប​ច្បាប់​នូវ​សមិទ្ធផល​នានា។ លោក តូ ឡឹម បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ សីហា ក្នុង​ទីក្រុង​ហាណូយ កាលពីថ្ងៃទី១៤ ខែ​តុលា។

សំណើរបស់លោក តូ ឡឹម ទៅកាន់លោក ទៀ សីហា ធ្វើឡើងនៅស្របពេល​កម្ពុជា និង វៀតណាម នៅមិនទាន់បោះបង្គោលព្រំដែនគោកចប់ចំនួន ១៦ភាគរយ​ទៀត ។
បណ្ដាញព័តមានវៀតណាម (VIETNAM.VN) ឲ្យដឹងកាលពីថ្ងៃទី១៤ ខែតុលា ថា អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡឹម ក៏បានប្រាប់លោក ទៀ សីហា ឲ្យបន្តចែករំលែក​ព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក រវាង​ក្រសួង​ការពារ​ជាតិនៃប្រទេសទាំងពីរ ក្នុងការរក្សាស្ថិរភាពនយោបាយ និងធានាសន្តិសុខ​របស់ប្រទេសនីមួយៗ។ ក្រៅពីនេះ លោក តូ ឡឹម បានជំរុញឲ្យបង្កើនតំណភ្ជាប់​គ្រប់​ស្ថាប័ន និង​គ្រប់​កម្រិតផង។


ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែតុលា ថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូនហ៊ុន ល្មមឈប់បំពេញតួនាទីបម្រើ​ផលប្រយោជន៍វៀតណាម នូវគ្រប់ក្រសួងស្ថាប័ន​ហើយ។ លោកបារម្ភ​អំពីវាសនាកម្ពុជា ខណៈវៀតណាមគ្រប់គ្រង​បានអស់​ទៅ​ហើយ នូវប្រព័ន្ធព័ត៌មាន ក្នុងស្ថាប័នដែលជា​អាយុជីវិត​ជាតិកម្ពុជា ដូចជា ក្រសួង​ការពារជាតិ​ជាដើម។

លោក ម៉ែន ណាត ស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញជំហរឯករាជ្យ​ពីបក្ស​កុម្មុយនីស្ដ​វៀតណាមនិងពន្យារពេលបោះបង្គោលព្រំដែនជាមួយ​វៀតណាម​សិន ក្នុងពេលប្រទេសកម្ពុជាកំពុងជាប់ផុង ក្នុងអំពើឈ្លានពានរបស់​ភាគីថៃ។

លោក ម៉ែន ណាត៖ «ពីព្រោះយន្ដការនៃការបោះបង្គោល ព្រំដែនជាមួយវៀតណាម កន្លងទៅ វាធ្វើឡើងតាមរយៈសន្ធិសញ្ញាដែលវាមិនស្របច្បាប់ ដូចជា សន្ធិសញ្ញា ឆ្នាំ២០០៥ក្ដី សន្ធិសញ្ញាឆ្នាំ២០១៩ ក្ដីហ្នឹងវាសុទ្ធតែធ្វើឡើងផ្អែកទៅលើ សន្ធិសញ្ញា ខុសច្បាប់ឆ្នាំ១៩៨៥ ។ អ៊ីចឹងហើយបានយើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គួរតែផ្អាក សិននាំគ្នាជជែកវែកញែករឿង​ពាក់ព័ន្ធ​ឯកសារផ្លូវច្បាប់ឡើងវិញ។ ឯកសារណា ដែល​ខុសច្បាប់ ត្រូវធ្វើនិរាករណ៍ចោល​ជាមួយ​ប្រទេសជិតខាង ហើយកន្លែង​ណា​ត្រូវច្បាប់​យកមកគិតឡើងវិញ»។

ទោះជាយ៉ាងណាក៏ដោយ លោក ទៀ សីហា បានបញ្ជាក់ប្រាប់លោក តូ ឡឹម ថា លោកនឹងបន្ត​ដឹកនាំក្រសួងការពារជាតិ និងកងទ័ពកម្ពុជា ឱ្យសហការយ៉ាងជិត ស្និទ្ធជាមួយក្រសួង​ការពារ​ជាតិ និងកងទ័ពវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការនានា ឱ្យមាន​ប្រសិទ្ធភាព រួមទាំង​ផែនការសហប្រតិបត្តិការ ឆ្នាំ២០២៧ រវាងក្រសួង​ការពារជាតិ​នៃប្រទេស​ទាំងពីរ។

ផែនការ​សហប្រតិបត្តិការ ឆ្នាំ២០២៧ ទើបតែត្រូវ​បាន​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ វៀតណាម លោក ផាន វ៉ាំងយ៉ាង (Phan Van Giang) និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ ជាតិ កម្ពុជា លោក ទៀ សីហា ចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែតុលា គឺមួយ ថ្ងៃមុនជំនួបរវាងលោក ទៀ សីហា និងលោក តូ ឡឹម។ ផែនការ​សហប្រតិបត្តិការ ការពារជាតិកម្ពុជា-វៀតណាមនេះ ផ្តោតសំខាន់​លើការ​អប់រំផ្នែកនយោបាយ និង មនោគមវិជ្ជា ដើម្បីពង្រឹងទំនុកចិត្តផ្នែក​នយោបាយ និង​កិច្ចសហប្រតិបត្តិការ រវាងកងទ័ព និងទ័ពជំនាញគ្រប់ប្រភេទនៃប្រទេសទាំងពីរ។

បន្ថែមលើនេះ លោក ទៀ សីហា ក៏បានជួបជជែក និងប្ដេជ្ញាចិត្តរួមគ្នា ជាមួយ​ប្រមុខការពារជាតិ​វៀតណាម និង​ឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យ ការពារជាតិរួមបីប្រទេស ឱ្យកាន់តែខ្លាំងក្លា និងបង្កើនទំនុកចិត្តផ្នែក នយោបាយ រវាងគ្នា ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ការប្ដេជ្ញាចិត្តរបស់ប្រមុខការពារជាតិទាំងបី ក៏ធ្វើឡើងនៅចំថ្ងៃ នៃព្រឹត្តិការណ៍សមយុទ្ធយោធា​កម្លាំងបីប្រទេស​កម្ពុជា-វៀតណាម-ឡាវ នៅទីក្រុងហាណូយ ថ្ងៃទី១៤ ខែតុលា ដើម្បី​ពង្រឹង​សមត្ថភាព ការពារ​ជនស៊ីវិល។

យោងតាមបណ្ដាញព័តមានរដ្ឋវៀតណាម (Government News) រដ្ឋមន្ត្រីការពារ ជាតិវៀតណាម លោក ផាន វ៉ាំងយ៉ាង បានបញ្ជាក់ថា ការពង្រឹងសមត្ថភាព ការពារជនស៊ីវិល មិនត្រឹមតែជា​តម្រូវការ​បន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែក ដ៏សំខាន់ដល់សន្តិសុខរួមរបស់ប្រទេស​ទាំងបី និងឆ្លើយតបទៅនឹងស្ថានភាព អាសន្ន ហេតុការណ៍ផ្សេងៗ និង​គ្រោះ​មហន្តរាយ​ឆ្លងដែន។
អ្នកឃ្លាំមើល​លើកឡើង​ថា វៀតណាមកំពុងកាច់ចង្កូតកម្ពុជាជាចំហ លើគ្រប់វិស័យ ចាប់តាំង​ពី​ការគ្រប់គ្រង​ការបោះបង្គោលព្រំដែន បញ្ហា​សន្ដិសុខ​ព្រំប្រទល់ រហូតដល់សន្តិសុខ​ក្នុងប្រទេស​កម្ពុជា ដែលជាការបង្កើនសេចក្ដីបារម្ភថា វៀតណាមនឹងអាចត្រួតត្រាកម្ពុជានៅអនាគត ដូចស្ថានភាពប្រទេសឡាវ​បច្ចុប្បន្នដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ