

មេដឹកនាំកំពូលវៀតណាម លោក តូ ឡឹម (To Lam) ស្នើឲ្យកម្ពុជាបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការបោះបង្គោលព្រំដែនគោក ដែលនៅសេសសល់រវាងប្រទេសទាំងពីរ និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែនរួមគ្នាកម្ពុជា-វៀតណាម។ សំណើរបស់លោក តូ ឡឹម ធ្វើឡើងក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា នៅទីក្រុងហាណូយ កាលពីថ្ងៃទី១៤ ខែតុលា។
អគ្គលេខាធិការបក្សកុម្មុយនីស្ដ និងជាប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្នើឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរ បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងការពារព្រំដែនរួមគ្នាកម្ពុជា-វៀតណាមដោយបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់ការបោះបង្គោលព្រំដែន និងការធ្វើឱ្យស្របច្បាប់នូវសមិទ្ធផលនានា។ លោក តូ ឡឹម បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិ លោក ទៀ សីហា ក្នុងទីក្រុងហាណូយ កាលពីថ្ងៃទី១៤ ខែតុលា។
សំណើរបស់លោក តូ ឡឹម ទៅកាន់លោក ទៀ សីហា ធ្វើឡើងនៅស្របពេលកម្ពុជា និង វៀតណាម នៅមិនទាន់បោះបង្គោលព្រំដែនគោកចប់ចំនួន ១៦ភាគរយទៀត ។
បណ្ដាញព័តមានវៀតណាម (VIETNAM.VN) ឲ្យដឹងកាលពីថ្ងៃទី១៤ ខែតុលា ថា អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម លោក តូ ឡឹម ក៏បានប្រាប់លោក ទៀ សីហា ឲ្យបន្តចែករំលែកព័ត៌មាន និងគាំទ្រគ្នាទៅវិញទៅមក រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការរក្សាស្ថិរភាពនយោបាយ និងធានាសន្តិសុខរបស់ប្រទេសនីមួយៗ។ ក្រៅពីនេះ លោក តូ ឡឹម បានជំរុញឲ្យបង្កើនតំណភ្ជាប់គ្រប់ស្ថាប័ន និងគ្រប់កម្រិតផង។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៥ ខែតុលា ថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូនហ៊ុន ល្មមឈប់បំពេញតួនាទីបម្រើផលប្រយោជន៍វៀតណាម នូវគ្រប់ក្រសួងស្ថាប័នហើយ។ លោកបារម្ភអំពីវាសនាកម្ពុជា ខណៈវៀតណាមគ្រប់គ្រងបានអស់ទៅហើយ នូវប្រព័ន្ធព័ត៌មាន ក្នុងស្ថាប័នដែលជាអាយុជីវិតជាតិកម្ពុជា ដូចជា ក្រសួងការពារជាតិជាដើម។
លោក ម៉ែន ណាត ស្នើឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញជំហរឯករាជ្យពីបក្សកុម្មុយនីស្ដវៀតណាមនិងពន្យារពេលបោះបង្គោលព្រំដែនជាមួយវៀតណាមសិន ក្នុងពេលប្រទេសកម្ពុជាកំពុងជាប់ផុង ក្នុងអំពើឈ្លានពានរបស់ភាគីថៃ។
លោក ម៉ែន ណាត៖ «ពីព្រោះយន្ដការនៃការបោះបង្គោល ព្រំដែនជាមួយវៀតណាម កន្លងទៅ វាធ្វើឡើងតាមរយៈសន្ធិសញ្ញាដែលវាមិនស្របច្បាប់ ដូចជា សន្ធិសញ្ញា ឆ្នាំ២០០៥ក្ដី សន្ធិសញ្ញាឆ្នាំ២០១៩ ក្ដីហ្នឹងវាសុទ្ធតែធ្វើឡើងផ្អែកទៅលើ សន្ធិសញ្ញា ខុសច្បាប់ឆ្នាំ១៩៨៥ ។ អ៊ីចឹងហើយបានយើងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា គួរតែផ្អាក សិននាំគ្នាជជែកវែកញែករឿងពាក់ព័ន្ធឯកសារផ្លូវច្បាប់ឡើងវិញ។ ឯកសារណា ដែលខុសច្បាប់ ត្រូវធ្វើនិរាករណ៍ចោលជាមួយប្រទេសជិតខាង ហើយកន្លែងណាត្រូវច្បាប់យកមកគិតឡើងវិញ»។
ទោះជាយ៉ាងណាក៏ដោយ លោក ទៀ សីហា បានបញ្ជាក់ប្រាប់លោក តូ ឡឹម ថា លោកនឹងបន្តដឹកនាំក្រសួងការពារជាតិ និងកងទ័ពកម្ពុជា ឱ្យសហការយ៉ាងជិត ស្និទ្ធជាមួយក្រសួងការពារជាតិ និងកងទ័ពវៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀង សហប្រតិបត្តិការនានា ឱ្យមានប្រសិទ្ធភាព រួមទាំងផែនការសហប្រតិបត្តិការ ឆ្នាំ២០២៧ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។
ផែនការសហប្រតិបត្តិការ ឆ្នាំ២០២៧ ទើបតែត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម លោក ផាន វ៉ាំងយ៉ាង (Phan Van Giang) និងរដ្ឋមន្ត្រីក្រសួងការពារ ជាតិ កម្ពុជា លោក ទៀ សីហា ចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែតុលា គឺមួយ ថ្ងៃមុនជំនួបរវាងលោក ទៀ សីហា និងលោក តូ ឡឹម។ ផែនការសហប្រតិបត្តិការ ការពារជាតិកម្ពុជា-វៀតណាមនេះ ផ្តោតសំខាន់លើការអប់រំផ្នែកនយោបាយ និង មនោគមវិជ្ជា ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការ រវាងកងទ័ព និងទ័ពជំនាញគ្រប់ប្រភេទនៃប្រទេសទាំងពីរ។
បន្ថែមលើនេះ លោក ទៀ សីហា ក៏បានជួបជជែក និងប្ដេជ្ញាចិត្តរួមគ្នា ជាមួយប្រមុខការពារជាតិវៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យ ការពារជាតិរួមបីប្រទេស ឱ្យកាន់តែខ្លាំងក្លា និងបង្កើនទំនុកចិត្តផ្នែក នយោបាយ រវាងគ្នា ឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ការប្ដេជ្ញាចិត្តរបស់ប្រមុខការពារជាតិទាំងបី ក៏ធ្វើឡើងនៅចំថ្ងៃ នៃព្រឹត្តិការណ៍សមយុទ្ធយោធាកម្លាំងបីប្រទេសកម្ពុជា-វៀតណាម-ឡាវ នៅទីក្រុងហាណូយ ថ្ងៃទី១៤ ខែតុលា ដើម្បីពង្រឹងសមត្ថភាព ការពារជនស៊ីវិល។
យោងតាមបណ្ដាញព័តមានរដ្ឋវៀតណាម (Government News) រដ្ឋមន្ត្រីការពារ ជាតិវៀតណាម លោក ផាន វ៉ាំងយ៉ាង បានបញ្ជាក់ថា ការពង្រឹងសមត្ថភាព ការពារជនស៊ីវិល មិនត្រឹមតែជាតម្រូវការបន្ទាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការរួមចំណែក ដ៏សំខាន់ដល់សន្តិសុខរួមរបស់ប្រទេសទាំងបី និងឆ្លើយតបទៅនឹងស្ថានភាព អាសន្ន ហេតុការណ៍ផ្សេងៗ និងគ្រោះមហន្តរាយឆ្លងដែន។
អ្នកឃ្លាំមើលលើកឡើងថា វៀតណាមកំពុងកាច់ចង្កូតកម្ពុជាជាចំហ លើគ្រប់វិស័យ ចាប់តាំងពីការគ្រប់គ្រងការបោះបង្គោលព្រំដែន បញ្ហាសន្ដិសុខព្រំប្រទល់ រហូតដល់សន្តិសុខក្នុងប្រទេសកម្ពុជា ដែលជាការបង្កើនសេចក្ដីបារម្ភថា វៀតណាមនឹងអាចត្រួតត្រាកម្ពុជានៅអនាគត ដូចស្ថានភាពប្រទេសឡាវបច្ចុប្បន្នដែរ៕









