៣៥ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស កម្ពុជា​វិល​ទៅ​កាន់​សម័យ​អតីតកាល​ដ៏​អន្តរាយវិញ

0
17
រូបភាពក្នុងកិច្ចប្រជុំកិច្ចព្រមព្រៀងសន្តិភាព នាទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ Photo Courtesy
រូបភាពក្នុងកិច្ចប្រជុំកិច្ចព្រមព្រៀងសន្តិភាព នាទីក្រុងប៉ារីស កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១។ Photo Courtesy

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រគល់សិទ្ធិស្វ័យសម្រេចជោគវាសនាជាតិ ដល់ ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែ ៣៥ឆ្នាំ ក្រោយ នៅថ្ងៃនេះ សិទ្ធិ​អំណាចផ្ដាច់មុខ ធ្លាក់លើគ្រួសាររបស់លោក ហ៊ុន សែន ដែលកំពុងរុញកម្ពុជាឲ្យវិលទៅរបប​អតីតកាល ដែលពោរពេញដោយ​ការ​បំផ្លិច​បំផ្លាញនូវគ្រប់​វិស័យ និង​បែកបាក់ជាតិ។

កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺដើម្បីធានាឱ្យកម្ពុជា​ក្លាយ​ជាប្រទេស ដែលមានអធិបតេយ្យភាពពេញលេញ ឯករាជ្យពេញលក្ខណៈ ឯកភាពជាតិរឹងមាំ យុត្តិធម៌សង្គម ការគោរពសិទ្ធិមនុស្ស និង​ការរីកចម្រើន សេដ្ឋកិច្ច។ កិច្ចព្រមព្រៀងសន្តិភាពនេះ ធ្វើឡើង​ដោយការ​សន្យាជាឱឡារិក នៃ​ហត្ថលេខីចំនួន ១៩ ក្នុងនោះ ក៏មានមហាអំណាចក្រុមប្រឹក្សា​សន្តិសុខអចិន្ត្រៃយ៍ ទាំង ៥ នៃអង្គការសហប្រជាជាតិ និង តំណាងអង្គការសហប្រជាជាតិ។

គោលដៅចម្បងមួយ នៃកិច្ចព្រមព្រៀងនេះ គឺការទប់ស្កាត់នូវការវិលត្រឡប់មកវិញ នៃរបប​ដឹកនាំ​អតីតកាល ដែលពោពេញដោយការបំផ្លិញបំផ្លាញ សង្គ្រាមបង្ហូរ​ឈាម​ខ្មែរ និងការ​ឈ្លានពានពីបរទេស។ ប៉ុន្តែ ៣៥ឆ្នាំបន្ទាប់ពីអនុវត្តន៍​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស ដែលជា​លិខិតូបករណ៍ ឬច្បាប់អន្តរជាតិនេះ ប្រទេស​កម្ពុជា បែរជាមានដំណើរវិលទៅកាន់អន្តរាយ​ស្រដៀងនឹងរបបអតីតកាល ក្នុងគ្រប់វិស័យ​ទៅវិញ។
នៅចំពោះមុខ នៃការឈ្លានពានពីកងទ័ពថៃ ប្រធានព្រឹទ្ធសភា និង​ជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ខឹងសម្បារនឹងខ្មែរគ្រប់គ្នា ដែល​ទាមទារឲ្យប្រើកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បីស្វែងរកដំណោះស្រាយបញ្ហា ទឹកដី។

លោក ហ៊ុន សែន៖ «គេថាយកកិច្ចព្រមព្រៀងមកអនុវត្ត កិច្ចព្រមព្រៀងទីក្រុងប៉ារីស​អនុវត្ត​កន្លែង​ណា តើមើលគ្រប់ចំណុចហើយនៅ? អាកិច្ចព្រមព្រៀងប៉ារីសហ្នឹង»។

ប្រមុខរដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី ហៅលោក ហ៊ុន សែន ថា ជាបុគ្គលដែលគិតតែពីអំណាចគ្រួសារ ហើយធ្វើមិនយល់ពីសារៈសំខាន់ នៃការ​អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីប្រយោជន៍កម្ពុជា ហើយរុញកម្ពុជា​ឲ្យធ្លាក់​ក្នុង​វិបត្តិ​ដូច​សព្វថ្ងៃ។ លោក សម រង្ស៊ី លើកឡើងថា ការប្រើប្រាស់កិច្ច​ព្រមព្រៀង​ប៉ារីស បូកបន្ថែមឯកសារ​សម័យបារាំង-សៀម គឺជាគន្លឹះឈ្នះរបស់​កម្ពុជា។

លោក សម រង្ស៊ី៖ «កុំភ្លើដូច ហ៊ុន សែន ហ៊ុន ម៉ាណែត ទៅបែកឆ្កួតៗនិយាយរឿង អត់បានការ​រឿង​កំប៉ិចកំប៉ុក យកគោលការណ៍ធំៗពីរហ្នឹងមក យកកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស ដែល​ត្រូវគោរពបូរណភាពទឹកដីប្រទេសកម្ពុជា។ ទី២ បូរណភាពទឹកដីប្រទេសកម្ពុជាហ្នឹង ចំពោះព្រំដែនជាមួយថៃ កំណត់ដោយអ្វី កំណត់​ដោយសន្ធិសញ្ញាបារាំងសៀម ១៩០៤-១៩០៧ ដាក់ពីរហ្នឹងទៅឈ្នះ​ហើយ»។

មាត្រាទី៥ នៃកិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង ភាពមិន​អាច​រំលោភ​បាន នៃ​ដែនដី អព្យាក្រឹតភាព និង ឯកភាពជាតិកម្ពុជា បញ្ជាក់ ថា ក្នុងករណី​មានការ​រំលោភ ឬ​ការគំរាមកំហែងរំលោភលើប្រទេសកម្ពុជា បណ្ដា​ហត្ថលេខីនៃកិច្ចព្រមព្រៀងប៉ារីស ធ្វើការពិគ្រោះជាបន្ទាន់ ដើម្បីអនុម័ត​រាល់វិធាន ការសមស្រប រួមទាំង ស្វែងរកអន្តរាគមន៍​ពី​សហប្រធាន​នៃសន្និសីទ​ប៉ារីស ដើម្បី​ស្វែងរកដំណោះស្រាយ ដោយ​សន្តិវិធី។ ប៉ុន្តែ រដ្ឋាភិបាល​ក្រុមគ្រួសារ​ត្រកូលហ៊ុន​មិនអើពើ។
បន្ថែមលើនេះ ដើម្បីការពារសុវត្ថិភាពទឹកដីកម្ពុជា ពីយុទ្ធសាស្ត្រឈ្លានពាន​របស់​ភាគីវៀតណាម​វិញ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តម្រូវឱ្យបញ្ចប់សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនសមស្របទៅនឹងអធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាពមិនអាចរំលោភបាន នៃដែនដី អព្យាក្រឹតភាព និង ឯកភាព ជាតិកម្ពុជា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត លើកឡើងថា លោក ហ៊ុន សែន មិនត្រឹម​តែមិនលុបចោលនូវសន្ធិសញ្ញានិងកិច្ចព្រមព្រៀងខុស​ច្បាប់​ជាមួយ​វៀតណាមទេ ប៉ុន្តែថែមទាំង​ធ្វើឱ្យឯកសារខុសច្បាប់ទាំងឡាយ ក្រោមការ​ត្រួត​ត្រា របស់កងទ័ពវៀតណាម​មានសុពលភាព​ឡើងវិញ ដើម្បីកាត់ច្រៀកទឹកដី​កម្ពុជា​ឲ្យវៀតណាមគ្រប់គ្រង ខណៈជនអន្តោប្រវេសន្ដ​វៀតណាម​ខុសច្បាប់ មក​តាំង​ទីលំនៅលើទឹកដីកម្ពុជា កាន់តែច្រើនលើសលប់​គួរឱ្យបារម្ភ។

លោក ម៉ែន ណាត៖ «កម្ពុជាបាត់ព្រំដែនគោចន្លោះពី ៤ពាន់ទៅ៦ ពាន់គីឡូម៉ែត្រ​ក្រឡា ចំណែក​ឯ​ព្រំដែនទឹកគឺច្បាស់ណាស់ វៀតណាមគ្រប់គ្រងកោះត្រល់ កោះក្រចកសេះ និងដែន​សមុទ្រខ្មែរចំនួន ៣ ម៉ឺនគីឡូម៉ែត្រក្រឡា»។

តាមពិត ដើម្បីសម្រេចគោលដៅ នៃការការពារអធិបតេយ្យភាពជាតិកម្ពុជា និង​ការរីកចម្រើន​របស់​ប្រទេសកម្ពុជា កិច្ចព្រមព្រៀងសន្តិភាពកំណត់ឲ្យប្រគល់​សិទ្ធិ​ស្វ័យ​សម្រេច​ជោគវាសនា​ជាតិ ដល់​ប្រជាពលរដ្ឋខ្មែរ តាមរយៈការបោះឆ្នោត​ដោយសេរី និង ត្រឹមត្រូវ ដើម្បីជ្រើសតាំង​សភា​តំណាងរាស្ត្រ និង រដ្ឋាភិបាល​ដឹកនាំប្រទេស តាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ។ ខ្លឹមសារនេះ ជាស្មារតីគ្រឹះ ដែល​ត្រូវបានសរសេរ​បញ្ចូល​ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា គឺពុំមែនរបៀបសភាឯកបក្ស និង រដ្ឋាភិបាលលក្រុមគ្រួសារមួយ​ដូចសព្វថ្ងៃនេះទេ។

ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) និងជាអតីអនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា រដ្ឋាភិបាលគ្រួសារ​ត្រកូល​ហ៊ុន ធ្វើឲ្យកម្ពុជាបរាជ័យ ក្នុង​រយៈពេល ៣៥ឆ្នាំនេះ។ អ្នកស្រី លើកឡើងថា ទឹកដី​កម្ពុជាកាន់តែរួញ ការរំលោភ​សិទ្ធិមនុស្ស​កើត​មាន​ពេញ​បន្ទុក ហើយ​ប្រជាពលរដ្ឋ​ខ្មែរកាន់តែដុនដាប នៅពេលប្រព័ន្ធ​ប្រជាធិបតេយ្យកាន់តែខ្សោយ ជាពិសេស នៅ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ចុងឆ្នាំ២០១៧។

អ្នកស្រី មូរ សុខហួរ៖ «នៅក្នុងការចូលរួមបោះឆ្នោត អត់ទាំងមានសិទ្ធិបង្កើតឱ្យមាន​ប្រព័ន្ធនៅក្នុង​ស្រុកផងហ្នឹង។ នេះហើយដែលជាវិបត្តិធំ ៣៥ ឆ្នាំកន្លងមកនេះ​បង្ហាញឱ្យឃើញថា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស អ្នកដែលយកទៅជាន់ឈ្លី នឹងជើងនោះ គឺរដ្ឋាភិបាលកម្ពុជា»។

អំឡុង​ពេល ៣៥ឆ្នាំនេះ ក្រោមអំណាចរ​ដ្ឋាភិបាលគ្រួសារត្រកូល​ហ៊ុន មាន​អ្នក​នយោបាយ សកម្មជន​នយោបាយ សកម្មជនសង្គម សកម្មជនសិទ្ធិមនុស្ស អ្នកកាសែត និង​បញ្ញវន្ត សរុប​ច្រើនរយនាក់ ត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់ និង​មួយ​ភាគ​ធំ​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។
អ្នករាយការណ៍ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andraws) បានថ្លែងទៅកាន់ក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គការ​សហប្រជាជាតិ កាលពីដើមខែតុលាថា នៅកម្ពុជា មានរូបភាព​មួយ ដែលកំពុងប្រឈមនឹងការ​រឹតត្បិត​សេរីភាព និងសិទ្ធិនយោបាយលើ​សកម្មជន សហជីព និង​អ្នកសារព័ត៌មាន។ ករណីនេះ ផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងប៉ារីស ដែលចែងថា «កម្ពុជាសន្យាធានាគោរព និង​ប្រតិបត្តិតាម​សិទ្ធិមនុស្ស ហើយនិង​សេរីភាព​ជាមូលដ្ឋាន»។
ប្រធានសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក នីសុខា មានប្រសាសន៍ថា បញ្ហាសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ ដែលជាមូលដ្ឋាន​គ្រឹះនៃដំណើរ​ការប្រជាធិបតេយ្យ ស្ថិតក្នុងស្ថានភាពគួរឲ្យបារម្ភ។

លោក នី សុខា៖ «មុនបោះឆ្នោតឆ្នាំ១៩៩៣ អ្នកជាប់ឃុំដូចជាមិនដល់ប៉ុណ្ណឹងទេ ដែលខ្ញុំចាំកាល​នោះ អ៊ុនតាក់ មកដំបូងហ្នឹង បានមកដល់ដោះលែងអ្នកជាប់ឃុំ​នយោបាយ​ហ្នឹង ប៉ុន្តែឥឡូវនេះ យើងឃើញថា គៀតពេលបោះឆ្នោតហើយ អ្នកឃុំ ដោយមនសិការហ្នឹង នៅតែជាង ១០០ នាក់។ អ៊ីចឹងនេះជាចំណុចមួយ បើយើង​ប្រៀបធៀបទៅឆ្នាំ ១៩៩៣ យើងឃើញថាអ្នកជាប់ឃុំឥឡូវ​នេះ​ច្រើន ជាង​ឆ្នាំ​១៩៩៣​ទៀត»។

សេចក្ដីថ្លែងការណ៍ស្ដីពីការស្ដារ និង កសាងប្រទេសកម្ពុជាឡើងវិញ​ចែង​ថា ការ​សាង​ប្រទេស​កម្ពុជា ត្រូវផ្អែកយ៉ាងពេញលេញ ដល់ការគោរពសិទ្ធិមនុស្ស និង​សេរីភាព​ជាមូលដ្ឋាន​សម្រាប់​ជនគ្រប់រូប។ ការសម្លាប់ប្រជាធិបតេយ្យ និងការ​រំលោភ​សិទ្ធិមនុស្សនៅកម្ពុជា ធ្វើឲ្យប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់ដំណើរការ​សេដ្ឋកិច្ច​កម្ពុជា ពីព្រោះ​សហភាពអឺរ៉ុប កាត់ប្រព័ន្ធអនុគ្រោះពន្ធ អ៊ីប៊ីអេ (EBA) ២០% ហើយសហរដ្ឋអាមេរិក កាត់ទាំងស្រុង នូវប្រព័ន្ធអនុគ្រោះពន្ធ ជីអែសភី (GSP)។

លោក ហ៊ុន សែន ធ្លាប់បានពន្យុះឲ្យសហរដ្ឋអាមេរិក និង​សហភាពអឺរ៉ុប ដកប្រព័ន្ធ អនុគ្រោះព័ន្ធទាំង​នេះពីកម្ពុជា ដើម្បីគេចពីការជំរុញ របស់សហគមន៍អន្តរជាតិ ឲ្យ រដ្ឋាភិបាល​គ្រួសារ​ត្រកូលហ៊ុនស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស តាម​ស្មារតីនៃ​កិច្ច ព្រមព្រៀង​ទីក្រុងប៉ារីស។

លោក ហ៊ុន សែន៖ «ទោះមាន ឬគ្មាន អ៊ីប៊ីអេ (EBA) វាក៏មិនធ្វើឱ្យយើងស្លាប់តែវាក៏ មិនធ្វើឱ្យ​យើង​ក្លាយ​ជាអ្នកមាន​បានដែរ»។

បន្ទាប់ពីកម្ពុជា ត្រូវសហភាពអឺរ៉ុប​ដកហូត អ៊ីប៊ីអេ ២០% ហើយសហរដ្ឋអាមេរិក កាត់ ជីអែសភី ១០០% មក សេដ្ឋកិច្ចកម្ពុជាមានដំណើរធ្លាក់ចុះជាលំដាប់ និង​ជាពិសេស កំពុងស្ថិតក្នុង​ស្ថានភាព​ត្រដាបត្រដួស ក្នុងពេលកម្ពុជា ប្រឈមបន្ថែម​នូវវិបត្តិឆបោកអនឡាញ ដែលមាន​ការ​ពាក់ព័ន្ធនឹងពួកឧកញ៉ា និង មន្ត្រីជាន់ខ្ពស់ ជាច្រើន​នៃគណបក្សប្រជាជានកម្ពុជា។

សមាជិកព្រឹទ្ធសភា និងជាសេដ្ឋកិច្ចវិទូ លោកបណ្ឌិត សុក ហាច មានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា ដល់ដំណាក់កាល មានវិបត្តិមែន ដែលជាក់ស្ដែង ពុំមានការតម្លើង​ប្រាក់ខែកម្មករ ខណៈទំនិញឡើងថ្លៃ ប្រមាណ ៦%។ លោកបណ្ឌិត សុក ហាច បន្ថែមថា សេដ្ឋកិច្ចបច្ចុប្បន្ន ខាតបង់ចំណូលជាសាច់ប្រាក់ (Current Account Balance) ប្រហែល ៥ពាន់លានដុល្លារ ពីការធ្លាក់ចុះវិស័យទេសចរណ៍ខ្ទង់៥០% ការបាត់ចំណូល​ក្នុងវិស័យសេវាកម្ម ការបាត់បង់ការងារ បញ្ហាមុខរបររបស់​ពលរដ្ឋ រហូតដល់ ការគាំងវិស័យអចលនទ្រព្យជាដើម។

បណ្ឌិត សុក ហាច៖ «ដូច្នេះសេដ្ឋកិច្ចយើង ខ្ញុំមិនចង់បំភ័យទេ ប៉ុនថ្នាក់ដឹកនាំកំពូលៗ រាជរដ្ឋាភិបាល ឬមួយគណបក្សកាន់អំណាចគួរយកអានេះទៅពិចារណាឱ្យបាន​ច្បាស់លាស់ យើងមិនអាចឱ្យមាន(Current Account) វាបង់ខាតរាប់ពាន់លាន ដុល្លារមួយឆ្នាំៗ សឹងស្មើនឹងចំនួនពន្ធ​គយ ហើយ​នឹង​ពន្ធដារ​ចូលគ្នា​វាច្រើន។ ដូច្នេះ ដើម្បីកាច់ចង្កូតអាហ្នឹងបាន ទាល់តែមាននីតិវិធី ទាល់តែឃើញថា ប្រទេសជាតិយើងមាន មានឯកភាពជាតិ ខ្ញុំប្រើនយោបាយបន្តិចចុះ។ វាបញ្ហា​អភិបាលកិច្ចហើយ ប៉ុនអភិបាលកិច្ចត្រូវធ្វើម៉េចទាល់តែមានឯកភាពជាតិ» ។

កង្វះឯកភាពជាតិ និង​ការពុំមានអភិបាលកិច្ចល្អ ធ្វើឲ្យកម្ពុជាប្រឈមវិបត្តិធំៗ ដូច​ជា អំពើ​ពុករលួយ​ជាប្រព័ន្ធ បក្ខពួកនិយម ការកាប់ឈើខុសច្បាប់ ​គ្រឿងញៀន ការជួញដូរមនុស្ស ការឆបោកអនឡាញ ជំនួញក្រុមហ៊ុន​ឆបោក​ក្នុងស្រុក និង​ការប្លន់ដីធ្លីពលរដ្ឋជាដើម ដែល​ជះឥទ្ធិពលធ្វើឲ្យគាំង​ដំណើរ​សេដ្ឋកិច្ចជាតិ។ រដ្ឋ​ជំពាក់បំណុលបរទេស លើសពី ១ម៉ឺនលាន​ដុល្លារ​ទៅហើយ ខណៈប្រជាពលរដ្ឋ ភាគច្រើននៅតែក្រីក្រ និង​ធ្លាក់ខ្លួនវ័ណ្ឌកដោយបំណុល ស្ទើរគ្រប់ក្រុម​គ្រួសារ សរុប ជាង ៦០ពាន់លានដុល្លារ។

ប៉ុន្តែ ៣៥ឆ្នាំហើយ រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន នៅតែមានះ​មិនព្រម​ផ្សះផ្សាជាតិ តាមរូបមន្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីដោះស្រាយវិបត្តិទាំង នេះរបស់កម្ពុជា និង ប្រជាពលរដ្ឋខ្មែរឡើយ ហើយកំពុងរុញកម្ពុជា​ឱ្យវិលត្រឡប់ ទៅកាន់របបដឹកនាំអតីតកាល ដែល​ពោរពេញដោយការបំផ្លិចបំផ្លាញ ដោយសារ នយោបាយកណ្ដាប់ដៃផ្ដាច់ការរបស់ លោក ហ៊ុន សែន ដែលប្រកាស « ងើប១ វាយ១ » និងធ្វើឧស្សាហកម្មឆបោកអនឡាញគ្រប់គ្រងដោយរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ