

គណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងមួយនៅកម្ពុជា បានចោទប្រកាន់សហភាពអង្គការសង្គមស៊ីវិលមួយដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលថា កំពុងជ្រៀតជ្រែកក្នុងសកម្មភាពនយោបាយរបស់បក្សប្រឆាំងតាមរយៈការជំរុញឱ្យគណបក្សនេះផ្តាច់ទំនាក់ទំនងជាមួយមេដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី មុនការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំក្រោយ។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង បានឲ្យដឹងថា សហភាពអង្គការសង្គមស៊ីវិលដែលដឹកនាំដោយលោក មួង សូនី កំពុងធ្វើសកម្មភាពរំខានដល់គណបក្សជំទាស់ និងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ និងកំពុងអនុវត្តសកម្មភាពនយោបាយតាមគោលការណ៍ប្រជាធិបតេយ្យ។
លោក សុខ គឹមសេង បានអំពាវនាវឱ្យក្រសួងមហាផ្ទៃពិនិត្យសកម្មភាពរបស់សហភាពអង្គការសង្គមស៊ីវិលដែលដឹកនាំដោយលោក មួង សូនី និងបញ្ជាក់ឱ្យច្បាស់អំពីគោលបំណងរបស់សហភាពនេះ ជាពិសេសការអំពាវនាវឱ្យគណបក្សកម្លាំងជាតិ និងគណបក្សជំទាស់ផ្សេងទៀតអនុវត្តតាមសំណើរបស់ខ្លួន។
លោក សុខ គឹមសេង៖ «អ្វីដែលសំខាន់មួយទៀតខ្ញុំ យើងខ្ញុំកំពុងតែមានការងឿងឆ្ងល់អំពីតួនាទីភារកិច្ចរបស់អង្គការសង្គមស៊ីវិលមួយចំនួនហ្នឹងថាទើតើគាត់មានតួនាទីអ្វីខ្លះ ហេតុអ្វីក៏គាត់ព្យាយាមមកលាបពណ៌ មកអុកឡុកគណបក្សដែល ជាគណបក្សមួយកំពុងធ្វើសកម្មភាពស្របច្បាប់ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ហើយទទួលស្គាល់ដោយក្រសួងមហាផ្ទៃ អាហ្នឹងអ្វីដែលយើង យើងកំពុងតែមានចង្ងល់ ឆ្ងល់មែនទែនអំពីតួនាទីភារកិច្ចរបស់អង្គការសង្គមស៊ីវិលទាំងអស់ហ្នឹង»។
លោក សុខ គឹមសេង បានបន្ថែមថា គោលដៅសំខាន់របស់គណបក្សកម្លាំងជាតិ គឺការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។ លោក ថា ការរំខាននេះ ពិតណាស់គឺប៉ះពាល់ដល់ដំណើរការចូលរួមបោះឆ្នោតរបស់បក្សប្រឆាំង ព្រោះជាការរំលោភដល់អធិបតេយ្យភាពដឹកនាំគណបក្ស និងបង្កនូវបរិយាកាសនយោបាយមិនល្អមុនដំណើរការ នៃការបោះឆ្នោតដែលឈានចូលមកដល់នាពេលខាងមុខ។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីសហភាពអង្គការសង្គមស៊ីវិល ដែលដឹកនាំដោយលោក មួង សូនី បានយកញត្តិទៅដាក់នៅទីស្នាក់ការគណបក្សកម្លាំងជាតិជាលើកទីបី កាលពីថ្ងៃទី២៦ ខែតុលា ដោយស្នើឱ្យគណបក្សនេះផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី។ សហភាពអង្គការសង្គមស៊ីវិលបានចោទថាគណបក្សជំទាស់នេះកំពុងដើរតាមមនោគមវិជ្ជានយោបាយរបស់លោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សជាតិខ្មែរ។ សហភាពនេះបានអះអាងថា លោក សម រង្ស៊ីជាអ្នកនយោបាយជ្រុលនិយម ដែលខ្លួនចោទថា មិនស្រឡាញ់ជាតិខ្លួនឯង ប៉ុន្តែលើកតម្កើងប្រទេសដទៃក្នុងរបៀបដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កម្ពុជា។
យោងតាមញត្តិចុះថ្ងៃទី២០ ខែតុលា សហភាពអង្គការសង្គមស៊ីវិលគាំទ្ររដ្ឋាភិបាល និងបក្សកាន់អំណាចមួយនេះ បានស្នើឱ្យគណបក្សកម្លាំងជាតិប្រកាសផ្តាច់ទំនាក់ទំនង និងថ្កោលទោសលោក សម រង្ស៊ី ព្រមទាំងបញ្ឈប់សកម្មភាពទាំងឡាយដែលសហភាពនេះចាត់ទុកថា ខុសច្បាប់ ឬផ្ទុយនឹងសន្តិភាព និងផលប្រយោជន៍ជាតិ។
ញត្តិនេះក៏បានអំពាវនាវឱ្យគណបក្សកម្លាំងជាតិ ដែលមានលោក ជា មុនី ជាប្រធាន ប្រកាសប្រឆាំងដាច់ខាត និងថ្កោលទោស «រដ្ឋាភិបាលនៅក្រៅប្រទេស» ដែលដឹកនាំដោយលោក សម រង្ស៊ី។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានរិះគន់ថាបក្សកាន់អំណាចកំពុងប្រើប្រាស់អង្គការសង្គមស៊ីវិលដើម្បីដាក់សម្ពាធលើគណបក្សនយោបាយ។ លោកថា សាធារណជនគួរពិនិត្យមើលប្រវត្តិ សកម្មភាព និងប្រភពថវិការបស់អង្គការសង្គមស៊ីវិលនេះ ដើម្បីកំណត់ថា តើអង្គការទាំងនោះប្រតិបត្តិការដោយឯករាជ្យ ឬស្ថិតក្រោមឥទ្ធិពលរបស់បុគ្គលមានអំណាច ឬគណបក្សកាន់អំណាច។
លោកបានបន្ថែមថា គណបក្សកម្លាំងជាតិ ជាគណបក្សនយោបាយបង្កើតឡើងស្របច្បាប់ គួរតែអាចអនុវត្តសកម្មភាពនយោបាយរបស់ខ្លួនដោយឯករាជ្យ ដោយមិនចាំបាច់ស្ថិតក្រោមការណែនាំពីអង្គការសង្គមស៊ីវិលឡើយ។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំយល់ថារូបភាពបែបហ្នឹងគួរតែបញ្ឈប់ទៅ ហើយយើងគួរតែធ្វើអ្វីដែលគិតគូរពីបញ្ហាជាតិ កំពុងកើតឡើងដែលមានវិបត្តិ បញ្ហាធ្ងន់ធ្ងរកំពុងកើតឡើងនាពេលបច្ចុប្បន្ន កុំបន្ថែមនូវបញ្ហាថ្មីៗ ដែលធ្វើឱ្យសហគមន៍អន្តរជាតិដែលគេកាន់តែមិនពេញចិត្តចំពោះរូបភាពដែលមិនត្រឹមត្រូវអីទាំងអស់ហ្នឹង»។
លោក ស៊ឹង សែនករុណា បានអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការអនុវត្តបែបនេះ និងអនុញ្ញាតឱ្យគណបក្សនយោបាយ សកម្មជន និងអ្នកគាំទ្ររបស់ពួកគេអាចអនុវត្តសិទ្ធិរបស់ខ្លួនបានពេញលេញ។ លោកថា ការរឹតត្បិតបន្ថែមទៀតអាចធ្វើឱ្យបញ្ហានយោបាយរបស់ប្រទេសកាន់តែស្មុគស្មាញ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលដែលគាំទ្ររដ្ឋាភិបាលក៏ធ្លាប់ធ្វើសកម្មភាពប្រមូលផ្តុំតវ៉ាប្រឆាំងនឹងសង្គមស៊ីវិលឯករាជ្យ និងថែមទាំងបានដាក់ពាក្យបណ្តឹងប្រឆាំងមន្រ្តីសង្គមស៊ីវិលឯករាជ្យទៀតផង។ ប៉ុន្តែជាទូទៅ ការប្រមូលផ្តុំតវ៉ារបស់ពួកគេ មិនត្រូវបានអាជ្ញាធរហាមឃាត់ ឬរារាំងឡើយ ដែលផ្ទុយពីការប្រមូលផ្តុំរបស់អង្គការសង្គមស៊ីវិលឯករាជ្យដែលតែងត្រូវបានអាជ្ញាធរហាមឃាត់ក្រោមហេតុផលរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។
ទាក់ទងនឹងសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅក្រៅប្រទេសនេះដែរ រដ្ឋសភាកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់ក្រុមប្រឆាំងនៅក្រៅស្រុកដែលបានប្រកាសបង្កើតរដ្ឋសភានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដោយចាត់ទុកទង្វើនេះថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរ។
រដ្ឋសភាក៏បានព្រមានជាសាធារណៈថា រាល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងចលនារដ្ឋាភិបាលក្រៅប្រទេសនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់និងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមអះអាងថា គោលដៅរបស់គណបក្សកាន់អំណាច គឺធ្វើឱ្យគណបក្សប្រឆាំងបាត់បង់សមត្ថភាពប្រកួតប្រជែងតាមរយៈការរំខានដល់គណបក្សប្រឆាំង និងធ្វើឱ្យគណបក្សប្រឆំាងពិបាកក្នុងការរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់ពួកគេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថាការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕









