បក្ស​ប្រឆាំង​ចោទ​អង្គការ​គាំទ្រ​រដ្ឋាភិបាល​ថា ជ្រៀតជ្រែក​កិច្ចការ​បក្ស​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់

0
33
សហភាពអង្គការសង្គម​ស៊ីវិល​ដែលគាំទ្របក្សកាន់អំណាចនាំគ្នាតវ៉ាមុខទីស្នាក់ការគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២៦ តុលា ២០២៦។ រូប៖ បណ្ដាញសង្គម
សហភាពអង្គការសង្គម​ស៊ីវិល​ដែលគាំទ្របក្សកាន់អំណាចនាំគ្នាតវ៉ាមុខទីស្នាក់ការគណបក្សកម្លាំងជាតិ កាលពីថ្ងៃទី២៦ តុលា ២០២៦។ រូប៖ បណ្ដាញសង្គម

 គណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងមួយនៅកម្ពុជា បានចោទប្រកាន់សហភាព​អង្គការ​សង្គមស៊ីវិលមួយដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលថា កំពុងជ្រៀតជ្រែកក្នុងសកម្មភាព​នយោបាយ​របស់បក្សប្រឆាំងតាមរយៈការជំរុញឱ្យគណបក្សនេះផ្តាច់ទំនាក់ទំនង​ជាមួយមេ​ដឹកនាំ​រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក សម រង្ស៊ី មុន​ការបោះឆ្នោតឃុំសង្កាត់​នៅឆ្នាំ​ក្រោយ។

អ្នកនាំពាក្យ​គណបក្សកម្លាំងជាតិ លោក សុខ គឹមសេង បានឲ្យដឹងថា សហភាពអង្គការសង្គម​ស៊ីវិល​ដែលដឹកនាំដោយលោក មួង សូនី កំពុងធ្វើសកម្មភាពរំខានដល់គណបក្សជំទាស់ និង​ជ្រៀតជ្រែក​ក្នុងកិច្ចការផ្ទៃក្នុងរបស់គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ និងកំពុង​អនុវត្ត​សកម្មភាពនយោបាយតាមគោលការណ៍ប្រជាធិបតេយ្យ។

លោក សុខ គឹមសេង បាន​អំពាវនាវឱ្យក្រសួងមហាផ្ទៃពិនិត្យសកម្មភាពរបស់សហភាព​អង្គការ​សង្គមស៊ីវិលដែលដឹកនាំដោយលោក មួង សូនី និងបញ្ជាក់ឱ្យច្បាស់អំពីគោលបំណងរបស់​សហភាព​នេះ ជាពិសេសការអំពាវនាវឱ្យគណបក្សកម្លាំងជាតិ និងគណបក្សជំទាស់ផ្សេងទៀត​អនុវត្តតាមសំណើរបស់ខ្លួន។

លោក សុខ គឹមសេង៖ «អ្វីដែលសំខាន់មួយទៀតខ្ញុំ យើងខ្ញុំកំពុងតែមានការងឿងឆ្ងល់អំពីតួនាទី​ភារកិច្ចរបស់អង្គការសង្គមស៊ីវិលមួយចំនួនហ្នឹងថាទើតើគាត់មានតួនាទីអ្វីខ្លះ ហេតុអ្វីក៏គាត់​ព្យាយាមមកលាបពណ៌ មកអុកឡុកគណបក្សដែល ជាគណបក្សមួយកំពុងធ្វើ​សកម្មភាព​ស្របច្បាប់ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ហើយទទួលស្គាល់ដោយក្រសួងមហាផ្ទៃ អាហ្នឹងអ្វីដែលយើង យើងកំពុងតែមានចង្ងល់ ឆ្ងល់មែនទែនអំពីតួនាទីភារកិច្ចរបស់​អង្គការ​សង្គមស៊ីវិលទាំងអស់ហ្នឹង»។

លោក សុខ គឹមសេង បានបន្ថែមថា គោលដៅសំខាន់របស់គណបក្សកម្លាំងជាតិ គឺការត្រៀមខ្លួនសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិឆ្នាំ២០២៨។ លោក ថា ការរំខាននេះ ពិតណាស់គឺប៉ះពាល់ដល់ដំណើរការចូលរួមបោះឆ្នោតរបស់បក្សប្រឆាំង ព្រោះជាការរំលោភដល់អធិបតេយ្យភាពដឹកនាំគណបក្ស និងបង្កនូវបរិយាកាសនយោបាយ​មិន​​​ល្អ​​​​​មុន​ដំណើរការ នៃការបោះឆ្នោតដែលឈានចូលមកដល់នាពេលខាងមុខ។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីសហភាពអង្គការសង្គមស៊ីវិល ដែលដឹកនាំដោយលោក មួង សូនី បានយកញត្តិទៅដាក់នៅទីស្នាក់ការគណបក្សកម្លាំងជាតិជាលើកទីបី កាលពីថ្ងៃទី២៦ ខែតុលា ដោយស្នើឱ្យគណបក្សនេះផ្តាច់ទំនាក់ទំនងជាមួយលោក សម រង្ស៊ី។ សហភាពអង្គការសង្គមស៊ីវិលបានចោទថាគណបក្សជំទាស់នេះកំពុងដើរតាមមនោគមវិជ្ជានយោបាយរបស់លោក សម រង្ស៊ី ដែលជាស្ថាបនិកគណបក្សជាតិខ្មែរ។ សហភាពនេះបានអះអាង​ថា លោក សម រង្ស៊ីជាអ្នកនយោបាយជ្រុលនិយម ដែលខ្លួនចោទថា មិនស្រឡាញ់ជាតិខ្លួនឯង ប៉ុន្តែលើកតម្កើងប្រទេសដទៃក្នុងរបៀបដែលធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កម្ពុជា។

យោងតាមញត្តិចុះថ្ងៃទី២០ ខែតុលា  សហភាពអង្គការសង្គមស៊ីវិលគាំទ្ររដ្ឋាភិបាល និងបក្ស​កាន់​អំណាចមួយនេះ  បានស្នើឱ្យគណបក្សកម្លាំងជាតិប្រកាសផ្តាច់ទំនាក់ទំនង និងថ្កោលទោស​លោក សម រង្ស៊ី ព្រមទាំងបញ្ឈប់សកម្មភាពទាំងឡាយដែលសហភាពនេះចាត់ទុកថា ខុសច្បាប់ ឬផ្ទុយនឹងសន្តិភាព និងផលប្រយោជន៍ជាតិ។

ញត្តិនេះក៏បានអំពាវនាវឱ្យគណបក្សកម្លាំងជាតិ ដែលមានលោក ជា មុនី ជាប្រធាន ប្រកាស​ប្រឆាំង​ដាច់ខាត និងថ្កោលទោស «រដ្ឋាភិបាលនៅក្រៅប្រទេស» ដែលដឹកនាំដោយលោក សម រង្ស៊ី។

ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានរិះគន់ថាបក្សកាន់អំណាចកំពុង​ប្រើប្រាស់អង្គការសង្គមស៊ីវិល​ដើម្បី​ដាក់​សម្ពាធលើគណបក្សនយោបាយ។ លោក​ថា សាធារណជនគួរពិនិត្យមើលប្រវត្តិ សកម្មភាព និងប្រភពថវិកា​របស់អង្គការសង្គមស៊ីវិលនេះ ដើម្បីកំណត់ថា តើអង្គការទាំងនោះ​ប្រតិបត្តិការ​ដោយឯករាជ្យ ឬស្ថិតក្រោមឥទ្ធិពលរបស់បុគ្គលមានអំណាច ឬគណបក្សកាន់អំណាច។

លោកបានបន្ថែមថា  គណបក្សកម្លាំងជាតិ ជាគណបក្សនយោបាយបង្កើតឡើងស្របច្បាប់ គួរតែអាចអនុវត្តសកម្មភាពនយោបាយរបស់ខ្លួនដោយឯករាជ្យ ដោយមិនចាំបាច់ស្ថិតក្រោម​ការណែនាំពីអង្គការសង្គមស៊ីវិលឡើយ។

លោក ស៊ឹង សែនករុណា៖ «ខ្ញុំយល់ថារូបភាពបែបហ្នឹងគួរតែបញ្ឈប់ទៅ ហើយយើងគួរតែធ្វើអ្វី​ដែល​គិតគូរពីបញ្ហាជាតិ កំពុងកើតឡើងដែលមានវិបត្តិ បញ្ហាធ្ងន់ធ្ងរកំពុងកើតឡើង​នាពេល​បច្ចុប្បន្ន កុំបន្ថែមនូវបញ្ហាថ្មីៗ ដែលធ្វើឱ្យសហគមន៍អន្តរជាតិដែលគេកាន់តែ​មិនពេញចិត្ត​ចំពោះ​រូបភាពដែលមិនត្រឹមត្រូវអីទាំងអស់ហ្នឹង»។

លោក ស៊ឹង សែនករុណា បានអំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការអនុវត្តបែបនេះ និងអនុញ្ញាតឱ្យ​គណបក្សនយោបាយ សកម្មជន និងអ្នកគាំទ្ររបស់ពួកគេអាចអនុវត្តសិទ្ធិ​របស់ខ្លួន​បាន​ពេញលេញ។ លោក​ថា ការរឹតត្បិតបន្ថែមទៀតអាចធ្វើឱ្យបញ្ហានយោបាយ​របស់ប្រទេស​កាន់តែ​ស្មុគស្មាញ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

កន្លងទៅ ក្រុមអង្គការសង្គមស៊ីវិលដែលគាំទ្ររដ្ឋាភិបាលក៏ធ្លាប់ធ្វើសកម្មភាព​ប្រមូលផ្តុំតវ៉ាប្រឆាំង​នឹងសង្គមស៊ីវិលឯករាជ្យ និងថែមទាំងបានដាក់ពាក្យបណ្តឹងប្រឆាំងមន្រ្តីសង្គមស៊ីវិល​ឯករាជ្យ​ទៀត​ផង។ ប៉ុន្តែជាទូទៅ ការប្រមូលផ្តុំតវ៉ារបស់ពួកគេ មិនត្រូវបានអាជ្ញាធរហាមឃាត់ ឬរារាំង​ឡើយ ដែលផ្ទុយពីការប្រមូលផ្តុំរបស់អង្គការសង្គមស៊ីវិល​ឯករាជ្យដែលតែងត្រូវបាន​អាជ្ញាធរ​ហាម​ឃាត់ក្រោមហេតុផលរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខសង្គម។  

ទាក់ទងនឹងសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅក្រៅប្រទេសនេះដែរ រដ្ឋសភាកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការបំផុត ចំពោះសកម្មភាពរបស់​ក្រុមប្រឆាំង​នៅក្រៅស្រុកដែលបានប្រកាសបង្កើតរដ្ឋសភានៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ ដោយចាត់ទុកទង្វើនេះថាជាការរំលោភបំពានរដ្ឋធម្មនុញ្ញ និងក្បត់​ឆន្ទៈប្រជាពលរដ្ឋខ្មែរ។

រដ្ឋសភាក៏បានព្រមានជាសាធារណៈថា រាល់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងចលនារដ្ឋាភិបាល​ក្រៅ​ប្រទេសនេះនឹងត្រូវផ្តន្ទាទោសតាមច្បាប់និងទទួលរងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមអះអាងថា គោលដៅរបស់គណបក្សកាន់អំណាច គឺធ្វើឱ្យ​គណបក្សប្រឆាំងបាត់បង់សមត្ថភាពប្រកួតប្រជែងតាមរយៈការរំខានដល់គណបក្សប្រឆាំង និងធ្វើឱ្យគណបក្សប្រឆំាងពិបាកក្នុងការរៀបចំបញ្ជីបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់ពួកគេ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានឲ្យដឹងថាការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ