

រដ្ឋាភិបាលនៃប្រទេសហូឡង់ (Netherlands) ថ្មីៗនេះបានធ្វើបត្យាប័នបញ្ជូនជនជាតិចិនម្នាក់ឈ្មោះ ចឹង ចាវ (Zheng Zhao) ទៅកាត់ទោសនៅតុលាការសហរដ្ឋអាមេរិក (US) ពាក់ព័ន្ធសំណុំរឿងលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញលើពលរដ្ឋអាមេរិកដែលមានប្រតិបត្តិការចេញពីមជ្ឈមណ្ឌលឆបោកមានមូលដ្ឋាននៅប្រទេសកម្ពុជា។ រដ្ឋាភិបាលអាមេរិកឱ្យដឹងថា ពលរដ្ឋអាមេរិកជិត ១៨០នាក់ (១៧៤) បានក្លាយជាជនរងគ្រោះ និងខាតបង់ប្រាក់រាប់លានដុល្លារពីបណ្ដាញមេខ្លោងឆបោកតាមអនឡាញជនជាតិចិនរូបនេះ។
ជនត្រូវចោទជនជាតិចិនឈ្មោះ ចឹង ចាវ (Zheng Zhao) អាយុ ៤៤ឆ្នាំ ត្រូវបានធ្វើបត្យាប័នពីប្រទេសហូឡង់ទៅកាន់សហរដ្ឋអាមេរិក និងបង្ហាញខ្លួននៅតុលាការសហព័ន្ធក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ជាលើកដំបូងកាលពីសប្ដាហ៍មុន ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ និងអំពើឆបោកលុយពលរដ្ឋអាមេរិកតាមរូបិយប័ណ្ណគ្រីបតូ។
តុលាការអាមេរិកបញ្ជាក់ថា លោក ចឹង ចាវ ត្រូវបានចោទប្រកាន់ថា ជាផ្នែកមួយនៃបណ្ដាញឧក្រិដ្ឋកម្មអន្តរជាតិដែលបានបញ្ចុះបញ្ចូលជនរងគ្រោះអាមេរិកឱ្យផ្ទេរប្រាក់ទៅគណនីធនាគារដែលគ្រប់គ្រងដោយក្រុមបក្ខពួកដែលជាអ្នកសមគំនិត បន្ទាប់មកបានលាងលុយជនរងគ្រោះតាមរយៈក្រុមហ៊ុនកំបាំងមុខនៅសហរដ្ឋអាមេរិក និងគណនីធនាគារអន្តរជាតិជាដើម។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៣ ខែតុលា បញ្ជាក់ថា លុយជិត ៤០លានដុល្លារអាមេរិករបស់ជនរងគ្រោះត្រូវបានផ្ទេរឆ្លងកាត់គណនីធនាគារនៅប្រទេសបាហាម៉ាស (Bahamas) រួចបម្លែងទៅជារូបិយប័ណ្ណគ្រីបតូ និងផ្ទេរទៅកាបូបលុយឌីជីថលនៅកម្ពុជា មុនចែកចាយលុយទៅឱ្យមេដឹកនាំមជ្ឈមណ្ឌលឆបោកទាំងក្នុងតំបន់ និងនៅកម្ពុជា។ ប្រភពដដែលបញ្ជាក់ថា បណ្ដាញនេះបានកំណត់គោលដៅឆបោកលុយលើពលរដ្ឋអាមេរិកចំនួន ១៧៤នាក់ តាមរយៈគម្រោងវិនិយោគរូបិយប័ណ្ណគ្រីបតូក្លែងក្លាយ។ លោក ចឹង ចាវ ត្រូវបានសហរដ្ឋអាមេរិកចោទប្រកាន់ពីបទឃុបឃិតគ្នា ដើម្បីលាងលុយកខ្វក់ កាលពីខែសីហា ឆ្នាំ២០២៥។ ក្រសួងយុត្តិធម៌អាមេរិកឱ្យដឹងទៀតថា អ្នកពាក់ព័ន្ធក្នុងបណ្ដាញនេះបានទាក់ទងជនរងគ្រោះតាមរយៈបណ្ដាញសង្គម ឬហៅទូរស័ព្ទ ផ្ញើសារជាអក្សរ និងបង្កើតទំនាក់ទំនងស្នេហា ដើម្បីបង្កើតទំនុកចិត្ត មុនពួកគេបញ្ចុះបញ្ចូលឱ្យជនរងគ្រោះដាក់ប្រាក់ទៅក្នុងគម្រោងវិនិយោគរូបិយប័ណ្ណឌីជីថលក្លែងក្លាយ បន្ទាប់មកបណ្ដាញឧក្រិដ្ឋជនលួចយកលុយជនរងគ្រោះតែម្ដង។
ក្រសួងយុត្តិធម៌អាមេរិកឱ្យដឹងទៀតថា អ្នកពាក់ព័ន្ធចំនួន ៨នាក់ក្នុងសំណុំរឿងនេះបានសារភាពកំហុសក្នុងនោះរួមមានលោក សឹងសឹង ហឺ (ShengSheng He) និងលោក ជីងលៀង ស៊ូ (Jingliang Su) ត្រូវបានតុលាការអាមេរិកកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៣ ខែ និង ៣ ឆ្នាំ ១០ខែ ពាក់ព័ន្ធនឹងការឃុបឃិតគ្នា ដើម្បីដំណើរការអាជីវកម្មផ្ទេរប្រាក់ដោយគ្មានអាជ្ញាប័ណ្ណ។
ចំណែក ជនត្រូវចោទ លោក ចឹង ចាវ អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ ប្រសិនបើតុលាការរកឃើញថាមានទោស។
ជំនួយការអគ្គព្រះរាជអាជ្ញាផ្នែកព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក លោក អេនឌ្រូ ថៃសិន ឌូវ៉ា (Andrew Tysen Duva) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា ការធ្វើបត្យាប័នជនត្រូវចោទរូបនេះមកសហរដ្ឋអាមេរិកគឺជាសារព្រមានដល់អ្នកទាំងឡាយណាដែលព្យាយាមកេងប្រវ័ញ្ចជនរងគ្រោះដែលជាជនជាតិអាមេរិក។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងតាមប្រមាញ់ជនជាប់ចោទនៅគ្រប់ទីកន្លែងក្នុងពិភពលោក ជាពិសេសអ្នកដែលត្រូវបានចោទប្រកាន់ថា បានលួចលុយពីជនរងគ្រោះ ប្ដូរវាទៅជារូបិយប័ណ្ណគ្រីបតូ និងប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដំណើរការលាងលុយកខ្វក់ ដើម្បីព្យាយាមលាក់បាំង និងបិទបាំងឧក្រិដ្ឋកម្មរបស់ពួកគេ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងប្រធានលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ លោក ឆៃ ស៊ីណារិទ្ធ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃទី២៧ ខែតុលា។
ទន្ទឹមនឹងសហរដ្ឋអាមេរិកចាត់វិធានការប្រឆាំងនឹងបណ្ដាញឆបោកតាមអនឡាញដែលមានមូលដ្ឋាននៅកម្ពុជា សមាជិកព្រឹទ្ធសភាពីររូប គឺលោក លី យ៉ុងផាត់ និងលោក កុក អាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត ដែលស្ថាប័នអន្តរជាតិបានលាតត្រដាងជាបន្តបន្ទាប់ថា មានជាប់ពាក់ព័ន្ធនឹងការកាងឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជា នៅតែមិនទាន់ប្រឈមមុខនឹងចំណាត់ការតាមផ្លូវច្បាប់នៅឡើយ។ ទន្ទឹមគ្នានេះ មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជាមួយចំនួនបានផ្លាស់ប្ដូរទីតាំងប្រតិបត្តិការពីអគារធំៗទៅកាន់អគារតូចៗ និងផ្ទះជួល ខណៈបណ្ដាញឧក្រិដ្ឋជននៅតែបន្តផ្សព្វផ្សាយជ្រើសរើសបុគ្គលិកឱ្យទៅធ្វើការជាអ្នកឆបោកនៅតាមផ្ទះ ដោយមិនខ្លាចញញើតនឹងចំណាត់ការរបស់អាជ្ញាធរឡើយ។
ជុំវិញរឿងនេះ ប្រធានអង្គការចលនាខ្មែរ ដើម្បីប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ គាំទ្រចំណាត់ការរបស់រដ្ឋាភិបាលអាមេរិក និងស្នើឱ្យបង្កើនសម្ពាធនយោបាយលើរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន ដើម្បីឱ្យបង្ហាញឆន្ទៈនយោបាយបង្ក្រាបលើមេខ្លោងឆបោកពិតប្រាកដយកមកផ្ដន្ទាទោសតាមច្បាប់។ អ្នកស្រីថា ប្រសិនបើគ្មានមន្ត្រីជាន់ខ្ពស់គ្រាក់ៗ និងរដ្ឋាភិបាលត្រកូល ហ៊ុន ជួយជ្រោមជ្រែង និងផ្ដល់សញ្ជាតិខ្មែរឱ្យបណ្ដាញឧក្រិដ្ឋជនចិននោះទេ ឧស្សាហកម្មឆបោកតាមអនឡាញនៅកម្ពុជានឹងមិនអាចរីកលូតលាស់យ៉ាងឆាប់រហ័សបានឡើយ។ លើសពីនេះ អ្នកស្រីថា កេរដំណែលនៃការបង្ក្រាបសំឡេងអ្នកប្រជាធិបតេយ្យ និងការបំផ្លាញស្ថាប័នឯករាជ្យរបស់រដ្ឋាភិបាលគ្រួសារត្រកូល ហ៊ុន កន្លងមក បានបង្កើតបរិយាកាសដែលអនុញ្ញាតឱ្យឧស្សាហកម្មឆបោកតាមអនឡាញអាចដំណើរការបានយ៉ាងរលូន និងក្លាយជាប្រភពហិរញ្ញវត្ថុចិញ្ចិមអំណាចរបស់រដ្ឋាភិបាលត្រកូល ហ៊ុន។
អ្នកស្រី មូរ សុខហួរ៖ «ដើម្បីឱ្យមានការស៊ើបអង្កេត ដែលពលរដ្ឋអាចមានសេចក្តីទុកចិត្តបាន លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា លោក កុក អាន ជាសមាជិកព្រឹទ្ធសភា បើសិនជាមានការស៊ើបអង្កេតនៅក្នុងការជាប់ពាក់ព័ន្ធរឿងឆបោកអនឡាញ ដ៏ធំប៉ុណ្ណេះហ្នឹង ប្រធានព្រឹទ្ធសភា គួរតែចាត់វិធានការព្យួរអ្នកព្រឹទ្ធសភាទាំងពីរនេះ ពីតំណែងមួយរយៈ ទើបពលរដ្ឋអាចមានជំនឿ មានសេចក្ដីទុកចិត្ត។ គ្រាន់តែជនឆបោកអនឡាញហ្នឹងយើងស៊ើបអង្កេតមិនបានផងហ្នឹង ចុះទម្រាំតែទ័ពថៃមកឈ្លានពានយើងរៀងរាល់ថ្ងៃហ្នឹង ការពាររបៀបណា?»។
ទាក់ទងនឹងរឿងនេះដែរ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា កាលពីថ្ងៃទី២៣ ខែតុលា បានចេញសេចក្ដីថ្លែងការណ៍ទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះចេញពីតំណែង ដោយសារតែគ្មានសមត្ថភាពដោះស្រាយវិបត្តិឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលកំពុងទាញកិត្តិយសប្រជាជាតិខ្មែរទាំងមូលឱ្យរងភាពអាម៉ាស់នៅលើឆាកអន្តរជាតិ។ សេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា ការកើតឡើងនៃវិបត្តិឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជានេះ ដោយសារតែប្រព័ន្ធដឹកនាំរបស់រដ្ឋាភិបាលឪកូនគឺលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទាញឧ្យកម្ពុជាធ្លាក់ក្នុងវិបត្តិនយោបាយ សម្លាប់ប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស និងការឃុបឃិតប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ រួមទាំងការបែងចែកបក្ខពួកគ្រួសារនិយមចាក់ស្រេះពេញស្ថាប័នរដ្ឋ។
រដ្ឋាភិបាលក្រៅប្រទេសលើកឡើងថា ឧក្រិដ្ឋកម្មឆបោកតាមអនឡាញដោយរដ្ឋក្រោមអំណាចផ្ដាច់ការរបស់ក្រុមគ្រួសារត្រកូល ហ៊ុន កំពុងជ្រមុជប្រទេសកម្ពុជាធ្លាក់ក្នុងមហន្តរាយ ដូច្នេះលោក ហ៊ុន ម៉ាណែត ត្រូវចុះចេញពីតំណែង និងត្រូវប្រគល់សិទ្ធិស្វ័យសម្រេចដល់ពលរដ្ឋខ្មែរ ដើម្បីរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា និងរដ្ឋធម្មនុញ្ញ ដើម្បីស្ដារប្រទេសកម្ពុជាឡើងវិញ៕









