អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​សហការ​ជាមួយ​អាមេរិក​ស៊ើបអង្កេត​រក​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ជិត ១តោន

0
84
មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ផ្លូវ​ទឹក​ចូល​កម្ពុជា​ជិត ១តោន ដែល​អាជ្ញាធរ​អាមេរិក និង​កម្ពុជា​បាន​សហការ​បង្ក្រាប និង​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ៨នាក់ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ​កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា
មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ផ្លូវ​ទឹក​ចូល​កម្ពុជា​ជិត ១តោន ដែល​អាជ្ញាធរ​អាមេរិក និង​កម្ពុជា​បាន​សហការ​បង្ក្រាប និង​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ៨នាក់ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង ​កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ និង​បង្កើន​កិច្ច​សហការ​ជាមួយ​រដ្ឋបាល​ប្រឆាំង​គ្រឿងញៀន​អាមេរិក (DEA) ដើម្បី​ស៊ើបអង្កេត​វែក​មុខ​មេខ្លោង និង​អ្នក​ទទួល​ផល​ប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ពី​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ដឹក​ជញ្ជូន​គ្រឿងញៀន​ចូល​កម្ពុជា។ ការ​ជំរុញ​នេះ ធ្វើ​ឡើង​ស្រប​ពេល​សហរដ្ឋអាមេរិក​ប្ដេជ្ញា​ជួយ​កម្ពុជា​ស៊ើបអង្កេត​កំណត់​អត្តសញ្ញាណ​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​ផ្លូវ​ទឹក​ចូល​កម្ពុជា​ជិត ១តោន ដែល​អាជ្ញាធរ​អាមេរិក និង​កម្ពុជា​បាន​សហការ​បង្ក្រាប និង​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ៨នាក់ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង។

បណ្ដាញ​ឧក្រិដ្ឋជន​ឆ្លងដែន​នៅ​តែ​បន្ត​ដឹក​ជញ្ជូន​គ្រឿងញៀន​ចូល​កម្ពុជា​ទ្រង់ទ្រាយ​ធំ ទោះ​បី​ជា​កម្ពុជា​មាន​មន្ត្រី​ត្រួតពិនិត្យ​តាម​ច្រក​ព្រំដែន​ទាំង​តាម​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវ​អាកាស​ក៏​ដោយ។ គ្រឿងញៀន​ដែល​ត្រូវ​បាន​នាំ​ចូល​ក្នុង​ចំនួន​ទាំង​តោន​នេះ អាជ្ញាធរ​ទទួល​ស្គាល់​ថា មួយ​ផ្នែក​បណ្ដាញ​ឧក្រិដ្ឋជន​បាន​ចែក​ចាយ​នៅ​កម្ពុជា រីឯ​មួយ​ផ្នែក​ទៀត​ក្រុម​ឧក្រិដ្ឋជន​ព្យាយាម​រិះរក​មធ្យោបាយ ដើម្បី​ដឹក​ចេញ​ទៅ​លក់​នៅ​ប្រទេស​ទី៣។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា យុវជន​ខ្មែរ​បាន​ក្លាយ​ជា​គោលដៅ និង​ក្លាយ​ជា​ជនរងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ខណៈ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​លើ​ឆាក​អន្តរជាតិ ដោយសារ​ឧក្រិដ្ឋជន​បាន​ជ្រើសរើស​កម្ពុជា​ជា​ប្រទេស​ឆ្លង​កាត់​ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន​គ្រឿងញៀន​ទៅ​លក់​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត។

លោក សេក សុជាតិ សាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់​ដៃ​គូ​អន្តរជាតិ ជាពិសេស​សហរដ្ឋអាមេរិក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្កើន​កិច្ច​សហការ​ជាមួយ​អាមេរិក ដើម្បី​ប្រមូល​ភស្តុតាង កំណត់​អត្តសញ្ញាណ​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ ព្រម​ទាំង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង។ លោក សេក សុជាតិ ក៏​ទទូច​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត និង​ចាត់​វិធានការ​លើ​បុគ្គល​អ្នក​មាន​អំណាច និង​មន្ត្រី​ពុករលួយ ឬ​មន្ត្រី​ដែល​ប្រើ​អំណាច​ទាំង​ឡាយ​ណា​ដែល​សម្រួល​ដល់​សកម្មភាព​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ដឹក​ជញ្ជូន​គ្រឿងញៀន​ចូល​ទឹកដី​កម្ពុជា។

«យើង​ចង់​រំដោះ​កម្ពុជា​ឱ្យ​ចេញ​ផុត​ពី​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន គឺ​យើង​ត្រូវ​តែ​ពឹងផ្អែក​ទៅ​លើ​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ដោយ​ស្មើភាព​គ្នា និង​មាន​ការ​គាំទ្រ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ពី​រាជ​រដ្ឋាភិបាល ថ្នាក់​ដឹកនាំ​ដែល​កាន់​អំណាច មិន​ថា​នៅ​ក្នុង​អំណាច​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឬ​ក៏​តុលាការ​ទេ គឺ​ត្រូវ​តែ​ឯកច្ឆន្ទ ស្រប​គ្នា​នៅ​ក្នុង​គោលដៅ​តែ​មួយ ហើយ​គ្មាន​នរណា​ម្នាក់​នឹង​ត្រូវ​បាន​រួច​ខ្លួន​ទេ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ថា ខ្លួន​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ឧក្រិដ្ឋកម្ម​ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន ឬ​ក៏​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​ទៀត ដែល​ជួយ​ឱ្យ​ការ​ជួញដូរ​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​រលូន និង​មិន​មាន​បញ្ហា»។

លោក សេក សុជាតិ

ការ​ទទូច​របស់​អ្នក​ឃ្លាំមើល​រូប​នេះ កើត​ឡើង​បន្ទាប់​ពី​រដ្ឋបាល​ប្រឆាំង​គ្រឿងញៀន​អាមេរិក (DEA) បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ជាតិ​កម្ពុជា​បង្ក្រាប ទូក​នេសាទ​ដែល​សង្ស័យ​ថា បាន​ដឹកជញ្ជូន​គ្រឿងញៀន​ពី​កំពង់ផែ​កោះកុង​ទៅ​កាន់​នាវា​នានា​នៅ​ក្នុង​ដែន​ទឹក​អន្តរជាតិ។ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ឱ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន ៨នាក់ និង​រឹប​អូស​បាន​ថ្នាំ​ញៀន​ប្រភព​មេតំហ្វេតាមីន​ជិត ១តោន។ អាមេរិក​បញ្ជាក់​ថា ចំណាត់​ការ​បង្ក្រាប​នេះ​ក៏​ជា​ផ្នែក​មួយ​រារាំង​មិន​ឱ្យ​គ្រឿងញៀន​ទាំង​នេះ​អាច​រីក​រាល​ដាល​ទៅ​ដល់​សហគមន៍​នៅ​កម្ពុជា និង​សហរដ្ឋអាមេរិក​បាន​ទៀត​ឡើយ។ អាមេរិក​បញ្ជាក់​ថា ខ្លួន​ប្ដេជ្ញា​ជួយ​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន និង​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​គំរាម​កំហែង​ដល់​សុវត្ថិភាព និង​សុខភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

អាមេរិក​បញ្ជាក់​ទៀត​ថា បណ្ដាញ​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​កម្ពុជា​ជា​ប្រទេស​ឆ្លង​កាត់​សម្រាប់​ការ​ដឹកជញ្ជូន​គ្រឿងញៀន ហើយ អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​អាមេរិក (DEA) នៅតែ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​គាំទ្រ​អាជ្ញាធរ​កម្ពុជា​ក្នុង​​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ទាំង​នេះ។

ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ លោក អ៊ិន សុង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៩ ខែតុលាថា ប្រតិបត្តិការ​នេះ​អាជ្ញាធរ​បាន​ចុះ​ឆ្មក់​បង្ក្រាប​កាល​ពី​ថ្ងៃ​ទី២៣ ខែតុលា បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​បាន​សហការ​ជាមួយ​អាជ្ញាធរ​អាមេរិក​អស់​រយៈពេល​ជា​ច្រើន​ខែ។ លោក​ឱ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​មាន​ជនសង្ស័យ ៨នាក់​ត្រូវ​បាន​ឃាត់​ខ្លួន ក៏​នៅ​មាន​ជនសង្ស័យ​ចំនួន ៤នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន ហើយ​កម្លាំង​ជំនាញ​កំពុង​ស៊ើបអង្កេត និង​តាម​ស្រាវជ្រាវ​ចាប់​ខ្លួន។

«ខាង DEA បាន​ចែក​តម្រុយ​ព័ត៌មាន​ពេល​ពីរ​បី​ខែ​មុន មក​រហូត​ដល់​ថ្ងៃ​កើត​ហេតុ​ហ្នឹង បាន​យើង​ស្រាវជ្រាវ​ឃើញ​ធ្វើ​សកម្មភាព​ជាក់ស្ដែង បាន​យើង​ឈាន​ដល់​បង្ក្រាប។ ជា​ធម្មតា​កាល​ណា​បង្ក្រាប​រាល់​ករណី​ទាំង​អស់ យើង​ត្រូវ​តែ​បន្ត​ការ​ស៊ើបអង្កេត​ទៅ​ដល់​ឫសគល់​ហើយ ប៉ុន្តែ​ពេល​ខ្លះ​ព័ត៌មាន​មួយ​ចំនួន​គឺ​យើង​សុំ​ថា មិន​អាច​ផ្ដល់​ឱ្យ​បាន​ទេ គឺ​យើង​រក្សា​ការ​សម្ងាត់ ដើម្បី​បន្ត​ការ​ស៊ើបអង្កេត​នោះ»។

លោក អ៊ិន សុង

ទាក់ទង​នឹង​ការ​រាល​ដាល​បញ្ហា​គ្រឿងញៀន​នេះ កាល​ពី​យប់​ថ្ងៃ​ទី២៧ ខែតុលា កម្លាំង​សមត្ថកិច្ច​ដែល​ស្លៀក​ឯកសណ្ឋាន​ស៊ីវិល​ច្រើន​នាក់​បាន​ឡោមព័ទ្ធ បង្ក្រាប​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​នៅ​តំបន់​ភ្នំឧដុង្គ ខេត្តកំពង់ស្ពឺ​ក្រោយ​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន។ យោង​តាម​ឃ្លិប​វីដេអូ​តាម​បណ្ដាញ​សង្គម​បង្ហាញ​ថា គ្រឿងញៀន​ជា​ច្រើន​ការុង ត្រូវ​គេ​រៀបចំ​ដាក់​ពេញ​ទូ​ខ្លប​ឡាន​យ៉ាង​ណែន។

អ្នកនាំពាក្យ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន លោក អ៊ិន សុង បញ្ជាក់​យ៉ាង​ខ្លី​ថា ករណី​នេះ សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​ឯ គ្រឿងញៀន​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​ចំនួន​រាប់​រយ​គីឡូក្រាម ឬ​ប្រហាក់​ប្រហែល​នឹង​ចំនួន​គ្រឿងញៀន​ជិត ១តោន​ដែល​អាជ្ញាធរ​កម្ពុជា និង​អាមេរិក​បង្ក្រាប​បាន​នៅ​ខេត្តកោះកុង។

អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី លើកឡើង​ថា ការ​ហូរ​ចូល​គ្រឿងញៀន​រាប់​តោន​មក​កម្ពុជា គឺ​ឆ្លុះបញ្ចាំង​ពី​ភាព​ធូររលុង​នៃ​ការ​អនុវត្ត​ច្បាប់ និង​ចន្លោះ​ប្រហោង​ក្នុង​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ព្រំដែន និង​ផ្លូវ​សមុទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ លោក​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​គួរ​ចាត់​ទុក​ករណី​ទាំង​នេះ​ជា​បញ្ហា​ដាច់​ដោយ​ឡែក ដើម្បី​បិទ​បាំង​ការ​ធ្វេសប្រហែស ឬ​ការ​ឃុបឃិត​របស់​មន្ត្រី​ពុករលួយ​ឡើយ។

លោក សេង វណ្ណលី កត់​សម្គាល់​ថា ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ភាគ​ច្រើន​ផ្ដោត​លើ​ការ​ចាប់​ខ្លួន​អ្នក​ដឹកជញ្ជូន និង​ជន​ពាក់ព័ន្ធ​កម្រិត​ទាប ខណៈ​មេខ្លោង​ពិតប្រាកដ​នៅ​មាន​សេរីភាព។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត សហការ​ជាមួយ​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​អាមេរិក (DEA) ឱ្យ​បាន​ស៊ីជម្រៅ ដោយ​តាម​ដាន​លំហូរ​សាច់ប្រាក់ ដើម្បី​វែក​មុខ​អ្នក​ផ្ដល់​ទុន និង​អ្នក​ទទួល​ផល​ចំណេញ​ពី​ការ​ជួញដូរ​គ្រឿងញៀន​ទាំង​នេះ។ លោក​ថា រដ្ឋាភិបាល​ត្រូវ​បង្ហាញ​សេចក្ដី​ក្លាហាន ចាត់​វិធានការ​តាម​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង ឬ​ការពារ​បក្ខពួក​ខ្លួន​ឡើយ ប្រសិនបើ​មាន​ភស្តុតាង​បង្ហាញ​ថា មន្ត្រី​ជាន់​ខ្ពស់ ឬ​អ្នក​មាន​អំណាច​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ។

ជុំវិញ​ករណី​នេះ លោក ហ៊ុន តូ ដែល​ត្រូវ​ជា​ក្មួយ​បង្កើត​លោក ហ៊ុន សែន និង​ត្រូវ​ជា​បង​ជីដូនមួយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មាន​កេរ្តិ៍​ឈ្មោះ​អាស្រូវ និង​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ជំនួញ​ជួញដូរ​គ្រឿងញៀន​នេះ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។ កាល​ពី​ខែមីនា ឆ្នាំ២០២៦ តុលាការ​អូស្ត្រាលី​បាន​សម្រេច​ឱ្យ​សារព័ត៌មាន​អន្តរជាតិ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ឈ្នះ​ក្ដី​លើ​បណ្ដឹង​ឧទ្ធរណ៍ ដែល​ស្នើ​សុំ​ឯកសារ​សម្ងាត់​បន្ថែម​ពី​ប៉ូលិស​សហព័ន្ធ​អូស្ត្រាលី​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​លោក ហ៊ុន តូ នាំ​ចូល​គ្រឿងញៀន និង​រត់​ពន្ធ​អាភៀន​ចូល​ទៅ​ក្នុង​ប្រទេស​អូស្ត្រាលី។ ក្រៅ​ពី​នេះ លោក ហ៊ុន តូ ក៏​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ផ្សេង​ទៀត រួម​មាន​ការ​បង្កក​ប្រាក់​របស់​អតិថិជន​ខ្មែរ-ចិន​រាប់​រយ​នាក់ ដែល​បាន​ដាក់​ប្រាក់​ក្នុង​កម្មវិធី ហួយវ័ន ផេ (Huione Pay) របស់​លោក ព្រម​ទាំង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ