

អ្នកឃ្លាំមើលបញ្ហាសង្គមជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញឆន្ទៈពិតប្រាកដ និងបង្កើនកិច្ចសហការជាមួយរដ្ឋបាលប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ដើម្បីស៊ើបអង្កេតវែកមុខមេខ្លោង និងអ្នកទទួលផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីបណ្ដាញឧក្រិដ្ឋជនដែលដឹកជញ្ជូនគ្រឿងញៀនចូលកម្ពុជា។ ការជំរុញនេះ ធ្វើឡើងស្របពេលសហរដ្ឋអាមេរិកប្ដេជ្ញាជួយកម្ពុជាស៊ើបអង្កេតកំណត់អត្តសញ្ញាណមេខ្លោង និងអ្នកពាក់ព័ន្ធក្នុងករណីដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវទឹកចូលកម្ពុជាជិត ១តោន ដែលអាជ្ញាធរអាមេរិក និងកម្ពុជាបានសហការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ នៅក្នុងភូមិសាស្ត្រខេត្តកោះកុង។
បណ្ដាញឧក្រិដ្ឋជនឆ្លងដែននៅតែបន្តដឹកជញ្ជូនគ្រឿងញៀនចូលកម្ពុជាទ្រង់ទ្រាយធំ ទោះបីជាកម្ពុជាមានមន្ត្រីត្រួតពិនិត្យតាមច្រកព្រំដែនទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសក៏ដោយ។ គ្រឿងញៀនដែលត្រូវបាននាំចូលក្នុងចំនួនទាំងតោននេះ អាជ្ញាធរទទួលស្គាល់ថា មួយផ្នែកបណ្ដាញឧក្រិដ្ឋជនបានចែកចាយនៅកម្ពុជា រីឯមួយផ្នែកទៀតក្រុមឧក្រិដ្ឋជនព្យាយាមរិះរកមធ្យោបាយ ដើម្បីដឹកចេញទៅលក់នៅប្រទេសទី៣។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា យុវជនខ្មែរបានក្លាយជាគោលដៅ និងក្លាយជាជនរងគ្រោះខ្លាំងជាងគេពីឧក្រិដ្ឋកម្មគ្រឿងញៀន ខណៈកេរ្តិ៍ឈ្មោះកម្ពុជាក៏កំពុងប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ ដោយសារឧក្រិដ្ឋជនបានជ្រើសរើសកម្ពុជាជាប្រទេសឆ្លងកាត់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនទៅលក់នៅបណ្ដាប្រទេសផ្សេងទៀត។
លោក សេក សុជាតិ សាទរចំពោះកិច្ចសហប្រតិបត្តិការរបស់ដៃគូអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅកម្ពុជា។ ទន្ទឹមគ្នានេះ លោកជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្កើនកិច្ចសហការជាមួយអាមេរិក ដើម្បីប្រមូលភស្តុតាង កំណត់អត្តសញ្ញាណមេខ្លោង និងអ្នកពាក់ព័ន្ធសំខាន់ៗ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង។ លោក សេក សុជាតិ ក៏ទទូចឱ្យអាជ្ញាធរស៊ើបអង្កេត និងចាត់វិធានការលើបុគ្គលអ្នកមានអំណាច និងមន្ត្រីពុករលួយ ឬមន្ត្រីដែលប្រើអំណាចទាំងឡាយណាដែលសម្រួលដល់សកម្មភាពរបស់បណ្ដាញឧក្រិដ្ឋជនដឹកជញ្ជូនគ្រឿងញៀនចូលទឹកដីកម្ពុជា។
«យើងចង់រំដោះកម្ពុជាឱ្យចេញផុតពីក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន គឺយើងត្រូវតែពឹងផ្អែកទៅលើការអនុវត្តច្បាប់របស់មន្ត្រីមានសមត្ថកិច្ចដោយស្មើភាពគ្នា និងមានការគាំទ្រប្ដេជ្ញាចិត្តខ្ពស់ពីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំដែលកាន់អំណាច មិនថានៅក្នុងអំណាចនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឬក៏តុលាការទេ គឺត្រូវតែឯកច្ឆន្ទ ស្របគ្នានៅក្នុងគោលដៅតែមួយ ហើយគ្មាននរណាម្នាក់នឹងត្រូវបានរួចខ្លួនទេ ប្រសិនបើត្រូវបានរកឃើញថា ខ្លួនបានជាប់ពាក់ព័ន្ធជាមួយនឹងឧក្រិដ្ឋកម្មជួញដូរគ្រឿងញៀនឆ្លងដែន ឬក៏ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗទៀត ដែលជួយឱ្យការជួញដូរនេះអាចប្រព្រឹត្តទៅបានដោយរលូន និងមិនមានបញ្ហា»។
លោក សេក សុជាតិ
ការទទូចរបស់អ្នកឃ្លាំមើលរូបនេះ កើតឡើងបន្ទាប់ពីរដ្ឋបាលប្រឆាំងគ្រឿងញៀនអាមេរិក (DEA) បានសហការជាមួយកម្លាំងនគរបាលជាតិកម្ពុជាបង្ក្រាប ទូកនេសាទដែលសង្ស័យថា បានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានានៅក្នុងដែនទឹកអន្តរជាតិ។ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាឱ្យដឹងថា ក្នុងប្រតិបត្តិការនេះអាជ្ញាធរបានចាប់ខ្លួនជនសង្ស័យចំនួន ៨នាក់ និងរឹបអូសបានថ្នាំញៀនប្រភពមេតំហ្វេតាមីនជិត ១តោន។ អាមេរិកបញ្ជាក់ថា ចំណាត់ការបង្ក្រាបនេះក៏ជាផ្នែកមួយរារាំងមិនឱ្យគ្រឿងញៀនទាំងនេះអាចរីករាលដាលទៅដល់សហគមន៍នៅកម្ពុជា និងសហរដ្ឋអាមេរិកបានទៀតឡើយ។ អាមេរិកបញ្ជាក់ថា ខ្លួនប្ដេជ្ញាជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងបណ្ដាញឧក្រិដ្ឋជនដែលគំរាមកំហែងដល់សុវត្ថិភាព និងសុខភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
អាមេរិកបញ្ជាក់ទៀតថា បណ្ដាញឧក្រិដ្ឋជនបានប្រើប្រាស់កម្ពុជាជាប្រទេសឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ អាជ្ញាធរប្រឆាំងគ្រឿងញៀនអាមេរិក (DEA) នៅតែប្ដេជ្ញាចិត្តក្នុងការគាំទ្រអាជ្ញាធរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងបណ្ដាញឧក្រិដ្ឋជនទាំងនេះ។
ទាក់ទងនឹងរឿងនេះ អ្នកនាំពាក្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក អ៊ិន សុង ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៩ ខែតុលាថា ប្រតិបត្តិការនេះអាជ្ញាធរបានចុះឆ្មក់បង្ក្រាបកាលពីថ្ងៃទី២៣ ខែតុលា បន្ទាប់ពីអាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរអាមេរិកអស់រយៈពេលជាច្រើនខែ។ លោកឱ្យដឹងទៀតថា ក្រៅពីមានជនសង្ស័យ ៨នាក់ត្រូវបានឃាត់ខ្លួន ក៏នៅមានជនសង្ស័យចំនួន ៤នាក់ទៀតកំពុងរត់គេចខ្លួន ហើយកម្លាំងជំនាញកំពុងស៊ើបអង្កេត និងតាមស្រាវជ្រាវចាប់ខ្លួន។
«ខាង DEA បានចែកតម្រុយព័ត៌មានពេលពីរបីខែមុន មករហូតដល់ថ្ងៃកើតហេតុហ្នឹង បានយើងស្រាវជ្រាវឃើញធ្វើសកម្មភាពជាក់ស្ដែង បានយើងឈានដល់បង្ក្រាប។ ជាធម្មតាកាលណាបង្ក្រាបរាល់ករណីទាំងអស់ យើងត្រូវតែបន្តការស៊ើបអង្កេតទៅដល់ឫសគល់ហើយ ប៉ុន្តែពេលខ្លះព័ត៌មានមួយចំនួនគឺយើងសុំថា មិនអាចផ្ដល់ឱ្យបានទេ គឺយើងរក្សាការសម្ងាត់ ដើម្បីបន្តការស៊ើបអង្កេតនោះ»។
លោក អ៊ិន សុង
ទាក់ទងនឹងការរាលដាលបញ្ហាគ្រឿងញៀននេះ កាលពីយប់ថ្ងៃទី២៧ ខែតុលា កម្លាំងសមត្ថកិច្ចដែលស្លៀកឯកសណ្ឋានស៊ីវិលច្រើននាក់បានឡោមព័ទ្ធ បង្ក្រាបរថយន្តដឹកទំនិញមួយគ្រឿងនៅតំបន់ភ្នំឧដុង្គ ខេត្តកំពង់ស្ពឺក្រោយសង្ស័យពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀន។ យោងតាមឃ្លិបវីដេអូតាមបណ្ដាញសង្គមបង្ហាញថា គ្រឿងញៀនជាច្រើនការុង ត្រូវគេរៀបចំដាក់ពេញទូខ្លបឡានយ៉ាងណែន។
អ្នកនាំពាក្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោក អ៊ិន សុង បញ្ជាក់យ៉ាងខ្លីថា ករណីនេះ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកឯ គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានមានចំនួនរាប់រយគីឡូក្រាម ឬប្រហាក់ប្រហែលនឹងចំនួនគ្រឿងញៀនជិត ១តោនដែលអាជ្ញាធរកម្ពុជា និងអាមេរិកបង្ក្រាបបាននៅខេត្តកោះកុង។
អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី លើកឡើងថា ការហូរចូលគ្រឿងញៀនរាប់តោនមកកម្ពុជា គឺឆ្លុះបញ្ចាំងពីភាពធូររលុងនៃការអនុវត្តច្បាប់ និងចន្លោះប្រហោងក្នុងប្រព័ន្ធត្រួតពិនិត្យព្រំដែន និងផ្លូវសមុទ្ររបស់រដ្ឋាភិបាលក្រុងភ្នំពេញ។ លោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនគួរចាត់ទុកករណីទាំងនេះជាបញ្ហាដាច់ដោយឡែក ដើម្បីបិទបាំងការធ្វេសប្រហែស ឬការឃុបឃិតរបស់មន្ត្រីពុករលួយឡើយ។
លោក សេង វណ្ណលី កត់សម្គាល់ថា ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនភាគច្រើនផ្ដោតលើការចាប់ខ្លួនអ្នកដឹកជញ្ជូន និងជនពាក់ព័ន្ធកម្រិតទាប ខណៈមេខ្លោងពិតប្រាកដនៅមានសេរីភាព។ លោកជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត សហការជាមួយអាជ្ញាធរប្រឆាំងគ្រឿងញៀនអាមេរិក (DEA) ឱ្យបានស៊ីជម្រៅ ដោយតាមដានលំហូរសាច់ប្រាក់ ដើម្បីវែកមុខអ្នកផ្ដល់ទុន និងអ្នកទទួលផលចំណេញពីការជួញដូរគ្រឿងញៀនទាំងនេះ។ លោកថា រដ្ឋាភិបាលត្រូវបង្ហាញសេចក្ដីក្លាហាន ចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែង ឬការពារបក្ខពួកខ្លួនឡើយ ប្រសិនបើមានភស្តុតាងបង្ហាញថា មន្ត្រីជាន់ខ្ពស់ ឬអ្នកមានអំណាចជាប់ពាក់ព័ន្ធក្នុងសំណុំរឿងឧក្រិដ្ឋកម្មឆ្លងដែននេះ។
ជុំវិញករណីនេះ លោក ហ៊ុន តូ ដែលត្រូវជាក្មួយបង្កើតលោក ហ៊ុន សែន និងត្រូវជាបងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានកេរ្តិ៍ឈ្មោះអាស្រូវ និងធ្លាប់រងការចោទប្រកាន់ពាក់ព័ន្ធនឹងជំនួញជួញដូរគ្រឿងញៀននេះទាំងក្នុងស្រុក និងក្រៅប្រទេស។ កាលពីខែមីនា ឆ្នាំ២០២៦ តុលាការអូស្ត្រាលីបានសម្រេចឱ្យសារព័ត៌មានអន្តរជាតិ អាល់ ចាហ្ស៊ីរ៉ា (Al Jazeera) ឈ្នះក្ដីលើបណ្ដឹងឧទ្ធរណ៍ ដែលស្នើសុំឯកសារសម្ងាត់បន្ថែមពីប៉ូលិសសហព័ន្ធអូស្ត្រាលីពាក់ព័ន្ធនឹងសកម្មភាពរបស់លោក ហ៊ុន តូ នាំចូលគ្រឿងញៀន និងរត់ពន្ធអាភៀនចូលទៅក្នុងប្រទេសអូស្ត្រាលី។ ក្រៅពីនេះ លោក ហ៊ុន តូ ក៏រងការចោទប្រកាន់ពាក់ព័ន្ធនឹងសំណុំរឿងផ្សេងទៀត រួមមានការបង្កកប្រាក់របស់អតិថិជនខ្មែរ-ចិនរាប់រយនាក់ ដែលបានដាក់ប្រាក់ក្នុងកម្មវិធី ហួយវ័ន ផេ (Huione Pay) របស់លោក ព្រមទាំងការចោទប្រកាន់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ និងការឆបោកតាមប្រព័ន្ធអនឡាញជាដើម៕









