

មន្ត្រីបក្សប្រឆាំងទាមទារឱ្យអាជ្ញាធរស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ និងមន្ត្រីយោធាដែលត្រូវបានចោទប្រកាន់ថា ទទួលបានផលប្រយោជន៍ និងបង្កើតក្រុមហ៊ុនសន្តិសុខ ដើម្បីកាងការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅទូទាំងប្រទេសកម្ពុជា។ ប្រតិកម្មនេះធ្វើឡើងក្រោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយរបាយការណ៍ស៊ើបអង្កេតស៊ីជម្រៅចុងក្រោយមួយ ដោយរកឃើញថា ក្រុមហ៊ុនសន្តិសុខយ៉ាងហោចណាស់ ៥ ដែលជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា និងមន្ត្រីនគរបាលក្នុងជួររដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីយាមកាមមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
របាយការណ៍ដដែលក៏បានលាតត្រដាងអំពីការធ្វើទារុណកម្ម និងការរំលោភបំពានលើជនរងគ្រោះក្នុងទម្រង់អមនុស្សធម៌ផ្សេងៗនៅក្នុងមជ្ឈមណ្ឌលទាំងនោះផងដែរ។
មន្ត្រីរដ្ឋាភិបាលក្រៅប្រទេសលើកឡើងថា របាយការណ៍ស៊ើបអង្កេតចុងក្រោយរបស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) គឺជាសក្ខីកម្ម និងជាភស្តុតាងសំខាន់បន្ថែមទៀតដែលបង្ហាញពីការដឹកនាំរបស់រដ្ឋាភិបាលត្រកូល ហ៊ុន តាមបែបឧក្រិដ្ឋកម្មគាំទ្រដោយរដ្ឋអំណាច។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន បានបង្កើត និងប្រើប្រាស់បណ្តាញអំពើឧក្រិដ្ឋកម្មគ្រប់រូបភាព ដើម្បីបន្តធានាដល់ការក្ដោបក្ដាប់អំណាច និងការបំផ្លាញ បំបែកបំបាក់សំឡេងអ្នកប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា របាយការណ៍អង្គការលើកលែងទោសអន្តរជាតិក៏ជាសារព្រមាន និងជាផ្នែកនៃការដាក់សម្ពាធដល់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បន្ថែមទៀតដែលមិនបានអើពើស៊ើបអង្កេត ឬបង្ក្រាបឱ្យចំមេខ្លោងពិតប្រាកដដែលកាងពីក្រោយឧស្សាហកម្មឆបោកនៅកម្ពុជា។
លោក គឹម សុខ បន្ថែមទៀត នៅពេលសហគមន៍អន្តរជាតិបន្តលាតត្រដាងការពិតអំពីរចនាសម្ព័ន្ធឧក្រិដ្ឋកម្មដែលគាំទ្រដោយរដ្ឋអំណាចត្រកូល ហ៊ុន លោក ហ៊ុន ម៉ាណែត នឹងមិនអាចប្រើទ្រឹស្ដី ដើម្បីបំភ័ន្តប្រជាពលរដ្ឋ និងអន្តរជាតិបានឡើយ។ ផ្ទុយទៅវិញ លោកមើលឃើញថា ប្រជាពលរដ្ឋខ្មែរកំពុងមានកំហឹង និងបាតុកម្មក្នុងចិត្តរួចជាស្រេច នៅពេលដែលរដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូល ហ៊ុន បានទាញឱ្យកម្ពុជាធ្លាក់ក្នុងវិបត្តិឧក្រិដ្ឋកម្មដែលមិនធ្លាប់មានដែលបានធ្វើឱ្យកេរ្តិ៍ឈ្មោះប្រជាជាតិខ្មែរបន្តរងភាពអាម៉ាស់លើឆាកអន្តរជាតិធ្ងន់ធ្ងរ។
«គេបង្កើតឧក្រិដ្ឋកម្ម ដើម្បីទី១ ប្រមូលលុយ ទុកចិញ្ចឹមអំណាច ពីព្រោះលោក ហ៊ុន សែន ដឹងច្បាស់ថា ការលើកអំណាចឱ្យកូនប្រុសគឺជារបៀបដែលគ្មានប្រជាធិបតេយ្យ និងរងសម្ពាធពីសហគមន៍អន្តរជាតិ រកលុយត្រឹមត្រូវអត់បានទេ ហើយទី២ គេបង្កើតឧក្រិដ្ឋកម្មប្រមូលលុយហើយ គេយកលុយហ្នឹងទៅបង្កើតក្រុមបណ្ដាញផ្សេងៗសន្តិសុខ ឬក្រុមបាតដៃទី៣ ទី៤ ដើម្បីធ្វើបាប ឬធ្វើទុក្ខបុកម្នេញ គណបក្សនយោបាយក្រៅរដ្ឋាភិបាលមិនឱ្យធ្វើសកម្មភាពបាន ដើម្បីបន្តអំណាចរបស់ពួកគេ។ ដូច្នេះទិសដៅរបស់លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ងាកមិនឆ្ងាយពីការបង្កើតឧក្រិដ្ឋកម្ម ដើម្បីបន្តអំណាចនោះទេ»។
លោក គឹម សុខ
ប្រតិកម្មរបស់មន្ត្រីរដ្ឋាភិបាលក្រៅប្រទេសរូបនេះ ធ្វើឡើងបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតថ្មីចុងក្រោយ កាលពីថ្ងៃទី២៩ ខែតុលា ដោយលាតត្រដាងភស្តុតាងថា មន្ត្រីនគរបាល និងមន្ត្រីយោធាមួយចំនួនបានបង្កើតក្រុមហ៊ុន សន្តិសុខ ដើម្បីផ្ដល់ការការពារមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅទូទាំងប្រទេសកម្ពុជា ដើម្បីឱ្យដំណើរការដោយរលូន។
អង្គការលើកលែងទោសអន្តរជាតិរកឃើញថា មន្ត្រីជាន់ខ្ពស់ និងមន្ត្រីយោធាក្នុងជួររដ្ឋាភិបាលបានបង្កើតក្រុមហ៊ុនសន្តិសុខ ក្នុងគោលដៅសំខាន់គឺយាមកាមបុគ្គលិកដែលត្រូវបានយកជួញដូរ តាមចាប់អ្នកដែលរត់ចេញពីអគារឆបោក និងធ្វើទារុណកម្មលើបុគ្គលិកដែលមិនអាចឆបោកលុយពីជនរងគ្រោះ។ ក្រុមហ៊ុនសន្តិសុខទាំងនេះមានឈ្មោះដូចជា ក្រុមហ៊ុន សន្តិសុខ លាភ សំណាង (Leap Samnag Security) ក្រុមហ៊ុន សន្តិសុខ ស៊ីឃ្យួរីធី រីសផនស៍ (Security Response) ក្រុមហ៊ុន សន្តិសុខ ហ្សេតឌី ស៊ីឃ្យួរីធី (ZD Security) ដារ៉ា ស៊ីឃ្យួរីធី (Dara Security ) និងក្រុមហ៊ុន សន្តិសុខ បេស ស៊ីឃ្យួរីធី (Best Security)។ ឆ្មាំសន្តិសុខដែលជួលដោយក្រុមហ៊ុនទាំងនេះត្រូវបានគេបង្រៀន និងបណ្ដុះបណ្ដាលឱ្យចេះធ្វើទារុណកម្ម ការបង្ខំបុគ្គលិកឱ្យធ្វើការឆបោក និងធ្វើទារុណកម្មមនុស្ស។
អង្គការលើកលែងទោសអន្តរជាតិរាយការណ៍ថា ជនរងគ្រោះជាច្រើននាក់បានរៀបរាប់ពីការរារាំងដោយក្រុមឆ្មាំកងសន្តិសុខនៃក្រុមហ៊ុនទាំងនេះមិនឱ្យពួកគេចាកចេញអគារឆបោកឡើយ។ ក្រៅពីនេះ ឆ្មាំសន្តិសុខនៃក្រុមហ៊ុនក៏មានតួនាទីស្នូលពាក់ព័ន្ធនឹងការឃុំឃាំងជនរងគ្រោះក្នុងបន្ទប់ងងឹត ដើម្បីធ្វើទារុណកម្មវាយដំ ឆក់ខ្សែភ្លើង និងរំលោភបំពានផ្លូវភេទលើស្ត្រីជាដើម។ មិនតែប៉ុណ្ណោះ ឆ្មាំសន្តិសុខនៃក្រុមហ៊ុនសន្តិសុខទាំងនេះថែមទាំងប្រើបច្ចេកទេស ដោយប្រើសត្វឆ្កែតាមហិតក្លិន ដេញចាប់ជនរងគ្រោះ ឬបុគ្គលិកឆបោក នៅពេលដែលពួកគេព្យាយាមរត់ចេញពីមជ្ឈមណ្ឌលឆបោកតាមអនឡាញ។
អង្គការលើកលែងទោសអន្តរជាតិលាតត្រដាងទៀតថា ក្រុមហ៊ុនសន្តិសុខទាំងនេះមានឆ្មាំកងសន្តិសុខរាប់ពាន់នាក់ និងជួលទាំងមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងក្នុងស្ថាប័ននគរបាលជាតិ និងយោធា ដើម្បីផ្ដល់សេវាការពារមជ្ឈមណ្ឌលឆបោកអនឡាញយ៉ាងហោចណាស់ ២៣ទីតាំងនៅតាមបណ្ដាខេត្តដូចជា ខេត្តព្រះសីហនុ ក្រុងបាវិតខេត្តស្វាយរៀង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រមណីយដ្ឋានភ្នំបូកគោខេត្តកំពត តំបន់តារាសាគរខេត្តកោះកុង ព្រះវិហារ មណ្ឌលគិរី តាកែវ និងខេត្តត្បូងឃ្មុំជាដើម។
អង្គការលើកលែងទោសអន្តរជាតិរកឃើញក្រុមហ៊ុនសន្តិសុខចំនួន ៥ មានទំនាក់ទំនងជាមួយ លោក បាន សុផាត ដែលមានឋានន្តរសក្ដិវរសេនីយ៍ឯកនៃកងយោធពលខេមរភូមិន្ទ លោក ឡាយ ចាន់នី ជាមន្ត្រីនគរបាលជាតិ និងឧត្ដមសេនីយ៍ត្រី តឹក ប៊ុនធឿន។ Amnesty ក៏បានកំណត់អត្តសញ្ញាណ មន្ត្រីយោធា និងនគរបាលជាង ២០នាក់ផ្សេងទៀតដែលតែងមានវត្តមាននៅតាមមជ្ឈមណ្ឌលឆបោកនានានៅទូទាំងប្រទេសកម្ពុជា។ មន្ត្រីទាំងនេះត្រូវបានរកឃើញថា ធ្វើការជាសន្តិសុខនៅក្នុងមជ្ឈមណ្ឌលឆបោក មានតួនាទីជាអ្នកបណ្ដុះបណ្ដាលឆ្មាំក្រុមសន្តិសុខ ដឹកនាំ និងត្រួតពិនិត្យក្រុមសន្តិសុខ កាន់អាវុធ និងឈរយាមនៅតាមទីតាំងមួយចំនួន។
ក្នុងចំណោមក្រុមហ៊ុនសន្តិសុខចំនួន ៥ ក្រុមហ៊ុនសន្តិសុខ ស៊ីឃ្យួរីធី រីសផនស៍ (Security Response) ក៏ត្រូវបានរាយការណ៍ថា មានទំនាក់ទំនងយ៉ាងស៊ីជម្រៅនឹងបណ្ដាញសាជីវកម្មរបស់លោក ហ៊ុន តូ ដូចជា ធនាគារ ផេនដា (Panda Bank) និងក្រុមហ៊ុន ហួយវ័ន ផេ។
អង្គការលើកលែងទោសអន្តរជាតិបានចំណាយពេលប្រមាណ ៣ឆ្នាំ ដើម្បីស៊ើបអង្កេតក្រុមហ៊ុនសន្តិសុខដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីយោធា និងនគរបាលកម្ពុជា។ ការស៊ើបអង្កេតនេះធ្វើឡើងតាមរយៈការសម្ភាសដោយផ្ទាល់ជាមួយជនរងគ្រោះជាង ១រយនាក់ ដែលបានរត់គេចចេញពីអគារឆបោកតាមអនឡាញ ព្រមទាំងមន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងអាជ្ញាធរមូលដ្ឋាន។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ និងភាគីពាក់ព័ន្ធដែលរងការចោទប្រកាន់ ដើម្បីឆ្លើយបំភ្លឺជុំវិញរឿងនេះបានទេនៅថ្ងៃទី៣០ ខែតុលា។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតឯករាជ្យ និងមិនលម្អៀងលើក្រុមហ៊ុនសន្តិសុខឯកជន ព្រមទាំងមន្ត្រីយោធា និងនគរបាលដែលត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជា។ អង្គការនេះក៏ទាមទារឱ្យអាជ្ញាធរពិចារណាផ្អាក ឬដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុនសន្តិសុខដែលមានភស្តុតាងពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
អង្គការលើកលែងទោសអន្តរជាតិក៏អំពាវនាវដល់ភាគីអង្គការជំនាញ និងសហគមន៍អន្តរជាតិដាក់សម្ពាធនយោបាយលើរដ្ឋាភិបាលកម្ពុជា និង ពង្រីកការស៊ើបអង្កេតទៅលើបណ្ដាញអាជីវកម្មដែលជួយឱ្យមជ្ឈមណ្ឌលឆបោកដំណើរការ រួមមានក្រុមហ៊ុនសន្តិសុខ កាស៊ីណូ ម្ចាស់អចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ អ្នកជ្រើសរើសបុគ្គលិក និងអ្នកផ្ដល់សេវាកម្មហិរញ្ញវត្ថុ ជាដើម។ អង្គការអន្តរជាតិដដែលព្រមានថា ការបង្ក្រាបត្រឹមតែទីតាំងឆបោក ឬចាប់ខ្លួនអ្នកធ្វើការនៅខាងក្នុងអគារ មិនទាន់គ្រប់គ្រាន់ក្នុងការដោះស្រាយវិបត្តិឧក្រិដ្ឋកម្មនេះឡើយ ប្រសិនបើមេខ្លោងនៃបណ្ដាញអាជីវកម្ម និងអ្នកដែលអាចផ្ដល់ការការពារដល់ទីតាំងទាំងនោះនៅតែមិនត្រូវបានស៊ើបអង្កេតយកមកផ្ដន្ទាទោសតាមច្បាប់៕









