កាតព្វកិច្ច​យោធា​មិន​​អាច​​ស្ដារ​វិស័យ​ការពារ​ជាតិ​បាន​ទេ បើ​​​អនុវត្ត​គ្មាន​អភិបាលកិច្ច​ត្រឹមត្រូវ

0
115
សកម្មភាពយុវជនចុះឈ្មោះបំពេញកាតព្វកិច្ចយោធា នៅតាមមូលដ្ឋានស្រុក។ រូប៖ ក្រសួងការពារជាតិ
សកម្មភាពយុវជនចុះឈ្មោះបំពេញកាតព្វកិច្ចយោធា នៅតាមមូលដ្ឋានស្រុក។ រូប៖ ក្រសួងការពារជាតិ

អ្នក​វិភាគ​ ​​ព្រមាន​ថា​​​​​ការ​ហ្វឹកហ្វឺន​កាតព្វកិច្ច​យោធា​របស់​យុវជន​​​​​​ ​​​នៅ​​​​ឆ្នាំ​២០២៧​​ខាង​មុខ​នេះ​ ​នឹង​​​​​​​​មិន​​អាច​​ស្ដារ​វិស័យ​ការពារ​ជាតិ​​ឱ្យ​បាន​​​​រឹងមាំ​​​​​​​​​​​​បាន​​នោះ​ឡើយ ប្រសិន​បើ​រដ្ឋាភិបាល​​​​​​មិន​អនុវត្ត​តាម​គោលការណ៍​អភិបាលកិច្ច​​​​​ល្អ​ ​​ដែល​ផ្ដោត​លើ​​​តម្លាភាព ការ​ទទួល​ខុស​ត្រូវ​​​​ និង​ប្រសិទ្ធភាព​​​ការងារ​​​។ ការ​លើក​ឡើង​នេះ​​ ក្រោយ​ពី​ក្រសួង​ការពារ​ជាតិ​​​​ បាន​ប្រកាស​ឱ្យ​យុវជន​ដែល​បាន​​ចុះ​​​ឈ្មោះ​ ស្ម័គ្រ​ចិត្ត​ចូល​​ហ្វឹកហ្វឺន​កាតព្វកិច្ច​យោធា​​រួច​ហើយ​​​​ ​​​ចំនួន​៥ពាន់​នាក់ ឱ្យ​ចូល​​មក​​ពិនិត្យ​សុខភាព​ និង​កាយ​សម្បទា​ ដើម្បី​​​​ត្រៀម​ខ្លួន​ចូល​​ហ្វឹកហាត់​​​។

អ្នកវិភាគ​​​បញ្ហា​សង្គម និង​នយោបាយ​លើក​ឡើង​ថា​ ថ្វីត្បិត​​​​​រដ្ឋាភិបាល​​បាន​ប្រកាស​ពី​​​​ការ​​​​​អនុវត្ត​ច្បាប់​កាតព្វកិច្ច​​យោធា​​ជា​ផ្លូវការ​​​​អស់​​ជាច្រើន​ខែ​​​​​ហើយ​ក្ដី នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​​​មិន​​អាច​​​វាយ​តម្លៃ​បាន​​ថា វគ្គ​ហ្វឹកហ្វឺន​​កាតព្វកិច្ច​​យោធា​​នេះ​​ ​​នឹង​ទទួល​បាន​​ជោគជ័យ​​​​​​ឬ​យ៉ាង​ណា​នោះ​ទេ​ ប៉ុន្តែ​ពួកគាត់​​​ ​​​​​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​​ត្រូវ​គោរព​តាម​គោល​ការណ៍​អភិបាល​កិច្ច​ល្អ ​ដើម្បី​ធានា​ថា​ ​ការ​​បើក​​វគ្គ​ហ្វឹកហ្វឺន​​កាតព្វកិច្ច​​យោធា គឺ​ធ្វើ​ឡើង​ ដោយ​​​​មាន​​​ផែន​ការ​ច្បាស់​លាស់​​​ ​​​​គិត​​​​​​​​​ប្រយោជន៍​ជាតិ​ជា​ធំ ​​​​​​​​និង​​​​​​មិន​មែន​ដើម្បី​​​​​បម្រើ​​ប្រយោជន៍​​​​ ឱ្យ​គណបក្ស​​នយោបាយ​​​​​​ណា​មួយ​នោះ​​​​​​ឡើយ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ បណ្ឌិត មាស នី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​​ថា លោក​សាទរ​ចំពោះ​ការ​​​ប្រកាស​ជា​ផ្លូវ​ការ​​របស់​ក្រសួងការពារជាតិ​ដែល​បាន​បញ្ជាក់​ថា នឹង​​​យក​​យុវជន​ចំនួន​៥ពាន់នាក់ ដើម្បី​ចូល​រួម​​វគ្គ​ហ្វឹកហ្វឺន​កាតព្វកិច្ច​យោធា​ជា​លើក​ដំបូង​ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​​វិស័យ​ការពារ​ជាតិ​ឱ្យ​​បាន​រឹងមាំ​ និង​បណ្ដុះ​ធនធាន​មនុស្ស​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ។ ក៏​ប៉ុន្តែ​លោក​ថា ជា​រឿង​​​គួរ​​ព្រួយ​​បារម្ភ​ ប្រសិន​បើ​ការ​ហ្វឹកហ្វឺន​​​នេះ​​ ​​​​​​​​ធ្វើ​ឡើង​ដើម្បី​តែ​​ល្អ​មើល​គ្មាន​​​​ វិន័យ និង​ប្រសិទ្ធភាព​​​​ត្រឹម​ត្រូវ​​ ​​ដូច្នេះ​វា​ងាយ​នឹង​ធ្លាក់​​ទៅ​ក្នុង​​​​អំពើ​ពុករលួយ​ ​​​​​ការ​ចាយ​វាយ​ថវិកា​​​​មិន​ចំ​គោលដៅ​ ​​​​​គ្មាន​តម្លាភាព​ និង​ការ​ទទួលខុស​ត្រូវ​ខ្ពស់។

«រឿង​អភិបាល​កិច្ច​នៅ​កង​ទ័ព​នៅ​តែ​ជា​បញ្ហា​​ដដែល។ យើង​ដឹង​ហើយ​ថា​​ទោះ​បី​​យើង​មាន​​​កម្លាំង​​​ ប៉ុន្មាន​ក៏​ដោយ​ ប៉ុន្តែ​អភិបាល​កិច្ច​​​ធ្វើ​មិន​បាន​ល្អ​ ដែល​មាន​ន័យ​ថា​គ្រប់គ្រង​​​កងទ័ព​មិន​បាន​ល្អ​ទេ​នោះ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ដែល​ចូល​ចិត្ត​តែ​ឆ្លៀត​ឱកាស​​ដើម្បី​ប្រើ​ប្រាស់​កងទ័ព​។​ ភ្ជួរស្រែ​ ​ក្នុង​កងទ័ព​នឹង​យក​មក​​​​ធ្វើ​មាន​បាន​ មាន​ឡាន​រាប់​រយ ធ្វើ​ឱ្យ​កាន់​តែ​មាន​លទ្ធភាព​មាន​ឱកាស​កាន់​តែ​ច្រើន»។

បណ្ឌិត មាស នី

ការ​លើក​ឡើង​នេះ​​ក្រោយ​ពី​ក្រសួង​ការពារ​ជាតិ​ កាល​ពី​ថ្ងៃ​ទី២៩ ខែ​តុលា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​​​​​ដោយ​​អញ្ជើញ​​​​​​យុវជន​ដែល​​បាន ​ជាប់​ឈ្មោះ​ចូល​ហ្វឹកហ្វឺន​​កាតព្វកិច្ច​យោធា​ស្ម័គ្រ​ចិត្ត​​ចំនួន​៥ពាន់​នាក់​ឱ្យ​ចូល​មក​ពិនិត្យ​សុខភាព​ និង​​កាយសម្បទា​ នៅ​ថ្ងៃ​ទី​​៤ ខែ​វិច្ឆិកា។ ការ​ប្រកាស​អញ្ជើញ​នេះ​ ក្រោយ​ពី​យុវជន​ទាំង​នោះ​បាន​ទៅ​ចុះ​ឈ្មោះ​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​ ​ដោយ​ស្ម័គ្រចិត្ត​​ រួច​​មក​ហើយ។

ទោះ​ជា​យ៉ាងណា​​ការ​​ ​ចេញ​​សេចក្ដី​អញ្ជើញ​នេះ ​ក្រសួង​បាន​បញ្ជាក់​ថា​ គឺ​សម្រាប់​​​​​បេក្ខជន​ជា​បុរស​​​ ចំណែក​បេក្ខជន​ជា​ស្ត្រី​​ពុំ​​​​ឃើញ​​​​អញ្ជើញ​​ឱ្យ​ទៅ​ពិនិត្យ​សុខភាព និង​កាយសម្បទា ដើម្បី​​ត្រៀម​ចូល​ហ្វឹកហ្វឺន​នោះ​ឡើយ​ ដែល​ធ្វើ​ឱ្យ​បេក្ខជន​ជា​ស្ត្រី​ខ្លះ ​​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​នៅ​តាម​ខេត្ត​ ​​​​​​ក្នុង​ស្រុក​​កំណើត​​រួច​ហើយ ​ប៉ុន្តែ​គ្មាន​ការ​អញ្ជើញ​ ​​បាន​​​ធ្វើ​ឱ្យ​​​​ពួក​គេ​​បង្ហាញ​​ការ​ខក​ចិត្ត ​​​ព្រោះ​​អ្នក​ខ្លះ​បាន​រង់​​ចាំ​ចូលរួម​ ​​​​បំពេញ​កាតព្វកិច្ច​យោធា​ ដោយ​​មិន​ហ៊ាន​​ទៅ​រក​ការងារ​​ឆ្ងាយ​ពី​ស្រុក​កំណើត​​។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ស្នើ​សុំ​​ការ​​​​បញ្ជាក់​បន្ថែម​ជុំ​វិញ​​​រឿង​​​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​​ជាតិ អ្នកស្រី ម៉ាលី សុជាតា ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា។​

កន្លង​ទៅ​លោក ហ៊ុន ម៉ាណែត ​បាន​អំពាវនាវ​ឱ្យ​យុវជន​​​​​​ដែល​មាន​​​លក្ខណៈ​​​សម្បត្តិ​​​​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​យោធា​ គឺ​ត្រូវ​តែ​ចូលរួម​ ប្រកប​ដោយ​មោទនភាព​​។ លោក​បញ្ជាក់​ថា វគ្គ​ហ្វឹកហ្វឺន​រយៈ​ពេល​២​ឆ្នាំ​​នេះ​ ពុំ​មែន​​ផ្ដោត​តែ​ទៅ​​លើ​​​ការ​​បង្រៀន​របៀប​បាញ់​កាំភ្លើង​ ​និង​យុទ្ធសាស្ត្រ​កងទ័ព​​​​នោះ​​ទេ​​​ គឺ​​​ផ្ដោត​​​​​​​លើ​ការ​អប់រំ​ឥរិយាបថ​ ​​​​និង​​ជំនាញ​ទន់​មួយ​ចំនួន​ ដូច​ជា​ភាព​ជា​អ្នក​ដឹកនាំ ​​​​​ការ​​ធ្វើ​​​ការងារ​ជា​​ក្រុម​ និង​​​ បណ្ដុះ​វិន័យ​ផ្ទាល់​ខ្លួន​ជា​ដើម​​។ ទន្ទឹម​គ្នា​នោះ លោក​ ជឿ​ជាក់​ថា យុវជន​ដែល ​ធ្លាប់​ជា​ក្មេង​ស្ទាវ និង​បង្ក​​​បញ្ហា​ដល់​សង្គមជាតិ​ជា​ដើម ពេល​ចេញ​ពី​បំពេញ​កាតព្វកិច្ច​យោធា​ហើយ​ នឹង​ក្លាយ​ជា​ធន​ធាន​ដ៏​ល្អ​សម្រាប់​សង្គម។

ទោះ​ជា​បែប​នេះ​ក្ដី​ ​អ្នក​ឃ្លាំមើល និង​​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ខ្លះ​នៅ​ពុំ​ទាន់​ជឿ​ជាក់​ថា រដ្ឋាភិបាល​នឹង​អាច​ធ្វើ​កិច្ច​ការងារ​នេះ​​​​បាន​ ប្រកប​​​ដោយ​ជោគជ័យ​នោះ​ទេ​ ព្រោះ​កន្លង​ទៅ​កិត្តិយស និង​​លទ្ធផល​ការងារ​របស់​រដ្ឋាភិបាល​បក្ស​កាន់​អំណាច​​តែងតែ​រង​ការ​រិះគន់​ថា​​ ​គ្មាន​ប្រសិទ្ធភាព​ខ្ពស់​។ ពួក​គាត់​ថា​​ជាច្រើន​ឆ្នាំ​មក​នេះ​វិស័យ​ការពារ​​​ជាតិ​ ​​ត្រូវ​​បាន​គេ​​មើល​ឃើញ​ថា​ ​ហ៊ុមព័ទ្ធ​ដោយ​អំពើពុករលួយ បក្ខពួក​និយម​ និង​​ជា​​ស្ថាប័ន​ សម្រាប់​ការពារ​អំណាច​ ឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ ​​​​​​​មិន​​មែន​​ដើម្បី​ការ​​ពារ​​​​ជាតិ​នោះ​ទេ​ ​​​ទើប​ពុំ​សូវ​ ​​​មាន​ការ​​កំណែ​ទម្រង់​​និង​ធ្វើ​​ទំនើបកម្ម​យោធា ​​​ឱ្យ​បាន​​ត្រឹម​ត្រូវ​​ ​​​​ជា​ហេតុ​ធ្វើ​ឱ្យ​​ចាញ់​សង្គ្រាម​​ឈ្លានពាន​របស់​ថៃ​​​​កាល​ពី​ឆ្នាំ​២០២៥ ​ហើយ ​ថែម​ទាំង​ធ្វើ​ឱ្យ​បាត់​​​​​ទឹក​​​ដី​ជា​ច្រើន​ទីតាំង​នៅ ​តាម​ព្រំដែន​កម្ពុជា-ថៃ​ រហូត​ដល់​សព្វថ្ងៃ។

អ្នកឃ្លាំ​​​មើល​​សង្ឃឹម​ថា ការ​រៀបចំ​កម្មវិធី​ហ្វឹកហ្វឺន​កាតព្វកិច្ច​យោធា​នៅ​ពេល​នេះ​នឹង​ជួយ​ឱ្យ​កម្ពុជា​​​កសាង​កង​កម្លាំង​ការពារ​ជាតិ​ដែល​មាន​សមត្ថភាព និង​ការ​កសាង​ពលរដ្ឋ​ដែល​មាន​ចំណេះដឹង វិន័យ ជំនាញ និង​ស្មារតី​ទទួល​ខុស​ត្រូវ​ចំពោះ​សង្គម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ