

អ្នកវិភាគ ព្រមានថាការហ្វឹកហ្វឺនកាតព្វកិច្ចយោធារបស់យុវជន នៅឆ្នាំ២០២៧ខាងមុខនេះ នឹងមិនអាចស្ដារវិស័យការពារជាតិឱ្យបានរឹងមាំបាននោះឡើយ ប្រសិនបើរដ្ឋាភិបាលមិនអនុវត្តតាមគោលការណ៍អភិបាលកិច្ចល្អ ដែលផ្ដោតលើតម្លាភាព ការទទួលខុសត្រូវ និងប្រសិទ្ធភាពការងារ។ ការលើកឡើងនេះ ក្រោយពីក្រសួងការពារជាតិ បានប្រកាសឱ្យយុវជនដែលបានចុះឈ្មោះ ស្ម័គ្រចិត្តចូលហ្វឹកហ្វឺនកាតព្វកិច្ចយោធារួចហើយ ចំនួន៥ពាន់នាក់ ឱ្យចូលមកពិនិត្យសុខភាព និងកាយសម្បទា ដើម្បីត្រៀមខ្លួនចូលហ្វឹកហាត់។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយលើកឡើងថា ថ្វីត្បិតរដ្ឋាភិបាលបានប្រកាសពីការអនុវត្តច្បាប់កាតព្វកិច្ចយោធាជាផ្លូវការអស់ជាច្រើនខែហើយក្ដី នៅតែមានភាពស្រពិចស្រពិលមិនអាចវាយតម្លៃបានថា វគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធានេះ នឹងទទួលបានជោគជ័យឬយ៉ាងណានោះទេ ប៉ុន្តែពួកគាត់ ជំរុញឱ្យរដ្ឋាភិបាលត្រូវគោរពតាមគោលការណ៍អភិបាលកិច្ចល្អ ដើម្បីធានាថា ការបើកវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធា គឺធ្វើឡើង ដោយមានផែនការច្បាស់លាស់ គិតប្រយោជន៍ជាតិជាធំ និងមិនមែនដើម្បីបម្រើប្រយោជន៍ ឱ្យគណបក្សនយោបាយណាមួយនោះឡើយ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី៣០ ខែតុលាថា លោកសាទរចំពោះការប្រកាសជាផ្លូវការរបស់ក្រសួងការពារជាតិដែលបានបញ្ជាក់ថា នឹងយកយុវជនចំនួន៥ពាន់នាក់ ដើម្បីចូលរួមវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាជាលើកដំបូង ដើម្បីស្ដារឡើងវិញនូវវិស័យការពារជាតិឱ្យបានរឹងមាំ និងបណ្ដុះធនធានមនុស្សប្រកបដោយភាពថ្លៃថ្នូរ។ ក៏ប៉ុន្តែលោកថា ជារឿងគួរព្រួយបារម្ភ ប្រសិនបើការហ្វឹកហ្វឺននេះ ធ្វើឡើងដើម្បីតែល្អមើលគ្មាន វិន័យ និងប្រសិទ្ធភាពត្រឹមត្រូវ ដូច្នេះវាងាយនឹងធ្លាក់ទៅក្នុងអំពើពុករលួយ ការចាយវាយថវិកាមិនចំគោលដៅ គ្មានតម្លាភាព និងការទទួលខុសត្រូវខ្ពស់។
«រឿងអភិបាលកិច្ចនៅកងទ័ពនៅតែជាបញ្ហាដដែល។ យើងដឹងហើយថាទោះបីយើងមានកម្លាំង ប៉ុន្មានក៏ដោយ ប៉ុន្តែអភិបាលកិច្ចធ្វើមិនបានល្អ ដែលមានន័យថាគ្រប់គ្រងកងទ័ពមិនបានល្អទេនោះ វានឹងធ្វើឱ្យអ្នកខ្លះដែលចូលចិត្តតែឆ្លៀតឱកាសដើម្បីប្រើប្រាស់កងទ័ព។ ភ្ជួរស្រែ ក្នុងកងទ័ពនឹងយកមកធ្វើមានបាន មានឡានរាប់រយ ធ្វើឱ្យកាន់តែមានលទ្ធភាពមានឱកាសកាន់តែច្រើន»។
បណ្ឌិត មាស នី
ការលើកឡើងនេះក្រោយពីក្រសួងការពារជាតិ កាលពីថ្ងៃទី២៩ ខែតុលា បានចេញសេចក្ដីជូនដំណឹងដោយអញ្ជើញយុវជនដែលបាន ជាប់ឈ្មោះចូលហ្វឹកហ្វឺនកាតព្វកិច្ចយោធាស្ម័គ្រចិត្តចំនួន៥ពាន់នាក់ឱ្យចូលមកពិនិត្យសុខភាព និងកាយសម្បទា នៅថ្ងៃទី៤ ខែវិច្ឆិកា។ ការប្រកាសអញ្ជើញនេះ ក្រោយពីយុវជនទាំងនោះបានទៅចុះឈ្មោះចូលរួមវគ្គហ្វឹកហ្វឺន ដោយស្ម័គ្រចិត្ត រួចមកហើយ។
ទោះជាយ៉ាងណាការ ចេញសេចក្ដីអញ្ជើញនេះ ក្រសួងបានបញ្ជាក់ថា គឺសម្រាប់បេក្ខជនជាបុរស ចំណែកបេក្ខជនជាស្ត្រីពុំឃើញអញ្ជើញឱ្យទៅពិនិត្យសុខភាព និងកាយសម្បទា ដើម្បីត្រៀមចូលហ្វឹកហ្វឺននោះឡើយ ដែលធ្វើឱ្យបេក្ខជនជាស្ត្រីខ្លះ ដែលបានទៅចុះឈ្មោះនៅតាមខេត្ត ក្នុងស្រុកកំណើតរួចហើយ ប៉ុន្តែគ្មានការអញ្ជើញ បានធ្វើឱ្យពួកគេបង្ហាញការខកចិត្ត ព្រោះអ្នកខ្លះបានរង់ចាំចូលរួម បំពេញកាតព្វកិច្ចយោធា ដោយមិនហ៊ានទៅរកការងារឆ្ងាយពីស្រុកកំណើត។
ទូរទស្សន៍អាស៊ីសេរីពុំអាចស្នើសុំការបញ្ជាក់បន្ថែមជុំវិញរឿងនេះពីអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា បានទេនៅថ្ងៃទី៣០ ខែតុលា។
កន្លងទៅលោក ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យយុវជនដែលមានលក្ខណៈសម្បត្តិក្នុងការបំពេញកាតព្វកិច្ចយោធា គឺត្រូវតែចូលរួម ប្រកបដោយមោទនភាព។ លោកបញ្ជាក់ថា វគ្គហ្វឹកហ្វឺនរយៈពេល២ឆ្នាំនេះ ពុំមែនផ្ដោតតែទៅលើការបង្រៀនរបៀបបាញ់កាំភ្លើង និងយុទ្ធសាស្ត្រកងទ័ពនោះទេ គឺផ្ដោតលើការអប់រំឥរិយាបថ និងជំនាញទន់មួយចំនួន ដូចជាភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និង បណ្ដុះវិន័យផ្ទាល់ខ្លួនជាដើម។ ទន្ទឹមគ្នានោះ លោក ជឿជាក់ថា យុវជនដែល ធ្លាប់ជាក្មេងស្ទាវ និងបង្កបញ្ហាដល់សង្គមជាតិជាដើម ពេលចេញពីបំពេញកាតព្វកិច្ចយោធាហើយ នឹងក្លាយជាធនធានដ៏ល្អសម្រាប់សង្គម។
ទោះជាបែបនេះក្ដី អ្នកឃ្លាំមើល និងអ្នកនយោបាយបក្សប្រឆាំងខ្លះនៅពុំទាន់ជឿជាក់ថា រដ្ឋាភិបាលនឹងអាចធ្វើកិច្ចការងារនេះបាន ប្រកបដោយជោគជ័យនោះទេ ព្រោះកន្លងទៅកិត្តិយស និងលទ្ធផលការងាររបស់រដ្ឋាភិបាលបក្សកាន់អំណាចតែងតែរងការរិះគន់ថា គ្មានប្រសិទ្ធភាពខ្ពស់។ ពួកគាត់ថាជាច្រើនឆ្នាំមកនេះវិស័យការពារជាតិ ត្រូវបានគេមើលឃើញថា ហ៊ុមព័ទ្ធដោយអំពើពុករលួយ បក្ខពួកនិយម និងជាស្ថាប័ន សម្រាប់ការពារអំណាច ឱ្យរដ្ឋាភិបាលត្រកូលហ៊ុន មិនមែនដើម្បីការពារជាតិនោះទេ ទើបពុំសូវ មានការកំណែទម្រង់និងធ្វើទំនើបកម្មយោធា ឱ្យបានត្រឹមត្រូវ ជាហេតុធ្វើឱ្យចាញ់សង្គ្រាមឈ្លានពានរបស់ថៃកាលពីឆ្នាំ២០២៥ ហើយ ថែមទាំងធ្វើឱ្យបាត់ទឹកដីជាច្រើនទីតាំងនៅ តាមព្រំដែនកម្ពុជា-ថៃ រហូតដល់សព្វថ្ងៃ។
អ្នកឃ្លាំមើលសង្ឃឹមថា ការរៀបចំកម្មវិធីហ្វឹកហ្វឺនកាតព្វកិច្ចយោធានៅពេលនេះនឹងជួយឱ្យកម្ពុជាកសាងកងកម្លាំងការពារជាតិដែលមានសមត្ថភាព និងការកសាងពលរដ្ឋដែលមានចំណេះដឹង វិន័យ ជំនាញ និងស្មារតីទទួលខុសត្រូវចំពោះសង្គម៕









