

ពលរដ្ឋចាញ់បោកប្រាក់ក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា នៅថ្ងៃនេះ បាននាំគ្នាប្រមូលផ្ដុំតវ៉ានៅមុខសាលាដំបូងខេត្តសៀមរាប ដើម្បីទាមទារយុត្តិធម៌ និងសំណងត្រឹមត្រូវខណៈសំណុំរឿងនេះ អូសបន្លាយជិត៤ ឆ្នាំ។ សង្គមស៊ីវិល ទទូចឱ្យតុលាការ និងរដ្ឋាភិបាល ចាត់ទុកករណីនេះជាករណីពិសេស ហើយពន្លឿនដំណោះស្រាយជូនពលរដ្ឋឱ្យបានឆាប់។
ករណីឆបោក របស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៃអ្នកស្រី ឡេង ចាន់ណា មាន រយៈពេលប្រមាណ ៣ឆ្នាំហើយ ប៉ុន្តែ តុលាការខេត្តសៀមរាប និងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនបានផ្ដល់ដំណោះស្រាយអ្វីទាំងអស់។ រីឯពលរដ្ឋដែលចាញ់បោកក្រុមហ៊ុននេះ កំពុងលង់ក្នុងបំណុលវ័ណ្ឌក និងធ្លាក់ខ្លួនដុនដាបវេទនា ជីវភាព ស្ទើរគ្រប់ក្រុមគ្រួសារ។ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ពេលនេះប្រជាពលរដ្ឋ រងគ្រោះ បាននាំគ្នាចេញមុខជាថ្មីទៀត ដើម្បីទាមទារសំណងសមរម្យ និង យុត្តិធម៌ តាមផ្លូវច្បាប់នៅខាងមុខតុលាការខេត្តសៀមរាប។
ស្ត្រីចំណាស់ ដែលជាជនរងគ្រោះ ចាញ់បោកក្រុមហ៊ុន អស់ប្រាក់ ១ម៉ឺនដុល្លារ កាន់ផ្លែមេក្រូនិយាយដោយស្រែកយំ នៅខាងមុខតុលាការខេត្តសៀមរាបថា លោកតុលាការ និងមន្ត្រី ដែលទទួលប្រាក់ខែពីប្រជាពលរដ្ឋ សូមជួយប្រជាពលរដ្ឋផង ពលរដ្ឋក្រណាស់ កម្សត់ណាស់ ហើយត្រូវមកចាញ់បោកក្រុមហ៊ុន ធ្វើឲ្យពលរដ្ឋជំពាក់បំណុលវ័ណ្ឌកអស់ដី អស់ផ្ទះហើយ រកប្រាក់សងបំណុលដ៏វ័ណ្ឌកនោះមិនបានទេ។
លោកស្រី អាយុ ៦៦ឆ្នាំរូបនេះ ថា ធនាគារមិនពន្យារពេលសងសំណងទេ ជារៀងរាល់ខែ ប៉ុន្តែ តុលាការខេត្តសៀមរាប និងរដ្ឋាភិបាល បែរជាពន្យារពេលមិនព្រមដោះស្រាយរាប់ឆ្នាំ។
«ខ្ញុំចាស់ហើយ រកលុយមិនបានសងគេទេ អង្គការអូសដី អូសផ្ទះ សូមអស់លោកជួយខ្ញុំផង ។ លោកមានប្រាក់ខែស៊ី មួយខែៗ តែប្រជាពលរដ្ឋក្រអត់មានលុយបង់ធនាគារសូមជួយខ្ញុំផងលោក សូមអស់លោកអាណិតដល់ខ្ញុំចាស់ ខ្ញុំកាន់សីលអត់មាននិយាយកុហកទេ ខ្ញុំវេទនាណាស់»។
ជនរងគ្រោះ
ក្រុមអ្នកតវ៉ាអះអាងថា ពួកគាត់នឹងក្រាញននៀលតវ៉ាទាមទាររកដំណោះស្រាយឲ្យបាន ទោះបីជាត្រូវហាលភ្លៀងហាលខ្យល់យ៉ាងណាក៏ដោយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបលោក យិន ស្រាង បានទេ នៅថ្ងៃទី២ ខែវិច្ឆិកានេះ ។
អ្នកស្រី ឡេង ចាន់ណា កាលនៅមានងារជាឧកញ៉ា ថា លោក ហ៊ុន ម៉ាណែត ជាខ្នង បង្អែកនៃមុខជំនួញ និងសមាគមរបស់អ្នកស្រី ហើយបានណែនាំកុំឱ្យកូនចៅ មានការព្រួយបារម្ភទៀតផង។
«ហេតុផលដែលគាត់ឱ្យដករូបភាពនេះចេញ ទី១ គាត់ មិនឱ្យសាធារណជនទាំងអស់មើលមកក្រុមហ៊ុនយើងថា យើងអាងខ្នង អាងខ្សែ ទើបសម្រេចចិត្តបែបនេះ ហ្នឹងជារឿងទី១។ ដាក់រូបសម្ដេច ហ៊ុន ម៉ាណែត គេថា យើងអាងខ្នង អាងខ្សែ ដាក់រូបបងបូរ៉ាត់ ក៏គេថា យើងអាងខ្នង អាងខ្សែត្រូវដែរទេ។ អ៊ីចឹង ហេតុផលទី១ គឺគាត់មិនចង់ឱ្យគេគិតថា យើងមានអាងខ្នង អាងខ្សែ ប៉ុន្តែសំណួរ ថាយើង នៅមាន ខ្នងអត់ដករូបថតចេញ ដករូបថតតើ មានដកគាត់ចេញណា ដកតែរូបថត ខ្នងយើង ខ្សែយើងនៅតែមានដដែល។ ត្រូវទេទាំងអស់គ្នា។ ទី២ គឺកាត់បន្ថយ អ្នកដែលគាត់ឆាតទៅរកគាត់ មិនឱ្យប៉ះពាល់ការងារគាត់»។
អ្នកស្រី ឡេង ចាន់ណា
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២ ខែវិច្ឆិកាថា ការអូសបន្លាយផ្ដល់ដំណោះស្រាយសំណងនេះគឺប៉ះពាល់ដល់ផ្លូវចិត្តរបស់ពលរដ្ឋកាន់តែខ្លាំង ខណៈពួកគាត់ កំពុងប្រឈមបញ្ហាបំណុលធ្ងន់ធ្ងរ។
លោកបន្តថា រយៈពេលប្រមាណ ៣ឆ្នាំនេះ សមល្មមហើយ ដែលតុលាការលើកយករឿងក្ដីនេះ មកធ្វើការពិចារណា និងត្រូវចាត់ទុកជាអាទិភាព ហើយក៏ជាបទពិសោធន៍មួយ នៅក្នុងប្រព័ន្ធតុលាការ ក៏ដូចជា បទពិសោធន៍មួយក្នុងការគ្រប់គ្រងដឹកនាំរបស់រដ្ឋាភិបាលដែរ។
លោក យិន ម៉េងលី ស្នើឱ្យតុលាការ និងរដ្ឋាភិបាលពន្លឿនដំណោះស្រាយឱ្យបានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត។
«ឥឡូវនេះ គាត់ទៅស្ថាប័នណាក៏អត់បាន ដូច្នេះគាត់ហាក់បី ដូចជាអស់ជំនឿទុកចិត្ត ទៅលើប្រព័ន្ធនៃការគ្រប់គ្រងប្រទេសយើង ធ្វើឱ្យប៉ះពាល់ទៅ ដល់រដ្ឋាភិបាលទៀត តែគាត់បាត់បង់ជំនឿទុកចិត្តប៉ះពាល់ហើយ។ សូមពង្រឹងការ យកចិត្តទុកដាក់ចំពោះបញ្ហានេះឡើងវិញ»។
លោក យិន ម៉េងលី
កាលពីដើម ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា ត្រូវបានតុលាការចោទប្រកាន់ ចំនួនបីបទល្មើស រួមមាន បទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញ កាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន និងបទសម្អាតប្រាក់ ។ ប្រជាពលរដ្ឋជាង ១ម៉ឺន២ពាន់នាក់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ចាញ់បោកក្រុមហ៊ុននេះ អស់ប្រាក់ជាង ៣០០លានដុល្លារ ។
សំណុំរឿងរកស៊ីឆបោកដ៏ធំនេះ គាំងត្រឹមការឃុំខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកប្រមាណ១០នាក់ ក្នុងពន្ធនាគារប៉ុណ្ណោះ។ រីឯមេក្លោង សំខាន់ៗ ដូចជា អនុប្រធានយុវជនគណបក្សប្រជាកម្ពុជា ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង ក៏ជារដ្ឋលេខាធិការក្រសួងអប់រំ លោក ស៊ាន បូរ៉ាត់ និង អនុរដ្ឋ លេខាធិការក្រសួងការពារជាតិលោក ស ថាវី ដែលត្រូវបានព្យួរតំណែង សុទ្ធតែមានសេរីភាពពីសំណាញ់ច្បាប់។ លើសពីនេះ លោក ហ៊ុន ម៉ាណែត ដែលអ្នកស្រី ឡេង ចាន់ណា ហៅថាជាមេធំ វិញ ពុំមានស្ថាប័នណាហ៊ានបើកការស៊ើបអង្កេតរកការពិតនោះទេ៕









