ពលរដ្ឋ​ចាញ់​បោក​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា តវ៉ា​នៅ​​​មុខ​សាលាដំបូង​ខេត្ត​សៀមរាប​ទាមទារ​សំណង

0
95
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa
រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក Oknha Leng Channa

ពលរដ្ឋ​ចាញ់បោកប្រាក់​ក្រុមហ៊ុន​អតីត​ឧកញ៉ា ឡេង ចាន់ណា នៅថ្ងៃនេះ បាន​នាំគ្នា​ប្រមូល​ផ្ដុំ​តវ៉ានៅមុខសាលាដំបូងខេត្តសៀមរាប ដើម្បីទាមទារយុត្តិធម៌ និងសំណងត្រឹមត្រូវខណៈ​សំណុំ​រឿង​នេះ អូសបន្លាយជិត៤ ឆ្នាំ។ សង្គមស៊ីវិល ទទូចឱ្យតុលាការ និងរដ្ឋាភិបាល ចាត់ទុក​ករណី​នេះ​ជាករណីពិសេស ហើយពន្លឿនដំណោះស្រាយជូនពលរដ្ឋឱ្យបានឆាប់។

ករណីឆបោក របស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៃ​អ្នកស្រី ឡេង ចាន់ណា មាន រយៈពេលប្រមាណ ៣ឆ្នាំហើយ ប៉ុន្តែ តុលាការខេត្តសៀមរាប និង​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត មិនបានផ្ដល់​ដំណោះស្រាយអ្វីទាំងអស់។ រីឯ​ពលរដ្ឋដែល​ចាញ់បោកក្រុមហ៊ុននេះ កំពុងលង់ក្នុងបំណុល​វ័ណ្ឌក និង​ធ្លាក់ខ្លួនដុនដាបវេទនា ជីវភាព ស្ទើរគ្រប់ក្រុមគ្រួសារ។ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ពេលនេះប្រជាពលរដ្ឋ រងគ្រោះ បាននាំគ្នាចេញមុខជាថ្មីទៀត ដើម្បីទាមទារសំណង​សមរម្យ និង យុត្តិធម៌ តាមផ្លូវ​ច្បាប់​នៅ​ខាងមុខ​តុលាការ​ខេត្ត​សៀមរាប។
ស្ត្រីចំណាស់ ដែល​ជា​ជនរងគ្រោះ ចាញ់បោក​ក្រុមហ៊ុន អស់ប្រាក់ ១ម៉ឺន​ដុល្លារ កាន់ផ្លែ​មេក្រូ​និយាយ​ដោយស្រែកយំ នៅខាងមុខតុលាការ​ខេត្តសៀមរាប​ថា លោកតុលាការ និង​មន្ត្រី ដែល​ទទួល​ប្រាក់ខែពីប្រជាពលរដ្ឋ សូមជួយប្រជាពលរដ្ឋ​ផង ពលរដ្ឋក្រណាស់ កម្សត់ណាស់ ហើយ​ត្រូវមកចាញ់បោកក្រុមហ៊ុន ធ្វើឲ្យ​ពលរដ្ឋជំពាក់បំណុលវ័ណ្ឌកអស់ដី អស់ផ្ទះហើយ រកប្រាក់​សង​បំណុលដ៏​វ័ណ្ឌក​នោះ​មិន​បាន​ទេ។

លោកស្រី អាយុ ៦៦ឆ្នាំរូបនេះ ថា ធនាគារមិនពន្យារពេលសងសំណងទេ ជារៀង​រាល់ខែ ប៉ុន្តែ តុលាការខេត្តសៀមរាប និង​រដ្ឋាភិបាល បែរ​ជា​ពន្យារពេល​មិនព្រម​ដោះស្រាយរាប់ឆ្នាំ។

«ខ្ញុំចាស់ហើយ រកលុយមិនបានសងគេទេ អង្គការអូសដី អូសផ្ទះ សូមអស់លោក​ជួយ​ខ្ញុំផង ។ លោកមានប្រាក់ខែស៊ី មួយខែៗ តែប្រជាពលរដ្ឋ​ក្រ​អត់មាន​លុយ​បង់​ធនាគារ​សូម​ជួយខ្ញុំផងលោក សូមអស់លោកអាណិតដល់ខ្ញុំចាស់ ខ្ញុំកាន់សីលអត់​មាន​និយាយ​កុហកទេ ខ្ញុំ​វេទនាណាស់»។

ជនរងគ្រោះ

ក្រុមអ្នកតវ៉ា​អះអាង​ថា ពួកគាត់នឹងក្រាញននៀលតវ៉ាទាមទាររកដំណោះស្រាយ​ឲ្យបាន ទោះ​បីជាត្រូវហាលភ្លៀងហាលខ្យល់យ៉ាងណាក៏ដោយ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង​អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប​លោក យិន ស្រាង បានទេ នៅថ្ងៃទី២ ខែ​វិច្ឆិកា​នេះ ។

អ្នកស្រី ឡេង ចាន់ណា កាលនៅមានងារជាឧកញ៉ា ថា លោក ហ៊ុន ម៉ាណែត ជា​ខ្នង បង្អែកនៃមុខជំនួញ និង​សមាគមរបស់អ្នកស្រី ហើយបានណែនាំ​កុំឱ្យកូនចៅ មានការព្រួយ​បារម្ភទៀត​ផង។

«ហេតុផលដែលគាត់ឱ្យដករូបភាពនេះចេញ ទី១ គាត់ មិនឱ្យសាធារណជនទាំងអស់មើលមកក្រុមហ៊ុនយើងថា យើងអាងខ្នង អាងខ្សែ ទើបសម្រេចចិត្តបែបនេះ ហ្នឹងជារឿងទី១។ ដាក់រូបសម្ដេច ហ៊ុន ម៉ាណែត គេថា យើងអាងខ្នង អាងខ្សែ ដាក់រូបបងបូរ៉ាត់ ក៏គេថា យើងអាងខ្នង អាងខ្សែត្រូវដែរ​ទេ។ អ៊ីចឹង ហេតុផលទី១ គឺគាត់មិនចង់ឱ្យគេគិតថា យើងមានអាងខ្នង អាងខ្សែ ប៉ុន្តែសំណួរ ថាយើង នៅមាន ខ្នងអត់ដករូបថតចេញ ដករូបថតតើ មានដកគាត់ចេញណា ដកតែរូបថត ខ្នងយើង ខ្សែយើងនៅតែមានដដែល។ ត្រូវទេទាំងអស់គ្នា។ ទី២ គឺកាត់បន្ថយ អ្នកដែលគាត់ឆាតទៅរកគាត់ មិនឱ្យ​ប៉ះពាល់​ការងារគាត់»។

អ្នកស្រី ឡេង ចាន់ណា

អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២ ខែ​វិច្ឆិកា​ថា ការ​អូសបន្លាយផ្ដល់​ដំណោះស្រាយ​សំណង​នេះគឺប៉ះពាល់ដល់ផ្លូវចិត្ត​របស់ពលរដ្ឋ​កាន់តែខ្លាំង ខណៈពួកគាត់ កំពុងប្រឈមបញ្ហាបំណុលធ្ងន់ធ្ងរ។

លោកបន្តថា រយៈពេល​ប្រមាណ ៣ឆ្នាំនេះ សមល្មមហើយ ដែល​តុលាការ​លើក​យក​រឿង​ក្ដីនេះ មក​ធ្វើការ​ពិចារណា និងត្រូវចាត់ទុក​ជាអាទិភាព ហើយក៏​ជា​បទ​ពិសោធន៍មួយ នៅ​ក្នុង​ប្រព័ន្ធ​តុលាការ ក៏ដូចជា បទពិសោធន៍​មួយ​ក្នុងការគ្រប់​គ្រងដឹកនាំរបស់​រដ្ឋាភិបាលដែរ។

លោក យិន ម៉េងលី ស្នើឱ្យតុលាការ និង​រដ្ឋាភិបាលពន្លឿនដំណោះស្រាយ​ឱ្យបាន​ឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋមានជំនឿទុក​ចិត្ត។

«ឥឡូវនេះ គាត់ទៅស្ថាប័ន​ណាក៏អត់បាន ដូច្នេះគាត់​ហាក់បី ដូចជា​អស់ជំនឿទុកចិត្ត ទៅលើប្រព័ន្ធនៃការគ្រប់គ្រងប្រទេសយើង ធ្វើឱ្យប៉ះពាល់​ទៅ ដល់រដ្ឋាភិបាលទៀត តែគាត់បាត់បង់ជំនឿទុកចិត្តប៉ះពាល់​ហើយ។ សូមពង្រឹង​ការ យកចិត្តទុកដាក់​ចំពោះបញ្ហានេះឡើងវិញ»។

លោក យិន ម៉េងលី

កាលពីដើម ឆ្នាំ២០២៤ អ្នកស្រី ឡេង ចាន់ណា ត្រូវបានតុលាការចោទប្រកាន់ ចំនួនបីបទល្មើស រួមមាន បទឆបោកមានស្ថានទម្ងន់ទោស បទមិនបំពេញ កាតព្វកិច្ច ឧបករណ៍ដែលអាចជួញដូរបាន និង​បទសម្អាតប្រាក់ ។ ប្រជាពលរដ្ឋ​ជាង ១ម៉ឺន២ពាន់នាក់ ទាំងក្នុងប្រទេស និងក្រៅប្រទេស ចាញ់បោកក្រុមហ៊ុននេះ អស់ប្រាក់ជាង ៣០០លានដុល្លារ ។

សំណុំរឿងរកស៊ីឆបោកដ៏ធំនេះ គាំងត្រឹម​ការ​ឃុំខ្លួន​អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក​ប្រមាណ​១០នាក់ ក្នុងពន្ធនាគារប៉ុណ្ណោះ។ រីឯមេក្លោង សំខាន់ៗ ដូចជា អនុប្រធានយុវជន​គណបក្សប្រជាកម្ពុជា ជាអនុប្រធានអង្គភាព​ប្រឆាំងអំពើ​ពុករលួយ និង ក៏ជារដ្ឋលេខាធិការក្រសួងអប់រំ លោក ស៊ាន បូរ៉ាត់ និង អនុរដ្ឋ លេខាធិការក្រសួងការពារជាតិលោក ស ថាវី ដែលត្រូវបានព្យួរតំណែង សុទ្ធតែមានសេរីភាពពីសំណាញ់ច្បាប់។ លើសពីនេះ លោក ហ៊ុន ម៉ាណែត ដែលអ្នកស្រី ឡេង ចាន់ណា ហៅថាជាមេធំ វិញ ពុំមានស្ថាប័នណាហ៊ានបើក​ការស៊ើបអង្កេតរកការពិតនោះទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ