

អ្នកវិភាគ និងអ្នកនយោបាយប្រឆាំងមួយចំនួនបានជំរុញឱ្យកម្ពុជាពង្រឹងផលិតកម្មក្នុងស្រុក និងធ្វើពិពិធកម្មទីផ្សារនាំចេញ ខណៈនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បន្តលើកឡើងថា ប្រទេសថៃនឹងមិនបើកច្រកព្រំដែនគោកជាមួយកម្ពុជាឡើងវិញទេ រហូតដល់បញ្ហាព្រំដែន និងបញ្ហាផ្សេងៗត្រូវបានដោះស្រាយ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា កម្ពុជាមិនគួរពឹងផ្អែកលើការបើកច្រកព្រំដែនពីភាគីថៃនោះទេ ប៉ុន្តែគួរប្រើស្ថានភាពនេះជាឱកាសដើម្បីពង្រឹងផលិតកម្មក្នុងស្រុក ជាពិសេសវិស័យកសិកម្ម។
លោកថា រដ្ឋាភិបាលគួរផ្តល់កម្ចី និងលើកទឹកចិត្តដល់កសិករឱ្យបង្កើនការដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងស្វែងរកទីផ្សារអន្តរជាតិសម្រាប់ផលិតផលកម្ពុជា។ លោក ក៏បានជំរុញឱ្យកម្ពុជាកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលពីប្រទេសជិតខាង ដោយលើកឡើងពីការព្រួយបារម្ភចំពោះគុណភាព និងសុវត្ថិភាពផលិតផលកសិកម្មនាំចូលពីវៀតណាម។
«ដូច្នេះ នៅពេលដែលថៃបិទច្រកព្រំដែន ហ្នឹងជាឱកាសសម្រាប់កម្ពុជាពង្រឹងផលិតផលកសិកម្មរបស់ខ្លួននៅក្នុងស្រុក។ ហើយធ្វើម៉េចរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹង គួរតែផ្ដល់កម្ចី និងលើកទឹកចិត្តទៅដល់ពលរដ្ឋកម្ពុជាឱ្យដាំដុះផលិតផលក្នុងស្រុកហ្នឹងឱ្យបានច្រើន ហើយនិងរកទីផ្សារសម្រាប់ផលិតផលពួកគាត់នៅលើទីផ្សារអន្តរជាតិផងដែរណា។ កុំនាំទំនិញមកពីប្រទេសវៀតណាមច្រើនពេក ព្រោះយើងដឹងហើយ ពីប្រទេសវៀតណាមហ្នឹងគឺមានជាតិគីមីច្រើនជាងផលិតផលរបស់ថៃទៅទៀត»។
លោក អ៊ុំ សំអាន
លោកក៏បានស្នើឱ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដោយប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីដោះស្រាយបញ្ហាអធិបតេយ្យភាព និងទឹកដី។
ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃ Thai PBS បានរាយការណ៍កាលពីថ្ងៃទី៣១ ខែតុលា ដោយដកស្រង់សម្តីលោក អានុទីន ឆានវីរៈគុល ក្នុងកម្មវិធីទូរទស្សន៍ «Talk with Anutin’s Cabinet» ថា ថៃនឹងមិនបើកច្រកព្រំដែនជាមួយកម្ពុជាទេ ប្រសិនបើបញ្ហាព្រំដែនគោក ជម្លោះដែនសមុទ្រ និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញមិនទាន់ត្រូវបានដោះស្រាយ។
លោក អានុទីន ក៏បានលើកឡើងពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋថៃ ដោយថា លោកមិនអាចកំណត់បានថា ច្រកព្រំដែននឹងបើកឡើងវិញនៅពេលណានោះទេ ដរាបណាបញ្ហាដែលនៅសេសសល់មិនទាន់ត្រូវបានដោះស្រាយ។
ជាការឆ្លើយតប ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជានៅតែប្រកាន់ជំហរថា ថៃត្រូវជាភាគីបើកច្រកព្រំដែនឡើងវិញមុន ដោយសារថៃជាអ្នកសម្រេចបិទច្រកព្រំដែនជាឯកតោភាគី។
ចំណែកអ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី យល់ថា ការភ្ជាប់ការបើកច្រកព្រំដែនទៅនឹងការដោះស្រាយវិវាទព្រំដែន និងបញ្ហាឆបោកតាមប្រព័ន្ធអនឡាញ គឺជាយុទ្ធសាស្ត្រដាក់សម្ពាធនយោបាយពីភាគីថៃ។ លោកថា ការយកបញ្ហាអធិបតេយ្យភាព និងឧក្រិដ្ឋកម្មឆ្លងដែនមកភ្ជាប់ជាមួយការបិទច្រកពាណិជ្ជកម្ម អាចធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋនៅតាមព្រំដែនទាំងសងខាង។ លោកក៏បានចាត់ទុកការដោះស្រាយបញ្ហាឆបោកតាមអនឡាញថា ជាបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដែលត្រូវការកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោក សេង វណ្ណលី បន្ថែមថា វិវាទព្រំដែនគោក និងដែនសមុទ្រជាបញ្ហាស្មុគស្មាញដែលត្រូវការពេលវេលា ការចរចាបច្ចេកទេស និងការដោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។
លោកបានស្នើឱ្យកម្ពុជាបន្តប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ជាពិសេសគណៈកម្មាធិការព្រំដែនចម្រុះ (JBC) និងកិច្ចព្រមព្រៀងដែលមានស្រាប់ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។ លោកជំរុញឱ្យកម្ពុជាបង្កើនការបង្ក្រាបដោយតម្លាភាព និងបើកឱកាសឱ្យដៃគូអន្តរជាតិ ដូចជាការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (Interpol) ចូលរួមក្នុងកិច្ចការនេះ។
យ៉ាងណាលោក សេង វណ្ណលី បន្ថែមថា ដើម្បីឆ្លើយតបទៅនឹងជំហរដដែលៗនេះ កម្ពុជាមិនគួរធ្លាក់ចូលទៅក្នុងអន្ទាក់នៃនយោបាយតានតឹង ឬការប្រើប្រាស់កំហឹងទ្វេភាគីនោះឡើយ ប៉ុន្តែត្រូវប្រកាន់យកយុទ្ធសាស្ត្រការទូតពហុភាគីនិយម និងច្បាប់អន្តរជាតិ។ ហើយកម្ពុជាត្រូវពង្រឹងភាពធន់នៃសេដ្ឋកិច្ចព្រំដែន តាមរយៈការធ្វើពិពិធកម្មផ្លូវពាណិជ្ជកម្មជាមួយប្រទេសជិតខាងផ្សេងទៀត ដើម្បីកាត់បន្ថយការតាំងខ្លួនជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចពីសំណាក់ភាគីថៃ។
ថៃបានសម្រេចបិទច្រកព្រំដែនគោកជាមួយកម្ពុជាទាំងអស់ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ ដោយលើកហេតុផលសន្តិសុខជាតិ។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបន្តប្រកាន់ជំហរខុសគ្នាជុំវិញលក្ខខណ្ឌសម្រាប់ការបើកច្រកព្រំដែនឡើងវិញ។
មុនពេលមានជម្លោះព្រំដែន ច្រកព្រំដែនកម្ពុជា-ថៃគឺជាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់ប្រទេសទាំងពីរ។ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះជិត ៣០% ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២៦ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕









