

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស លោក អ៊ំ សំអាន សោកស្តាយដែលលោក ហ៊ុន ម៉ាណែត មិនបានអញ្ជើញលោក ទៅជជែករឿងព្រំដែនពិតប្រាកដ ដោយគ្រាន់តែឌឺដងលោកដូចក្មេងលែងហ្វេសប៊ុកទៅវិញ។ ការលើកឡើងនេះ គឺបន្តវាយប្រហារនិងប្រមាថមើលងាយលោក អ៊ំ សំអាន ហើយប្រកាសបិទផ្លូវចរចាតទៅទៀត។
ទោះបីជាប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ធ្លាប់បានចេញលិខិតចុងក្រោយដោយបញ្ជាក់ជំហថា លោក យល់ព្រមតាមសំណើរបស់លោក ហ៊ុន ម៉ាណែត ទាំងអស់ ដើម្បីចូលទៅប្រទេសកម្ពុជា ជជែកអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលលេខ៥២ដល់លេខ៥៩ក្តី បែរជាលោក ហ៊ុន ម៉ាណែត ប្រកាសឈប់ឆ្លើយឆ្លង និងបន្តនិយាយបន្ថោកបន្ទាបលោក អ៊ំ សំអានថា ជាអ្នកគ្មានជំនាញរឿងព្រំដែនពិតប្រាកដទៅវិញ។
លោក អ៊ុំ សំអាន អះអាងថា លោក សោកស្តាយដែលលោក ហ៊ុន ម៉ាណែត មិនបានឆ្លើយតបនឹងលិខិតចុងក្រោយរបស់លោក ហើយថែមទាំងបានបញ្ជាក់ថា នឹងឈប់ឆ្លើយឆ្លងជាមួយលោកទៀតផង។ លោកថា តាមពិតលោកមានផែនទីខ្នាត១/២០០ ០០០ ដែលជាផែនទីឧបសម្ពន្ធ័ភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ យូរហើយ ប៉ុន្តែលោកទៅក្រសួងការបរទេសបារាំង ដើម្បីយកផែនទីនិងឯកសារព្រំដែនបន្ថែមទៀត។
លោក អ៊ុំ សំអាន បាននិយាយថា ការព្យាយាមទាក់ទង និងឆ្លើយឆ្លងជាមួយលោកនាយករដ្ឋមន្ត្រី គឺដោយសារលោកចង់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកថា លោកមានបំណងសហការជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីនាំយកបញ្ហាព្រំដែនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងស្វែងរកការចូលរួមពីសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។
លោក អ៊ុំ សំអាន បានចាត់ទុកថា សារបង្ហោះលើហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ដែលអញ្ជើញលោកឱ្យមកកម្ពុជានោះ មិនមែនជាការអញ្ជើញពិតប្រាកដដើម្បីពិភាក្សាអំពីបញ្ហាព្រំដែនទេ។
«គាត់អត់មានចេតនាណាមួយដើម្បីអញ្ជើញខ្ញុំចូលកម្ពុជា ដើម្បីពិភាក្សាពីបញ្ហាព្រំដែនរវាងកម្ពុជា-ថៃនោះទេ។ ដូច្នេះហើយ បានជាគាត់អត់ឆ្លើយឆ្លងជាមួយនឹងខ្ញុំ ឬក៏អត់ឆ្លើយតបលិខិតចុងក្រោយរបស់ខ្ញុំ។ ហើយដូច្នេះ អ្វីដែលគាត់បង្ហោះតាមហ្វេសប៊ុក ដែលថាអញ្ជើញខ្ញុំហ្នឹង គ្រាន់តែជាសារឌឺដង ដូចក្មេងលេងហ្វេសប៊ុកតែប៉ុណ្ណោះឯង»។
លោក អ៊ុំ សំអាន
ការលើកឡើងរបស់លោក អ៊ុំ សំអាន ធ្វើ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងពីខេត្តពោធិ៍សាត់ នៅថ្ងៃទី៥ ខែវិច្ឆិកា ថា មន្ត្រីបក្សប្រឆាំងដែលទទួលបន្ទុកខាងព្រះដែនខ្វះចំណេះដឹងបច្ចេកទេសក្នុងការកំណត់ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែបែរជាធ្វើការចោទប្រកាន់ថា រដ្ឋាភិបាលបានប្រគល់ទឹកដីទៅឱ្យថៃ។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត ប្រកាសថា លោក នឹងមិនចំណាយពេលវេលាចរចារ ឬឆ្លើយឆ្លងជាមួយលោក អ៊ុំ សំអានទៀតឡើយ។
«រដ្ឋាភិបាលគេនោះមើល តែងតាំងអ្នកទទួលបន្ទុកខាងវិស័យចុះឡើងហ្នឹង គឺសុទ្ធតែអ្នកពូកែនិយាយតាមហ្វេសប៊ុក រួមទាំងប្រធានស្ថាប័នព្រំដែន អត់ចេះមើលព្រំដែន ចោទរដ្ឋាភិបាល ចោទថាកាត់បង្គោល កាត់ដីឱ្យគេ បង្គោល៥២ ៥៩ ដល់ហៅមកបង្ហាញមើល យកភស្តុតាងមកមើល ថាអត់ទេ ខ្ញុំអត់មានឯកសារទេ ខ្ញុំឮគេថា ហើយចុងបញ្ចប់ខ្ញុំមានញាណពិសេស។ វាមិនដែលពីណាធ្វើ ប្រធានស្ថាប័នមានញាណពិសេសធ្វើផែនទី ហើយទៅចុះវាស់វែងពីណា»។
លោក ហ៊ុន ម៉ាណែត
កន្លងមក លោក ហ៊ុន ម៉ាណែត ធ្លាប់បានបង្ហោះសារហៅ អ៊ុំ សំអាន ចូលទៅប្រទេសកម្ពុជា ដើម្បីជជែករឿងព្រំដែននៅបង្គោលចន្លោះលេង៥២ដល់៥៩ ប៉ុន្តែដាក់លក្ខខណ្ឌយ៉ាងតឹងរឹង បន្ទាប់ពីមន្ត្រីបក្សប្រឆាំងរូបនេះ និយាយថា ថៃបានរំកិលព្រំដែនរំលោភចូលដីខ្មែរ។ ទោះជាយ៉ាងណា លោក អ៊ុំ សំអាន កាលពីថ្ងៃទី២៤ តុលា បានធ្វើលិខិតចុងក្រោយមួយដោយបញ្ជាក់ជំហថា លោក យល់ព្រមតាមសំណើររបស់លោក ហ៊ុន ម៉ាណែត ទាំងអស់ ដើម្បីចូលទៅប្រទេសកម្ពុជា ជជែកអំពីរឿងព្រំដែនចន្លោះបង្គោលលេខ ៥២ដល់៥៩ ។ ប៉ុន្តែនៅពេលនេះលោក ហ៊ុន ម៉ាណែត បែរជាលេងហ៊ានប្រកាសបើកផ្លូវឲ្យលោក អ៊ុំ សំអាន ដឹកនាំក្រុមការងារចូលទៅស្រុកខ្មែរទៀតឡើយ។
ជុំវិញបញ្ហានេះអ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បាននិយាយថា សាររបស់លោក អ៊ុំ សំអាន បង្ហាញពីការខ្វែងគំនិតគ្នាផ្នែកនយោបាយយ៉ាងខ្លាំងរវាងលោក និងលោក ហ៊ុន ម៉ាណែត ជុំវិញវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ។ លោក ថា ភាគីទាំងពីរនៅតែខ្វះទំនុកចិត្តលើគ្នា ហើយមិនទាន់មានការសន្ទនាប្រកបដោយអត្ថន័យ ដើម្បីស្វែងរកដំណោះស្រាយរួមនៅឡើយ។
លោក សេង វណ្ណលី បានបន្ថែមថា ការស្វែងរកផែនទីខ្នាត ១/២០០ ០០០ និងឯកសារប្រវត្តិសាស្ត្របន្ថែមពីក្រសួងការបរទេសបារាំង អាចជាការខិតខំប្រមូលភស្តុតាងប្រវត្តិសាស្ត្រដើម្បីគាំទ្រជំហររបស់កម្ពុជា។ លោកថា ឯកសារទាំងនេះអាចយកទៅប្រើប្រាស់ជាផ្លូវការ និងមានទម្ងន់ផ្លូវច្បាប់បាន លុះត្រាតែមានការទទួលស្គាល់ និងចាត់ចែងដោយស្ថាប័នរដ្ឋដែលមានសមត្ថកិច្ច។
លោក សេង វណ្ណលី ក៏បានព្រមានថា ការយកបញ្ហាព្រំដែនទៅជជែកដេញដោលគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក មិនមែនជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពនោះទេ។ សកម្មភាពបែបនេះអាចបង្កឱ្យមានការយល់ច្រឡំ និងធ្វើឱ្យបញ្ហាជាតិដ៏សំខាន់មួយក្លាយជាប្រធានបទប្រកួតប្រជែងផ្នែកនយោបាយ ដែលអាចប៉ះពាល់ដល់សាមគ្គីភាពជាតិ។ ដើម្បីផលប្រយោជន៍ជាតិ លោក ហ៊ុន ម៉ាណែត គួរតែបង្វែរការខ្វែងគំនិតគ្នានេះទៅជាកិច្ចពិភាក្សាផ្លូវការមួយ ដែលមានភាពចាស់ទុំ និងតម្លាភាព។
អ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលមិនគួរប្រើប្រាស់បញ្ហាព្រំដែន និងការអញ្ជើញអ្នកនយោបាយប្រឆាំងមកជជែកជាសាធារណៈនៅលើបណ្ណាញសង្គមហ្វេសប៊ុកនោះទេ ព្រោះកាតព្វកិច្ចការពារ និងបង្ហាញភស្តុតាងផ្លូវការអំពីបូរណភាពទឹកដី គឺជាបន្ទុករបស់រដ្ឋាភិបាលដែលជាអ្នកកាន់កាប់ឯកសារ។ អ្វីដែលប្រជាពលរដ្ឋចង់បាន គឺលទ្ធផលជាក់ស្តែងនៃការការពារទឹកដី៕









