

ក្រុមសង្គមស៊ីវិល ដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស និងសេរីភាពព័ត៌មាន អំពាវនាវដល់រដ្ឋាភិបាលឲ្យបញ្ចប់ការយាយីលើអ្នកសារព័ត៌មាន ដោយប្រើតុលាការ និងការឃុំខ្លួន ហើយត្រូវស៊ើបអង្កេតហ្មត់ចត់ ប្រកបដោយតម្លាភាព លើបទល្មើសប្រឆាំងនឹងអ្នកសារព័ត៌មាន និង បញ្ចប់វប្បធម៌និទណ្ឌភាព ចំពោះជនល្មើសដែលយាយីអ្នកសារព័ត៌មាន។ យ៉ាងណា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានស្នើឱ្យអង្គការ និងសមាគមពាក់ព័ន្ធផ្តល់ឯកសារអំពីករណីដែលពួកគេបាន រាយការណ៍ ដើម្បីពិនិត្យករណីនីមួយៗ។
អង្គការសង្គមស៊ីវិល និងសមាគមសារព័ត៌មាន ចំនួន ១៣ស្ថាប័ន អះអាងថា នៅប្រទេសកម្ពុជា ការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន នៅតែជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ ហើយតួអង្គរំលោភបំពានចម្បងលើ អ្នកសារព័ត៌មាន គឺអាជ្ញាធររដ្ឋ ដែលក្នុងករណីខ្លះ មានការទទួលខុសត្រូវតិចតួចបំផុត ឬជាទូទៅគ្មានទោស ។
ក្រុមអ្នកការពារសិទ្ធិមនុស្ស និងសិទ្ធិសារព័ត៌មានទាំងនេះ ទទូចឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវចាត់វិធានការជាបន្ទាន់ និងជាក់ស្តែង ដើម្បីធានាឱ្យមានការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាពឯករាជ្យ និងតម្លាភាព នូវរាល់បទល្មើស ដែលបានប្រព្រឹត្តប្រឆាំងអ្នកសារព័ត៌មានបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ឲ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ មានការរំលោភសិទ្ធិមនុស្សចំនួន ២៩ករណី ប្រឆាំង នឹងអ្នកសារព័ត៌មាន និងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ។ ខេមបូចា បន្ថែមថា ក្នុង ចំណោមការរំលោភបំពានទាំងនេះ មាន ១៩ករណី ពាក់ព័ន្ធនឹងការគំរាមកំហែង តាមផ្លូវច្បាប់ការយាយីការសាកសួរ ការកោះហៅដោយបំពានច្បាប់ ការចាប់ខ្លួនការឃុំខ្លួន និងការដាក់ពន្ធនាគារ។
បច្ចុប្បន្ន អ្នកសារព័ត៌មានចំនួន ៤នាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ក្រោមបទ ចោទប្រកាន់ «បទញុះញង់ បទធ្វើឱ្យខូចទឹកចិត្តកងទ័ព ហើយនិងបទការកាប់ទន្ទ្រាន និងរុករានដីព្រៃដោយខុសច្បាប់» ដោយសារការបំពេញការងារវិជ្ជាជីវៈ របស់ពួកគេ។ អ្នកសារព័ត៌មាន ២រូប គឺលោក ផន សុភាព និង លោក ភាព ភារ៉ា ត្រូវបានផ្តន្ទាទោសរហូតដល់ ១៤ឆ្នាំ ក្រោមបទចោទ ប្រគល់ឱ្យរដ្ឋបរទេសនូវ ព័ត៌មានជាអាទិ៍ ដែលអាចធ្វើឱ្យអន្តរាយការការពារជាតិ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វី ប្រាប់ទូរទរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៦ ខែវិច្ឆិកា ថា អង្គការសង្គមស៊ីវិល និងសមាគមសារព័ត៌មាន តែងតែលើកឡើងពីការការព្រួយបារម្ភរបស់ខ្លួន អំពីករណីធ្វើទុក្ខបុកម្នេញទាំងនេះ ដល់រដ្ឋាភិបាល ពីព្រោះ សង្គមជាតិទាំងមូលនឹងទទួលរងផលប៉ះពាល់ កាលណាអ្នកសារព័ត៌មាន មិនអាចបំពេញតួនាទីឃ្លាំមើលដោយសេរី និងវិជ្ជាជីវៈ។
លោក ណុប វី មានប្រសាសន៍ ថា អង្គការសង្គមស៊ីវិល និងសមាគមសារព័ត៌មាន ក៏បានស្នើឲ្យកុំឲ្យមានការរៀបចំគោលនយោបាយ ឬ ច្បាប់ណាមួយ ដែលរឹតបន្ដឹងលំហសេរីភាពសារព័ត៌មានឲ្យកាន់តែរួមតូច។ លោកបន្ថែមថា រដ្ឋាភិបាលសភា និងស្ថាប័នពាក់ព័ន្ធគួរតែធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីធានាថា កុំឲ្យមានការបកស្រាយទូលំទូលាយពេក ដែលជះឥទ្ធិពលមិនល្អលើ សិទ្ធិសេរីភាព អ្នកសារព័ត៌មាន នៅពេលមានករណីប្ដឹងផ្ដល់។
«បញ្ហាផ្សេងៗពេលខ្លះ ក៏មិនទទួលបាននៅដំណោះស្រាយដែរ អ៊ីចឹងបាននៅក្នុងផ្នែកនេះ យើងតែងតែបានជំរុញស្នើទៅរដ្ឋាភិបាលសុំឱ្យពិនិត្យ។ ពិនិត្យហ្នឹង គឺមានចំណុច ដែលយើងបានផ្ដល់ភាពជាក់លាក់ហ្នឹង ទី១ គឺការ មិនបន្តប្ដឹង ផ្ដល់ទៅលើអ្នកសារព័ត៌មាន ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងអាច នឹងផ្ដល់នៅ ការលើកកម្ពស់ចំណេះដឹង ឬការផ្ដល់បណ្ដុះបណ្ដាលឱ្យច្រើនថែមទៀតដល់ពួកគាត់ ដើម្បីជំរុញឱ្យអ្នកសារព័ត៌មាន មានសមត្ថភាពខ្លាំងឡើង ដើម្បីគាត់ពង្រឹងនៅសមត្ថភាព ក្នុងធ្វើសេចក្ដីរាយការព័ត៌មាន ឬដើរតួនាទីជាអ្នកឃ្លាំមើលបញ្ហាផ្សេងៗនៅក្នុងសង្គម»។
លោក ណុប វី
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីបំភ្លឺជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ ខែវិច្ឆិកា។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ប្រាប់បណ្ដាញព័ត៌មាន ភ្នំពេញប៉ុស្ដិ៍ ដែលចុះផ្សាយថ្ងៃទី៦ ខែវិច្ឆិកា ថា ការលើកកម្ពស់យុត្តិធម៌ និង សុវត្ថិភាពសម្រាប់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ជាអាទិភាពមួយរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល ហើយការជួយសម្របសម្រួលវិវាទ និងការផ្តល់ជំនួយផ្លូវច្បាប់ នៅតែបន្តអនុវត្ត។ លោកបានស្នើឱ្យអង្គការ និងសមាគមពាក់ព័ន្ធ ផ្តល់ឯកសារអំពីករណីដែលពួកគេបានរាយការណ៍ ដើម្បីពិនិត្យករណីនីមួយៗ។
កំណត់ត្រារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់ អ្នកសារព័ត៌មាន ១៥នាក់ ត្រូវបានសម្លាប់នៅកម្ពុជា ដែលក្នុងចំណោមនេះ អ្នកសារព័ត៌មាន ១២នាក់ ធ្វើសេចក្ដីរាយការណ៍ ទាក់ទងនឹងរឿងរសើបៗ ដូចជា បញ្ហាបរិស្ថាន និងនយោបាយ ដែលលាតត្រដាង អំពីសកម្មភាព របស់ក្រុមបុគ្គលមានអំណាច មន្ត្រីរដ្ឋាភិបាល និងស្ថាប័នរដ្ឋ ។
រីឯសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៦ របស់អង្គការ អ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ឲ្យដឹងថា ប្រទេសកម្ពុជាមានស្ថានភាពសេរីភាព «ធ្ងន់ធ្ងរខ្លាំង» ដោយកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី១៥១ ក្នុងចំណោមប្រទេសចំនួន ១៨០ ក្នុងពិភពលោក៕









