តុលាការ​សិង្ហបុរី​ចោទ​ប្រកាន់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា

0
40
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

តុលាការ​ប្រទេស​សិង្ហបុរី (Singapore) បាន​ចោទ​ប្រកាន់​ជនសង្ស័យ​ជនជាតិ​សិង្ហបុរី​ម្នាក់ ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា។ អាជ្ញាធរ​សិង្ហបុរី​ឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ ស្ថិត​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ចំនួន ៣៦នាក់​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន​លោក ចេន ហ្ស៊ី (Chen Zhi) ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​លុយ​ពី​ជនរងគ្រោះ​ជនជាតិ​សិង្ហបុរី​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​អាមេរិក។

តុលាការ​ប្រទេស​សិង្ហបុរី (Singapore) កាល​ពី​ថ្ងៃ​ទី៧ ខែវិច្ឆិកា បាន​សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ជនជាតិ​សិង្ហបុរី​ម្នាក់​ឈ្មោះ ឡាំ យ៉ុង យ៉ាន (Lam Yong Yan) អាយុ ២៧ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល​ឱ្យ​មាន​ការ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ និង​បម្រើ​សកម្មភាព​ខុស​ច្បាប់​របស់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​ក្រុម​ឆបោក​ក្នុង​ប្រទេស​សិង្ហបុរី។

អាជ្ញាធរ​សិង្ហបុរី​បញ្ជាក់​ថា លោក ឡាំ យ៉ុង យ៉ាន (Lam Yong Yan) គឺជា​អ្នក​ឆបោក​តាម​ទូរស័ព្ទ និង​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ២០២៥។ ក្រៅ​ពី​នេះ លោក​ក៏​ជា​បុគ្គល​មួយ​រូប​ដែល​កំណត់​គោលដៅ​ឆបោក​លុយ​ពី​ជនរងគ្រោះ​នៅ​ប្រទេស​សិង្ហបុរី និង​សម្របសម្រួល​ការ​ជួញដូរ​មនុស្ស ដើម្បី​បង្ខំ​ឱ្យ​មក​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល​ឆបោក​នៅ​កម្ពុជា។

កាសែត​សិង្ហបុរី ដឹ ស្ត្រេតស៍ ថាមស៍ (The Straits Times) រាយការណ៍​នៅ​ថ្ងៃ​ទី១០ ខែវិច្ឆិកា​ថា ប៉ូលិស​សិង្ហបុរី​បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​ឃាត់​ខ្លួន លោក ឡាំ យ៉ុង យ៉ាន (Lam Yong Yan) កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់​ពី​រូប​លោក​បាន​រត់​ចេញ​ពី​ប្រទេស​កម្ពុជា។ ក្រោយ​មក​អាជ្ញាធរ​វៀតណាម​បាន​ធ្វើ​បត្យាប័ន​បញ្ជូន​ជនសង្ស័យ​រូប​នេះ​មក​ប្រទេស​សិង្ហបុរី​វិញ​កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

កាល​ពី​ថ្ងៃ​ទី៥ ខែវិច្ឆិកា កម្លាំង​សមត្ថកិច្ច​សិង្ហបុរី​ក៏​បាន​ស្ទាក់​ចាប់​ខ្លួន​ជនសង្ស័យ​ស្ត្រី​ជនជាតិ​សិង្ហបុរី​ម្នាក់​គឺ​អ្នកស្រី ចេន សៀវលីង (Chen Xiuling) ឬ ការ៉េន ចេន (Karen Chen) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សិង្ហបុរី ឆាងអ៊ី (Singapore Changi Airport)។ ការ​ចាប់​ខ្លួន​នេះ​ធ្វើ​ឡើង​តាម​ដីកា​តុលាការ​សិង្ហបុរី​ដែល​បាន​ចោទ​ប្រកាន់​ថា អ្នកស្រី ចេន សៀវលីង ពាក់ព័ន្ធ​នឹង​ការ​ក្លែងបន្លំ និង​គាំទ្រ​ប្រតិបត្តិការ​ឆបោក និង​ការ​លាង​លុយ​កខ្វក់​របស់​បណ្ដាញ​អង្គការ​ឧក្រិដ្ឋកម្ម​ឆបោក​ឆ្លងដែន​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Holding Group TOC) របស់​មេខ្លោង​ចេន ហ្ស៊ី។

ក្រុម​បណ្ដាញ​ឆបោក​នេះ​ជាប់​ពាក់ព័ន្ធ​យ៉ាង​សកម្ម​នឹង​ការ​ឆបោក​លុយ​ពី​ជនរងគ្រោះ​តាម​ទម្រង់​រូបភាព​ក្លែងបន្លំ​ជា​មន្ត្រី​រដ្ឋាភិបាល ដើម្បី​បោកប្រាស់​ពលរដ្ឋ​នៅ​ប្រទេស​សិង្ហបុរី។ បណ្ដាញ​នេះ​ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ទៅ​លើ​ករណី​ឆបោក​យ៉ាង​ហោច​ណាស់​ជាង ៥រយ​ករណី (៥២៨) ដែល​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ខាតបង់​ប្រាក់​ប្រមាណ ៥៣លាន​ដុល្លារ​សិង្ហបុរី ឬ​ស្មើ​ប្រមាណ​ជាង ៤០លាន​ដុល្លារ​សហរដ្ឋអាមេរិក។

កាសែត​សិង្ហបុរី​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រុម​បណ្ដាញ​ទាំង​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ដឹកនាំ​ដោយ​បុរស ៣នាក់ រួមមាន​បងប្អូន​ប្រុស​ជនជាតិ​សិង្ហបុរី​ពីរ​នាក់ គឺ​លោក ង៉ វៃ លៀង (Ng Wei Liang) និង​លោក ង៉ វៃ កាង (Ng Wei Kang) និង​បងប្អូន​ជីដូន​មួយ​របស់​ពួកគេ​គឺ លោក ឡេស្ទើរ ង៉ ជីង ហៃ (Lester Ng Jing Hai) ។

ក្នុង​ចំណោម​មេដឹកនាំ​បណ្ដាញ​ឆបោក​ទាំង ៣នាក់​ដែល​ប៉ូលិស​សង្ស័យ​ថា ជា​អ្នក​រៀបចំ​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា លោក ង៉ វៃ កាង និង​លោក ឡេស្ទើរ ង៉ ជីង ហៃ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​កាល​ពី​ខែកញ្ញា ឆ្នាំ២០២៥ និង​ត្រូវ​បាន​ចោទ​ប្រកាន់ ក្រោម​ច្បាប់​ស្ដីពី​ឧក្រិដ្ឋកម្ម​រៀបចំ​ជា​ក្រុម។ ចំណែក លោក ង៉ វៃ លៀង ដែល​ត្រូវ​បាន​ចោទ​ថា ជា​មេដឹកនាំ​បណ្ដាញ​នេះ នៅ​បន្ត​រត់​គេច​ខ្លួន។

លោក ឡាំ យ៉ុង យ៉ាន (Lam Yong Yan) និង​អ្នកស្រី ចេន សៀវលីង (Chen Xiuling) គឺ​នៅ​ក្នុង​ចំណោម​ជន​ត្រូវ​ចោទ​ចំនួន ៣៦នាក់​ទៀត​ដែល​អាជ្ញាធរ​សិង្ហបុរី​ប្រកាស​តាម​ប្រមាញ់​កាល​ពី​ខែឧសភា ឆ្នាំ២០២៦ ពាក់ព័ន្ធ​នឹង​ការ​សម្របសម្រួល និង​រៀបចំ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។ ប៉ូលិស​សិង្ហបុរី​បញ្ជាក់​ថា ក្នុង​ចំណោម​មនុស្ស​ដែល​កំពុង​តាម​ចាប់​ទាំង​នេះ អាជ្ញាធរ​ចាប់​បាន​ជនសង្ស័យ​ចំនួន ៧នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ចំណែក​ជនសង្ស័យ​ពាក់ព័ន្ធ​ផ្សេង​ទៀត​កំពុង​រត់​គេច​ខ្លួន។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើង​ថា ចំណាត់​ការ​ប្រឆាំង​របស់​សិង្ហបុរី និង​បណ្ដា​ប្រទេស​លោក​សេរី​ទៅ​លើ​បណ្ដាញ​ក្រុមហ៊ុន ចេន ហ្ស៊ី គឺជា​ផ្នែក​មួយ​បិទ​ខ្ទប់​ចរន្ត​លុយ​កខ្វក់​ដែល​ឧក្រិដ្ឋជន​តែង​ចាក់​ចូល​សេដ្ឋកិច្ច​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន។ ទោះ​ជា​យ៉ាងណា លោក​ចោទ​ថា រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅ​សម្ដែង​ឆាក​ល្ខោន​បង្ក្រាប​អ្នក​តូចតាច ដើម្បី​ធ្វើ​ជា​ខែល​បិទ​បាំង​ក្រុម​មន្ត្រី និង​ឧកញ៉ា​គ្រាក់ៗ​ឱ្យ​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ ដើម្បី​ប្រមូល​លុយ​មក​ចិញ្ចឹម​អំណាច​រដ្ឋាភិបាល​ត្រកូល ហ៊ុន ដដែល។

លោក គឹម សុខ៖ «ជំហរ​របស់​សហគមន៍​អន្តរជាតិ​មិន​លើកលែង​សោះ​ឡើយ​ចំពោះ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​ក្រុម​គ្រួសារ ហ៊ុន​ជា​មេ​បណ្ដាញ​ធ្វើ​ឱ្យ​កម្ពុជា​រង​នូវ​ភាព​អាម៉ាស់​ពេញ​ពិភព​លោក។ កម្ពុជា​ងើប​អត់​រួច​ទេ។ រដ្ឋ​អំណាច​នៅ​ប្រទេស​កម្ពុជា​ហ្នឹង​ប្រើ​ឧក្រិដ្ឋកម្ម​ហ្នឹង ដើម្បី​បន្ត​អំណាច​ឧក្រិដ្ឋកម្ម​ទៅ​មុខ​ទៀត។ ដូច្នេះ​វា​ជា​វិបត្តិ​ដ៏​ធំ​ណាស់​សម្រាប់​កម្ពុជា។ ប្រសិនបើ​យើង​ទាំង​អស់​គ្នា​ហ៊ាន​លះបង់ ដើម្បី​រក​ការ​ផ្លាស់ប្ដូរ​បាន​គួរ​តែ​ប្រើ​ការ​ឈឺ​ចាប់​នេះ ដើម្បី​ផ្លាស់ប្ដូរ​ប្រទេស​កម្ពុជា​របស់​យើង​ទៅ​កាន់​ប្រជាធិបតេយ្យ​ពិតប្រាកដ»។

បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​លោក ចេន ហ្ស៊ី (Chen Zhi) និង​បក្ខពួក​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ក្រុមហ៊ុន ព្រីនស៍ គ្រុប (Prince Group) ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១៥ពាន់​លាន​ដុល្លារ​កាល​ពី​ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរ​សិង្ហបុរី​ក៏​បាន​បង្កើន​ចំណាត់​ការ​ស៊ើបអង្កេត និង​បង្ក្រាប​រឹបអូស​ទ្រព្យ​សម្បត្តិ​បណ្ដាញ​ឆបោក​នេះ​ជា​បន្ត​បន្ទាប់។

កាល​ពី​ខែមីនា ឆ្នាំ២០២៦ ប៉ូលិស​សិង្ហបុរី​ប្រកាស​ថា បាន​ឃាត់​ខ្លួន​ជនជាតិ​សិង្ហបុរី ៣នាក់ ដែល​សង្ស័យ​ពាក់ព័ន្ធ​បណ្ដាញ​លាង​លុយ​កខ្វក់​របស់​មេខ្លោង​ឆបោក ចេន ហ្ស៊ី និង​បង្កក​ទ្រព្យ​សម្បត្តិ​បន្ថែម​ប្រមាណ ២៧៤ លាន​ដុល្លារ​អាមេរិក។ បន្ទាប់​មក​នៅ​ខែមិថុនា ឆ្នាំ២០២៦ ប៉ូលិស​សិង្ហបុរី​ក៏​បាន​បន្ត​ស៊ើបអង្កេត​បុរស​ជនជាតិចិន​ពីរ​នាក់​បន្ថែម​ទៀត​គឺ លោក ហ៊ូ ស៊ាវវៃ (Hu Xiaowei) និង​លោក ឈីវ វៃរ៉ិន (Qiu Wei Ren) មាន​សញ្ជាតិ​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​លាង​លុយ​កខ្វក់ និង​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ។ អាជ្ញាធរ​សិង្ហបុរី​បញ្ជាក់​ថា ត្រឹម​ខែមិថុនា ឆ្នាំ២០២៦ ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​រឹបអូស​ក្នុង​សំណុំ​រឿង​ឧក្រិដ្ឋកម្ម​ឆបោក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដាញ​ក្រុមហ៊ុន ចេន ហ្ស៊ី បាន​កើន​ឡើង​រហូត​ជាង ៤៦០ លាន​ដុល្លារ​អាមេរិក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ