មន្ត្រី​ជាន់ខ្ពស់​បក្ស​កម្លាំងជាតិ​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ហ្វ្រង់កូហ្វូនី​កៀក​ពេលប្រជុំ

0
9
សមាជិកគណៈកម្មាធិការនាយក និង​ជាសមាជិកក្រុមការងារនៃគណបក្សកម្លាំងជាតិ ខេត្តកំពត លោក ឆាយ ជំនោ។ រូប៖ បណ្ដាញសង្គម
សមាជិកគណៈកម្មាធិការនាយក និង​ជាសមាជិកក្រុមការងារនៃគណបក្សកម្លាំងជាតិ ខេត្តកំពត លោក ឆាយ ជំនោ។ រូប៖ បណ្ដាញសង្គម

មន្ត្រីជាន់ខ្ពស់នៃគណបក្សកម្លាំងជាតិ​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈ អង្គការហ្វ្រង់កូហ្វូនី ត្រៀមបើកកិច្ចប្រជុំកំពូលរបស់ខ្លួន នៅរាជធានីភ្នំពេញ។ គណបក្សកម្លាំងជាតិ និងសង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កំពុងរុញកម្ពុជា ឱ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ នៅចំពោះមុខសហគមន៍អន្តរជាតិ។

អំឡុងពេលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងរវល់រៀបចំកិច្ចប្រជុំកំពូលក្រុម ប្រទេសនិយាយភាសាបារាំង «ហ្វ្រង់កូហ្វូនី» រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុននេះ ក៏កំពុងរាំងខ្ទប់សេរីភាពបញ្ចេញមតិរបស់សង្គមស៊ីវិល និង​ចាប់ខ្លួនមិនលើកលែង លើមន្ត្រីគណបក្សប្រឆាំងដែរ។

សមាជិកគណៈកម្មាធិការនាយក និង​ជាសមាជិកក្រុមការងារនៃគណបក្សកម្លាំងជាតិ ខេត្តកំពត លោក ឆាយ ជំនោ ត្រូវបានស្នងការនគរបាលខេត្តនេះ ចាប់ខ្លួន​កាលពីថ្ងៃទី១០ ខែ​វិច្ឆិកា។

សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី១១ ខែ​វិច្ឆិកា ឱ្យដឹងថា ការចាប់ខ្លួននេះ ពុំមានការបញ្ជាក់ពីមូលហេតុទេ ហើយធ្វើឱ្យគណបក្សកម្លាំងជាតិ កាន់តែ​មាន​ការ​ព្រួយ​បារម្ភខ្លាំងឡើង ពី​ស្ថានការណ៍សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និង​សិទ្ធិ​សេរីភាព​នយោបាយ។

ទូរទស្សន៍អាស៊ីសេរី មិនទាន់អាចទាក់ទង ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ពី​ស្នងការ​នគរបាលខេត្តកំពត លោក ម៉ៅ ចន្ទ័មធុរិទ្ធ បានទេ នៅថ្ងៃទី១១ ខែវិច្ឆិកានេះ ។

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ទាមទារឱ្យរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្ដេជ្ញារចិត្តអនុវត្តឱ្យបានត្រឹមត្រូវ តាមប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ដោយការទទទួលខុសត្រូវ។

លោក សុខ គឹមសេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែវិច្ឆិកា ថា គណបក្សកម្លាំងជាតិ ចង់បានតែបរិយាកាសនយោបាយ ឱ្យមានការប្រកួត​ប្រជែង​ដោយស្មើមុខគ្នា ស្របតាមស្មារតីរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ។ លោកថា ករណីអាជ្ញាធរ​កាន់អំណាច ធ្វើទុក្ខបុកម្នេញ​នយោបាយ លើគណបក្សគួប្រជែង កាន់តែធ្វើឱ្យ​ប្រព័ន្ធប្រជាធិបតេយ្យចុះខ្សោយ ហើយប្រទេសជាតិបែកបាក់ ពិបាកផ្សះផ្សាគ្នា។

«ព្រួយបារម្ភខ្លាំងទៅៗអំពីស្ថានការណ៍ការគោរពសិទ្ធិ​មនុស្ស ក៏ដូចសិទ្ធិបញ្ចេញមតិ ជាពិសេសសិទ្ធិសេរីភាពការធ្វើនយោបាយហ្នឹងឯង ដោយ​សារតែទី១ គឺអាជ្ញាធរនៅតែបន្តការចាប់ខ្លួនហើយរហូតមកដល់ពេលនេះ គឺ ទាំង​ថ្នាក់ដឹកនាំ និងសមាជិករបស់គណបក្សកម្លាំងជាតិចំនួន ២១ នាក់ហើយ​កំពុង​តែ​ជាប់ឃុំ ។ ហ្នឹងនេះយើងមិននិយាយអំពី ថ្នាក់ដឹកនាំ និងសមាជិក ៧ រូបទៀត ដែល​គាត់បំពេញ​លក្ខខណ្ឌ ហើយគាត់បានមករស់នៅក្រៅពន្ធនាគារ»។

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង

គណបក្ស​កម្លាំងជាតិ អំពាវនាវ​ដល់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ បញ្ឈប់​ការ​ចាប់​ខ្លួន​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្សប្រឆាំង ដោយហេតុនៃការ ចូលរួម​សកម្មភាព​នយោបាយ​របស់​ពួកគាត់ ព្រមទាំង​ទទូចឱ្យដោះលែងអ្នកទោស នយោបាយ និង អ្នក​ទោស​មនសិការ​ទាំងអស់ ឱ្យ​មានសេរីភាពឡើងវិញ ដើម្បីធានាបាន​នូវបរិយាកាស​នយោបាយ​ល្អ ដល់​គ្រប់​គណបក្ស​នយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ​ច្បាប់ស្តីពី​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១១ ខែវិច្ឆិកា ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើកាន់តែជ្រុល ក្នុងការរំលោភបំពានសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ ដោយមិនខ្វល់អំពីការទាមទាររបស់មជ្ឈមដ្ឋាន​ចម្រុះ​ទាំងជាតិ និងអន្តរជាតិ ឱ្យ ស្ដារប្រជាធិបតេយ្យ​អំឡុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី ដែលនឹងខិតជិតមកដល់។

លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា នៅចំពោះមុខវិបត្តិនយោបាយ និង ការបំពានសិទ្ធិមនុស្ស ក្រោមកណ្ដាប់ដៃធ្ងន់ របស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុននេះ ទាមទារឱ្យសហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ និងក្រុមប្រទេស ដែល​មាន​ឥទ្ធិពលក្នុងអង្គការហ្វ្រង់កូហ្វូនី ដូចជា បារាំង និង​កាណាដាជាដើម បញ្ជូនសារឱ្យច្បាស់ ប្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យត្រូវតែចាប់ផ្ដើម បង្កើតបរិយាសប្រកួតប្រជែងនយោបាយ ដោយសេរី និងត្រឹមត្រូវនៅកម្ពុជា។

«យើងឃើញហើយកម្ពុជារងផលប៉ះពាល់ជាច្រើន ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ ពាក់ព័ន្ធនឹងការរំលោភបំពានតាមព្រំ ដែនពីប្រទេសជិតខាង ហើយស្ថានភាពនយោបាយក្នុងប្រទេសដុនដាបមែនទែន រួមទាំងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋធ្លាក់ក្នុងសភាពបំណុលវ័ណ្ឌក ធ្លាក់ក្នុងសភាព ក្រីក្រជាដើម។ នេះគឺជាសភាពមួយ ដែលដល់ពេលល្មមនឹងបញ្ឈប់ការធ្វើ​ទុក្ខបុកម្នេញទៅលើសកម្មជនទាំងឡាញហ្នឹង ហើយល្មមងាកមកដោះស្រាយនៅ បញ្ហាជាតិ បញ្ហារបស់ប្រជាពលរដ្ឋដែលធំៗ»។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា

អ្នកឃ្លាំមើលលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅភ្នំពេញ គឺជាឱកាសដ៏ មានសក្កានុពលដែលរដ្ឋាភិបាលបារាំង និងកាណាដា គួរតែនិយាយឱ្យចំសាច់រឿង ជាមួយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យត្រូវតែបញ្ឈប់នយោបាយធ្វើទុក្ខបុកម្នេញ លើគូប្រជែង និង​ការហែកហួរ​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដោយ​ប្រើ​កម្លាំង និងអំណាចរដ្ឋជាឧបករណ៍។ លើសពីនេះទៀត ប្រទេសបារាំង និង​កាណាដា ដែលជាហត្ថលេខីដ៏មានឥទ្ធិពល នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរនោះ ក៏គួរណាស់តែបញ្ជូនសារឱ្យប្រាកដប្រជាប្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឱ្យដើរតាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ