អាជ្ញាធរ​រំខាន​ក្រុម​សង្គម​ស៊ីវិល​ពេល​ជួប​ជុំ​ដាក់​ញត្តិ​ជូន​មេដឹកនាំ​បារាំង​និង​កាណាដា​

0
46
កងកម្លាំង​​​សន្តិសុខ​​​​​​ខណ្ឌ​ដូនពេញ​​​​​បាន​​​​រារាំង និង​​រុញ​ច្រាន​​​​ក្រុម​​អង្គការ​សង្គម​ស៊ីវិល ​​​​និង​កម្មករ​សហជីព​​​​​​​ ​មិន​ឱ្យ​​​​ជួប​ជុំ​គ្នា​​ លើក​​រូបថត​​​​​អ្នក​ជាប់​ឃុំ​ និង​​​សារ​​​មួយ​ចំនួន​ ​នៅ​ពី​មុខ​ស្ថានទូត​បារាំង​ កាលពីថ្ងៃទី១១ វិច្ឆិកា ២០២៦។ រូប៖ ហ្វេសប៊ុក សាន់ ម៉ាឡា
កងកម្លាំង​​​សន្តិសុខ​​​​​​ខណ្ឌ​ដូនពេញ​​​​​បាន​​​​រារាំង និង​​រុញ​ច្រាន​​​​ក្រុម​​អង្គការ​សង្គម​ស៊ីវិល ​​​​និង​កម្មករ​សហជីព​​​​​​​ ​មិន​ឱ្យ​​​​ជួប​ជុំ​គ្នា​​ លើក​​រូបថត​​​​​អ្នក​ជាប់​ឃុំ​ និង​​​សារ​​​មួយ​ចំនួន​ ​នៅ​ពី​មុខ​ស្ថានទូត​បារាំង​ កាលពីថ្ងៃទី១១ វិច្ឆិកា ២០២៦។ រូប៖ ហ្វេសប៊ុក សាន់ ម៉ាឡា

កងកម្លាំង​​​សន្តិសុខ​​​​​​ខណ្ឌ​ដូនពេញ​​​​​បាន​​​​រារាំង និង​​រុញ​ច្រាន​​​​ក្រុម​​អង្គការ​សង្គម​ស៊ីវិល ​​​​និង​កម្មករ​សហជីព​​​​​​​ ​មិន​ឱ្យ​​​​ជួប​ជុំ​គ្នា​​ លើក​​រូបថត​​​​​អ្នក​ជាប់​ឃុំ​ និង​​​សារ​​​មួយ​ចំនួន​ ​នៅ​ពី​មុខ​ស្ថានទូត​បារាំង​ និង​​កាណាដា​​​​​​​​​។​ ការ​រារាំង​នេះ​​ធ្វើ​ឡើង​​​​ ​​​​​​អំឡុង​ពេល​ដែល​​​ពួក​គាត់​​ បាន​​​​ជួប​ជុំ​​​គ្នា​​ ដាក់​ញត្តិ​​ជូន​​​​​ប្រធានាធិបតី​បារាំង​​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ​​បារាំង​ និង​​នាយករដ្ឋមន្ត្រី​​​កាណាដា​ លោក ម៉ាក ខានី ​(Mark Carney)​​​ ​ដែល​​​​​​នឹង​​​​មក​​ចូល​រួម​​​កិច្ច​ប្រជុំ​កំពូល​​​​ហ្វ្រង់កូហ្វូនី (OIF) ​​​​​​នៅ​ចុង​សប្ដាហ៍​នេះ ​​ឲ្យ​ជួយ​អន្តរាគមន៍​​ទៅ​កាន់​​​រដ្ឋាភិបាល​​​​​លោក ហ៊ុន ម៉ាណែត ដើម្បី​ឱ្យ​​​​​​​ដោះលែង​​​អ្នក​ទោស​​​​​​​មនសិការ​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន​ក្នុង​​​​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ​​​​​និង​ស្ដារ​​​​ប្រជាធិបតេយ្យ​​​ឡើង​វិញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល ​​​និង​កម្មករ​សហជីព​​​ប្រមាណ​ជាង​១០០​នាក់​​ ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​នេះ​ បាន​​ប្រមូល​ម្ដុំ​គ្នា ដាក់​ញាតិ​​​​នៅ​​ស្ថានទូត​បារាំង និង​កាណាដា ​ដើម្បី​ស្នើ​ឱ្យ​មេដឹកនាំ​នៃ​ប្រទេស​​ទាំង​ពីរ​នេះ​​ជួយ​អន្តរាគមន៍​ទៅ​កាន់​ លោក ហ៊ុន ម៉ាណែត ​​​ឱ្យ​​គោរព​សិទ្ធិ​មនុស្ស​ ​​​​​​​​​ ​​និង​​ដោះលែង​អ្នក​ទោស​មនសិការ​ ដែល​កំពុង​ជាប់​ឃុំ​​​​ ដោយ​អយុត្តិធម៌​។​ ប៉ុន្តែ​ ការ​ជួប​ជុំ​​ដាក់​ញត្តិ​របស់​ពួកគាត់​​នេះ​ ​ពុំ​បាន​​​ប្រព្រឹត្តទៅ​យ៉ាង​​រលូន​នោះ​ទេ ​ដោយ​សារ​តែ​ មាន​​កងកម្លាំង​សន្តិសុខ​​​ខណ្ឌ​ដូន​ពេញ​​ បាន​មក​យាយី ​​​​និង​​រុញ​ច្រាន​ពួក​គាត់​​​​មិន​​​​លើក​បដា និង​រូប​ថត​​អ្នក​ឃុំ​ ដែល​ធ្វើ​ឱ្យ​ ​ប៉ះ​សម្ដី​គ្នា​មួយ ​ប្រាវ។

​​​​​​​អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី  និង​ធនធានធម្មជាតិ  នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅថ្ងៃទី១១​ ខែ​វិច្ឆិកា ​ថា លោក​សោក​ស្ដាយ​ជា​ខ្លាំង​​នៅ​ពេល​​ឃើញ​មាន​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដួន​ពេញ​ រារាំង​ និង​រុញ​ច្រើន​​​​កម្មករ​សហជីព និង​​​​​​សង្គម​ស៊ីវិល​ មិន​ឱ្យ​ជួបជុំគ្នា​ ​​​​លើក​បដា​ និង​រូប​​ថត ​​អ្នក​​ទោស​​មនសិការ​​នៅ​​ពី​មុខ​ស្ថាន​ទូត​បារាំង​ និង​កាណាដា​​​ កាលពី​ព្រឹម​មិញ។ លោក​ថា ករណី​នេះ​ បង្ហាញ​ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ មិន​ឱ្យ​ជួប​​ជុំ​​គ្នា​​​ដោយ​សន្តិវិធី​។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល ​​ពិត​ជា​មាន​ភាព​ស្អាតស្អំ ​​ឬ​​គ្មាន​ការ​​ចាប់​មនុស្ស​ដាក់​ពន្ធនាគារ​​ខុស​ទៅ​នឹង​ច្បាប់​​​ ​មិន​គួរ​ភ័យ​ខ្លាច​ ​និង​​រារាំង​ពលរដ្ឋ​មិន​ឱ្យ​​ជួបជុំ​​គ្នា​ សម្ដែង​មតិ​​បែប​នេះ​​ឡើយ។

«ទាក់ទង​នឹង​បញ្ហា ឬ​ក៏​រឿង​រ៉ាវ​នយោបាយ​នេះ យើង​ឃើញ​ថា​មាន​ប្រទេស​ធំៗ រួម​ទាំង​អ្នក​ការ​ទូត​ពិសេស ហើយ​ស្ថានទូត​មួយ​ចំនួន​នៃ​ប្រទេស​ប្រជាធិបតេយ្យ​គេ​មាន​ការ​ចាប់​អារម្មណ៍​ណាស់។ ខ្ញុំ​គិត​ថា ល្មម​ដល់​ពេល​ខ្មែរ​យើង​ធ្វើ​ការ​រួប​រួម​គ្នា​ ឲ្យ​ពិត​ប្រាកដ​មួយ​ ហើយ​ធ្វើ​ការ​ដោះលែង ទោស​នយោបាយ ទោស​មនសិការ​​​ទាំង​អស់​ឡើង​វិញ​ទៅ ដើម្បី​ស្តា​មុខ​មាត់។​»​​

អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី  និង​ធនធានធម្មជាតិ  នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី

​នៅ​ក្នុង​​ញត្តិ​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​​សហជីព​ ដាក់​​ជូន​​​​​ប្រធានាធិបតី​បារាំង​​លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ​​បារាំង​ និង​​នាយករដ្ឋមន្ត្រី​​​កាណាដា​ លោក ម៉ាក ខានី ​(Mark Carney)​​​ ​​​​​បាន​បង្ហាញ​ពី​ ​​ក្ដី​​ព្រួយ​បារម្ភ​​​​ ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស ​និង លទ្ធិ​​ប្រជាធិបតេយ្យ​ ​​នៅ​កម្ពុជា​ ដែល​កំពុង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ​​​​ព្រោះ​ករណី​ ​​​​រំលោភ​សិទ្ធិមនុស្ស​​ ​​និង​ការ​​​​​រឹតត្បិត​​​ ​​សេរីភាព​របស់​ក្រុម​សង្គម​ស៊ីវិល​​ ប៉ុន្មាន​ចុង​​ក្រោយ​នេះ​ ​គឺ​​​កាន់​តែ​កើន​ឡើង។

ក្រុម​​​​អង្គការ​សង្គម​ស៊ីវិល​​​​​បញ្ជាក់​ថា​ ​​​​ស្រប​ពេល​​ ​​​កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​នៃ​​​កិច្ច​ប្រជុំ​កំពូល​​​​ហ្វ្រង់កូហ្វូនី​ ​​នៅ​ចុង​សប្ដាហ៍​នេះ​​ ​​​ពួក​គាត់​​​អំពាវនាវ​ដល់​រដ្ឋ​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ​ទាំង​​អស់ ​​​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ​​​​និង​ដាក់​​​សម្ពាធ​មក​លើ​​រដ្ឋាភិបាល​កម្ពុជា​ ​​​​​​ឱ្យ​បង្ហាញ​​​ពី​ការ​ប្ដេជ្ញា​ចិត្ត​​​ជា​ថ្មី​​​​​​​ក្នុង​ការធានា​​នូវ​​ ​​សិទ្ធិ​សេរីភាព​​ជា​មូលដ្ឋាន​​​​របស់​ពលរដ្ឋ​​ ​​​​​​​​​​​​​​​បើក​ទូលាយ​នូវ​កិច្ច​សន្ទនា​សង្គម និង ​លើក​កម្ពស់​​​​ការ​ចូល​​រួម​តាម​​បែប​​​​ប្រជាធិបតេយ្យ​​​​​ ​​​​​ស្រប​តាម​គុណ​តម្លៃ​ស្នូល​​របស់​អង្គការ​​​​​​​ហ្វ្រង់កូហ្វូនី។

នៅ​ក្នុង​ញត្តិ​ដដែល​បាន​​​​ សរសេរ​ថា​ ​​​​កម្ពុជា​​កំពុង​​​តែ​ពង្រីក​​​ការ​​​​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​​ ហើយ​ក៏​កំពុង​ពង្រឹង​ទំនាក់ទំនង​​​​​ជា​​មួយ​សហគមន៍​​អន្តរជាតិ ដូច​ជា​​​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង ​ជាដើម​​​ ​ដូច្នេះ​​កម្ពុជា​​​​​​​ត្រូវ​​ធានា​ថា​​ការ​អភិវឌ្ឍ​ត្រូវ​តែ​​​​មាន​ការ​​​ចូល​រួម​ពី​​ភាគី​​ពាក់ព័ន្ធ​​​​​ ព្រោះ​ថា​​​​​បច្ចុប្បន្ន​ មាន​​​​​អ្នក​នយោបាយ​​ អ្នក​សារព័ត៌មាន កម្មករ និង​​​ពលរដ្ឋ ​​ជា​ច្រើន​​​​ នៅ​តែ​ប្រឈម​មុខ​នឹង​ការ​រំលោភ​បំពាន ​​​លើ​​​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ តាម​រយៈ​ការ​ ការ​ចាប់​​និង​ឃុំខ្លួន​​ដាក់​ពន្ធនាគារ​​ ​​តាម​អំពើ​ចិត្ត​ និង​​​​​​​​​ដក​ហូត​សិទ្ធិ​ជា​មូលដ្ឋាន​​​ដូច​ជា​សិទ្ធិ​សេរីភាព​​​​​ធ្វើ​​នយោបាយ ​​​​​និង​ សិទ្ធិ​ជួប​ជុំ​សម្ដែង​មតិ​ ដោយ​សន្តិវិធី​​​​ជាដើម។

ជាមួយ​គ្នា​នោះ​ ក្រុម​​អង្គការ​សង្គម​ស៊ីវិល​​​​បាន​បញ្ជាក់​នៅ​ក្នុង​ញត្តិ​ ​​ផ្ញើ​ទៅ​កាន់​​ប្រធានាធិបតី​បារាំង​​​​​​និង​​​នាយករដ្ឋមន្ត្រី​​​កាណាដា​ ​​​​​ដោយ​ចង់​ឃើញ​មេ​ដឹកនាំ​​​​​ទាំង​ពីរ​​លើក​យក​​បញ្ហា​​​​​សិទ្ធិ​មនុស្ស ​​​​​និង​ប្រជាធិបតី​​​ ទៅ​​ជជែក​​ជា​មួយ​​​​តំណាង​ រាជរដ្ឋាភិបាល​កម្ពុជា ​​​​​​ដោយ​​ត្រង់​​ តាម​រយៈ​​​​​ការ​​​ស្នើ​សុំ​ឱ្យ​​​​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​​មក​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស អ្នក​សារព័ត៌មាន ថ្នាក់​ដឹកនាំ​សហជីព និង​សកម្មជន ​​​រួម​មាន​សកម្មជន​​​​​ចលនា​មាតា​ធម្មជាតិ និង​ថ្នាក់​ដឹកនាំ​​សមាគម​សម្ព័ន្ធ​​និស្សិត​បញ្ញវន្ត​ខ្មែរ។

បន្ថែម​ពី​លើ​នោះ​​ ពួក​គាត់​ជំរុញ​ឱ្យ​​​​​មេដឹកនាំ​​បារាំង​​​​​​និង​​​​​កាណាដា​ ​​​​​​​លើក​ឡើង​ពី​បញ្ហា​​​​សិទ្ធិមនុស្ស ​​ប្រជាធិបតេយ្យ និង​សេរីភាព​ផ្នែក​នយោបាយ ដើម្បី​ធានា​ថា​​​ពលរដ្ឋ​កម្ពុជា មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ចូល​រួម​​​​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ថ្នាក់​ជាតិ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ពី ការ​ធ្វើ​ទុក្ខបុកម្នេញ​​​និង​ធានា​ថា​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​មាន​​សេរីភាព​ក្នុង​ការ​ប្រកួត​ប្រជែង​​​ដោយ​​សេរី និង​ត្រឹម​ត្រូវ​​ សម្រាប់​ការ​បោះឆ្នោត​​ឆ្នាំ២០២៧ និង២០២៨ ជា​ដើម។

​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​​ អង្គការសង់ត្រាល់ (CENTRAL) ​លោក ឃុន ថារ៉ូ ​​ប្រាប់​អ្នក​សារព័ត៌មាន​​​​នៅ​ខាង​មុខ​ស្ថានទូត​កាណាដា​​ ថា​​ការ​ដាក់​ញត្តិ​នេះ គឺ​មាន​គោល​បំណង​ធំ​ គឺ​ចង់​ឃើញ​​ឱ្យ​​មេដឹកនាំ​​ប្រទេស​​មហា​អំណាច​ទាំង​ពីរ​ គឺ​បារាំង និង​កាណាដា​​ ​លើក​យក​បញ្ហា​សិទ្ធិ​​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ទៅ​ជជែក​ជា​មួយ​​រដ្ឋាភិបាល​​រដ្ឋាភិបាល​​ ក្នុង​កិច្ចប្រជុំ​កំពូល​​​​ហ្វ្រង់កូហ្វូនី​។​ ​​​លោក​​មើល​ឃើញ​ថា​ កិច្ច​ប្រជុំ​នេះ​ពិត​ជា​សំខាន់​ក្នុង​ការ​​​​ជជែក​​​​ ​​រឿង​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ ព្រោះ​ស្រប​ជា​មួយ​​គុណ​​​តម្លៃ​ស្នូល​​​របស់​​​អង្គការ​អន្តរជាតិ​មួយ​​នេះ​​ ​ហើយ​ដើម្បី​ធានា​បាន​​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​មាន​ប្រសិទ្ធភាព​ គឺ​ត្រូវ​តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ កម្ពុជា​​ដោះលែង​អ្នក​ទោស​នយោបាយ ​និង​សកម្មជន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ​បន្ថែម​ពី​​​លើ​​ ​នោះ​ លោក​បញ្ជាក់​ថា​​​​ ​​ ​​ចំពោះ​​​កម្ពុជា​វិញ​​​ ប្រសិន​បើ​ចង់​ឱ្យ​​ទំនាក់​ទំនង​​​ការទូត ​និង​ពាណិជ្ជកម្ម​​អន្តរជាតិ​មាន​ស្ថិរភាព​​​​ គឺ​​មិន​​អាច​​​មិន​​អើពើ​ពី​ បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​បាន​ឡើយ​​​​ គឺ​​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​នេះ​​​ចម្បង​។​

«​យើង​ស្នើ​ឲ្យ​មាន​ការ​បើក​ទូលាយ​សិទ្ធិ​សេរីភាព​ផ្នែក​នយោបាយ ហើយ​ជំហាន​ដែល​សំខាន់​បំផុត គឺ​ចាប់​ផ្ដើម​​​ពី​ការ​ដោះលែង​សកម្មជន សកម្មជន​ការពារ​ធម្មជាតិ ក៏​ដូច​ជា​យុវជន ​​ជា​ដើម រួម​ទាំង​សកម្មជន​នយោបាយ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផ្សេង​ៗ​ទៀត ព្រោះ​វា​ជា​ដំណើរការ​នៃ​ការ​ចាប់​ផ្ដើម​មួយ​ដែល​ប្រទេស​កម្ពុជា​យើង​បើក​ទូលាយ​នូវ​គោល​នយោបាយ​ការ​បរទេស​ទូលំទូលាយ​។ អញ្ចឹង​ការ​បើក​ឲ្យ​មាន​នូវ​លំហ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​ការងារ សិទ្ធិ​ពលរដ្ឋ​នេះ វា​ជា​កត្តា​ស្នូល​ដែល​សំខាន់​»។​

​អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​​ អង្គការសង់ត្រាល់ (CENTRAL) ​លោក ឃុន ថារ៉ូ

ការ​​​ដាក់​​ញត្តិ​របស់​ក្រុម​សង្គម​ស៊ីវិល ​និង​សហជីព​នេះ​ដែរ ​គេ​ឃើញ​មាន​​ ​​ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​​​កម្ពុជា គឺ​លោក គ្រីស្ទាន ដេសរ៉ូស​ (Christian DesRoches) បាន​ចេញ​មក​ទទួល​ញត្តិ​របស់​​ក្រុម​អង្គការ​សង្គម​ស៊ីវិល លោក​បាន​ធានា​ថា ​ញត្តិ​ទាំង​នោះ​បាន​​ទៅ​ដល់​ដៃ​ នាយករដ្ឋមន្ត្រី​​​កាណាដា​ លោក ម៉ាក ខានី (Mark Carney)។ លោក​បញ្ជាក់​ថា​​កន្លង​ទៅ​នេះ កម្ពុជា ​និង​កាណាដា បាន​​ក្លាយ​​ជា​​ដៃ​គូរ​ពាណិជ្ជកម្ម​ដ៏​សំខាន់​​​​​​ ​​​​​​ដូច្នេះ​​លោក​ថា ការ​គិត​គូរ​​ពី​បញ្ហា​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ និង​សេរីភាព​របស់​សហជីព​​​​ គឺ​​ប្រទេស​កាណាដា​​តែង​​តែ​​​​​​​លើក​ជា​មួយ​​​រដ្ឋាភិបាល​​​​​កម្ពុជា។

ពាក់ព័ន្ធ​កិច្ច​ប្រជុំ​កំពូល​របស់​​​អង្គការ​​​​​​​​អន្តរជាតិ​​ហ្វ្រង់កូហ្វូនី ដែល​នឹង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ​ គេ​ឃើញ​មាន​​អង្គការ​ជាតិ ​​​​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ ទាំង​ក្នុង​​និង​​ក្រៅ​ប្រទេស​ រួម​នឹង​​​អង្គការ​អន្តរជាតិ​​មួយ​ចំនួន​​ ដែល​ធ្វើ​ការ​​ផ្នែក​​ ​លើ​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដូច​ជា​ ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​ ​និង​​ អង្គការ​អន្តរជាតិ​ឈ្មោះ មូលនិធិប្រ៊ូណូ មែនសឺរ (Bruno Manser Fonds) គឺ​តែងតែ​​​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត​ដោះលែង​សកម្មជន​បរិស្ថាន និង​អ្នក​ទោស​មនសិការ​ជាច្រើន​នាក់​ ឱ្យ​មាន​មុន​កិច្ចប្រជុំ​ ​កំពូល​របស់​​អង្គការ​អន្តរ​ជាតិ​ហ្វ្រង់កូហ្វូនី (OIF)។

ពួកគាត់​បារម្ភ​ថា​​ ស្ថានភាព​​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​​កំពុងតែ​ដាំ​ក្បាល​ចុះ​ ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​ជា​ខ្លាំង​​ ​បើ​​ទោះ​បី​ជា​ ​កម្ពុជា​ ​​បាន​​​ផ្លាស់​​​ប្ដូរ​មេដឹកនាំ​វ័យ​ក្មេង​ គឺ​លោក ហ៊ុន ម៉ាណែត ​ជំនួស​ឪពុក​របស់​ លោក គឺ លោក ហ៊ុន សែន​ ជាង​៣​ឆ្នាំ​មក​ហើយ​​ក្ដី​ ​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ ​គឺ​កាន់​​អាក្រក់​ជាង​មុន ​ព្រោះ​​គេ​ឃើញ​​​ថា​ មាន​សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន​​ និង​​សកម្មជន​​សង្គម​​វ័យ​ក្មេង​ ជា​ច្រើន​រូប​​​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ផ្ដន្ទាទោស​​ធ្ងន់ធ្ងរ​​ ដោយ​ អ្នក​ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី​​​​៦​ទៅ​១០​ឆ្នាំ​​ ​ក្រោយ​ពី​ ពួកគាត់ ​បាន​អនុវត្ត​សិទ្ធិ​សេរីភាព​​​​ជា​មូលដ្ឋាន​។ ​​​​ដូច្នេះ​​​​​ពួកគាត់​ទទូច​ ឱ្យ​បណ្ដា​មេដឹកនាំ​ប្រទេស​និយាយ​ភាព​បារាំង​ ​​​​​ត្រូវ​តែ​លើក​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​​ ​នៅ​កម្ពុជា​ ​​​ដាក់​ក្នុង​​របៀបវារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​ហ្វ្រង់កូហ្វូនី (OIF) ​​​ជា​ចាំបាច់​បំផុត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ