កិច្ចប្រជុំហ្វ្រង់កូហ្វូនី​បញ្ចប់​ដោយ​ការ​ប្តេជ្ញាចិត្តរួម​លើ​សន្តិភាព សហប្រតិបត្តិការ ការពារ​បេតិកភណ្ឌ​វប្បធម៌

0
6
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ រយៈពេលពីរថ្ងៃ គឺថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា បានបញ្ចប់ទៅដោយមានការអនុម័តឯកសារសំខាន់ៗចំនួន៣ ដែលផ្តោតលើការលើកកម្ពស់សន្តិភាព ការដោះស្រាយវិបត្តិ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌។ កិច្ចប្រជុំនេះក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តាប្រទេសប្រើប្រាស់ភាសាបារាំង ក្នុងការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ។

កិច្ចប្រជុំកំពូលនេះធ្វើឡើងក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និង​ស្ថេរភាពយូរអង្វែង»ដោយមានការចូលរួមពី ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូ​មកពី​រដ្ឋសមាជិកប្រមាណ ៩០ ប្រទេស បានជួបប្រជុំគ្នាដើម្បីពិភាក្សាលើបញ្ហាប្រឈមសកលដូចជា សន្តិភាព និងស្ថិរភាពសកល សេដ្ឋកិច្ច នវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព ការលើក​កម្ពស់​ភាសាបារាំង និងការផ្លាស់ប្ដូរវប្បធម៌ និងការបោះឆ្នោតជ្រើសរើសអគ្គលេខាធិការថ្មី​របស់​អង្គការ ហ្វ្រង់កូហ្វូនី។

គេសង្កេតឃើញថាអំឡុងពេលនៃកិច្ចប្រជុំនេះ តំណាងមេដឹកនាំមកពីបណ្ដាប្រទេសនិយាយភាសាបារាំងបានលើកឡើងពីការ ការលើកកម្ពស់សន្តិភាព ការរួមរស់ដោយសន្តិវិធី សាមគ្គីភាព និងការអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ច។ បន្ថែមពីលើនោះ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក៏ទទូចឱ្យកម្ពុជា និងថៃ គោរពបទឈប់បាញ់ឱ្យបានពេញលេញ និងចៀសវាងសកម្មភាព​ដែលអាចបង្កឱ្យមានភាពតានតឹងឡើងវិញ។

ក្នុងពិធីបើកកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥ វិច្ឆិកា ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានយាងជាអធិបតីក្នុងពិធីបើកជាផ្លូវការ ដោយមានការចូលរួមពីមេដឹកនាំ និងតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសសមាជិក រួមមានប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី  អ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ព្រមទាំងមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីបើក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនីពង្រឹងសន្តិភាព ការសន្ទនា និងការគោរពច្បាប់អន្តរជាតិ ដោយសង្កត់ធ្ងន់ថា ព្រំដែនរបស់ប្រទេសណាមួយមិនគួរត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើប្រាស់កម្លាំង ឬសកម្មភាពឯកតោភាគីឡើយ។ លោកក៏បានលើកឡើងពីបទពិសោធន៍របស់កម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី។ 

លទ្ធផលសំខាន់មួយនៃកិច្ចប្រជុំកំពូលនេះ គឺការអនុម័តឯកសារគោលចំនួន៣ ដែលត្រូវបានរៀបចំ និងពិភាក្សាក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ កាលពីថ្ងៃទី១៤ វិច្ឆិកា មុនពេលដាក់ជូនមេដឹកនាំពិចារណា និងអនុម័តនៅក្នុងកិច្ចប្រជុំកំពូល។ ឯកសារ​ទាំងបីនោះរួមមាន សេចក្តីប្រកាសភ្នំពេញ សេចក្តីសម្រេចស្តីពីស្ថានការណ៍វិបត្តិ និងការ​អំពាវនាវ​ភ្នំពេញ។ 

ចំណុចគួរឱ្យកត់សម្គាល់មួយក្នុងកិច្ចប្រជុំឆ្នាំនេះ គឺការខ្វែងគំនិតគ្នាជុំវិញការជ្រើសរើស​អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសម្រាប់អាណត្តិ៤ឆ្នាំបន្ទាប់ទៀត។ អ្នកស្រី ល្វីស មូស៊ីគីវ៉ាបូ ដែលជាអគ្គលេខាធិការបច្ចុប្បន្ន និងមកពីប្រទេសរវ៉ាន់ដា មានបំណងបន្តកាន់​តំណែង​ជាប្រធានក្នុងអាណត្តិទីបី ប៉ុន្តែប្រទេសកុងហ្គោបានជំទាស់ និងបានគំរាមដកខ្លួនចេញ​ពីអង្គការនេះ ប្រសិនបើអ្នកស្រី  ល្វីស មូស៊ីគីវ៉ាបូ   ត្រូវបានជ្រើសរើសឡើងវិញ។

ក្រោយពី​មានការចរចាយ៉ាងខ្លាំងក្លា អង្គការនេះបានឈានដល់ការសម្របសម្រួល ដោយសម្រេច​ឱ្យអ្នកស្រី មូស៊ីគីវ៉ាបូ បន្តកាន់តំណែងរយៈពេលមួយឆ្នាំទៀត មុនពេលមាន​ការជ្រើសរើសអ្នកដឹកនាំថ្មី។ ការសម្រេចនេះត្រូវបានចាត់ទុកថា ជាការសម្របសម្រួល​ដើម្បី​រក្សាឯកភាព និងជៀសវាងការបែកបាក់ក្នុងចំណោមសមាជិក។

ក្នុងឱកាសកិច្ចប្រជុំកំពូលនេះ មេដឹកនាំមួយចំនួនក៏បានជួបពិភាក្សាទ្វេភាគី ដើម្បីពង្រឹង​ទំនាក់ទំនង​ការទូត និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ ជាក់ស្តែង លោកប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ វិច្ឆិកា នៅវិមានសន្តិភាព។

ក្នុងអំឡុងកិច្ចប្រជុំនោះ កម្ពុជានិងបារាំងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីចំនួន២៩ លើវិស័យវិនិយោគ ថាមពល អគ្គិសនី វិស័យការពារជាតិ និងវិស័យពាណិជ្ជកម្ម ផ្នែកផ្សារលក់ដុំ ជាដើម។ លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងអង្គប្រជុំថាកិច្ចព្រមព្រៀងនេះ គឺជារឿង​ដ៏សំខាន់​សម្រាប់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសបារាំង និងកម្ពុជា ឱ្យកាន់តែល្អប្រសើរ។ «»

អ្នកតាមដានភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនីថ្ងៃទី១៦ ខែវិច្ឆិកាថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ បានបិទបញ្ចប់ដោយបន្សល់ទុកនូវចំណុច​គួរឱ្យកត់​សម្គាល់ជាច្រើនទាំងផ្នែកការទូត សេដ្ឋកិច្ច និងសិទ្ធិមនុស្ស។ លោកបន្តថា លទ្ធផលជាដុំកំភួនសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ គឺការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សរណៈចំនួន ២៩ ជាមួយបារាំងរួមទាំងការទទួលបានការគាំទ្រផ្នែកការទូតពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ជុំវិញការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី។

ទោះជាយ៉ាងណាលោកថា កិច្ចព្រមព្រៀងទាំងនោះនៅតែជាឯកសារលើក្រដាសនៅឡើយ ហើយប្រសិទ្ធភាពពិតប្រាកដនឹងត្រូវវាស់វែងតាមរយៈការអនុវត្តជាក់ស្ដែង និងតម្លាភាពនៃគម្រោងនីមួយៗនាពេលខាងមុខ។ លោកបន្តថា ចំពោះបញ្ហាជម្លោះព្រំដែនជាមួយថៃ ដែលលោក ហ៊ុន ម៉ាណែត បានលើកឡើងពីការគោរពច្បាប់អន្តរជាតិ និងការចៀសវាងការប្រើកម្លាំង គឺជាយុទ្ធសាស្ត្រ​ទាញយកការគាំទ្រពីសហគមន៍អន្តរជាតិ។ ប៉ុន្តែ លោកព្រមានថា ជំហរទន់ភ្លន់ និងការពឹងផ្អែកតែលើការចរចាដោយខ្វះវិធានការតឹងរ៉ឹង អាចធ្វើឱ្យកម្ពុជាស្ថិតក្នុងស្ថានភាពពិបាកទប់ទល់នឹងសកម្មភាពឯកតោភាគីរបស់ភាគីថៃនៅតាមតំបន់ព្រំដែនជាក់ស្ដែង។

លោកសេង វណ្ណលី បន្តថា ចំណុចដែលគួរឱ្យកត់សម្គាល់បំផុត គឺការលើកយកករណី​ឃាតកម្មលើលោក  លឹម គិមយ៉ា   មកនិយាយដោយផ្ទាល់ពីសំណាក់លោក ម៉ាក្រុង ជាមួយលោក ហ៊ុន ម៉ាណែត។ លោកថានេះគឺជាសម្ពាធការទូតដ៏សំខាន់មួយ ព្រោះករណី​បាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងសញ្ជាតិខ្មែរ-បារាំង រូបនេះនៅទីក្រុងបាងកក ហាក់មានភាពយឺតយ៉ាវ និងខ្វះការសហការស៊ើបអង្កេតឱ្យបានស៊ីជម្រៅពី​សំណាក់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។

លោកអះអាងថា សម្ពាធនេះ គឺជាករណីមួយភ្ជាប់ជាមួយនឹងសារ​ទាមទាររបស់សហគមន៍​អន្តរជាតិ ដែលឱ្យរដ្ឋាភិបាល ដោះលែងសកម្មជនបរិស្ថាន ទាំង៥រូប ដែលបានក្លាយ​ជាវិញ្ញាសា​ដ៏តឹងតែង​សម្រាប់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក្នុងការបង្ហាញពីការគោរពនីតិរដ្ឋ និង​សិទ្ធិមនុស្ស ខណៈកម្ពុជាកំពុងកាន់តំណែងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ក៏បានលើកឡើងថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ ថ្វីត្បិតថា រដ្ឋាភិបាលអះអាងថា ជាការជោគជ័យ និងជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ ដ៏លេចធ្លោ សម្រាប់កម្ពុជាក្ដី លោកថារដ្ឋាភិបាលមិនគួរមើលរំលង​បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នោះឡើយ។ លោកថា ដើម្បីទាក់ទាញការវិនិយោគ និងការដោះស្រាយបញ្ហាក្នុងប្រទេសឱ្យមានប្រសិទ្ធភាព និងអាចជឿទុកចិត្តពីសហគមន៍​អន្តរជាតិមិនថាបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ និងជម្លោះព្រំដែនជាមួយ ថៃនោះទេ គឺកម្ពុជាត្រូវមានឆន្ទៈពិតប្រាកដក្នុងការធ្វើតាមអ្វីដែល សមាជិកអង្គការហ្វ្រង់កូហ្វូនីបានស្នើឡើយ លោកព្រមានថា ប្រសិនបើកម្ពុជា មិនធ្វើតាមការស្នើទេ​នោះ ទំនាក់ទំនងការទូត និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​បណ្ដាប្រទេសបារាំងនិងកាណាដាជាដើម នឹងគ្មានប្រសិទ្ធភាពឡើយ។ «»

អ្នកឃ្លាំមើលលើកឡើងថា បើទោះបីជាការកម្ពុជាទទួលបានកិច្ចព្រមព្រៀងជាមួយប្រទេស​បារាំង​លើវិស័យវិនិយោគមួយចំនួនក្ដី ក៏មិនប្រាកដថាដំណើរការនៃការវិនិយោគនេះអាច​ប្រព្រឹត្តទៅបានដោយរលូននោះទេ ខណៈដែល កម្ពុជានៅតែត្រូវប្រឈមនឹងសំណួរអំពីការ​អភិវឌ្ឍប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ឯករាជ្យភាពប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចល្អ។ ពួកគាត់ថា បញ្ហាទាំងនេះជាប្រធានបទដែលអង្គការសិទ្ធិមនុស្ស និងសង្គមស៊ីវិលចង់ឱ្យមេដឹកនាំអន្តរជាតិយកចិត្តទុកដាក់ក្នុងអំឡុង​កិច្ចប្រជុំនៅកម្ពុជាផងដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ