

គណបក្សប្រឆាំងនៅក្រៅប្រទេសអះអាងថា ការចោទប្រកាន់របស់យោធាថៃថា កម្ពុជាបំភ្លៃការពិតជុំវិញជម្លោះព្រំដែន គឺដោយសារភាគីថៃបារម្ភថា ការលើកឡើងរបស់កម្ពុជាអំពីការរំលោភបំពានលើដែនអធិបតេយ្យរបស់ខ្លួន អាចរីករាលដាលទៅដល់សារព័ត៌មានអន្តរជាតិ តាមរយៈវេទិកាហ្វ្រង់កូហ្វូនី។ ទោះជាយ៉ាងណា គណបក្សប្រឆាំងនេះបានរិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនទាន់បានបង្ហាញព័ត៌មាន និងភស្តុតាងជុំវិញស្ថានការណ៍ព្រំដែនទៅកាន់សហគមន៍អន្តរជាតិឱ្យបានទូលំទូលាយនៅឡើយ។
អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រតិកម្មរបស់យោធាថៃចំពោះការតាំងបង្ហាញប្រាសាទបែកបាក់របស់កម្ពុជានៅក្នុងភូមិហ្វ្រង់កូហ្វូនី (Francophonie) អាចបង្ហាញពីការព្រួយបារម្ភរបស់ភាគីថៃចំពោះការផ្សព្វផ្សាយបញ្ហាព្រំដែនទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធ្វើឲ្យថៃអាម៉ាស់មុខ។ ប៉ុន្តែលោកថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានបង្ហាញព័ត៌មានអំពីជម្លោះនេះតិចតួចពេកនៅក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី។
លោក គឹម សុខ បានអះអាងថា ប្រសិនបើគ្មានការលើកឡើង និងការដាក់ពាក្យបណ្តឹងពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា ទេ នោះសហគមន៍អន្តរជាតិអាចនឹងពិបាកយល់អំពីស្ថានភាពជម្លោះ និងការកាន់កាប់ទីតាំងដែលជាទឹកដីរបស់កម្ពុជាពីសំណាក់យោធាថៃ។
«រឿងដែលខ្ញុំសោកស្ដាយបំផុត នៅឯវេទិការដ៏កក្រើកនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) នៅភ្នំពេញទៅហើយ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបានធ្វើយុទ្ធនាការឱ្យច្បាស់ ដាក់ប្រធានបទថៃឈ្លានពានទឹកដីនៃប្រទេសកម្ពុជាទៅបង្ហាញសហគមន៍អន្តរជាតិនោះទេ។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញតិចតួចពេក។ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនបង្ហាញទីតាំងទាំងអស់ឱ្យច្បាស់ទេ ដែលកងទ័ពថៃត្រួតត្រាលើទឹកដីនៃប្រទេសកម្ពុជា»។
លោក គឹម សុខ
លោក គឹម សុខ បន្ថែមថា កម្ពុជាគួរតែបង្ហាញទីតាំងទាំងអស់ដែល កងទ័ពថៃកំពុងគ្រប់គ្រង ព្រមទាំងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់តំបន់ប្រាសាទខ្មែរសម្រាប់ទេសចរណ៍។ លោកបន្ថែមថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ក៏មិនបានបង្ហាញឱ្យបានច្បាស់អំពីស្ថានភាពរបស់ពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ និងមិនបានផ្តល់ឱកាសឱ្យពួកគេនិយាយដោយផ្ទាល់ទៅកាន់តំណាងអន្តរជាតិអំពីការបាត់បង់លំនៅឋាន និងការឈឺចាប់របស់ពួកគេឡើយ។
ការលើកឡើងរបស់លោក គឹម សុខ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ដោយចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា កំពុងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មានដែលថៃចាត់ទុកថាមិនពិត ក្នុងគោលបំណងទាមទារទឹកដី។
លោក វីនថៃ ស៊ូវ៉ារី បានរិះគន់ការតាំងបង្ហាញរូបប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ នៅក្នុងភូមិហ្វ្រង់កូហ្វូនី ដោយចាត់ទុកថា កម្ពុជាកំពុងបង្ហាញខ្លួនជាជនរងគ្រោះ និងប្រើប្រាស់បញ្ហាប្រាសាទទាំងនេះក្នុងគោលបំណងនយោបាយ។
អ្នកនាំពាក្យយោធាថៃរូបនេះក៏បានព្រួយបារម្ភថា ការតាំងបង្ហាញរបស់កម្ពុជាអាចធ្វើឱ្យទីតាំងប្រវត្តិសាស្ត្រទាំងនោះបាត់បង់ការការពារផ្លូវច្បាប់ជាបណ្តោះអាសន្ន ក្រោមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤។ លោកក៏បានព្រមានថា ការផ្សព្វផ្សាយរបស់កម្ពុជាអាចប៉ះពាល់ដល់កិច្ចចរចាទ្វេភាគី និងនាំឱ្យការចរចាត្រូវពន្យារពេល ដោយចោទថា សកម្មភាពនេះរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ចាន់ រតនា បានប្រាប់អ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ថា កម្ពុជាមិនមានការព្រួយបារម្ភចំពោះការលើកឡើងរបស់ភាគីថៃទេ ដោយសារការតាំងបង្ហាញគ្រាន់តែជាការបង្ហាញអំពីអ្វីដែលជាការពិត និងការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន។
«នោះហើយជាសារដ៏សំខាន់ដែលយើង ចង់បង្ហាញពិភពលោកឱ្យឃើញថា ពួកយើងមានសន្ធិសញ្ញាឆ្នាំ ១៩០៤ សន្ធិសញ្ញាឆ្នាំ ១៩០៧ រវាងបារាំង-សៀម ក៏ដូចជាផែនទីដែលយើងមានគូសដោយគណៈកម្មការចម្រុះឥណ្ឌូចិន-សៀម ដែលយើងមាន។ អ៊ីចឹងនៅក្នុងសន្ធិសញ្ញា និងនៅក្នុងផែនទីដែលយើងមានប្រើជាមួយគ្នាមកហើយនោះ គឺបញ្ជាក់ច្បាស់ថា ប្រាសាទទាំងអស់នោះនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា។ ឥឡូវប្រាសាទទាំងអស់នោះ ថៃកំពុងតែកាន់កាប់ អ៊ីចឹងយើងចង់បង្ហាញឱ្យពិភពលោកឃើញថា របស់នោះជាកម្មសិទ្ធិ និងជាអធិបតេយ្យភាពរបស់កម្ពុជាបាទ»។
លោក ចាន់ រតនា
លោក ចាន់ រតនា បន្ថែមថា ប្រាសាទព្រះវិហារបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយអង្គការយូណេស្កូបានបញ្ជូនអ្នកជំនាញទៅពិនិត្យ និងវាយតម្លៃការខូចខាត។ លោកថា ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំក៏បានរងការខូចខាតដែរ។
ក្នុងព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនី កម្ពុជាបានដាក់តាំងបង្ហាញរូបប្រាសាទសិប្បនិម្មិតដែលមានជម្លោះជាមួយថៃចំនួន ៣ រួមមាន ប្រាសាទព្រះវិហារ ប្រាសាទតាក្របី និងប្រាសាទតាមាន់ធំ រួមជាមួយរូបថតពលរដ្ឋភៀសសឹក ទាហានកម្ពុជាដែលរងរបួស និងរូបភាពពាក់ព័ន្ធនឹងជម្លោះព្រំដែន ដើម្បីឱ្យគណៈប្រតិភូជាតិ និងអន្តរជាតិបានទស្សនា។
ទន្ទឹមនឹងបញ្ហាព្រំដែន អ្នកឃ្លាំមើលសង្គមក៏បានជំរុញឱ្យលោក ហ៊ុន ម៉ាណែត លើកយកវិបត្តិប្រជាធិបតេយ្យ និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជាទៅពិភាក្សាលើវេទិកាអន្តរជាតិផងដែរ។ ពួកគេយល់ថា ការដោះស្រាយបញ្ហាទាំងនេះមានសារៈសំខាន់សម្រាប់ការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្សេងៗរបស់កម្ពុជា រួមទាំងជម្លោះព្រំដែន និងការឆបោកតាមអនឡាញ៕









