

កូនប្រុសអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក លិម គិមយ៉ា ដែលត្រូវបានឃាតកបាញ់សម្លាប់នៅក្រុងបាងកក ប្រទេសថៃ អរគុណប្រមុខរដ្ឋបារាំង ដែលបានលើកករណីឃាតកម្មឪពុកលោកនៅចំពោះមុខនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើម្បីបន្តរកយុត្តិធម៌ឱ្យឪពុកលោក ហើយថាប្រសិនបើគ្មានសម្ពាធពីអន្តរជាតិទេ ករណីឃាតកម្មឪពុកលោក នឹងកប់បាត់ស្ងាត់ឈឹង ដូចសំណុំរឿងលោកបណ្ឌិត កែម ឡី ដែរ។
អ្នកឃ្លាំមើលសរសើរការប្រឹងប្រែងរបស់គ្រួសារលោក លិម គិមយ៉ា និង សហគមន៍ខ្មែរនៅក្រៅប្រទេស ដែលបន្ដស្វិតស្វាញរកយុត្តិធម៌ឱ្យលោក លិម គិមយ៉ា ហើយថា ការថ្លែងរបស់លោក ម៉ាក្រុង ជាការបង្ហាញឱ្យឃើញថា ករណីឃាតកម្មលើលោក លិម គិមយ៉ា គឺត្រូវបានសហគមន៍អន្តរជាតិបន្តតាមដាន។
ឃាតកម្មលើលោក លិម គិមយ៉ា និងការសម្លាប់លោកបណ្ឌិត កែម ឡី ជាសំណុំរឿងឃាតកម្មធំពីរ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលមជ្ឈដ្ឋានអ្នកតាមដាននានា និងអ្នកឃ្លាំមើល មើលឃើញពីការពាក់ព័ន្ធរបស់ក្រុមអ្នកកាន់អំណាចនៅកម្ពុជា។
កូនប្រុសលោក លិម គិមយ៉ា គឺលោក លិម ថូម៉ាស សំណាង (Lim Thomas-Samnang) ដែលបានផ្ញើសារអរគុណប្រធានាធិបតីបារាំងបានសរសេរសារនៅលើទំព័រហ្វេសប៊ុក របស់លោកនៅថ្ងៃទី១៥ ខែវិច្ឆិកា ថា បើគ្មានសម្ពាធអន្តរជាតិទេ សំណុំរឿងលោក លិម គិមយ៉ា ច្បាស់ជាត្រូវគេកប់ចោល តាំងពីយូរមកហើយ ដូចករណី ដែលបានកើតឡើងលើឃាតកម្មលោកបណ្ឌិត កែម ឡី ដូច្នោះដែរ។
កូនប្រុសលោក លោក លិម គិមយ៉ា និយាយថា មកទល់ពេលនេះ មានរយៈពេលជិត ២ឆ្នាំហើយ ដែលជនសង្ស័យទាំង២នាក់ គឺ លី រតនារស្មី និង ពេជ្រ គឹមស្រ៊ីន ដែលពាក់ព័ន្ធក្នុងឃាតកម្មលោក លិម គិមយ៉ា កំពុងលាក់ខ្លួនក្នុងទឹកដីកម្ពុជានៅឡើយ ទោះបីជាពួកគេស្ថិតនៅក្រោមនិវេទន៍ក្រហម (Red Notices) តាមចាប់ខ្លួនរបស់អង្គការប៉ូលិសអន្តរជាតិ (Interpol) ក៏ដោយ។
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងនៅចំពោះមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ វិច្ឆិកា ដោយជំរុញឱ្យកម្ពុជាស៊ើបអង្កេតករណីឃាតកម្មលើលោក លិម គិមយ៉ា នេះអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ពីថ្ងៃទី១៤-១៦ វិច្ឆិកា។
លោកម៉ាក្រុងជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ស៊ើបអង្កេតករណីឃាតកម្មដ៏កក្រើកនេះ ដើម្បីបង្ហាញមូលហេតុពិត ដែលនាំឲ្យមានការធ្វើឃាតលើលោក លិម គិមយ៉ា និងនាំយកអ្នកទទួលខុសត្រូវមកផ្ទន្តាទោសតាមច្បាប់។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជំុវិញការលើកឡើងរបស់កូនប្រុសលោក លិម គិមយ៉ា និងការជំរុញរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានទេ នៅថ្ងៃទី១៦ ខែវិចិ្ឆកា ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ នៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាប់ខ្លួនលោក លី រតនៈរស្មី និង ពេជ្រ គឹមស្រ៊ីន សាកសួរឱ្យបានម៉ត់ចត់ ក្នុងគោលដៅបើកការស៊ើបអង្កេតឱ្យស៊ីជម្រៅ បន្ថែមទៀត បន្ទាប់ពីមានអន្តរាគមន៍របស់ប្រមុខរដ្ឋបារាំង។
លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៦ ខែវិច្ឆិកា ថា ការ លើកឡើងរបស់ប្រធានាធិបតីបារាំង គឺជាការបង្ហាញអំពីការខ្វះចន្លោះដ៏ធំ របស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ក្នុងការរកយុត្តិធម៌ជូន លោក លិម គិមយ៉ា ដោយលោក ស៊ឹង សែនករុណា ថា បើមិនដូច្នោះទេ លោក ម៉ាក្រុង ក៏មិនចាំបាច់ និយាយរឿងនេះនៅចំពោះមុខលោក ហ៊ុន ម៉ាណែត បែបនេះដែរ។ ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះថា ការថ្លែងអន្តរាគមន៍របស់លោក ម៉ាក្រុង ជាការគាស់កកាយសំណុំរឿងនេះ ឱ្យមានការយកចិត្តទុកដាក់តាមដានជាអន្តរជាតិតែម្ដង។ «»
ជនសង្ស័យ លី រតនារស្មី គឺជាអតីតទីប្រឹក្សាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន រីឯ ជនសង្ស័យ ពេជ្រ គឹមស្រ៊ីន ជាសមាជិកគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបម្រើការងារនៅផ្សារកណ្ដាល ខណ្ឌដូនពេញ និង ជាប្អូនបង្កើតរបស់អតីតប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ។
កូនប្រុសលោក លិម គិមយ៉ា គឺលោក លិម ថូម៉ាស សំណាង ចោទសួរថា តើហេតុអ្វីពួកគេនៅតែអាចមានសេរីភាព? តើហេតុអ្វី បានជាអាជ្ញាធរ មិនមានចំណាត់ការណាមួយ ដើម្បីនាំខ្លួនជនសង្ស័យទាំងពីរនាក់ មកផ្តន្ទាទោសតាមច្បាប់? លោកថាគ្រួសារលោកសមនឹងទទួលបានចម្លើយត្រឹមត្រូវពីអាជ្ញាធរកម្ពុជា ជាពិសេសគឺ ទទួលបានយុត្តិធម៌។
អយុត្តិធម៌នៃសំណុំរឿងលោក លិម គិមយ៉ា មានរយៈពេលជិត ២ឆ្នាំហើយ តាំងពីមាន ឃាតកម្មផ្ដាច់យកជីវិតលោក នៅកណ្ដាលទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ខណៈអយុត្តិធម៌ លើលោកបណ្ឌិត កែម ឡី អូសបន្លាយពេល ១០ ឆ្នាំហើយ តាំងពីមានការបាញ់សម្លាប់លោកនៅស្តារម៉ាត់ស្តុបបូកគោ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦មក។ ករណីឃាតកម្មសម្លាប់លោកបណ្ឌិត កែម ឡី នេះ យូរឆ្នាំមកហើយ មានតែឃាតកសិប្បនិម្មិតម្នាក់ ឈ្មោះ អឿត អាង ដែលហៅខ្លួនឯងថា «ជួបសម្លាប់» ម្នាក់ប៉ុណ្ណោះ កំពុងជាប់ពន្ធនាគារព្រៃស។
ករណីឃាតកម្មលើលោក លិម គិមយ៉ា មកដល់ពេលនេះ មានតែខ្មាន់កាំភ្លើងជនជាតិថៃ និងជាអតីតទាហានជើងទឹកថៃឈ្មោះ អេកាឡាក់ ផែណយ (Ekkalak Paenoi) ម្នាក់ប៉ុណ្ណោះ ត្រូវបានតុលាការថៃផ្ទន្ទាទោស ឱ្យជាប់ពន្ធនាគារ អស់មួយជីវិត ខណៈជនសង្ស័យច្រើននាក់ទៀត ដូចជា ជនជាតិខ្មែរ លី រតនារស្មី និង ពេជ្រ គឹមស្រ៊ីន មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។
លោក លិម ថូម៉ាស សំណាង មានប្រសាន៍ថា គេមិនត្រូវឱ្យមាននិទណ្ឌភាព ឬការរួចទោសជាដាច់ខាត ចំពោះអ្នកដែលទទួលខុសត្រូវលើឃាតកម្មឳពុករបស់លោក៕








