អ្នកឃ្លាំ​មើល​ថា ករណី​ឆបោក​អនឡាញ​នៅតែ​បន្ត​កើត​មាន ដោយសារ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​បង្ក្រាប​ពិតប្រាកដ

0
35
ទិដ្ឋភាពអាជ្ញាធរចុះត្រួតពិនិត្យនៅផ្ទះវីឡាមួយកន្លែងរបស់មន្ត្រីតុលាការខេត្ត​ លោក ពិន សេរីវិបុល ស្ថិតនៅភូិស្ទឹងវែង សង្កាត់ស្ទឹងវែង ខេត្ត​កោះកុង ដែលលាក់ក្រុមឆបោកអនឡាញ​ជាជនជាតិចិន កាលពីថ្ងៃទី៨ កញ្ញា ២០២៦។ រូប៖ បណ្ដាញសង្គម
ទិដ្ឋភាពអាជ្ញាធរចុះត្រួតពិនិត្យនៅផ្ទះវីឡាមួយកន្លែងរបស់មន្ត្រីតុលាការខេត្ត​ លោក ពិន សេរីវិបុល ស្ថិតនៅភូិស្ទឹងវែង សង្កាត់ស្ទឹងវែង ខេត្ត​កោះកុង ដែលលាក់ក្រុមឆបោកអនឡាញ​ជាជនជាតិចិន កាលពីថ្ងៃទី៨ កញ្ញា ២០២៦។ រូប៖ បណ្ដាញសង្គម

អ្នក​ឃ្លាំមើល​ថា ករណី​ឆបោក​អនឡាញ​នៅតែ​បន្ត​កើត​មាន ដោយសារ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈពិត​ប្រាកដ​ក្នុង​ការ​បង្ក្រាប បូករួម​នឹង​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​សង្ស័យ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (Online Scams) ចំនួន​៧ទីតាំង​នៅ​ក្រុង​បាវិត និង​ឃាត់ខ្លួន​មនុស្ស​បាន២៧នាក់។

អ្នកឃ្លាំ​មើល​បន្តរិះគន់​ថា អាជ្ញាធរ​បង្ក្រាប​បាន​តែ​លើ​ឧក្រិដ្ឋ​ជនតូចៗ និងខ្លះ​ជាជន​រងគ្រោះ​ពី​ករណី​នេះ​ដែរ​ប៉ុណ្នោះ ខណៈ​មេក្លោង​ធំៗ​នៅតែ​មិន​អាច​វែក​មុខ​បាន។
ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ពេល​កម្លាំង​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​បាន​ចុះ​បង្ក្រាប​ទីតាំង​លួច​លាក់​ប្រព្រឹត្ត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ចំណុច​ផ្ទះល្វែង ចំនួន ០៧ទីតាំង ស្ថិត​ក្នុង​ភូមិ​បាវិតលើ សង្កាត់​បាវិត ក្រុងបាវិត ខេត្ត​ស្វាយរៀង។

សមត្ថកិច្ច​បាន​រកឃើញ និង​ឃាត់ខ្លួន​មនុស្ស ២៧នាក់ រួមមាន​ជនជាតិ​ឥណ្ឌូណេស៊ី វៀតណាម ចិន និង​ខ្មែរ។ សមត្ថកិច្ច​ក៏​បាន​ដកហូត​សម្ភារៈ និង​គ្រឿង​អេឡិច​ត្រូនិក​ជាច្រើន​ដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និង​លិខិត​ឆ្លងដែន​ផងដែរ។ ជន​សង្ស័យ និង​វត្តុតាង​ទាំងអស់ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យា នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង ដើម្បី​បន្ត​នីតិវិធី​ច្បាប់ និង​បាន​សម្រេច បិទ​ទីតាំង​ផ្ទះល្វែង​ទាំង៧​នោះ​ជា​បណ្តោះ​អាសន្ន។

ប្រធាន​ក្រុម​ប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា សហគមន៍​អន្តរជាតិ​មិន​ចង់ឃើញ​ការ​បង្ក្រាប​តែលើ​ក្រុម​ឧក្រិដ្ឋជន​តូចតាច ដែល​ជាជន​រងគ្រោះ​ពី​ករណី​ឆបោក​នេះទេ ប៉ុន្តែ​ពួកគេ​ចង់ឃើញ​អាជ្ញាធរ​បង្ក្រាប​លើ​មន្ត្រី​ពាក់ព័ន្ធ ដែល​ជា​មេក្លោង​ធំ​នៃ​ឧក្រិដ្ឋកម្ម​នេះ។ លោកថា ការ​បង្ក្រាប​របស់​អាជ្ញាធរ​ពុំ​មាន​ប្រសិទ្ធភាព​នោះទេ និង​ជារូបភាព​បោក​ប្រជាពលរដ្ឋ និង​អន្តរជាតិ ដោយសារ​អ្នក​អនុវត្ត​ច្បាប់​ទាំង​នោះប្រព្រឹត្ត​អំពើ​ពុករលួយ​ជាប្រព័ន្ធ​ ឃុបឃិត​គ្នា កាង​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​រហូត​ជន​ល្មើស​ទាំង​នោះ​លែង​ខ្លាច​ច្បាប់។ លោក​ថ្លែង​ថា ទាំង​មន្ត្រី​ថ្នាក់​ក្រោម មន្ត្រីធំៗ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន រហូត​ដល់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន សុទ្ធ​សឹង​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋកម្ម ហើយ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​លុប​បំបាត់​ក្រុម​ឧក្រិដ្ឋ​កម្ម​ឆបោក ទាំង​នេះ​ចេញ​ពី​កម្ពុជា​ឡើយ។ លោក​ថា របបលោក ហ៊ុន ម៉ាណែត កំពុង​រងភាព​អាម៉ាស​ខ្លាំង និងដើរ​ដល់​ចំណុច​ទាល់​ច្រក​ពាក់ព័ន្ធ​រឿង​ឧក្រិដ្ឋកម្ម​នេះ។

លោក ម៉ែន ណាត ថា កម្ពុជា​នឹង​អាច​រងភាព​អាម៉ាស់ និង​ទទួល​ទណ្ឌកម្ម​បន្ថែម​ទៀត​នាពេល​ខាងមុខ​ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​ការពារ​មន្ត្រី​គ្រាក់ៗ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ។

«អា​បទឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា​នេះ គឺ​វា​អាសោច​ទៅហើយ​នៅ​លើ​ឆាក​អន្តរជាតិ​ហ្នឹង។ ឃើញ​ទេ​វិស័យ​ទេសចរណ៍​កម្ពុជា​វាធ្លាក់​ចុះ​ប៉ុន្មាន​ភាគរយ ធ្លាក់​យ៉ាង​គំហុក ហើយ​អត្រា​អតិផរណា​កើន​ឡើង​យ៉ាង​គំហុក​ទៀត។ ជាចាំ​បាច់​ហ្នឹង​គឺត្រូវតែ​ឆ្លើយតប​ជាមួយ​សហគមន៍​អន្តរជាតិ ហើយ​សហការ​គ្នា​ចាប់ខ្លួន​ក្រុម​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​នៅក្នុង​បញ្ជី​ខ្មៅ​ទាំង​អស់​ហ្នឹង។ ស្រាវជ្រាវ​ស៊ើប​អង្កេត​ចាប់​ពួកមនុស្ស​ទាំង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ហ្នឹង ទាំង​ពួកក្រុម​ឧកញ៉ា​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស់​អាមេរិក​របស់​អង់គ្លេស​ហ្នឹង ចាប់ខ្លួន​អ្នក​ទាំង​អស់​ហ្នឹង​ដើម្បី​យក​មក​ផ្ដន្ទាទោស ដោយ​មាន​តម្លាភាព ផ្ដល់​យុត្តិធម៌​ឲ្យ​ក្រុម​ប្រទេស​ដែល​គេ​រងគ្រោះ»។

លោក ម៉ែន ណាត

ទូរទស្សន៍​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នកនាំ​ពាក្យ​រងក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅថ្ងៃ​ទី ១៩ វិច្ឆិកានេះ។
ទោះបី​ជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​បើក​យុទ្ធនា​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​ទូទាំង​ប្រទេស​ជាយូរ​ខែ​មក​ហើយ​ក្តី យុទ្ធនា​ការ​ទាំង​នោះ​នៅតែ​រង​ការ​រិះគន់​ខ្លាំង​ថា មេក្លោង​ធំៗ​សំខាន់ៗ​មិនត្រូវ​បាន​ចាប់ខ្លួន​ក្នុង​យុទ្ធនា​ការ​កន្លង​មក​ឡើយ ហើយ​រហូត​មក​ដល់​ពេល​នេះ ពលរដ្ឋ​នៅតែ​មិន​អាច​ទទួល​បាន​ព័ត៌មាន​ច្បាស់​លាស់ ស៊ីជម្រៅ​ពី​ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ឲ្យ​បាន​ទូលំ​ទូលាយ​ទេ។ ជាពិសេស មន្ត្រី​គ្រាក់ មាន​តួនាទី​ខ្ពស់ និងជិត​ស្នឹទ្ធ​នឹង​មេ​ដឹកនាំ​កំពូល​គ្រួសារ​ត្រកូល ហ៊ុន ដែល​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជាច្រើន​រូប ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​នេះ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ មិនបាន​បង្ហាញ​ចំណាត់​ការ​របស់​ខ្លួន​លើ​ពួកគេ​ឡើយ ផ្ទុយ​ទៅ​វិញ​ពួកគេ​នៅតែ​មាន​សេរីភាព និង​មាន​អំណាច​ខ្ពស់​ដដែល​នៅ​កម្ពុជា។

អ្នក​ជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា ការ​បង្ក្រាប​ទីតាំង​សង្ស័យ​ឆបោក​អនឡាញ គឺជា​សកម្មភាព​ចាំបាច់ ប៉ុន្តែ​ក៏​បង្ហាញ​ថា បញ្ហា​នេះ​នៅតែ​បន្ត​កើតមាន​ដដែលៗ ហើយ​មិនទាន់​អាច​បោស​សម្អាត​អស់​បាន​នៅ​ឡើយ។ លោក​ថា រដ្ឋាភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​នឹង​មិនអាច​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ​បាន​ឡើយ​ប្រសិន​បើ​មិន​លុប​បំបាត់​អំពើ​ពុករលួយ។

លោក សេង វណ្ណលី លើក​ឡើង​ថា ដើម្បី​បង្ហាញ​ឆន្ទៈពិត​ប្រាកដ រដ្ឋាភិបាល​ត្រូវ​ហ៊ាន​វែកមុខ និង​ចាត់​វិធានការ​លើ​មេក្លោង​ធំៗ អ្នក​ផ្ដល់ទុន និង​មន្ត្រី​ដែល​មាន​ភស្តុតាង​ថា បាន​ជួយ​ការពារ​បទល្មើស ដោយ​មិន​ប្រកាន់​ឋានៈ ឬ​ទំនាក់​ទំនង​នយោបាយ។

«ចំពោះ​មូលហេតុ ខ្ញុំ​យល់ថា​ភាពខ្សោយ​នៃ​ការ​អនុវត្ត​ច្បាប់​អឺអំពើ​ពុក​រលួយ និង​ការពារ​ពី​អ្នក​មាន​អំណាច គឺជា​បញ្ហា​ដ៏សំខាន់​ដែល​ត្រូវ​ស៊ើប​អង្កេត​ដោយ​ដល់​ឬស​គល់។ របាយការណ៍​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ អឺកាល​ពីខែ​តុលា​ឆ្នាំ២០២១នេះ បាន​បង្ហាញ​ភស្តុតាង​ពី​ទំនាក់​ទំនង​រវាង​ក្រុមហ៊ុន​សន្តិសុខ​មួយ​ចំនួន អឺ​រួមមាន​មន្ត្រី​យោធា នគរបាល និង​ទីតាំង​ឆបោក។ អឺអាជ្ញាធរ​កម្ពុជា​បាន​ឆ្លើយតប​ថា​មាន​មន្ត្រី​នគរបាល៧៧នាក់ ត្រូវបាន​ដាក់​ពិន័យ​ពាក់ព័ន្ធ​នឹង​ទីតាំង​ទាំងនោះ ប៉ុន្តែ​អង្គការ​នេះ អឺៗថា​ខ្លួនមិន​បាន​ដឹង​អំពី​ការ​ស៊ើបអង្កេត​អឺលើ​ក្រុម​ហ៊ុន​ទាំង៥ និង​បណ្ដាញ​អ្នក​ពាក់ព័ន្ធ​អឺ ដែល​ខ្លួន​បាន​រាយការណ៍​នៅ​ឡើយ​ទេ។ អឺ​យើង​មិន​អាច​សន្និដ្ឋាន​ថា​មន្ត្រី​គ្រប់រូប​អឺ​គ្មាន​ឆន្ទៈ​នោះ​ទេ ប៉ុន្តែ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​តាម​ការ​ហ៊ាន​ចាត់​ការ​លើ​អ្នកមាន​អំណាច បើ​បង្ក្រាប​តែ​អ្នក​ថ្នាក់​ក្រោម ខណៈ​អ្នក​កាង​នៅតែ​រួចខ្លួន នោះ​បង្ក្រាប​នឹង​មិន​អាច​បញ្ចប់​បញ្ហា​បាន​ទេ​បាទ។»

លោក សេង វណ្ណលី

កន្លង​មក អង្គការ​លើកលែង​ទោស​អន្តរជាតិ Amnesty International ក៏ធ្លាប់​បាន​ចេញ​របាយ​ការណ៍​ជុំវិញ​ការ​បង្ក្រាប​បទល្មើស​ឆបោក​អនឡាញ​នៅ​កម្ពុជា​ថា បាន​បរាជ័យ ក្នុង​ការការពារ​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស និង​បាន​ទុក​ឱ្យ​ជន​រងគ្រោះ​នៃ​ការ​ជួញដូរ​រងទុក្ខ​វេទនា​ដោយ​ប្រឈម​នឹង​ការ​កេងប្រវ័ញ្ច និង​ការ​រំលោភ​បំពាន​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ អង្គការ​នេះ ក៏​បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​គ្មាន​ឆន្ទៈ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ទាំងនេះ​ដោយសារ​តែ​ក្រុម​ឧក្រិដ្ឋ​ជន​មាន​ទំនាក់​ទំនង​យ៉ាង​ស្អិត​ល្មួត​ជាមួយ​នឹង​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ