លោក ហ៊ុន ម៉ាណែត ឌឺ​ដង​ឱ្យ​លោក សម រង្ស៊ី ដែល​រិះគន់​​ការ​រៀបចំ​កិច្ច​ប្រជុំ​ហ្វ្រង់កូហ្វូនី

0
101
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញសង្គម
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ បណ្ដាញសង្គម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ឌឺដង​ទៅ​កាន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​រិះគន់​រដ្ឋាភិបាល​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី។ លោក​អះអាង​ថា កិច្ច​ប្រជុំ​កំពូល​នេះ​បាន​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ច្រើន​ជាង​ការ​ចំណាយ ដោយ​ក្រោយ​កិច្ច​ប្រជុំ មាន​ប្រទេស​ចំនួន ​៣៣ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នានា ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។

ផ្ទុយ​ទៅ​វិញ មន្ត្រី​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​ឌឺដង​របស់​លោក ហ៊ុន ម៉ាណែត ថា ជា​ការ​ប៉ុនប៉ង​បិទ​បាំង​ភាព​អាម៉ាស់​របស់​ខ្លួន ក្រោយ​ពី​ប្រធានាធិបតី​បារាំង​បាន​ស្នើ​ឱ្យ​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​លើ​ករណី​ឃាតកម្ម​លោក លិម គិមយ៉ា ជា​ពិសេស​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា តាម​សំណើ​របស់​លោក សម រង្ស៊ី។

ថ្វីត្បិត​តែ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​បាន​បិទ​បញ្ចប់​ទៅ​ហើយ​ក្ដី​ក៏​លោក ហ៊ុន ម៉ាណែត បាន​បន្ត ចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ថា​ជា​សមិទ្ធផល​នយោបាយ​ដ៏​សំខាន់​មួយ​របស់​លោក។ ជាមួយ​គ្នា​នេះ លោក​បាន​ចេញ​មុខ​ឆ្លើយ​តប​ដោយ​សំឡេង​រិះគន់ និង​ឌឺ​ដង​ទៅ​កាន់​អ្នក​ដែល​ចោទ​ថា រដ្ឋាភិបាល​របស់​លោក​បាន​ចំណាយ​ថវិកា​ឥត​ប្រយោជន៍​លើ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី។ ជា​ពិសេស លោក​បាន​សំដៅ​ទៅ​កាន់​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស គឺ​លោក សម រង្ស៊ី ដោយ​បញ្ជាក់​ថា កម្ពុជា​ទទួល​បាន​កិច្ចព្រមព្រៀង​ជា​ច្រើន ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ពី​កិច្ច​ប្រជុំ​នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ថ្លែង​នៅ​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឧបករណ៍​វេជ្ជសាស្ត្រ​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទូទាំង​ប្រទេស​ថា លោក​មាន​ការ​ហួស​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ឃើញ​ប្រជាពលរដ្ឋ យុវជន និង​កុមារ​រាប់​លាន​នាក់​សម្ដែង​ទឹក​មុខ​រីករាយ និង​សាទរ​ចំពោះ​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី កាល​ពី​ថ្ងៃ​ទី​១៥ ដល់ថ្ងៃទី១៦ ខែ​វិច្ឆិកា ប៉ុន្តែ​បែរ​ជា​មាន​អ្នក​នយោបាយ​មួយ​ចំនួន​នៅ​ក្រៅ​ប្រទេស​រិះគន់​ថា ជា​ព្រឹត្តិការណ៍​ឥត​ប្រយោជន៍​ទៅ​វិញ។

ជាមួយ​គ្នា​នេះ លោក​បាន​ថ្លែង​សំដៅ​ទៅ​កាន់​លោក សម រង្ស៊ី ដែល​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា ដែល​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដោយ​ស្នើ​កុំ​ឱ្យ​ប្រធានាធិបតី​បារាំង​ចូល​រួម​កិច្ច​ប្រជុំ​នៅ​កម្ពុជា ព្រោះ​យល់​ថា កិច្ច​ប្រជុំ​នេះ​មិន​មាន​ប្រយោជន៍។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​មិន​បាន​ចំណាយ​ថវិកា​អស់ ១០០ លាន ឬ ២០០ លាន​ដុល្លារ ដូច​ការ​លើក​ឡើង​របស់​អ្នក​រិះគន់​មួយ​ចំនួន​នោះ​ទេ។ លោក​ថា កម្ពុជា​ចំណាយ​ថវិកា​រដ្ឋ​ត្រឹម​តែ​ ១៥ លាន​ដុល្លារ​ប៉ុណ្ណោះ។ ចំណែក​កម្មវិធី​អម​ផ្សេង​ៗ​ទៀត ដូច​ជា​ភូមិ​ហ្វ្រង់កូហ្វូនី និង​វេទិកា​ធុរកិច្ច គឺជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ហ៊ុន​ឯកជន។

«ប៉ុន្មាន​ឆ្នាំ​មុន​ឃើញ​ទេ គេ​លើក​​យើង​​ពាក់ព័ន្ធ​​​សង្គ្រាម​ផង​ លើក​យើង​ៗ ​រឿង​អសន្តិសុខ​ផង ឥឡូវ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ល្អ ហេតុ​អី​ក៏​យើង​គ្រាន់​តែ​រួម​គ្នា បើ​មិន​បាន​ជួយ​សរសើរ​ទេ បិទ​មាត់​ទៅ គេ​មិន​ថា​គរ​ទេ​ អី? គេ​មិន​ថា​គរ​ទេ​។​​ អត់​ទេ ​សុខ​ចិត្ត​ចេញ​ទៅ​ដើម្បី​កាសែត​ថៃ​យក​ទៅ​ចុះ​​រឿង​​​​រៀបចំ​ហ្វ្រង់កូហ្វូនី។​​ ​ថា​គេ ប្រទេស​នោះ​គេ​មិន​សប្បាយចិត្ត រឿង​មួយ​របស់​គេ ប៉ុន្តែ​ឯង ​​ទៅ​​ឲ្យ​គេ​យក​មក​សង្កត់​​ថែម»។

លោក ហ៊ុន ម៉ាណែត

កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដោយ​មាន​តំណាង​ប្រទេស​សមាជិក​ប្រមាណ ៩០ប្រទេស​ចូលរួម។ ក្នុង​នោះ ក៏​មាន​នាយករដ្ឋមន្ត្រី​កាណាដា និង​ប្រធានាធិបតី​បារាំង​ផង​ដែរ។ កិច្ច​ប្រជុំ​នេះ​បាន​ផ្ដោត​លើ​ការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ជា​សកល ដូចជា សន្តិភាព សេដ្ឋកិច្ច នវានុវត្តន៍ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​ការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រទេស​សមាជិក។

មុន​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លោក សម រង្ស៊ី បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ទៅ​កាន់​ក្រសួង​ទទួល​បន្ទុក​កិច្ច​ការ​អឺរ៉ុប និង​ការ​បរទេស​បារាំង កាលពីថ្ងៃទី២ ខែ​វិច្ឆិកា ដោយ​ស្នើ​ឱ្យ​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ពិចារណា​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​នៅ​រាជធានី​ភ្នំពេញ​។

លោក សម រង្ស៊ី យល់​ថា ការ​ទទួល​ស្វាគមន៍​យ៉ាង​ឱឡារិក​តាម​រយៈ​ពិធី​ការ​ទូត​ដែល​កម្ពុជា​រៀបចំ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ អាច​ធ្វើ​​ឱ្យ​លោក ម៉ាក្រុង មាន​អារម្មណ៍​ធូរ​ស្រាល​មួយ​គ្រា​ប៉ុណ្ណោះ ប៉ុន្តែ​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​មាន​ភាព​តានតឹង និង​រឹតត្បិត​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​ហ៊ាន​ប្រឆាំង​នឹង​គណបក្ស​កាន់​អំណាច។

ជាមួយ​គ្នា​នេះ លោក សម រង្ស៊ី បាន​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត នឹង​យក​រូបភាព​នៃ​កិច្ច​ប្រជុំ​នេះ​ទៅ​បង្ហាញ​ដល់​សាធារណជន ដើម្បី​អះអាង​ថា ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់ និង​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី តាម​រយៈ​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធានាធិបតី​បារាំង​ពាក់ព័ន្ធ​នឹង​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី​នេះ គឺ​ជា​ជោគជ័យ​មួយ។ លោក​សង្កេត​ឃើញ​ថា ក្នុង​លិខិត​នោះ លោក សម រង្ស៊ី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ម៉ាក្រុង មិន​គួរ​ឱ្យ​ពិធី​ការ​ទូត​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ឡើយ។

លោក គឹម សុខ ចាត់ទុកថា នេះ​ជា​ជោគជ័យ​មួយ ព្រោះ​លោក ម៉ាក្រុង បាន​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ​លើ​ករណី​ឃាតកម្ម​ទៅ​លើ​អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក លិម គិមយ៉ា ព្រម​ទាំង​បាន​រំលឹក​ឡើង​វិញ​អំពី​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។

លោក គឹម សុខ យល់ថា ការ​ថ្លែង​សារ​ឌឺដង​របស់​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​លោក សម រង្ស៊ី គឺ​ជា​ការ​ប៉ុនប៉ង​បិទ​បាំង​ភាព​អាម៉ាស់​របស់​ខ្លួន ព្រោះ​លោក ម៉ាក្រុង មិន​បាន​រក្សា​ភាព​ស្ងប់​ស្ងាត់​តាម​អ្វី​ដែល​លោក ហ៊ុន ម៉ាណែត ចង់បាន។

បន្ថែម​ពី​នេះ លោក គឹម សុខ បាន​លើកឡើង​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត អួត​អាង​ប្រាប់​ប្រជាពលរដ្ឋ​ថា ក្រោយ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី កម្ពុជា​ទទួល​បាន​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ចំនួន ​៣៣ ដែល​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​នោះ គឺ​មាន​ត្រឹម​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ។ លោក​ថា អ្វី​ដែល​សំខាន់ គឺ​កម្ពុជា​ត្រូវ​អនុវត្ត​សកម្មភាព​ជាក់ស្តែង ដើម្បី​ឆ្លើយ​តប​នឹង​លក្ខខណ្ឌ​ស្នូល​របស់​អង្គការ​ហ្វ្រង់កូហ្វូនី។

លោក​ថា ប្រសិន​បើ​កម្ពុជា​មិន​អាច​អនុវត្ត​បាន​ទេ ថវិកា​ទាំង​នោះ​ក៏​មិន​អាច​ទទួល​បាន​ដែរ។ លោក​រំលឹក​ថា លក្ខខណ្ឌ​ស្នូល​របស់​អង្គការ​ហ្វ្រង់កូហ្វូនី គឺ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ។

«កិច្ច​ព្រមព្រៀង​នានា រួម​ទាំង​ MOU គេ​អាច​លុប​ចោល​បាន ឬគេអាចមិន​អនុវត្ត​តែម្តង នៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនគោរពលក្ខខណ្ឌដែលគេទាមទារ ដូចជាត្រូវស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស បើកសេរីភាពសង្គមស៊ីវិល រកយុត្តិធម៌ឲ្យលោក លិម គិមយ៉ា កម្ចាត់ការឆបោកអនឡាញ កម្ចាត់ការជួញដូរមនុស្ស និងបោសសម្អាតការជួញដូរគ្រឿងញៀនជាដើម។ ទាំងនោះសុទ្ធតែនៅក្នុងលក្ខខណ្ឌ​នៃកិច្ច​ព្រមព្រៀង ឬក៏ភ្ជាប់ជាមួយ MOU ដែលបានចុះហត្ថលេខា»។

លោក គឹម សុខ

អ្នកឃ្លាំមើល​លើក​ឡើង​ថា ការ​ដែល​ប្រធានាធិបតី​បារាំង​លើក​យក​ករណី​ឃាតកម្ម​លើ​លោក លិម គិមយ៉ា មក​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក ហ៊ុន ម៉ាណែត និង​ជំរុញ​ឱ្យ​បើក​ការ​ស៊ើបអង្កេត​ឡើង​វិញ គឺ​ជា​សម្ពាធ​ការ​ទូត​ដ៏​សំខាន់​មួយ ដែល​បង្ហាញ​ពី​បញ្ហា​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

ពួកគេ​យល់​ថា ​ការ​ដែល​លោក ហ៊ុន ម៉ាណែត ព្យាយាម​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី អាច​ជា​វិធីសាស្ត្រ​មួយ​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​ពី​បញ្ហា​សំខាន់​ៗ​ផ្សេង​ទៀត និង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មើល​រំលង​បញ្ហា​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស។

អ្នក​ឃ្លាំ​មើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដោត​លើ​ការ​ដោះស្រាយ​បញ្ហា​ជាក់ស្ដែង​ក្នុង​ប្រទេស​ឱ្យ​មាន​ប្រសិទ្ធភាព ដូច​ជា ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ។ ពួក​គេ​យល់​ថា ការ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ជាក់ស្ដែង​ ទើប​ជា​កិច្ចការ​ដែល​អាច​ជួយ​លើក​កម្ពស់​កេរ្តិ៍ឈ្មោះ​ជាតិ និង​ជំរុញ​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកច​ម្រើន មិន​មែន​ការ​ព្យាយាម​រក​ហេតុផល​ដោះ​សារ​ចំពោះ​បញ្ហា​នានា​នោះ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ