

អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជាអះអាងថា ការបញ្ជាក់ជាថ្មីរបស់បារាំងអំពីការគាំទ្រឯករាជ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងការបង្ហាញឆន្ទៈក្នុងការសន្ទនាជាមួយកម្ពុជា និងថៃ ដើម្បីស្វែងរកដំណោះស្រាយជម្លោះព្រំដែន គឺជាជំហរការទូតដែលប្រុងប្រយ័ត្ន និងផ្តោតលើសន្តិភាព។ ការអះអាងនេះបន្ទាប់ពីឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard) បានអះអាងថា បារាំងបានប្រកាសជំហររបស់ខ្លួនជាសាធារណៈ គឺគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ព្រមទាំងការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការបញ្ជាក់ជាថ្មីរបស់បារាំងលើការគាំទ្រឯករាជ្យ និងបូរណភាពទឹកដីរបស់កម្ពុជា រួមជាមួយនឹងឆន្ទៈក្នុងការសន្ទនាជាមួយភាគីកម្ពុជា និងថៃ គឺជាជំហរការទូតដែលមានភាពប្រុងប្រយ័ត្ន និងផ្តោតលើសន្តិភាព។ លោកថា បារាំងមានតួនាទីពិសេសក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសារប្រវត្តិសាស្ត្ររបស់ខ្លួនក្នុងការគូសវាសផែនទី និងចុះសន្ធិសញ្ញាព្រំដែនរវាងប្រទេសទាំងពីរ។
លោក សេង វណ្ណលី បានបន្ថែមថា ការចូលរួមជួយសម្របសម្រួលពីប្រទេសក្រៅតំបន់ ដូចជាបារាំង អាចជួយបង្កើនទំនុកចិត្ត និងផ្តល់ភាពស្របច្បាប់កាន់តែខ្លាំងដល់ដំណើរការចរចា។ លោកថា ការរក្សាជំហរកណ្តាល និងការបើកចំហការសន្ទនាជាមួយភាគីទាំងពីរ អាចឱ្យបារាំងដើរតួជាស្ពានទំនាក់ទំនង ជាពិសេសនៅពេលដែលកម្ពុជា និងថៃត្រូវការភាគីទីបីដែលមានអព្យាក្រឹតភាព ដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញការគោរពច្បាប់អន្តរជាតិ។
«ខ្ញុំកត់សម្គាល់ឃើញថា បារាំងមានតួនាទីពិសេសមួយនៅក្នុងបញ្ហានេះ ដោយសារតែបារាំងជាអតីតប្រទេសអាណាព្យាបាលដែលបានគូសវាសផែនទី និងចុះសន្ធិសញ្ញាព្រំដែនជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ។ ដូច្នេះ ការបង្ហាញឆន្ទៈជួយសម្របសម្រួលនេះមិនត្រឹមតែជាការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការត្រៀមខ្លួនរបស់បារាំងក្នុងការផ្តល់ឯកសារប្រវត្តិសាស្ត្រ ឬជំនាញបច្ចេកទេស ប្រសិនបើភាគីទាំងពីរត្រូវការជំនួយដើម្បីបញ្ជាក់ការពិត»។
លោក សេង វណ្ណលី
ទោះជាយ៉ាងណា អ្នកតាមដានរូបនេះយល់ថា ជោគជ័យនៃការសម្របសម្រួលពីបរទេស អាស្រ័យជាចម្បងលើឆន្ទៈនយោបាយរបស់កម្ពុជា និងថៃ។ លោកថា បញ្ហាព្រំដែនមានភាពរសើបខ្លាំងចំពោះនយោបាយផ្ទៃក្នុងរបស់ប្រទេសនីមួយៗ ហើយយន្តការទ្វេភាគី ក៏ដូចជាយន្តការក្នុងក្របខ័ណ្ឌអាស៊ាន និងអន្តរជាតិ នៅតែជាមធ្យោបាយសំខាន់ក្នុងការដោះស្រាយ។ លោកថា តួនាទីរបស់បារាំងទំនងជានឹងស្ថិតក្នុងកម្រិតជាអ្នកគាំទ្រ អ្នកផ្តល់យោបល់ និងឯកសារយោង ជាជាងចូលរួមដោះស្រាយជំនួសភាគីទាំងពីរដោយផ្ទាល់។
ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជារូបនេះ បន្ទាប់ពី ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក អូលីវីយេ រីឆាត (Olivier Richard) បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅស្ថានទូតបារាំងកាលពីថ្ងៃទី១៩ ខែសីហាថា បារាំងបានប្រកាសជំហរជាសាធារណៈរួចហើយ ដោយគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីរបស់កម្ពុជា។
លោក អូលីវីយេ រីឆាត បានបញ្ជាក់ថា បារាំងនៅតែមានឆន្ទៈក្នុងការសន្ទនាជាមួយអាជ្ញាធរកម្ពុជា និងថៃ ដើម្បីពិនិត្យលទ្ធភាពជួយបន្ថែមក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះនេះ។ លោកថា មុនពេលជម្លោះកើតឡើង បារាំងធ្លាប់បានប្រកាសពីការត្រៀមបើកបណ្ណសាររបស់ខ្លួនឱ្យភាគីទាំងពីរប្រើប្រាស់ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែន។
ក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាពកាលពីថ្ងៃទី១៥ ខែវិច្ឆិកា បន្ទាប់ពីជំនួបទ្វេភាគី និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងកម្ពុជា-បារំាំង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានសន្យាថា បារាំងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងថៃ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ទោះជាយ៉ាងណាប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន បានលើកឡើងថា ការគាំទ្ររបស់បារាំងចំពោះបូរណភាពទឹកដីកម្ពុជា និងឆន្ទៈក្នុងការសន្ទនាជាមួយភាគីទាំងពីរ គឺជារឿងវិជ្ជមាន ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីដោះស្រាយជម្លោះព្រំដែននោះទេ។
លោក អ៊ុំ សំអាន យល់ថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរដាក់បណ្តឹងពាក់ព័ន្ធនឹងជម្លោះនេះទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ គឺបារាំង និងឥណ្ឌូណេស៊ី ដើម្បីស្នើឱ្យកោះប្រជុំប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ឱ្យចូលរួមជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ។
លោកបានអះអាងថា លោក ហ៊ុន ម៉ាណែត មិនហ៊ានដាក់បណ្តឹងបែបនេះទេ ដោយសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ តម្រូវឱ្យលុបចោលសន្ធិសញ្ញាមួយចំនួនក្នុងទសវត្សរ៍ឆ្នាំ១៩៨០ រវាងកម្ពុជា-វៀតណាមដែលលោកថា លោក ហ៊ុន សែន បានធ្វើឱ្យមានសុពលភាពឡើងវិញតាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ លោក ថា សន្ធិសញ្ញាទាំងនោះខុសច្បាប់ និងធ្វើឱ្យបាត់បង់ទឹកដីកម្ពុជាទៅវៀតណាម។
អ្នកនយោបាយប្រឆាំងរូបនេះបានស្នើថា ប្រសិនបើកម្ពុជាចង់ឱ្យបារាំងចូលរួមផ្តល់ជំនួយបច្ចេកទេស ភាគីកម្ពុជា និងថៃគួរផ្ញើលិខិតរួមគ្នាទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដើម្បីស្នើឱ្យបារាំងបញ្ជូនអ្នកជំនាញផ្នែកផែនទី និងព្រំដែនមកជួយវាស់វែង និងបង្ហាញការកំណត់ព្រំដែននៅលើដីជាក់ស្តែង៕









