

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិអ្នកជំនួញខ្មែរដើមកំណើតចិនម្នាក់ទៀតគឺលោក ចាវ ហួយ (Zhao Hui) និងក្រុមហ៊ុនចំនួន ២របស់លោកនៅកម្ពុជាដោយសារតែជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបង្ខាំងមនុស្សដោយខុសច្បាប់។ អាមេរិកបញ្ជាក់ថា លោក ចាវ ហួយ បានជួលអគារពីមេខ្លោង ចេន ហ្ស៊ី (Chen Zhi) និងបានបង្កើតមជ្ឈមណ្ឌលឆបោកដោយខ្លួនឯងជាច្រើនទៀតនៅកម្ពុជា ដើម្បីប្រតិបត្តិការឆបោកលុយពីពលរដ្ឋអាមេរិក និងពលរដ្ឋតំបន់អឺរ៉ុប។
សន្ទុះនៃចំណាត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើបណ្ដាញមេខ្លោងដែលជាប់ពាក់ព័ន្ធនឹងការបង្កើត និងដំណើរការមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជានៅតែបន្តកើតមានជាបន្តបន្ទាប់។
ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែវិច្ឆិកា បានប្រកាសពង្រីកទណ្ឌកម្មបន្ថែមលើបុគ្គល ៣នាក់ និងក្រុមហ៊ុនចំនួន ២នៅកម្ពុជាដែលប្រតិបត្តិការឆបោកលុយជនរងគ្រោះនៅជុំវិញពិភពលោក។
ក្នុងចំណោមបុគ្គលរងទណ្ឌកម្មនេះគឺអ្នកជំនួញចិនដែលមានសញ្ជាតិខ្មែរលោក ចាវ ហួយ និងក្រុមហ៊ុនចំនួន ២ របស់លោកនៅកម្ពុជា គឺក្រុមហ៊ុន ប៉ី ហ្វាង ប៉ូ លីន (Bei Fang Bo Lin) និងក្រុមហ៊ុន ហ្សេត អេច ហ្សេត អ៊ីនវេសមិន (ZHZ Investment)។
សហរដ្ឋអាមេរិកចោទប្រកាន់ថា លោក ចាវ ហួយ គឺជាអ្នកប្រតិបត្តិការដោយផ្ទាល់នៅក្នុងមជ្ឈមណ្ឌលឆបោកនៅកម្ពុជា និងនៅក្រុមហ៊ុនចំនួនពីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក។ អាមេរិករកឃើញថា លោក ចាវ ហួយ បានជួលអគារពាណិជ្ជកម្មរបស់អង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប (Prince Group TCO) និងបានបង់ថ្លៃការពារទៅឱ្យមេខ្លោងដែលជាអ្នកដឹកនាំអង្គការឧក្រិដ្ឋកម្មនេះគឺលោក ចេន ហ្ស៊ី ដែលជាទីប្រឹក្សាលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត។ ក្រៅពីនេះ លោកក៏បានពង្រីកមជ្ឈមណ្ឌលឆបោកដោយខ្លួនឯងជាច្រើនទៀតនៅតាមតំបន់ព្រំដែន នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុជាដើម ដើម្បីប្រតិបត្តិការឆបោកលើជនជាតិអាមេរិក និងអឺរ៉ុប ក្នុងគម្រោងបោកប្រាស់វិនិយោគរូបិយប័ណ្ណនិម្មិត។
ក្រៅពីបុគ្គល និងក្រុមហ៊ុននៅកម្ពុជា អាមេរិកក៏បានដាក់ទណ្ឌកម្មលើមេដឹកនាំជាន់ខ្ពស់ពីររូបនៃកងទ័ពប្រជាធិបតេយ្យសប្បុរសធម៌ការ៉ែន (DKBA) នៅប្រទេសមីយ៉ាន់ម៉ា ឬភូមា គឺមេបញ្ជាការកំពូលឧត្ដមសេនីយ៍ សៅ ស្វេ វ៉ា (Saw Shwe Wah) និងវរសេនីយ៍ឯក សៅ អាវ័ន (Saw A One)។ ក្រសួងរតនាគារអាមេរិកចោទថា មេដឹកនាំយោធាទាំងពីររូបនេះមានតួនាទីស្នួលជួយការពារ និងសម្រួលដល់ប្រតិបត្តិការក្នុងមជ្ឈមណ្ឌលឆបោកព្រមទាំងពាក់ព័ន្ធដោយផ្ទាល់នឹងអំពើហិង្សា ការធ្វើទារុណកម្មលើជនរងគ្រោះ និងការជួញដូរមនុស្សយកមកបង្ខាំងនៅក្នុងមជ្ឈមណ្ឌលឆបោកនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រសួងរតនាគារអាមេរិកបានអនុវត្តវិធានការនេះ ដោយសហការជាមួយក្រុមការងារបង្ក្រាបមជ្ឈមណ្ឌលឆបោករបស់ក្រសួងយុត្តិធម៌អាមេរិក ក្រុមការងារ និងមជ្ឈមណ្ឌលសម្របសម្រួលជាតិផ្នែកសន្តិសុខមាតុភូមិ ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI និងរដ្ឋបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន (DEA)។
ចំណាត់ការដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពទាំងនេះគឺជាផ្នែកមួយប្រឆាំងឧក្រិដ្ឋកម្មឆបោកឆ្លងដែន និងកាត់ផ្ដាច់លំហូរហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសសិន (Scott Bessent) មានប្រសាសន៍ថា សហរដ្ឋអាមេរិកនឹងបន្តចាត់វិធានការ ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីតាមកម្ទេច និងរុះរើមជ្ឈមណ្ឌលឆបោកតាមអនឡាញមិនឱ្យក្រុមអ្នកបណ្ដាញឆបោកអាចដំណើរការដោយរលូនឡើយ។
ជុំវិញរឿងនេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ លើកឡើងថា សហរដ្ឋអាមេរិកនឹងមិនដកដៃក្នុងការចាត់វិធានការដាក់ទណ្ឌកម្មលើបណ្ដាញឧក្រិដ្ឋកម្មឆបោកនៅកម្ពុជាឡើយ។ លោកជឿជាក់ថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មលើក្រុមឧកញ៉ា និងមន្ត្រីជាន់ខ្ពស់សំខាន់ៗជាច្រើនទៀតដរាបណារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែព្យាយាមកាងការពារឱ្យពួកគេរួចផុតពីសំណាញ់ច្បាប់។
«មុខមាត់របស់កម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លែងអាចកែខៃឱ្យល្អប្រសើរសមទំនងដែលសហគមន៍អន្តរជាតិសេរី ប្រជាធិបតេយ្យ អាចរាប់អានបានទៀតហើយ។ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅពេលនេះ គឺរុញខ្ទប់ឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងត្រូវតែខ្ជាក់ចេញឱ្យបានពួកអ្នកពាក់ព័ន្ធទាំងឡាយនៅកម្ពុជាក្នុងរឿងឧក្រិដ្ឋកម្មឆបោកអនឡាញ ជាពិសេសពួកឧកញ៉ានៅជុំវិញលោក ហ៊ុន សែន និងពួកមន្ត្រីជាន់ខ្ពស់នៅជុំវិញលោក ហ៊ុន ម៉ាណែត ជាពិសេសពួកគេទាំងអស់ហ្នឹង នៅជុំវិញក្រុមគ្រួសារត្រកូល ហ៊ុនតែម្ដង។ បំណងរបស់សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ គឺត្រូវឱ្យលោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវ នាំពួកអ្នកទាំងនោះឱ្យទៅប្រឈមចំពោះមុខច្បាប់»។
លោក គឹម សុខ
ចំណាត់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើបណ្ដាញឆបោកនៅកម្ពុជា និងភូមា ធ្វើឡើងក្នុងរយៈពេលមិនដល់មួយខែផង បន្ទាប់ពីក្រសួងរតនាគារអាមេរិក កាលពីដើមខែវិច្ឆិកា បានប្រកាសពង្រីកទណ្ឌកម្មលើបុគ្គលចំនួន ៤នាក់ និងក្រុមហ៊ុន ៤១ផ្សេងទៀត ដែលអាមេរិករកឃើញថា មានទំនាក់ទំនងជាមួយអង្គការឧក្រិដ្ឋកម្មឆ្លងដែន ព្រីនស៍ គ្រុប របស់ឧក្រិដ្ឋជន ចេន ហ្ស៊ី នៅកម្ពុជា។ អាមេរិកបញ្ជាក់ថា បុគ្គលដែលភាគច្រើនគឺជាជនជាតិចិនមានសញ្ជាតិខ្មែរ និងក្រុមហ៊ុនរងទណ្ឌកម្មទាំងនេះ បានដើរតួនាទីយ៉ាងសកម្ម ដើម្បីសម្របសម្រួលដល់អំពើជួញដូរមនុស្ស ការលាងលុយកខ្វក់ និងប្រតិបត្តិការឆបោកតាមអនឡាញដែលដាក់គោលដៅឆបោកលុយពីពលរដ្ឋអាមេរិក។
ក្រសួងរតនាគារអាមេរិកឱ្យដឹងថា មជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍ ដែលភាគច្រើនគ្រប់គ្រងដោយក្រុមអង្គការឧក្រិដ្ឋកម្មចិន បានឆបោកលុយពីពលរដ្ឋអាមេរិកជាង ១៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។ អាមេរិកបញ្ជាក់ទៀតថា សកម្មភាពរបស់ក្រុមបណ្ដាញឆបោកមិនមែនត្រឹមតែធ្វើឱ្យជនរងគ្រោះបាត់បង់ប្រាក់ប៉ុណ្ណោះទេ ថែមទាំងជំរុញការជួញដូរមនុស្ស និងប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់។
សហរដ្ឋអាមេរិកអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ចាត់វិធានការបិទខ្ទប់មជ្ឈមណ្ឌលឆបោក តាមរយៈការចាប់ខ្លួនមេខ្លោង អ្នកដឹកនាំម្ចាស់អគារ និងអ្នកដែលផ្ដល់ការការពារដល់បណ្ដាញឧក្រិដ្ឋកម្មទាំងនេះ យកមកផ្ដន្ទាទោសតាមច្បាប់ ព្រមទាំងចាត់វិធានការជួយសង្គ្រោះជនរងគ្រោះដោយអំពើជួញដូរមនុស្ស។
សហរដ្ឋអាមេរិកបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ ដើម្បីតាមបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះនៅគ្រប់ទីកន្លែង និងធានាថា គ្មានទីជម្រកសុវត្ថិភាពណាមួយសម្រាប់ឧក្រិដ្ឋជនបន្តប្រព្រឹត្តអំពើឆបោកលើជនរងគ្រោះនៅជុំវិញពិភពលោកឡើយ៕









