
អតិថិជនជាច្រើននាក់របស់ធនាគារអេ.ភី.ឌី (APD Bank) ដែលជាធនាគាររបស់កូនប្រុសអតីតសមាជិកព្រឹទ្ធសភាបក្សកាន់អំណាច លោក ឡាវ ម៉េងឃីន បាននាំគ្នាតម្រង់ជួរនៅខាងមុខសាខាធនាគារក្នុងតំបន់បឹងកក់ ដើម្បីសម្រុកដកប្រាក់ចេញពីគណនីរបស់ខ្លួន។ ការផ្អើលនាំគ្នាសម្រុកដកលុយនេះ កើតឡើងបន្ទាប់ពីធនាគារប្រកាសបង្កកលុយអតិថិជនបណ្ដោះអាសន្នក្រោមហេតុផលថា កំពុងថែទាំ ឬជួសជុលប្រព័ន្ធប្រតិបត្តិការ។
អតិថិជនជាច្រើនរបស់ធនាគារ អេភីឌី កំពុងបារម្ភខ្លាចបាត់លុយក្នុងគណនី បន្ទាប់ពីធនាគារនេះបានបង្កកលុយអតិថិជនដែលមានក្នុងគណនី។ អតិថិជនជាច្រើននាក់នៅថ្ងៃទី១៦ មីនា បាននាំគ្នាតម្រង់ជួរនៅមុខសាខាធនាគារនៅតំបន់បឹងកក់រាជធានីភ្នំពេញ ដើម្បីសម្រុកដកលុយចេញពីគណនី ប៉ុន្តែ អតិថិជនភាគច្រើនត្រូវសន្តិសុខរារាំងមិនអនុញ្ញាតឱ្យពួកគាត់ចូលទៅដកលុយបានឡើយ។
អតិថិជនធនាគារ អេភីឌី ម្នាក់ថ្លែងសុំមិនបញ្ចេញឈ្មោះប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៦ ខែមីនាថា លោកមានលុយក្នុងគណនីមួយចំនួនធំ ក៏ប៉ុន្តែមកដល់ពេលនេះមិនអាចដកយកមកប្រើប្រាស់បានទេ។ អតិថិជនរូបនេះបញ្ជាក់ថា ក៏កំពុងចរចាទ្វេភាគីជាមួយភ្នាក់ងារធនាគារ ដើម្បីឱ្យផ្ដល់ដំណោះស្រាយអាចឱ្យលោកអាចដកលុយចេញពីគណនី។
អតិថិជន៖ «ខាងធនាគារកំពុងតែណាត់ជួបម្តងម្នាក់ៗ ហើយដកបានអត់បាន អាហ្នឹងអត់ទាន់ដឹងទេ កំពុងតែរង់ចាំដល់វេនជួបគេសិន។ ធនាគារនៅដំណើរការធម្មតា ប៉ុន្តែយើងនឹងមានការចរចាលក្ខខណ្ឌមួយចំនួន។ អាហ្នឹងពីខាងខ្ញុំជាអតិថិជន»។
ក្រៅពីអតិថិជនខ្មែរ ក៏មានអ្នកជំនួញចិនមួយចំនួនដែលមានលុយរាប់លានដុល្លារដាក់នៅធនាគារ អេភីឌី បាននាំគ្នាទៅដកលុយចេញពីធនាគារផងដែរ។ ទោះយ៉ាងណា ពួកគេបានត្រឹមតែសម្ដែងការខកចិត្ត និងព្រួយបារម្ភបន្ទាប់ពីទៅដល់ធនាគារ ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យចូលដកលុយចេញពីគណនីឡើយ។
ការនាំគ្នាផ្អើលសម្រុកទៅដល់លុយចេញពីគណនីនេះកើតឡើងបន្ទាប់ពីធនាគារ អេភីឌី កាលពីថ្ងៃទី១៥ ខែមីនា ចេញសេចក្ដីប្រកាសផ្អាកដំណើរសេវាកម្មទាំងអស់ចំនួន ៥ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែមីនា ក្រោមហេតុផលថា កំពុងថែទាំប្រព័ន្ធប្រតិបត្តិការ។ ធនាគារនេះបញ្ជាក់ថា ក្នុងអំឡុងពេលសេវាកម្មទាំងអស់ត្រូវបានផ្អាកអតិថិជនអាចពិនិត្យមើលទឹកលុយដែលមានក្នុងគណនី និងអាចផ្ទេរលុយឆ្លងប្រព័ន្ធធនាគារក្នុងស្រុកត្រឹមចំនួនដែលកំណត់ដោយធនាគារ គឺក្នុងមួយថ្ងៃចំនួន ៣០០ដុល្លារ។
ទាក់ទងនឹងរឿងនេះ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៦ ខែមីនា ដោយពន្យល់ថា នៅពេលដែលអតិថិជននាំគ្នាសម្រុកទៅដកលុយបញ្ញើចេញពីគណនីធនាគាររបស់ខ្លួនទាំងអស់គ្នានោះ ធនាគារ ឬម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុមិនអាចបង្វិលលុយគ្រប់គ្រាន់សម្រាប់ឱ្យអតិថិជនដកបាននោះទេ។ អគ្គទេសាភិបាលនៃធនាគារជាតិអ្នកស្រី ជា សិរី ស្នើឱ្យអតិថិជនអត់ធ្មត់ និងរង់ចាំដំណោះស្រាយ។
អ្នកស្រី ជា សិរី៖«ក្នុងពេលអតិថិជន អ្នកដាក់ប្រាក់បញ្ញើ គាត់សម្រុកមកដកប្រាក់ពីគ្រឹះស្ថាននោះទាំងអស់ក្នុងពេលតែមួយ ពេលនោះធនាគារគឺគាត់ជួបនឹងបញ្ហាសន្ទនីយភាព។ បានន័យថា លុយគាត់បង្វិលអត់ទាន់ មិនមែនថា គាត់អត់មានលុយសងទេ ក៏ប៉ុន្តែគាត់បង្វិលអត់ទាន់ ដោយសារអី លុយទាំងអស់នោះគាត់បានផ្ដល់ទៅឱ្យអ្នកដែលខ្ចី ហើយអ្នកដែលខ្ចីនោះ គាត់ខ្ចីរយៈពេលវែង។ ដូច្នេះហើយ បើសិនជាទាំងអស់គ្នាមកទារប្រាក់ទាំងអស់ក្នុងពេលតែមួយ ធនាគារគាត់ក៏ត្រូវតែទារពីអ្នកដែលគាត់ឱ្យខ្ចីនោះទាំងអស់ក្នុងពេលតែមួយ ហើយអ្នកដែលខ្ចីតាមការធ្វើអាជីវកម្មរបស់គាត់ គឺគាត់គ្មានលទ្ធភាពនឹងសងទាំងអស់ក្នុងពេលតែមួយទេ»។
ចំណាត់ការរបស់ធនាគារ អេភីឌី បង្កកលុយអតិថិជននាពេលនេះគឺមានភាពស្រដៀងគ្នានឹងចំណាត់ការក្រុមហ៊ុន ហួយ វ័នផេ (Huione Pay) របស់លោក ហ៊ុន តូ ដែលបង្កកលុយអតិថិជន និងបន្តរឹតត្បិតការដកលុយរបស់អតិថិជនចេញពីគណនីរហូតមកដល់ពេលនេះ។ ក្រុមហ៊ុន ហួយ វ័នផេ របស់លោក ហ៊ុន តូ បានបន្តបង្កកលុយអតិថិជន និងបានប្ដូរឈ្មោះជាក្រុមហ៊ុន អេច ផេ (H-Pay) វិញ បន្ទាប់ទទួលរងទណ្ឌកម្មពីអាមេរិកពាក់ព័ន្ធអំពើលាងលុយកខ្វក់ និងអំពើឆបោកតាមអនឡាញ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការប្រកាសបិទសេវាកម្មរបស់ធនាគារ អេភីឌី គ្មានការពន្យល់ និងបកស្រាយច្បាស់លាស់ ទើបធ្វើឱ្យអតិថិជនគ្មានជំនឿចិត្ត និងនាំគ្នាសម្រុកដកលុយចេញពីគណនី។ លោកថា ករណីនេះអាចនឹងជះផលអវិជ្ជមានដល់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត ប្រសិនបើគ្មានដំណោះស្រាយឱ្យអតិថិជន។
លោក អំ សំអាត៖ «អ៊ីចឹងកាលណាអតិថិជនយល់មិនច្បាស់ ហើយសម្រុកទៅដកប្រាក់ហ្នឹងវាធ្វើឱ្យបញ្ហាសម្រាប់ធនាគារ និងមិនអាចនឹងដកប្រាក់បានទេ ដោយសារតែតុល្យភាពសាច់ប្រាក់នៅក្នុងធនាគារហ្នឹង ជាមួយអតិថិជនទៅបើកហ្នឹង វាមិនតុល្យភាពគ្នាទេ។ បញ្ហាហ្នឹងវាអាចនឹងជះឥទ្ធិពលមិនល្អសម្រាប់ធនាគារ ហើយវាអាចនឹងប៉ះពាល់ទៅដល់ធនាគារផ្សេងៗទៀត ដែលធ្វើឱ្យអតិថិជនហ្នឹងមិនសូវមានទំនុកចិត្ត។ ធនាគារជាតិលោកចេញមកធ្វើការពន្យល់មួយចំនួនហើយ ក៏ប៉ុន្តែវាត្រូវតែមានការពន្យល់ និងដំណោះស្រាយណាមួយ ដើម្បីធ្វើឱ្យអតិថិជនហ្នឹងមានទំនុកចិត្ត កុំឱ្យមានការជ្រួលច្របល់»។
ធនាគារ អេភីឌី (APD Bank) មានឈ្មោះជាផ្លូវការថា ធនាគារអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Development Bank)។ កូនប្រុសអតីតសមាជិកព្រឹទ្ធសភាលោក ឡាវ ម៉េងឃីន គឺលោក ឡាវ អៀវចុង (Lau Yao Zhong) គឺជាសហប្រធានមួយរូប និងមានភាគហ៊ុនក្នុងធនាគារនេះ។
កូនប្រុសលោក ឡាវ ម៉េងឃីន ក៏មានកេរ្តិ៍ឈ្មោះអាស្រូវរកស៊ីបែបពុករលួយ និងកាប់ឈើលក់ខុសច្បាប់។ ក្រុមគ្រួសារ លោក ឡាវ ម៉េងឃីន និងប្រពន្ធរបស់លោកអ្នកស្រី ជឹង សុភាព ហៅយាយភូ គឺជាអ្នកជំនួញដែលស្និទ្ធនឹងត្រកូល ហ៊ុន និងកំពុងកាន់កាប់ក្រុមហ៊ុនធំៗនៅកម្ពុជាដូចជា ក្រុមហ៊ុន ទឹកសុទ្ធវីតាល់ និងក្រុមហ៊ុនកាប់ឈើខុសច្បាប់ជាដើម។ ក្រុមគ្រួសារនេះក៏ល្បីល្បាញខាងរកស៊ីបែបកេងប្រវ័ញ្ចប្លន់ដីធ្លីពលរដ្ឋ រំលោភសិទ្ធិមនុស្សជាប្រព័ន្ធតាមរយៈការច្បាមយកដី និងបណ្ដេញប្រជាពលរដ្ឋបឹងកក់រាប់ពាន់គ្រួសារដោយបង្ខំកាលពីអំឡុងឆ្នាំ២០០៨។
ក្រៅពីកូនប្រុសរបស់លោក ឡាវ ម៉េងឃីន និងអ្នកស្រី ជឹង សុភាព ក៏មានអ្នកជំនួញខ្មែរដើមកំណើតចិនម្នាក់ទៀតគឺលោក វ៉ាង ដុង (Wang Dong) ជាស្ថាបនិក និងមានភាគហ៊ុនធំក្នុងធនាគារ អេភីឌី។ អ្នកជំនួញចិនរូបនេះមានជំនួញអាជីវកម្មទាំងនៅកម្ពុជា និងនៅក្រៅប្រទេសហើយទទួលបានសញ្ជាតិខ្មែរក្នុងអំឡុងឆ្នាំ ២០១០ និងមានឈ្មោះខ្មែរថា វង្ស ពេជ្រ។ ក្រៅពីនេះ លោកក៏មានទំនាក់ទំនងអាជីវកម្មជាមួយអ្នកជំនួញជនជាតិចិនផ្សេងទៀតដូចជាលោក វ៉ាង យ៉ាវហួ (Wang Yaohui) ដែលធ្លាប់ត្រូវបានចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ និងលាងលុយកខ្វក់នៅក្នុងប្រទេសចិន៕










