កម្មករ​រោងចក្រ​​មួយ​នៅ​ក្រុង​ប៉ោយប៉ែត​បារម្ភ​ពី​បញ្ហា​ជីវភាព ក្រោយ​ក្រុមហ៊ុន​ប្រកាស​បិទ​ទ្វារ

0
49
រោងចក្រ​ហាយថេក អឹភែរឺល Hi-Tech Apparel (Cambodia) ស្ថិតនៅ​ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូប៖ បណ្ដាញសង្គម
រោងចក្រ​ហាយថេក អឹភែរឺល Hi-Tech Apparel (Cambodia) ស្ថិតនៅ​ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូប៖ បណ្ដាញសង្គម

កម្មករ​ធ្វើការ​នៅ​រោងចក្រ​ហាយថេក អឹភែរឺល Hi-Tech Apparel (Cambodia) មួយចំនួន​បារម្ភ​ពី​បញ្ហា​ជីវភាព​រស់នៅ ក្រោយ​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស អូនាង ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន នៅ​ថ្ងៃទី​៣១ ខែ​សីហា ខាងមុខ​នេះ។

ក្រុមហ៊ុន​ហាយថេក អឹភែរឺល បាន​ប្រកាស​ជូនដំណឹង​ដល់​សហជីព បុគ្គលិក កម្មករ កម្មការិនី​ទាំងអស់ កាលពី​ថ្ងៃទី​២១ កក្កដា អំពី​ការ​ផ្អាក​ដំណើរការ​សកម្មភាព​អាជីវកម្ម​ទាំងស្រុង និង​ការ​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ។

ក្រុមហ៊ុន​បាន​យល់ព្រម​ទូទាត់​សង​ប្រាក់​ឈ្មួល​ចុងក្រោយ ប្រាក់​បំណាច់​ជួស​ការ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់ ប្រាក់​បំណាច់​ជួស​ការ​ជូនដំណឹង​មុន​ផ្អែក​តាម​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ រួម​ទាំង​អត្ថប្រយោជន៍​បន្ថែម​សម្រាប់​កម្មការិនី​ដែល​កំពុង​មាន​ផ្ទៃពោះ និង​កម្មការិនី​មានកូន​តូច​ផង​ដែរ។

កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ​ហាយថេក​ម្នាក់ លោកស្រី សឿន សុខ រស់នៅ​សង្កាត់​អូរឬស្សី ក្រុង​ប៉ោយប៉ែត ថ្លែងប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា លោកស្រី​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នេះ​រយៈពេល​៦​ឆ្នាំ​មក​ហើយ ហើយ​ក្រុមហ៊ុន​ធំ​មួយ​នេះ បាន​ផ្តល់​អត្ថប្រយោជន៍ និង​ប្រាក់ខែ​សមរម្យ ចន្លោះ​ពី​៣០០​ដុល្លារ​ទៅ​៤០០​ដុល្លារ​ក្នុង​១​ខែ ដែល​អាច​ឲ្យ​លោកស្រី​មានលទ្ធភាព​ផ្គត់ផ្គង់​គ្រួសារ​បាន​។ ប៉ុន្តែ​ក្រោយ​ការប្រកាស​បិទ​អាជីវកម្ម លោកស្រី​អាច​ប្រឈម​នឹង​បញ្ហា​បំណុល​ធនាគារ និង​ជីវភាព​លំបាក ដោយសារ​លោកស្រី​មានកូន​នៅក្នុង​បន្ទុក​ចំនួន​៤​នាក់ ដែល​ពេញវ័យ​ចូល​សាលារៀន និង​ត្រូវ​ចំណាយ​ច្រើន។

លោកស្រី​រៀបរាប់​ថា លោកស្រី​ពិបាក​នៅក្នុង​ការ​រក​ការងារ​ធ្វើ​ដោយសារ​តំបន់​ដែល​លោកស្រី​រស់នៅ គឺ​ក្បែរ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ ពុំ​មាន​រោងចក្រ​ច្រើន ហើយ​ក្រុមហ៊ុន ឬ​អាជីវកម្ម​តូច​ធំ​ជាច្រើន ត្រូវ​បិទទ្វារ ដោយសារ​ពុំ​មាន​ការ​បញ្ជា​ទិញ និង​ភ្ញៀវ​ទេសចរ ដូច​មុន​ពេល​មាន​ជម្លោះព្រំដែន​។ លោកស្រី សឿន សុខ ថា លោកស្រី​មិន​ចង់​ចំណាកស្រុក ទៅ​ធ្វើ​ការ​ឆ្ងាយ​ពី​គ្រួសារ និង​ស្រុកកំណើត​ឡើយ ដោយ​បារម្ភ​ពី​សុវត្ថិភាព​របស់​កូនៗ ហើយ​ប្តី​លោកស្រី​ដែល​ជា​ជាងកាត់សក់​ម្នាក់​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ ក៏​ប្រឈម​ការ​លំបាក​មិនអាច​រក​ចំណូល​បាន​ដូច​មុន ដោយសារ​ស្ងាត់​ភ្ញៀវ។

លោកស្រី សឿន សុខ៖ «ខ្ញុំ​ចំណាយ​កូន​ទៅ​រៀន​ផង កូន​ទៅ​រៀន​៤​នាក់​ណាមួយ​បង់​សាលា​កូន​ផង ហើយ​កូន​ចាក់​សាំង​ជិះ​ម៉ូតូ​ទៅ​រៀន​ហើយ​ចំណាយ​លើ​គាត់​ហូបបាយ​ហូប​អី​ពេលព្រឹក​អញ្ចឹង​ហ្អាស៎​! យើង​រកតែ​មួយ ប្តី​រកតែ​មួយ​ហើយ​យើង​ហូប​ដល់​ទៅ​៥​នាក់ រស់​ហើយ​បង​ទាំងៗ​វេទនា​ហ្អាស៎បង​។ ហើយ​ប្តី​រក មិនមែន​ទៅ​ធ្វើ​អី​ទេ​បង ប្តី​ខ្ញុំ​កាត់សក់ ថ្ងៃ​ណា​ក៏​មាន​ទៅ​ថ្ងៃ​ណា​ក៏​អត់​ទៅ។ បើ​យើង​ចំណាកស្រុក​យើង​អាច​ទៅ​នេះ​បង​ទៅ​ខាង​កំពង់ចាម កំពង់ស្ពឺ​អីចឹង ប្រទេស​យើង​មែន ប៉ុន្តែ​យើង​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​។ អត់​ចង់​ថា ឃ្លាត​ស្រុក ឃ្លាត​ផ្ទះ​ទៅ ចេញពី​ការងារ អត់​ឃើញ​មុខ​កូន អត់​ឃើញ​គ្រួសារ អត់​ចង់ទៅ​អញ្ចឹង»។

អ្នកគ្រប់គ្រង និង​ជា​តំណាង​និយោជក នៅ​រោងចក្រ​ហាយ​ថេក អឹភែរឺលលោក ធិតធីផុង វ៉ុងសាយ៉ាង (THITIPONG WONGSAYANG) បាន​លើកឡើង​ក្នុង​កំណត់ហេតុ​កិច្ចប្រជុំ​ស្ដីពី​ការ​ផ្អាក​សកម្មភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន​ជាមួយ​លោក អាំង សេងលី ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ និង​ជា​តំណាង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថា ក្រុមហ៊ុន បាន​ជួប​វិបត្តិ​សេដ្ឋកិច្ច បញ្ហា​មធ្យោបាយ​ដឹកជញ្ជូន​វត្ថុធាតុដើម និង​ផលិតផល​សម្រេច ហើយ​ពុំ​មាន​ការ​បញ្ជាទិញ​បន្ត​ទៀត ពី​ម្ចាស់​ម៉ាក​យីហោនីកគី (Nike) ដែល​ជា​ហេតុ​នាំ​ឲ្យ​ក្រុមហ៊ុន​សម្រេចចិត្ត​ផ្អាក​ដំណើរការ​ផលិតកម្ម​ទាំងស្រុង ត្រឹម​ថ្ងៃទី​៣១ សីហា ឆ្នាំ​២០២៦។

ទោះជា​យ៉ាងណា ភាគី​ក្រុមហ៊ុន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​នៅក្នុង​ការចូលរួម​ដោះស្រាយ និង​ទូទាត់​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ​ជូន​កម្មករនិយោជិត​ទាំងអស់​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ការងារ។

ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ លើកឡើង​ថា បញ្ហា​បិទ​ច្រកព្រំដែន​កម្ពុជា និង​ថៃ បាន​ជះឥទ្ធិពល​ដល់​សង្វាក់​ផលិតកម្ម​ក្នុងស្រុក ជាពិសេស​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្រាប់​ស្លាក​យីហោ​ល្បីៗ​ទៅ​ក្រៅ​ស្រុក​ដូចជា​ប្រទេស​ថៃ​និង​ក្រុមហ៊ុន​របស់​ជប៉ុន​ជាដើម ដែល​ស្ថិត​នៅ​តាម​តំបន់​ជាយ​ព្រំដែន មានការ​លំបាក​ក្នុង​ការ​នាំចេញ និង​នាំចូល តម្លៃ​វត្ថុធាតុដើម​ឡើងថ្លៃ​ជាដើម ដែល​ជា​ហេតុ​នាំ​ឲ្យ​ឈាន​ដល់​ការ​បិទ​ក្រុមហ៊ុន​។ លោក​ថា បញ្ហា​នេះ ក៏​ជះឥទ្ធិពល​ដល់​កម្មករ​ជាច្រើន ដែល​បាន​បាត់បង់​ការងារ និង​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

លោក ឃុន ថារ៉ូ៖ «អ៊ីចឹង​បញ្ហា​នេះ​វា​មិនមែន​តែ​ពាក់ព័ន្ធ​ទៅដល់​ក្រុមហ៊ុន​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ ដេរ​ស្បែក​ជើង​ទេ ក៏ប៉ុន្តែ​កន្លងទៅ​សូម្បីតែ​ភាគី​ជប៉ុន​ហ្នឹង​ក៏បាន​លើកឡើង​អំពី​ផល​ប៉ះពាល់​អំពី​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​នៅ​តាម​ច្រករបៀង ជាពិសេស​គឺ​ក្រុមហ៊ុន​វិនិយោគ​របស់​ជប៉ុន​ដែល​ផ្គត់ផ្គង់​ទៅដល់​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ក្រុមហ៊ុនមេ​របស់​ថៃ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​។ អញ្ចឹង​បញ្ហា​នេះ គឺ​វា​អាច​នឹង​ជះឥទ្ធិពល​ទៅដល់​បណ្តា​ក្រុមហ៊ុន​ជប៉ុន​ផ្សេងៗ​ទៀត​ដែល​កំពុងតែ​ធ្វើការ​វិនិយោគ​នៅក្នុង​ជួរ​ព្រំដែន​ជាពិសេស​នៅ​តាម​ច្រកព្រំដែន​ដែល​ជា​ផ្នែក​មួយ​នៃ​តំបន់​សេដ្ឋកិច្ច​ដែល​បង្កើត​ឡើង​តាមរយៈ MOU រវាង​ប្រទេស​កម្ពុជា​និង​ថៃ​នៅក្នុង​ការពង្រីក​នូវ​កំណើនសេដ្ឋកិច្ច​ក៏ដូចជា​ការ​វិនិយោគ​នៅក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​នា​ពេល​កន្លងមក»។

បើ​តាម​លោក ឃុន ថារ៉ូ គិត​ចាប់តាំងពី​ដើមឆ្នាំ​២០២៦ បន្ទាប់ពី​មាន​ជម្លោះព្រំដែន​រវាង​កម្ពុជា និង​ថៃ ក្រុមហ៊ុនកាត់ដេរ​សំលៀក​បំពាក់​ធំ​ចំនួន​២ ហើយ ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរនាង ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ដែល​បាន​បិទទ្វារ ទី​១ គឺ​រោងចក្រ ML ដែល​ផ្គត់ផ្គង់​សម្រាប់​ស្លាក​យីហោ​ល្បី​នៅ​ប្រទេស​ហូឡង់ ដែល​មាន​កម្មករ​ប្រមាណ​៧០០​នាក់ និង​ទី​២ គឺ​ក្រុមហ៊ុន ហាយថេក អឹភែរឺល ដែល​មាន​កម្មករ​ជាង ២​ពាន់ ៥​រយ នាក់ (២៥៣២) ក្នុង​នោះ​មាន​ស្រី​ជិត ១​ពាន់ ប្រាំពីរ​រយ​នាក់ (១៦៨៣) ត្រូវ​បាត់បង់​ការងារ​ធ្វើ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ