

យុវជនវ័យ ១៩ឆ្នាំ មួយរូបទៀតត្រូវតុលាការរបបក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារ៤ឆ្នាំ ដោយសារការប្រើប្រាស់សិទ្ធិបញ្ចេញមតិរិះគន់លើការដឹកនាំរបស់រដ្ឋាភិបាល និងបញ្ហាសង្គមជាច្រើនលើបណ្ដាញសង្គមហ្វេសប៊ុក។ មន្ត្រីសិទ្ធិមនុស្សបារម្ភថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋបន្តរឹតត្បិត ដោយសារការអនុវត្តច្បាប់ផ្ទុយពីរដ្ឋធម្មនុញ្ញ។
យុវជន ឈឿង សុវណ្ណ វ័យ ១៩ឆ្នាំ ជាអ្នករត់កង់បី និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមមួយរូបត្រូវជាប់ពន្ធនាគារ៤ឆ្នាំ ពីបទ«ធ្វើឱ្យខូចទឹកចិត្តកងទ័ព និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដោយសារការផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ តុលាការបានពិន័យយុវជនរូបនេះ ជាប្រាក់ចំនួន ៤ លានរៀល។
កាលពីចុងខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរ និងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនយុវជន ឈឿង សុវណ្ណ ខណៈពេលដែលលោក កំពុងរត់កង់បីនៅម្តុំវិមានឯករាជ្យ ខេត្តព្រះសីហនុ យកទៅសាកសួរ រួចបញ្ជូនលោកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ ហើយនៅដើមឆ្នាំ២០២៦ តុលាការបានបង្គាប់ឱ្យឃុំខ្លួនលោកនៅពន្ធនាគាររាជធានីភ្នំពេញ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគួរបើកលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងដោះលែងអ្នកទោសមនសិការទាំងអស់ឲ្យមានសេរីភាពឡើងវិញតាមការស្នើសុំរបស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិកន្លងមក ដើម្បីធានាដូចការអះអាងរបស់លោក ហ៊ុន សែន ចំពោះមុខអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews)។
លោក អំ សំអាត៖ «តាមរយៈនៃការចាប់ខ្លួន ការឃុំខ្លួន ការផ្ដន្ទាទោសជាបន្តបន្ទាប់ដោយសារតែការប្រើប្រាស់សិទ្ធិនៅក្នុងការបញ្ចេញមតិតាមបណ្ដាញសង្គមផ្សេងៗហ្នឹង ហើយត្រូវបានផ្ដន្ទាទោស អាហ្នឹងវាជារឿងមួយដែលអាចប៉ះពាល់ទៅដល់សេរីភាពនៅក្នុងការបញ្ចេញមតិ»។
ប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ថា កម្ពុជាបើកចំហឱ្យមានការបញ្ចេញមតិ និងការរិះគន់ក្នុងន័យស្ថាបនា ប៉ុន្តែការអនុវត្តសិទ្ធិត្រូវស្ថិតក្រោមច្បាប់។
ទោះជាមានការលើកឡើងនៅចំពោះមុខមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិបែបនេះក្តី ប៉ុន្តែមន្ត្រីសង្គមស៊ីវិល និងពលរដ្ឋជាច្រើន មើលឃើញផ្ទុយពីការអះអាងរបស់លោក។
តាមរបាយការណ៍ដែលចងក្រងដោយអង្គការលីកាដូ បង្ហាញថា មនុស្សចំនួន ១២៥នាក់ហើយដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ដោយសារការប្រើប្រាស់សិទ្ធិជាមូលដ្ឋានរបស់ខ្លួន ក្នុងការបញ្ចេញមតិ ការចូលរួមសកម្មភាពនយោបាយ និងសង្គមជាដើម។ ហើយលោក ឈឿង សុវណ្ណ ជាយុវជនក្មេងជាងគេ ដែលស្ថិតនៅក្នុងចំណោមមនុស្ស ១២៥នាក់ នោះ ដែលកំពុងជាប់ឃុំ៕









