

ប្រធានគណបក្សសង្គ្រោះ ជាតិលោក កឹម សុខា មានសិទ្ធិធ្វើដំណើរទៅក្រៅប្រទេសវិញហើយ គិតចាប់តាំងពីលោកត្រូវបានចាប់ខ្លួន និងត្រូវតុលាការដាក់បម្រាមមិនឱ្យចេញទៅក្រៅប្រទេសរយៈ ពេល ៩ ឆ្នាំមកនេះ ។ នេះបើយោងតាមព្រះ រាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ ដែលត្រូវបានគេផ្សព្វផ្សាយ នៅថ្ងៃទី២៤ កក្កដានេះ ។
ទោះជាយ៉ាងណាការលើកលែងទោសនេះ ធ្វើឡើងចំពោះ តែទោសបន្ថែមត្រង់ចំណុចនៃការហាមឃាត់លោក កឹម សុខា មិនឱ្យចាកចេញពីកម្ពុជារយៈ ពេល ៥ ឆ្នាំ ប៉ុណ្ណោះ ។ ដោយឡែកទោសនៃការហាមឃាត់ធ្វើនយោបាយនោះ វិញ ព្រះ រាជក្រឹត្យថ្មីនេះ មិនបានចែងលើកលែងនោះទេ ដែលមានន័យថា លោក កឹម សុខា នៅតែមិនទាន់អាចវិលមកឆាកនយោបាយវិញនៅឡើយ។
គិតត្រឹមពេលនេះ តាមរយៈព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ លោក កឹម សុខា បានរួចផុតពីទោសជាប់ពន្ធនាគាររយៈ ពេល ២៧ ឆ្នាំ និងទោសហាមឃាត់មិនឱ្យចេញក្រៅប្រទេសហើយ នៅឡើយតែទោសហាមឃាត់ធ្វើនយោបាយមួយទៀតប៉ុណ្ណោះ៕









