

ជនភៀសសឹកអះអាងថា សព្វថ្ងៃពួកគាត់លែងហ៊ានសូវនិយាយពីទុក្ខលំបាក និងក្ដីកង្វល់ពាក់ព័ន្ធបញ្ហាព្រំដែនប្រាប់សារព័ត៌មាន និងបង្ហោះនៅលើបណ្ដាញសង្គមទៀតហើយដោយសារតែ អាជ្ញាធរបានដើរគំរាមកំហែង និងចាត់ទុកអ្នកហ៊ានរិះគន់ជា «ក្រុមប្រឆាំងរដ្ឋាភិបាល»។ មន្ត្រីសង្គមស៊ីវិលថា ការរឹតត្បិតសិទ្ធិសេរីភាពនេះ ជាការរំលោភសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ។
ចាប់តាំងពីមានការចាប់ខ្លួនអ្នកសារព័ត៌មាន និងពលរដ្ឋដាក់ពន្ធនាគារជាបន្តបន្ទាប់ ពាក់ព័ន្ធ ការរិះគន់ បញ្ហាព្រំដែនមក ជនភៀសសឹកភាគច្រើនប្រុងប្រយ័ត្ន ក្នុងការនិយាយជាមួយអ្នកសារព័ត៌មាន និង នៅតាមបណ្ដាញសង្គមនានា ព្រោះបារម្ភពីសុវត្ថិភាព។
ជនភៀសសឹក នៅតំបន់ បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៧ ខែមីនា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាព ថាសព្វថ្ងៃ អាជ្ញាធរបានរឹតត្បិត សេរីភាពជនភៀសសឹកជាខ្លាំង។ លោកថា អាជ្ញាធរតែងតែដើរបញ្ចុះបញ្ចូលពលរដ្ឋកុំឱ្យនិយាយ ឬផ្ដល់ព័ត៌មានទៅឱ្យសារព័ត៌មាននៅក្រៅប្រទេសព្រោះអាជ្ញាធរចោទថា ជាសារព័ត៌មានក្បត់ជាតិ និងជាក្រុមបក្សប្រឆាំង។
លោកថា ដោយសារការគំរាមនេះ ពលរដ្ឋខ្លះ លែងហ៊ាននិយាយ ពីបញ្ហាដែលកំពុងកើតឡើង ខណៈអ្នកខ្លះទៀត មិននិយាយ ព្រោះបារម្ភពីសុវត្ថិភាព ។ លោកថា ទង្វើរបស់អាជ្ញាធរ ពុំផ្ដល់ផលចំណេញដល់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ ធ្វើឱ្យពលរដ្ឋស្អប់ខ្ពើម ខណៈមន្ត្រីខិលខូចបន្តធ្វើបាបពលរដ្ឋ។
ពលរដ្ឋ៖ «គេមិនឱ្យនិយាយអ្វីទេ។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំមិនហ៊ាននិយាយទោះរឿងអ្វីក៏ដោយ ព្រោះថាការដែលយើងនិយាយគេមិនគិតថា យើងនិយាយក្នុងន័យល្អទេ។ គេថាយើងនិយាយបំផុសបំផុលញុះញង់ និងចោទយើងថា ជាគណបក្សប្រឆាំង»។
រីឯ ជនភៀសសឹកខ្លះទៀតធ្លាប់បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រោយពីបានផ្ដល់បទសម្ភាសន៍ឱ្យអាស៊ីសេរីមក គឺតែងតែត្រូវបានអាជ្ញាធរមកសួរណែនាំ និងគំរាម មិនឱ្យនិយាយទៀត ប្រសិនបើនៅតែ និយាយនឹង មិនទទួលបានស្បៀង ឬអំណោយ ពីសប្បុរសជននោះទេ។ ពួកគាត់ថា អាជ្ញាធរតែងតែ ចុះណែនាំឱ្យ ពលរដ្ឋនិយាយតែរឿងល្អៗ ប្រាប់ដល់អ្នកសារព័ត៌មាន និងនៅ តាមបណ្ដាញសង្គម ប្រសិនបើពលរដ្ឋចង់និយាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានលើកឡើងកាលពីថ្ងៃទី១០ ខែកុម្ភៈ ថា ពលរដ្ឋមានសិទ្ធិ សេរីភាពពេញលេញ ក្នុងការបញ្ចេញមតិ និងបង្ហាញពីកង្វល់ជុំវិញបញ្ហាព្រំដែន ប៉ុន្តែជាក់ស្ដែង អាជ្ញាធរនៅតែដើរគំរាមពលរដ្ឋ បើទោះជាឱ្យពួកគាត់រស់នៅដោយវេទនាក្រោមតង់កៅស៊ូ ក្ដៅហួតហែង ហើយនៅពេលភ្លៀងត្រូវលិចទឹកក៏ដោយ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៧ ខែមីនា ដោយហៅទូរស័ព្ទចូល តែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ជនភៀសសឹក បានរងគ្រោះ ពីការឈ្លានពាន និង រំលោភយកដីធ្លី និងផ្ទះសម្បែង ពីសំណាក់យោធាថៃ ដ៏ឈឺចាប់រួចមកហើយ ដូច្នេះ ពួកគាត់មិនគួរត្រូវ រងសម្ពាធផ្លូវចិត្តម្ដងទៀត ដោយសារតែអាជ្ញាធរ រឹតត្បិតសិទ្ធិ សេរីភាព បញ្ចេញមតិ នោះទេ។ លោកចាត់ទុកការរឹតត្បិតនេះ គឺជាការរំលោភសិទ្ធិពលរដ្ឋ ធ្ងន់ធ្ងរ។
លោក នី សុខា៖ «បើយើងមិនឱ្យគាត់និយាយ ខ្ញុំគិតថារឿងនេះ ក៏មិនអាចលាក់ជិតដែរ។ វាមិនអាចលាក់ជិតទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យមុខមាត់រដ្ឋាភិបាលកាន់តែអាប់អោនទៅវិញទេ។ មានន័យថា ពលរដ្ឋនឹងធ្វើការរិះគន់ចំពោះបញ្ហាទាំងហ្នឹង។ ដូច្នេះខ្ញុំគិតថាការផ្ដល់ឱកាស និងបើកសិទ្ធិសេរីភាពឱ្យគាត់មានមតិ ឱ្យបានទូលំទូលាយ គឺជារឿងមួយដែលល្អសម្រាប់រដ្ឋាភិបាលថ្នាក់លើ»។
សង្គមស៊ីវិលថា រដ្ឋាភិបាល គូរតែគិតគួរពីទុក្ខលំបាក និងដោះស្រាយបញ្ហាចំបាច់ ដូចជា បញ្ហាសុខភាព អនាម័យ និងទីជម្រកឱ្យបានសមរម្យជូនពលរដ្ឋ ល្អជាជាងដែលបញ្ជូនមនុស្សទៅគំរាមកំហែង បំបិទមាត់ ពលរដ្ឋកុំឱ្យនិយាយរឿងការពិត រឿងអវិជ្ជមានរបស់រដ្ឋាភិបាល និងបញ្ហាមិនប្រក្រតីមួយចំនួន ដែលធ្វើឱ្យពលរដ្ឋមានសម្ពាធផ្លូវចិត្ត៕









