

បណ្ដាញពលករខ្មែរដើម្បីប្រជាធិបតេយ្យនៅប្រទេសថៃ បានប្រារព្ធពិធីបុណ្យរំលឹកខួប១០ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគដ៏ល្បីឈ្មោះ១រូប បានស្លាប់យ៉ាងអយុត្តិធម៌កណ្តាលទីក្រុងភ្នំពេញ។ ពួកគាត់ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត វែកមុខឃាតករពិតដែលនៅពីក្រោយខ្នងនៃឃាតកម្មនេះ។ ពិធីបុណ្យនេះក៏មានការចូលរួមពីមន្ត្រីសង្គមស៊ីវិលផងដែរ។
តំណាងអ្នករៀបចំកម្មវិធីម្នាក់នៅទីក្រុងបាងកក លោក សុះ សល់ ឲ្យដឹងថា ការប្រារព្ធពិធីនេះ គឺដើម្បីរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី និងបង្ហាញឲ្យពិភពលោក បានដឹងពីកម្សោយនៃការដឹកនាំរបស់មេដឹកនាំកម្ពុជា ដែលមិនរកយុត្តិធម៌ជូនពលរដ្ឋ។ លោកបន្តថា លោកចង់ឲ្យយុវជននិងពលរដ្ឋជំនាន់ក្រោយ បានដឹង ចងចាំ និងឲ្យតម្លៃដល់ការលះបង់របស់អ្នកវិភាគឯករាជ្យរូបនេះផងដែរ។
ពលករខ្មែរ ប្រមាណ ៧០នាក់ កាលពីថ្ងៃទី២៨ ខែមិថុនា បានជួបជុំគ្នា នៅវត្តអារាមមួយកន្លែង ក្នុងខេត្តឈុនបុរី (Chhunburi) ប្រទេសថៃ ដើម្បីធ្វើពិធីបង្សុកូលឧទ្ទិសកុសលតាមបែបព្រះពុទ្ធសាសនាជូនវិញ្ញាណក្ខន្ឋអ្នកវិភាគសម្ដីមាសលោកបណ្ឌិត កែម ឡី មេសហជីពលោក ជា វិជ្ជា អ្នកការពារបរិស្ថានលោក ឈុត វុទ្ធី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា និងវីរជនស្នេហាជាតិមួយចំនួនទៀត ដែលត្រូវបានខ្នាន់កាំភ្លើងបាញ់សម្លាប់យ៉ាងអយុត្តិធម៌អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ទោះបីជាស្ថិតនៅស្ថានភាពតឹងតែងពីបញ្ហាព្រំដែនរវាងកម្ពុជា ថៃ ដែលធ្វើឲ្យប្រទេសថៃរឹតបន្តឹងពីសុវត្ថិភាព ការរស់នៅក្តី ក៏ពលរដ្ឋខ្មែរទាំងនេះនៅតែបន្តប្រារព្ធពិធីនេះ ដោយសង្ឃឹមថា យុត្តិធម៌នឹងមានសម្រាប់លោកបណ្ឌិត កែម ឡី និងវីរជនទាំងនោះ។
ក្រៅពីការសូត្រមន្តពលករទាំងនោះ ក៏បានរំលឹក និងគោរពដឹងគុណនូវវីរភាពដ៏អង់អាចក្លាហានរបស់លោកបណ្ឌិតកែម ឡី និងការលះបង់របស់លោក ដែលហ៊ានវិភាគនូវការពិតក្នុងសង្គមខ្មែរ។
ពួកគេបានរិះគន់ពីភាពអសកម្ម និងអសមត្ថភាពនៃការដឹកនាំរបស់គ្រួសារត្រកូលហ៊ុន គឺលោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្នតពីឪពុករបស់លោក ដែលមិនអាចវែកមុខរកឃាតកពិតដែលនៅពីក្រោយខ្នងនៃឃាតកម្មលើវីរជនទាំងនេះ។
លោក សុះ សល់៖ «ការដែលពួកយើងនាំគ្នាធ្វើនេះ គឺយើងគោរពដល់មនុស្សដែលគាត់មានការសិក្សាស្រាវជ្រាវហើយនឹងវិភាគដ៏ៗត្រឹមត្រូវ ហើយនឹងនិយាយពីការពិតនៅក្នុងសង្គមខ្មែរ។ ត្រកូលហ៊ុនគឺមាន ហ៊ុន សែន បន្ទាប់មក គឺមានហ៊ុន ម៉ាណែត មិនរកយុត្តិធម៌បានហើយការបាត់បង់ទឹកដីហ្នឹងបន្តមកឲ្យកូនទៀត។ ហីរឿងនេះជារឿងមួយដែលពលរដ្ឋខ្មែរទូទាំងប្រទេស មិនថា ពួកខ្ញុំរស់នៅក្នុងប្រទេសថៃនេះ ជារឿងដែលចុកចាប់ទេ គឺរឿងអឺបងប្អូនអ្នកផ្សេងទៀតដែលគាត់ឃើញពីការបាត់បង់ទឹកដីហ្នឹងគឺយើងចុកចាប់ខ្លាំងណាស់»។
អ្នកវិភាគដ៏ល្បីឈ្មោះ លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់ ក្នុងស្តារម៉ាតនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
កាលលោកនៅមានជីវិត បណ្ឌិត កែម ឡី គឺជាអ្នកហ៊ាននិយាយការពិត ប្រឆាំងនឹងក្រុមអ្នកមានអំណាចនៅកម្ពុជា ដើម្បីបុព្វហេតុនៃអំពើយុត្តិធម៌ និងសិទ្ធិមនុស្សសម្រាប់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។ មិនតែប៉ុណ្ណោះ បណ្ឌិត កែម ឡី ត្រូវបានគេមើលឃើញថា ជាអ្នកហ៊ានចេញមុខតស៊ូមតិ ប្រឆាំងនឹងអំពើលួចទ្រព្យសម្បត្តិ និងធនធានជាតិ ប្រព្រឹត្តិដោយឥស្សរជននយោបាយ នៃគណបក្សកាន់អំណាច ជាពិសេស គ្រួសារលោក ហ៊ុន សែន។
មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃនៃអង្គការសង់ត្រាល់ លោក លឹង សុផុន ដែលបានចូលរួមក្នុងពិធីរំលឹកខួបនោះឲ្យដឹងថា ការប្រារព្ធពិធីរំលឹកខួបលោកបណ្ឌិតកែម ឡី និងអ្នកស្នេហាជាតិដទៃទៀត គឺដើម្បីឲ្យយុវជនដទៃចងចាំពួកគាត់នៅក្នុងដួងចិត្តនិងជាការទាមទាររកយុត្តិធម៌ជូនពួកគាត់ផងដែរ។ លោកបន្តថា រដ្ឋាភិបាលគួរបង្ហាញមុខឃាតករពិត ដើម្បីផ្តល់យុត្តិធម៌ឲ្យជនរងគ្រោះទាំងនោះ។
លោក លឹង សុផុន៖ «អឺការរួបរួមធ្វើកម្មវិធីហ្នឹងអឺយើងនឹកឃើញអំពីសេចក្តីល្អរបស់គាត់ដែលគាត់ខំប្រឹងប្រែង ដែលគាត់ខំធ្វើការដើម្បីសង្គម។ ហើយយើងរំលឹកនេះ គឺដើម្បីបណ្ដុះគំនិតដល់អ្នកជំនាន់ក្រោយ ដើម្បីឲ្យគាត់ នឹកឃើញថា យើងមានអ្នកដែលដើរមកក្នុងសង្គម ហើយអ្នកតស៊ូមតិ ដើម្បីផ្លាស់ប្ដូរសង្គមអីចឹងទៅណា។ ហ្នឹងហើយដើម្បីកុំឲ្យធ្វើបាបតាមតែអំពើចិត្តអីចឹងទៅ»។
ដោយសារតែលោកបណ្ឌិត កែម ឡី ហ៊ានលះបង់ជីវិត ដើម្បីលាតត្រដាងអំពីការពិតទើបពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស នៅតែចងចាំយ៉ាងជ្រាលជ្រៅក្នុងបេះដូងរបស់ពួកគាត់អំពីវីរភាពរបស់បណ្ឌិត កែម ឡី និងតែងរៀបចំពិធីរំលឹកខួបជារៀងរាល់ឆ្នាំ និងបន្តទាមទារឲ្យអាជ្ញាធរវែកមុខឃាតករពិត និងអ្នកពាក់ព័ន្ធ យកមកផ្ដន្ទាទោសតាមច្បាប់។
ក្រៅពីពលករខ្មែរនៅប្រទេសថៃ អង្គការ សមាគមខ្មែរ មួយចំនួនទៀតនៅក្រៅប្រទេស ដូចជាប្រទេសជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី ជាដើមក៏គ្រោងធ្វើពិធីរំលឹកខួបដល់លោកបណ្ឌិត កែម ឡី នាពេលខាងមុខនេះដែរ៕








