

ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ក្នុងឆ្នាំ២០២៥ បានបន្តធ្លាក់ចុះ បើទោះបីជារដ្ឋាភិបាលអះអាងថា មានភាពប្រសើរឡើងក៏ដោយ ខណៈអ្នកសារព័ត៌មាននៅតែប្រឈមនឹងអំពើហិង្សា ការគំរាមកំហែងតាមផ្លូវច្បាប់ និងការបំភិតបំភ័យកាន់តែខ្លាំងឡើង។ នេះបើយោងតាមរបាយការណ៍ថ្មីរបស់ សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) ដែលចេញផ្សាយកាលពីថ្ងៃទី២៧ ខែមេសា។
នៅក្នុងការវាយតម្លៃប្រចាំឆ្នាំចុងក្រោយ ក្នុងឆ្នាំ២០២៥ CamboJA បានកត់ត្រាករណីរំលោភបំពានចំនួន ៦១ ករណី ប្រឆាំងនឹងអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មាន។ ករណីភាគច្រើនពាក់ព័ន្ធនឹងអ្នកសារព័ត៌មានអនឡាញ ខណៈបណ្ដាញសង្គម ដូចជា Facebook ក្លាយជាវេទិកាដែលមានហានិភ័យខ្ពស់សម្រាប់ការរាយការណ៍ព័ត៌មាននៅកម្ពុជា។ អ្នកសារព័ត៌មានស្ត្រីរងផលប៉ះពាល់ខ្លាំងជាងគេ ដោយប្រឈមនឹងការរំខានផ្លូវភេទ អំពើហិង្សាផ្អែកលើយេនឌ័រ និងការបំភិតបំភ័យទាំងលើអនឡាញ និងដោយផ្ទាល់។
CamboJA បានឱ្យដឹងថា អ្នកសារព័ត៌មានបានប្រឈមនឹងការវាយប្រហាររាងកាយ ការរំលោភបំពានផ្លូវចិត្ត ការគំរាមកំហែងតាមផ្លូវច្បាប់ បៀតបៀនផ្លូវភេទ ការរើសអើង និងការបំភិតបំភ័យ ដែលបង្កឱ្យមានបរិយាកាសនៃការភ័យខ្លាច និងការត្រួតពិនិត្យខ្លួនឯងនៅក្នុងវិជ្ជាជីវៈសារព័ត៌មាន។
របាយការណ៍ដដែលបានបញ្ជាក់ថា អាជ្ញាធរបានបន្តប្រើប្រាស់បទចោទព្រហ្មទណ្ឌ ដូចជា ការញុះញង់ ក្បត់ជាតិ ឬបទចោទពាក់ព័ន្ធនឹងសន្តិសុខជាតិ ដែលមានលក្ខណៈមិនច្បាស់លាស់ ដើម្បីកំណត់គោលដៅលើអ្នកសារព័ត៌មាន ជំនួសឱ្យការប្រើប្រាស់ច្បាប់ស្ដីពីរបស់សារព័ត៌មាន។ អ្នកសារព័ត៌មានដែលរាយការណ៍អំពីបញ្ហាបរិស្ថាន ជម្លោះព្រំដែនកម្ពុជា-ថៃ ឧក្រិដ្ឋកម្ម ជម្លោះដីធ្លី អំពើពុករលួយ សិទ្ធិមនុស្ស នយោបាយ គឺជាក្រុមដែលត្រូវបានកំណត់គោលដៅច្រើនជាងគេ។
ពាក់ព័ន្ធនឹងស្ថានភាពសេរីភាពសារព័ត៌មាននេះប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី បានឲ្យដឹងថា ស្ថានភាពអ្នកសារព័ត៌មាននៅតែបន្តធ្លាក់ចុះ តាមរយៈការកត់ត្រារបស់ខេមបូចា បានរកឃើញថា នៅក្នុងឆ្នាំ២០២៥នេះមានចំនួន ៦១ករណី ដែលក្នុងនោះការប្តឹងផ្តល់ផ្នែកច្បាប់មាន៤៥ករណី ករណីប៉ះពាល់រូបរាងកាយមាន៩ ករណី ផលប៉ះពាល់សុខភាពផ្លូវចិត្តមាន២ករណី និងអំពើហិង្សាទៅលើសិទ្ធិនិងសេរីភាពអ្នកកាសែតក្នុងការបញ្ចេញមតិមាន៥ករណី។
លោក ណុប វី បានស្នើទៅដល់អាជ្ញាធររបស់រដ្ឋាភិបាលតាំងពីថ្នាក់មូលដ្ឋានរហូតទៅដល់ថ្នាក់ជាតិឲ្យបញ្ឈប់ការចោទប្រកាន់ទៅលើអ្នកសារព័ត៌មាន ដោយយកវិធីសាស្ត្រចរចាជាដំណោះស្រាយ ចំណែកឯអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន។
លោក ណុប វី៖ «ករណីទាំងអស់នេះវាឆ្លុះបញ្ចាំងពីសុវត្ថិភាពនៅក្នុងវិស័យសារព័ត៌មាន សុវត្ថិភាពនៅក្នុងការធ្វើការងារក្នុងផ្នែកព័ត៌មាននៅក្នុងប្រទេសយើងគឺចំណុចមួយនៅមានការព្រួយបារម្ភ ទោះបីយើងឃើញថារដ្ឋាភិបាលគាត់បង្ហាញអំពីឆន្ទៈក្នុងការដោះស្រាយ ឆន្ទៈនៅក្នុងការផ្តល់តម្លៃច្រើនទៅលើស្ថាប័នសារព័ត៌មាន ភាពជាដៃគូជាមួយនឹងអ្នកសារព័ត៌មាន ក៏ប៉ុន្តែការអនុវត្ត និងPractice ជាក់ស្តែង គឺថានៅមានកម្រិត»។
ការរកឃើញនេះផ្ទុយពីរបាយការណ៍ លើកទី២ របស់ក្រសួងព័ត៌មាន ដែលអះអាងថា សេរីភាពសារព័ត៌មាននៅឆ្នាំ២០២៥ មានភាពល្អប្រសើរ ៨១,៤ភាគរយ តាមរយៈការស្ទង់មតិ ពីអ្នកសារព័ត៌មាន ចំនួន៤៦៧នាក់ក្នុងចំណោមអ្នកសារព័ត៌មានទាំងអស់នៅទូទាំងប្រទេស។
ក្រសួងព័ត៌មាន បានឲ្យដឹងថា កម្ពុជាមានអ្នកសារព័ត៌មានប្រមាណ១ម៉ឺននាក់ ក្នុងនោះមានស្ត្រីចំនួន ៨៦១នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយ ទាំងប្រពៃណី និងទំនើបដែលបានចុះបញ្ជីការ និងមានអាជ្ញាប័ណ្ណស្របច្បាប់មានចំនួន ១ ៦២០ស្ថាប័ន។
ពាក់ព័ន្ធនឹងស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា បើទោះជាក្រសួងព័ត៌មានអះអាងពីភាពល្អប្រសើរក្តី អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) បានចេញផ្សាយពីសន្ទស្សន៍សេរីភាពសារព័ត៌មានសម្រាប់ឆ្នាំ២០២៥ កាលពីខែឧសភា ថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៦១ ក្នុងចំណោមប្រទេសចំនួន១៧៨ នៅលើពិភពលោក។
ចំណែករបាយការណ៍អង្គការសម្ព័ន្ធខ្មែរជំរឿន និងសិទ្ធិមនុស្ស (លីកាដូ) កាលពីពេលថ្មីៗឲ្យដឹងថា មានអ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសហជីព និងអ្នកប្រើប្រាស់បណ្ដាញសង្គមត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ដោយសារការបញ្ចេញមតិ មានជាង ១០០ នាក់។
សង្គមស៊ីវិល និងអ្នកសារព័ត៌មានទទូចឱ្យក្រសួងយកចិត្តទុកដាក់ចំណុចខ្វះខាត ដើម្បីពង្រឹងវិស័យព័ត៌មានឱ្យ កាន់តែល្អប្រសើរ និងត្រូវទម្លាក់បទចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មានទាំងអស់ដែលជាប់ពន្ធនាគារដោយសារការអនុវត្តវិជ្ជាជីវៈសារព័ត៌មានឱ្យមានសេរីភាពឡើងវិញដើម្បីបង្ហាញសហគមន៍អន្តរជាតិថា កម្ពុជាពិតជាគោរពសេរីភាព និងមិនធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន៕








