

នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» បន្តរក្សាជំហរការពារចំពោះការកឃើញថា អតីតពលករខ្មែរជាង៩០ម៉ឺននាក់ដែល បានត្រឡប់ពីប្រទេសថៃវិញ ភាគច្រើនពិបាករកការងារធ្វើ និងជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុកើនឡើង ខណៈជំនួយពីរដ្ឋាភិបាលមានតិចតូច។ ការបញ្ជាក់ជាថ្មីនេះ ក្រោយពីក្រសួងការងារបានបដិសេធ ដោយអះអាងថា បច្ចុប្បន្នមានអតីតពលករខ្មែរជាង៦៥ម៉ឺននាក់ ទទួលបានការងារធ្វើទ្រង់ទ្រាយធំ ក្រោយពីមានការជួយសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធ។
បញ្ហាកង្វះការងារធ្វើរបស់ពលរដ្ឋ និងអតីតពលករខ្មែរដែល បានត្រឡប់ពីប្រទេសថៃវិញ អំឡុងពេលប្រទេសទាំងពីរ មានជម្លោះតាមព្រំដែនមក ត្រូវបានគេយកមកវែកញែកជាបន្តបន្ទាប់ ប៉ុន្តែរដ្ឋាភិបាលតែងតែចេញបដិសេធថា ជារឿងមិនពិត។ ទោះជាបែបនេះក្ដី សង្គមស៊ីវិលថា ទិដ្ឋភាពជាក់ស្ដែងបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋភាគច្រើនពិបាករកការងារធ្វើ និងជំពាក់បំណុលវ័ណ្ឌក។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៧ ខែមីនាថា ពុំមែនជារឿងចម្លែកទេ ដែលរដ្ឋាភិបាលបានបដិសេធចំពោះរបាយការណ៍របស់អង្គការសង់ត្រាល់ សូម្បីតែអង្គការអន្តរជាតិ រកឃើញថា ពលរដ្ឋខ្មែរ ដែលបានត្រឡប់ពីប្រទេសថៃវិញពិបាករកការងារធ្វើ និងប្រឈមបញ្ហាជំពាក់បំណុលធ្ងន់ធ្ងរក្ដី ក៏អាជ្ញាធររដ្ឋ មិនទទួលស្គាល់ ហើយថែមទាំងមិនយកករណីទាំងនោះទៅស្រាវជ្រាវបន្ថែមនោះឡើយ។
លោកបន្តថា របាយការណ៍ដែលអង្គការសង់ត្រាល់ មុននឹងចេញជាផ្លូវការនេះ បានធ្វើសិក្ខាសាលាផ្ទៀងផ្ទាត់ជាមួយអតីតពលករខ្មែរ អង្គការសង្គមស៊ីវិល និងតំណាងក្រសួងពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ និងក្រសួងការងារ ជាដើម កាលពីខែវិច្ឆិកា ឆ្នាំ២០២៥។ លោកថារាល់ព័ត៌មាន ដែលរកឃើញថា អតីតពលករខ្មែរចំនួន៧១% នៃអ្នកដែលបានត្រឡប់ពីប្រទេសថៃវិញ ពិតជាបាន ជំពាក់បំណុលពិតមែន ដោយមួយគ្រួសារ ជាមធ្យម៥ពាន់៥០០ដុល្លារ។ ក្នុងនោះលោកថា ពលរដ្ឋខ្មែរ ជាង៥៣% ចង់ទៅរកការងារធ្វើនៅប្រទេសថៃវិញ ព្រោះនៅក្នុងស្រុកពិបាករកការងារធ្វើ និងបានប្រាក់ឈ្នួលថោកពេក។
លោក មឿន តុលា៖ «ចំណូលជាមធ្យមគាត់ឆ្លើយមកបានតែ៦៤ដុល្លារទេក្នុង១ខែសម្រាប់មួយគ្រួសារ។ចំណែកចំណាយវិញ ១ខែគាត់ចាយរហូតដល់១៧៣ដុល្លារ។ អ៊ីចឹងចំណូលនឹងចំណាយមានសមតុល្យគ្នាហើយ។ សំណួរសួរថា តើគាត់ចាយអី។ វាមិនចម្លែកទេនៅពេលរបាយការណ៍រកឃើញថា យ៉ាងហោចណាស់ក៏៥៣%ដែរ នៃអ្នកផ្ដល់បទសម្ភាសន៍ហ្នឹង គាត់មានផែនការចង់ធ្វើចំណាកស្រុកឡើងវិញ»។
កាលពីថ្ងៃទី២១ ខែ មីនា អង្គការសង់ត្រាល់បានចេញរបាយការណ៍មួយស្ដីពី «ពលករចំណាកស្រុកខ្មែរ ជាង៩០ម៉ឺននាក់ ត្រឡប់មកស្រុកកំណើតវិញជាមួយនឹងវិបត្តិ»។ របាយការណ៍នេះ បានផ្អែកលើការស្ទង់មតិ គ្រួសារនៃពលករចំណាកស្រុក ចំនួន ៥២៧នាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ នៅទូទាំងខេត្តចំនួន១១។ ក្នុងនោះមានពលករខ្មែរចំនួន៣០,៥% ប៉ុណ្ណោះដែលទទួលបានជំនួយជាស្បៀងអាហាររយៈពេលខ្លី និងការដឹកជញ្ជូនឥតគិតថ្លៃពីរដ្ឋាភិបាល។
រីឯការទទួលបានសេវាថែទាំសុខភាព ការគាំទ្រផ្នែកប្រឹក្សាយោបល់ ជំនួយផ្នែកជីវភាព និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺស្ទើរតែគ្មានទាល់តែសោះ។ ទន្ទឹមគ្នានោះ អង្គការសង់ត្រាល់រកឃើញថា ពលរដ្ឋខ្មែរចំនួន ៧១% ជាប់បំណុល ជាមធ្យមក្នុងមួយគ្រួសារមានចំនួន៥ពាន់ ៥០០ដុល្លារ។ ចំណែក ៨៥% នៃគ្រួសារដែលជាប់បំណុល មិនមានលទ្ធភាពបង់សងទាន់ពេលវេលានោះទេ ករណីនេះបាន ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការសិក្សារបស់កុមារ ការហូបចុក សុខភាពផ្លូវចិត្ត និងស្ថិរភាពគ្រួសារ។ ក្នុងនោះ មានករណីធ្វើអត្តឃាត ចំនួន៤នាក់ ដោយសារតែវិបត្តិបំណុល។
របាយការណ៍ដដែលបង្ហាញថា ពលរដ្ឋខ្មែរ ដែលត្រឡប់មកស្រុកកំណើតវិញ ទទួលបានប្រាក់ចំណូល ប្រចាំខែ ជាមធ្យមប្រហែល៦៤ ដុល្លារ ខណៈការចំណាយប្រចាំខែជាមធ្យមជិត២០០ (១៧៣)ដុល្លារ។ ចំណែកការស្វែងរកការងារក្នុងស្រុកជាញឹកញាប់ ពួកគាត់ ជួបប្រទះនឹងការកេងប្រវ័ញ្ចប្រាក់ឈ្នួល លក្ខខណ្ឌការងារមិនសមរម្យ និងការផ្ដល់ការងារដែលបង្កប់នូវការបោកប្រាស់។ ករណីនេះបានបង្ខំឱ្យពលរដ្ឋចំនួន ៥៣% អះអាងថា ពួកគាត់គ្រោងនឹងទៅធ្វើនៅប្រទេសថៃម្ដងទៀត បើទោះបីជាប្រទេសទាំងពីរកំពុងមានជម្លោះព្រំដែនក្ដី។
អង្គការសង់ត្រាល់ក៏បានផ្ដល់អំពាវនាវដល់រដ្ឋាភិបាល ត្រូវពង្រីកកិច្ចគាំពារសង្គមដែលមានកំណត់ច្បាស់លាស់ ដូចជា ជំនួយសាច់ប្រាក់ ការគាំទ្រផ្នែកស្បៀងអាហារ និងការលើកលែងថ្លៃសេវាសុខាភិបាល ដល់គ្រួសារងាយរងគ្រោះនៅក្នុងខេត្តដែលមានអត្រាអ្នកត្រឡប់មកពីប្រទេសថៃច្រើន និង ខេត្តជាប់ព្រំដែន។ មួយទៀត រដ្ឋាភិបាល ត្រូវពន្លឿនបណ្ដុះបណ្ដាលវិជ្ជាជីវៈខ្លី អមដោយការធានារ៉ាប់រងសុខភាពបណ្ដោះអាសន្ន និង ជួយបន្ធូរបន្ថយការសងបំណុលបណ្ដោះអាសន្ន។ ចុងក្រោយគឺត្រូវជួយសម្រួលសេវាធ្វើឯកសារ ឱ្យបានលឿន និងគ្មានអំពើពុករលួយ នៅពេលពួកគាត់ចង់ចំណាកស្រុកជាថ្មី ប្រសិនបើព្រំដែនបើកឡើងវិញ។
ទូរទស្សន៍អាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២៧ ខែមីនា។ ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២៦ ខែមីនាថា អតីតពលករខ្មែរ ចំនួន៦៥ម៉ឺននាក់ហើយ ដែលមានការងារធ្វើ ក្នុងនោះមានជាង៣៣ម៉ឺននាក់កំពុងធ្វើការនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ និងកសិដ្ឋានធំៗ ព្រមទាំងទទួលបានរបបសន្តិសុខសង្គម ខណៈដែលជាង ៣២ម៉ឺននាក់ផ្សេងទៀត បានធ្វើការនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងកសិដ្ឋានជាដើម។
ទន្ទឹមគ្នានោះ លោកក៏បានបដិសេធរបាយការណ៍របស់អង្គការសង់ត្រាល់ថា មិនឆ្លុះបញ្ចាំងការពិត ហើយងាកទៅគាំទ្ររបាយការណ៍របស់ វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ហើយបានចេញរបាយការណ៍ដែរនោះ រកឃើញថា អតីតពលករខ្មែរដែលមានការងារធ្វើមានជាង៦០ម៉ឺននាក់ ដែលលោកចាត់ទុករបាយការណ៍ នេះថាមានលក្ខណៈប្រហាក់ប្រហែលនឹងរបាយការណ៍របស់ក្រសួង។
បើទោះជាបែបនេះក្ដី លោក មឿន តុលា ថា ជារឿងដែលគួរឱ្យសោកស្ដាយដែលក្រសួងការងារអង្គុយចាំតែបដិសេធ ជាជាងស្វែងរកដំណោះស្រាយជូនពលរដ្ឋឱ្យមានប្រសិទ្ធភាព។
លោក មឿន តុលា៖ «យើងគួរតែរកវិធីដោះស្រាយជាជាង ដែលយើងអង្គុយតែបដិសេធ។ វាជារឿងមួយមិនល្អទេសម្រាប់ក្រសួងការងារនៅពេលដែលខ្លួនឯងបញ្ជូនមន្ត្រីជំនាញមកចូលរួមស្ដាប់ហើយ ផ្ដល់ធាតុចូលក្នុងរបាយការណ៍នឹងហើយ បែរជាមកបដិសេធរបាយការណ៍ហ្នឹង»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Hunam Right watch) កាលពីកន្លងទៅក៏បានរកឃើញដែរថា រដ្ឋាភិបាលហ៊ុន ម៉ាណែតបានបរាជ័យក្នុងការផ្ដល់ការងារសមរម្យ និងការដោះស្រាយបំណុលជូនពលរដ្ឋដែលបានត្រឡប់មក ពីប្រទេសថៃវិញ។ ទន្ទឹមគ្នានោះ គេក៏សង្កេតឃើញដែរថា ពលរដ្ឋខ្មែរមួយចំនួន បាននាំគ្នាឡើងទៅធ្វើការនៅប្រទេសថៃវិញដោយខុសច្បាប់ ជាបន្តបន្ទាប់ ក្រោយពីពិបាក រកការងារ នៅក្នុងស្រុក៕









