រដ្ឋាភិបាល​ក្រៅ​ប្រទេស​ជំរុញ​ឲ្យ លោក ហ៊ុន ម៉ាណែត ប្តឹង​ថៃ​ទៅ ICC ក្រោយ​ថៃ​ប្រកាស​លែង​ទទួល​ស្គាល់​ផែនទី​បារាំង

0
55
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ដោយ​ប្តឹង​ភាគី​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ដើម្បី​ការពារ​ទឹកដី​ខ្មែរ​ចំនួន​៦២​ទីតាំង ដែល​ថៃ​កំពុង​គ្រប់គ្រង កុំ​ឲ្យ​បាត់បង់ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល​(Anutin Charnvirakul) ប្រកាស​លែង​ទទួលស្គាល់ និង​ប្រើប្រាស់​ផែនទី​ខ្នាត​១/២០០.០០០ ពី​សម័យ​អាណានិគម​បារាំង​សម្រាប់​ការកំណត់​ព្រំដែន​ជាមួយ​កម្ពុ​ជាត​ទៀត។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ភាគី​ថៃ មិនអាច ប្រកាស​មិន​ទទួលស្គាល់​ផែនទី​ខ្នាត​១/២០០០០០ ដែល​ជា​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង ឆ្នាំ​១៩០៧ ជា​ឯកតោភាគី​បានទេ ព្រោះ​តាម​អនុសញ្ញា​ទីក្រុង​វីយែន ឆ្នាំ​១៩០៤ ច្បាប់​ស្ដីពី​សន្ធិសញ្ញា គឺ​គេ​តម្រូវ​ឲ្យ​យក​មរតក​របស់​អាណា​និគម គឺ​មរតក​របស់​បារាំង​យក​មក​ប្រើ​។ ថៃ​ក៏​មិនអាច​ប្រើ​ផែនទី​ខ្នាត​១/៥០.០០០ ដែល​គូស​ដោយ​ភាគី​ថៃ​ខ្លួន​ឯង​បាន​នោះ​ទេ។

លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា ថៃ​មិន​ទទួលស្គាល់​ផែនទី​ខ្នាត​១/២០០.០០០ ដែល​ជា​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង ឆ្នាំ​១៩០៧ គឺ វា​ផ្ទុយ​ទៅ​នឹង អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ស្ដីពី​ដែន​គោក​ដែល​គេ​តម្រូវ​ឲ្យ​ប្រើ ផែនទី​ខ្នាត​១/២០០.០០០ ហើយ​បើ​ថៃ​ចង់​ប្រើ ផែនទី​ខ្នាត​១/៥០០០០ គឺ​វា​ផ្ទុយ​ទៅ​នឹង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០០។

ជុំវិញ បញ្ហា​នេះ លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា បើសិនជា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នូវ​ប្រកាន់​ជំហរ​ទន់ជ្រាយ ពេលនោះ​ថៃ​នឹង​ប្រើ​ផែនទី​ខ្នាត​១/៥០.០០០ ហើយ​ទឹកដី​ខ្មែរ​ដែល​ថៃ​កំពុង​គ្រប់គ្រង​ចំនួន​៦២​ទីតាំង ថៃ​នឹង​មិន​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នោះ​ទេ។

លោក អ៊ុំ សំអាន៖ «កម្ពុជា​ត្រូវ​បញ្ឈប់​ចរចា​ទ្វេភាគី​ជាមួយ​ថៃ បើ​ថៃ​មិន​ទទួលស្គាល់​ផែនទី​ខ្នាត​១/២០០.០០០ ទៅ​ចរចា​ជាមួយ​ថៃ​ប្រាកដជា​ថៃ បង្ខំ​ឲ្យ​កម្ពុជា​ទទួលស្គាល់​ផែនទី​ខ្នាត​១/៥០០០០ របស់​ថៃ ហើយ​ទទួលស្គាល់​ទឹកដី​ខ្មែរ​ដែល​ថៃ​ឈ្លានពាន​ហ្នឹងហើយ»។

លោក អ៊ុំ សំអាន បន្ថែម​ទៀត​ថា កម្ពុជា​ត្រូវ​ប្រញាប់​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ប្ដឹង​ថៃ​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​ប្តឹង​ថៃ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ទម្លាក់​គ្រាប់បែក​មក​លើ​ប្រាសាទ លំនៅឋាន​ជន​ស៊ីវិល ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ផង​ដែរ។

ការ​អះអាង​របស់​ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា បន្ទាប់ពី នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul) បាន​ថ្លែង​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​បទសម្ភាសន៍​ក្រៅផ្លូវការ​មួយ​ថា រដ្ឋាភិបាល​ថៃ​លែង​ទទួលស្គាល់ និង​ប្រើប្រាស់​ផែនទី​ខ្នាត​១/២០០.០០០ ដែល​មាន​ប្រភព​ពី​សម័យ​អាណានិគម​បារាំង​សម្រាប់​ការកំណត់​ព្រំដែន​ជាមួយ​កម្ពុជា​ទៀតហើយ​។ ការប្រកាស​នេះ​ធ្វើឡើង​ក្រោយពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​បារាំង ជាទី​ដែល​លោក​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅ​ទីក្រុង​ប៉ារីស។

លោក អានុទីន ចាន់វីរៈគុល បាន​អះអាង​ថា បច្ចុប្បន្ន​ថៃ ប្រើប្រាស់​ផែនទី​ខ្នាត​១/៥០.០០០ ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​ភាគី​ថៃ​ខ្លួនឯង ហើយ​ចាត់ទុកថា​មាន​ភាព​ត្រឹមត្រូវ​ខ្ពស់​ជាង​ផែនទី​សម័យ​អាណានិគម​បារាំង​។ លោក​បាន​បញ្ជាក់​ថា មាត្រដ្ឋាន​១/២០០.០០០ ដែល​កម្ពុជា​យោង​ប្រើប្រាស់​សម្រាប់​កំណត់ព្រំដែន​នោះ “​លែង​មាន​ទៀត​ហើយ​” សម្រាប់​ភាគី​ថៃ ហើយ​ការអនុវត្ត​ផែនទី​បែបនេះ​មិន​ស្ថិត​ក្នុង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន​ឡើយ។

អ្នកសង្កេតការណ៍ អះអាង​ថា ការ​បដិសេធ​របស់​ថៃ​ចំពោះ​ផែនទី​ដែល​មាន​មូលដ្ឋាន​លើ​សន្ធិសញ្ញា​ប្រវត្តិសាស្ត្រ បើ​ពិនិត្យ​លើ​ផែនទី​ឯកតោភាគី​របស់​ថៃ​ខ្នាត ១/៥០.០០០ បាន​បង្ហាញថា ពួកគេ​បាន​បញ្ចូល​ទឹកដី​ខ្មែរ​ជាច្រើន​កន្លែង​នៅ​តំបន់​ព្រំដែន​ទៅ​ក្នុង​ផែនទី​នោះ ដែល​ភាគច្រើន​ជា​តំបន់​យុទ្ធសាស្ត្រ​សំខាន់ៗ​។ ផែនទី​ខា្នត ១/៥០.០០០ នេះ ក៏​ត្រូវ​បា​ប្រើ​ជា​ឧបករណ៍​ជំរុញ​ឲ្យ​កើត​កម្លាំង​ជាតិនិយម​ជ្រុល ដើម្បី​ឱ្យ​ពលរដ្ឋ​ថៃ​គិតថា​ទឹកដី​ខ្មែរ​ដែល​ត្រូវ​បាន​មេដឹកនាំ​ថៃ​ដាក់បញ្ចូល​ទៅ​ក្នុង​ផែនទី​នោះ​គឺជា​ទឹកដី​របស់​គេ។

ជុំវិញ​បញ្ហា​នេះ អ្នកសង្កេតការណ៍ លើកឡើង​ថា ផែនទី​ដែល​ថៃ​គូរ​ដោយ​ខ្លួនឯង​មិន​មាន​អន្តរជាតិ​ទទួល​ដឹង​លឺ​ឡើយ គឺ​ផែនទី​លេខ L៧០១៦ ផលិត​នៅ​ឆ្នាំ​១៩៧១ និង​ផែនទី​លេខ​L៧០១៧ ផលិត​នៅ​ឆ្នាំ​១៩៨៤ ដែល​ជា​ផែនទី​ទាំងនេះ​មាន​ខ្នាត ១/៥០.០០០​។ ផែនទី​ដែល​ភាគី​ថៃ​គូរ​ដោយ​ឯកតោភាគី​មាន​ខ្លឹមសារ​ផ្ទុយ​ពី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ទាំងស្រុង ជុំវិញ​ការកំណត់​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​នោះ។

កាលពី ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន លោក ឡាំ ជា ប្រាប់​ទៅ​ភាគី​ថៃ​ថា កម្ពុជា​បដិសេធ​យ៉ាង​ដាច់ខាត និង​មិន​ទទួលស្គាល់​ផែនទី​ដែល​ភាគី​ថៃ​បាន​គូស​ជា​ឯកតោភាគី។ កម្ពុជា​ប្រកាន់​យក​សន្តិភាព​និយម និង​ចង់​បាន​ព្រំដែន​មួយ​ប្រកបដោយ​សន្តិភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ភាគី​ថៃ ដោយ​ផ្អែកលើ​មូលដ្ឋាន​លិខិត​បទដ្ឋាន​គតិយុត្តិ និង​ផែនទី​ដែល​បាន​ឯកភាព​គ្នា ដូច​មាន​ចែង​ក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​(MOU) ឆ្នាំ​២០០០ ។ ក្នុង​អនុស្សរណៈ​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ប្រើប្រាស់​ផែនទី​មាត្រដ្ឋាន​១/២០០.០០០ ស្របតាម​ស្មារតី​នៃ​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៧ ដើម្បី​អនុវត្ត​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន។

អ្នកឃ្លាំមើល​សង្គម​អះអាង​ថា បើ​កម្ពុជា​បោះបង់​ផែនទី​ខ្នាត​១/២០០.០០០ ហើយ​ទទួលយក ផែនទី​ខ្នាត ១/៥០.០០០​របស់​ថៃ នឹង​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ខ្មែរ​។ ដូច្នេះ កម្ពុជា​គ្មាន​ជម្រើស​ណា​ល្អ​ជាង ការ​ប្តឹង​ថៃ ទៅ​តុលាការអន្តរជាតិ (ICJ) ដោយ​ប្រើ​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១០៩៤ និង​ឆ្នាំ​១៩០៧ ព្រមទាំង​ផែនទី​បារាំង​ខ្នាត​១/២០០.០០០ ស្ដីពី​ការ​កំណ​ព្រំដែន​គោក​កម្ពុជា​-​ថៃ នោះ​ទេ។

អ្នកឃ្លាំមើល​សង្គម បន្ថែម​ថា មូលដ្ឋាន​ភស្តុតាង​រឹងមាំ​របស់​កម្ពុជា គឺជា​ផែនទី​ឧបសម្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​១៩០៧ ដែល​គូរ​ដោយ​បារាំង​អំឡុង​ឆ្នាំ​១៩០៨ និង​ត្រូវ​បាន​តម្កល់​នៅ​សហរដ្ឋអាមេរិក​។ ផែនទី​ទាំងនោះ មាន​ចំនួន ១៨​ផ្ទាំង ដែល​មាន​ខ្នាត ១/២០០.០០០ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ