

អាជ្ញាធរពន្ធដារជប៉ុនទើបបើកកកាយករណីគេចពន្ធពាក់ព័ន្ធនឹងអគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងសេនដៃ (Sendai) ដែលត្រូវបានរកឃើញថា មិនបានប្រកាសចំណូលប្រមាណ៣៧០លានយ៉េន ឬស្មើប្រមាណ ២,៣លានដុល្លារអាមេរិក ពីមុខជំនួញប្រឹក្សាយោបល់ពាក់ព័ន្ធនឹងកម្ពុជា។ អគ្គកុងស៊ុលកិត្តិយសនោះ ជាជនជាតិជប៉ុន មានឈ្មោះ ស៊ឺស៊ឺមឹ តៃ (Susumu Tai)។ លោកក៏ជាទីប្រឹក្សារបស់លោក ហ៊ុន ម៉ាណែត។
សារព័ត៌មានជប៉ុន Yahoo Japan និង ANN News រាយការណ៍ថា បុគ្គលរូបនេះ មិនត្រឹមតែគេចពន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់យោបល់ដោយសម្ងាត់ដល់ក្រុមហ៊ុនជប៉ុនជាច្រើន អំពីវិធីលាក់ចំណូល និងគេចពន្ធផងដែរ។ អ្វីដែលធ្វើឲ្យករណីនេះកាន់តែធ្ងន់ធ្ងរ គឺសារព័ត៌មានជប៉ុនបានបង្ហើបថា មួយផ្នែកនៃប្រាក់ចំណូលទាំងនេះ ត្រូវបានបញ្ជូនត្រឡប់ទៅឲ្យរដ្ឋាភិបាលកម្ពុជា។
ទោះបីករណីនេះជាបទល្មើសពន្ធដារ មិនមែនជាបទល្មើសឆបោកតាមអនឡាញក៏ដោយ ប៉ុន្តែមូលដ្ឋានបញ្ហាវាហាក់ដូចគ្នាទាំងស្រុងទៅនឹងបញ្ហា “ឧកញ៉ា” នៅកម្ពុជា។ រដ្ឋាភិបាលកម្ពុជា តែងផ្តល់តួនាទីកិត្តិយស និងឋានៈការទូតដល់បុគ្គលមានប្រវត្តិសង្ស័យជាថ្នូរនឹងលុយ ឬទំនាក់ទំនងអាជីវកម្ម។ បន្ទាប់មក បុគ្គលទាំងនេះប្រើឈ្មោះ និងអំណាចរបស់រដ្ឋាភិបាលកម្ពុជា ជាខែលការពារ ដើម្បីប្រព្រឹត្តបទល្មើសហិរញ្ញវត្ថុនៅបរទេស។
ការដែលប្រាក់មួយផ្នែកត្រូវបានបញ្ជូនត្រឡប់ទៅរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យមានការសង្ស័យខ្លាំងថា អាចមានប្រព័ន្ធ ផ្តល់កម្រៃជើងសា។ នេះបង្ហាញថា អាជ្ញាធរកម្ពុជា អាចកំពុងទទួលផលប្រយោជន៍ដោយផ្ទាល់ ពីសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ដែលកើតឡើងនៅប្រទេសជប៉ុន។
ព័ត៌មាននេះកំពុងត្រូវបានមើលឃើញថា ជាឧទាហរណ៍ថ្មីមួយទៀត ដែលបង្ហាញថា ប្រព័ន្ធអំពើពុករលួយរបស់រដ្ឋាភិបាលកម្ពុជា កំពុងប៉ះពាល់ដោយផ្ទាល់ដល់សណ្ដាប់ធ្នាប់សេដ្ឋកិច្ច និងច្បាប់របស់ប្រទេសជប៉ុន។ ករណីនេះ ក៏ត្រូវបានគេមើលថា ជាភស្តុតាងបន្ថែម គាំទ្រខ្លឹមសារលិខិតដែលបានផ្ញើទៅរដ្ឋមន្ត្រីការបរទេសជប៉ុន លោក អ៊ីវ៉ាយ៉ា (Iwaya) អំពីបញ្ហាអំពើពុករលួយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុពាក់ព័ន្ធនឹងកម្ពុជា៕









