

ប្រជាពលរដ្ឋ និងកងទ័ពខ្មែរបានរម្លឹកខួបមួយឆ្នាំ នៃព្រឹត្តិការណ៍វាយប្រហាររបស់ទាហានថៃ មកលើលេណដ្ឋានរបស់ទាហានខ្មែរនៅតំបន់មុំបី បណ្ដាលឱ្យទាហានខ្មែរម្នាក់គឺព្រឹន្ទបាលឯក សួន រ៉ោន បានពលី ដែលជាការបើកឆាកនៃសង្គ្រាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍រម្លឹកខួបនេះ ប្រជាពលរដ្ឋខ្មែរបានបង្ហាញក្ដីឈឺចាប់ ចំពោះសកម្មភាពឈ្លានពានទាំងកំរោលរបស់យោធាថៃមកលើកម្ពុជា និងកាន់ទុក្ខចំពោះកងទ័ពខ្មែរចំនួនជាង១៤០នាក់ ដែលបានពលីក្នុងសមរភូមិប្រយុទ្ធ។
ថ្ងៃទី២៨ ខែឧសភា គឺជាខួប១ឆ្នាំ នៃការលួចបាញ់ប្រហាររបស់ទាហានថៃ មកលើពលទាហានខ្មែរម្នាក់ គឺព្រឹន្ទបាលឯក សួន រ៉ោន ក្នុងសង្គ្រាមមួយចម្អិនកំពឹសនៅព្រំដែនកម្ពុជា-ថៃ ក្នុងតំបន់មុំបី ខេត្តព្រះវិហារ។ ប្រជាពលរដ្ឋខ្មែរភាគច្រើនបានចងចាំឈ្មោះលោក សួន រ៉ោន ជាងឈ្មោះមេទ័ពកំពូលផ្កាយមាស៥ផុតលេខមួយចំនួនទៅទៀត ព្រោះការចងចាំនេះ គឺប្រៀបបានទៅនឹងការឆ្កឹះដំបៅរបស់ប្រជាពលរដ្ឋខ្មែរឱ្យឈឺចាប់ និងនឹកឃើញថ្ងៃដែលយោធាថៃបើកឆាកធ្វើសង្គ្រាមឈ្លានពានមកលើប្រទេសកម្ពុជាជាលើកដំបូង។
ក្នុងគម្រប់ខួបមួយឆ្នាំនេះ ប្រជាពលរដ្ឋ និងគណបក្សប្រឆាំងមួយចំនួន បានចែករំលែករូបភាពរបស់លោក សួន រ៉ោន ដោយភ្ជាប់នឹងសំណេររម្លឹកពីវិរៈភាព និងការឈឺចាប់ នៅថ្ងៃទាហានថៃបានចូលមកបាញ់ប្រហារសម្លាប់ទាហានខ្មែរដល់ក្នុងទឹកដីកម្ពុជា នៅតំបន់មុំបី ដែលជាថ្ងៃប្រជាពលរដ្ឋខ្មែរមួយប្រទេស បានទទួលដំណឹងដ៏តក់ស្លុតអំពីចំហាយសង្គ្រាមព្រំដែននៅក្នុងឆ្នាំ២០២៥។ នៅក្នុងសាររម្លឹកខួបមួយឆ្នាំនេះ ពលរដ្ឋ និងគណបក្សប្រឆាំងបានផ្ញើសារឱ្យមេដឹកនាំកម្ពុជា យកករណីរបស់លោក សួន រ៉ោន និងការឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិទៅតាមការសន្យា
ទាហានខ្មែរម្នាក់ ដែលកំពុងឈរជើងនៅតំបន់មុំបី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា នៅថ្ងៃគម្រប់ខួប១ឆ្នាំនៃការពលីរបស់លោក សួន រ៉ោន លោកបានរៀបចំសែនចេក បារី ចំណីអាហារ ដល់វិញ្ញាណខន្ធលោក សួន រ៉ោន និងមិត្តរួមអាវុធផ្សេងទៀត ដែលបានពលីការពារទឹកដីក្នុងសមរភូមិសង្គ្រាមឈ្លានពានរបស់យោធាថៃ។ លោកបន្តថា ក្រោយសង្គ្រាមព្រំដែនបានផ្អាក កងទ័ពខ្មែរភាគច្រើនមានការប៉ះទង្គិចផ្លូវចិត្តជាខ្លាំង ដោយសារការបាត់បង់មិត្តរួមអាវុធ និងទឹកដីត្រូវថៃដណ្ដើមយក ខណៈកងទ័ពជួរមុខ បានត្រឹមអោបកាំភ្លើង និងទទួលបញ្ជាពីថ្នាក់លើឱ្យរក្សាការអត់ធ្មត់ ដោយក្ដីឈឺចាប់។
ទាហានខ្មែរលោក សួន រ៉ោន អាយុ៤៨ឆ្នាំ គឺជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានពលីនៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។
ការផ្ទុះអាវុធនៅតំបន់មុំបីនេះ បានកើតឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសរៀបចំឯកសារដើម្បីដាក់ពាក្យបណ្តឹងប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ លើវិវាទព្រំដែនចំនួន៤ គឺតំបន់មុំបី ប្រាសាទតាមាន់តូច តាមាន់ធំ និងប្រាសាទតាក្របី។
យោធាថៃបានសេចក្ដីថ្លែងការណ៍ថា ដើមចមនៃការផ្ទុះអាវុធនេះ គឺបង្កឡើយដោយសារទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានថៃបានចូលទៅចរចា និងហាមឃាត់ ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃត្រូវបាញ់តបតការពារខ្លួនទៅវិញ។
ផ្ទុយពីការលើកឡើងនេះ ទាហានខ្មែរនៅតំបន់មុំបីបានអះអាងថា ការផ្ទុះអាវុធនេះ គឺបង្កឡើងដោយទាហានថៃ ដែលបានដើរល្បាតចូលក្នុងទឹកដីកម្ពុជា និងបើកការបាញ់ប្រហារមកលើទីតាំងលេណដ្ឋានរបស់កងទ័ពខ្មែរទាំងព្រលឹមអុល ទាំងដែលទាហានខ្មែរនៅមិនទាន់លុបមុខ និងមិនបានត្រៀមលក្ខណៈទុកមុននោះឡើយ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានអះអាងថា រដ្ឋាភិបាលកម្ពុជាបានបញ្ជូនសំណុំរឿងជម្លោះព្រំដែនរវាងកម្ពុជា និងថៃបញ្ជូនទៅតុលាការអន្តរជាតិ ICJ រួចហើយ។
លោក ជា ធីរិទ្ធ៖ «រឿងហ្នឹងតាំងពីដើមទីម្ល៉េះ គេបានយករឿងហ្នឹងទៅ ICJ រួចហើយ រដ្ឋាភិបាលបានធ្វើសមាជ រដ្ឋសភា និងព្រឹទ្ធសភាគេបានគាំទ្រដល់ការយកទៅ ICJ។ គេបានធ្វើនីតិវិធីហើយ»។
ទោះជាបែបនេះក្ដី ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន យល់ឃើញថា អស់រយៈពេលមួយឆ្នាំមកនេះ ការពលីរបស់ទាហានខ្មែរ និងប្រទេសកម្ពុជាទាំងមូល ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ នៅតែមិនទាន់ទទួលបានពន្លឺយុត្តិធម៌នៅឡើយ ដោយសារមេដឹកនាំកម្ពុជា មានគោលជំហរទន់ជ្រាយ និងគ្មានភាពច្បាស់លាស់ក្នុងការប្ដឹងថៃតាមយន្តការច្បាប់អន្តរជាតិ។
លោក អ៊ុំ សំអាន៖ «ដូច្នេះដោយសារតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត លាក់ព័ត៌មាន អត់មានសារព័ត៌មានឯករាជនិងសារព័ត៌មានធំៗនៅប្រទេសកម្ពុជា គឺជាបញ្ហាមួយដែរ ដែលធ្វើឱ្យថៃកេងចំណេញលើបញ្ហាហ្នឹង គេផ្សាយព័ត៌មានទាំងអស់ហ្នឹងទៅសហគមន៍ពិភពលោក និងអន្តរជាតិបានមុនកម្ពុជា»។
កាលពីថ្ងៃទី២០ ខែឧសភាប្រធានព្រឹទ្ធសភា ក្នុងតួនាទីជាប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន បានថ្លែងសារថា ការបាញ់សម្លាប់លោកព្រឹន្ទបាលឯក សួន រ៉ោន នៅតំបន់មុំបី នេះឯងទើបបណ្ដាលឱ្យមានការផ្ទុះអាវុធបន្តបន្ទាប់ ដែលថ្ងៃនោះជាថ្ងៃនៃការចងចាំនៃការឈ្លានពាន និងរំលោភបំពានរបស់ថៃមកលើអធិបតេយ្យភាពរបស់កម្ពុជាដោយខុសច្បាប់ ដែលប្រជាជនខ្មែរត្រូវតែចងចាំ។
ទោះជាយ៉ាងនេះក្ដី ទោះបីជាព្រឹត្តិការណ៍បាញ់ប្រហារនៅតំបន់មុំបី ត្រូវបានគេមើលឃើញថា ជាចំណុចចាប់ផ្ដើមនៃសង្គ្រាមព្រំដែនរវាងកម្ពុជា និងថៃក៏ពិតមែន ប៉ុន្តែសង្គ្រាមនេះកើតឡើងដោយរួមផ្សំនឹងជម្លោះឯកជនរវាងគ្រួសារមេដឹកនាំកម្ពុជារបស់លោក ហ៊ុន សែន និងគ្រួសារអតីតមេដឹកនាំថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអតីតបងប្អូនធម៌នឹងគ្នានេះផងដែរ។
យោធាថៃអះអាងថា ក្រោយធ្វើសង្គ្រាមតាមព្រំដែនជាមួយកម្ពុជា ភាគីថៃបានពលីទាហានចំនួន៤២នាក់ ប៉ុន្តែថៃទទួលជ័យជម្នះ និងបានចូលកាន់កាន់តំបន់ប្រាសាទបុរាណខ្មែរ តំបន់ជួរភ្នំដងរែក ទីតាំងយុទ្ធសាស្ត្រ និងតំបន់ទីប្រជុំជនរបស់កម្ពុជា សរុបជាង៤០០គីឡូម៉ែត្រការ៉េ។
ចំណែកភាគីកម្ពុជាវិញ ទាំហានខ្មែរបានអះអាងថា មានទាហានខ្មែរយ៉ាងហោចណាស់ ជាង១៤០នាក់បានពលីក្នុងសមរភូមិប្រយុទ្ធ និងមួយចំនួនបានបាត់ខ្លួន ខណៈសាកសពទាហានខ្មែរខ្លះទៀត បានខ្ទេចខ្ទីជាបំណែករាយប៉ាយនៅលើដី ហើយត្រូវទាហានថៃឈូសឆាយ និងចាក់ដីលុបកប់ចោល៕









