

ពលរដ្ឋ និងអ្នកឃ្លាំមើល ជំរុញឲ្យរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់លើមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូប និងវែកមុខអ្នកជាប់ពាក់ព័ន្ធផ្សេងទៀត ករណីប្រព្រឹត្តអំពើពុករលួយទារប្រាក់ពីពលរដ្ឋ។ ការលើកឡើងនេះ គឺក្រោយពីក្រសួងមហាផ្ទៃ ផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូបពាក់ព័ន្ធការយកលុយពីអ្នកដឹកក្រណាត់ ៩ពាន់ដុល្លារ។
ពលរដ្ឋ និងអ្នកឃ្លាំមើលខកចិត្តចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃដែលមិនដកតំណែងមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តស្វាយរៀង២រូបចេញពីក្របខណ្ឌរដ្ឋ និងបន្តនីតិវិធីផ្លូវច្បាប់។ ការមិនដាក់ទោសទណ្ឌធ្ងន់ធ្ងរ ធ្វើឲ្យពួកគាត់យល់ថា រដ្ឋាភិបាល និងស្ថាប័នមានអំណាចទាំងនោះកំពុងកាងការពារ និងចិញ្ចឹមអំពើពុករលួយបន្តក្នុងស្ថាប័ន ដើម្បីរកផលប្រយោជន៍ឲ្យអ្នកមានអំណាច ដោយជញ្ជក់ឈាមពីប្រជាពលរដ្ឋ។
ប្រតិកម្មនេះ កើតឡើងក្រោយពីក្រសួងមហាផ្ទៃ បានផ្អាកការងារមន្ត្រីនគរបាលសេដ្ឋកិច្ចនៅខេត្តស្វាយរៀង២រូបបណ្ដោះអាសន្ន រួមមាននាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត លោក ឈុន ឆាង និងនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក យ៉ន បូណាវី កាលពីថ្ងៃទី២៨ ខែសីហា។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា មន្ត្រីនគរបាលទាំងពីររូបនេះ បានប្រព្រឹត្តល្មើសបទវិន័យនគរបាលជាតិ បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបមួយពាក់ព័ន្ធការយកលុយចំនួន ៩ពាន់ដុល្លារពីអ្នកដឹកក្រណាត់កាលពីពេលថ្មីៗនេះ។
ចំណាត់ការនេះ ធ្វើឡើងបន្ទាប់ពីអាជីវកររកស៊ីក្រណាត់លោកស្រី សុខ រ៉ា រស់នៅភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានដាក់ពាក្យបណ្តឹងប្តឹងនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោក ឈុន ឆាង និងបក្សពួកទៅអគ្គស្នងការនគរបាលជាតិ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៧ ខែសីហា ពាក់ព័ន្ធការជំរិតទារប្រាក់ ៩០០០ដុល្លារ។
ក្រោយការបែកធ្លាយវីដេអូរាប់លុយរបស់បុរសម្នាក់ ឈ្មោះ សុខ ធន់ លើបណ្ដាញសង្គមពលរដ្ឋបានផ្ទុះការវែកញែកនិងរិះគន់ខ្លាំង ពីអំពើពុករលួយរបស់មន្ត្រីរាជការដែលឃុបឃិតគ្នាកេងចំណេញលើប្រជាពលរដ្ឋ។ ក្រោយមកនៅថ្ងៃទី២ ខែកញ្ញា សាលាដំបូងខេត្តស្វាយរៀង បានចេញដីកាបញ្ជាឲ្យ លោក សុខ ធន់ ដែលត្រូវបានគេស្គាល់ថា ជាមនុស្សជំនិត និងជាអ្នកបើកឡានឲ្យលោក ឈុន ឆាង ផងដែរចូលខ្លួន ដើម្បីសាកសួរ ពីបណ្តឹងព្រហ្មទណ្ឌពីបទ «កំហែងយក» តាមបណ្តឹងរបស់លោកស្រី សុខ រ៉ា។
នៅយប់ថ្ងៃទី២ កញ្ញា កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនលោក សុខ ធន់ នៅភោជនីយដ្ឋានមួយកន្លែង នៅក្រុងបាវិត ខេត្តស្វាយរៀង តាមដីកាបញ្ជាឲ្យចូលខ្លួន ដើម្បីសាកសួររបស់សាលាដំបូងខេត្តស្វាយរៀង។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់ទូរទស្សន៍អាស៊ីសេរីថា សំណុំរឿងពាក់ព័ន្ធអំពើពុករលួយនេះ មិនមែនជារឿងតូចតាច ដែលត្រឹមដាក់ទោសលើវិន័យប៉ុណ្ណោះទេ ប៉ុន្តែក្រសួងនិងស្ថាប័នពាក់ព័ន្ធត្រូវអនុវត្តច្បាប់លើមន្ត្រីខិលខូចទាំងនេះឲ្យបានតឹងរ៉ឹង និងស្វែងរកអ្នកពាក់ព័ន្ធបន្ថែមទៀតមកផ្ដន្ទាទោស។ លោកបន្តថា នេះ ជាករណីដដែលៗពាក់ព័ន្ធអំពើពុករលួយក្នុងស្ថាប័នរដ្ឋ ដោយសារមន្ត្រីមានអំណាចថ្នាក់កំពូល ក៏ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ដូចជា ការលើកបន្តុបក្រុមគ្រួសារក្នុងស្ថាប័នផ្សេងៗឲ្យកាន់អំណាច ដែលមិនមែនកើតចេញពីសមត្ថភាពពិតប្រាកដនោះទេ។ លោកថា ការមានទម្លាប់ពុករលួយពីថ្នាក់លើមក នោះវាមិនចម្លែកនោះទេ ដែលមន្ត្រីថ្នាក់ក្រោមហ៊ានប្រព្រឹត្តអំពើទាំងនេះជាលក្ខណៈប្រព័ន្ធ។
លោក ម៉ែន ណាត អះអាងទៀតថា អ្នកដែលរងគ្រោះនៅតែជាប្រជាពលរដ្ឋ ហើយករណីនៅខេត្តស្វាយរៀងនេះ គឺមានជាច្រើនបទល្មើស ប្រសិនបើរដ្ឋាភិបាលយកចិត្តទុកដាក់បង្ក្រាប។ លោកបន្ថែមថា មន្ត្រីម្នាក់ ឬពីរនាក់ មិនអាចក្លាហាន ហ៊ានប្រព្រឹត្តទង្វើនេះបានទេ ហើយលោកជឿជាក់ថា មន្ត្រីទាំងនោះ មានខ្នងបង្អែកដែលធំជាងនេះ ចូលរួមប្រព្រឹត្តទង្វើខ្វះក្រមសីលធម៌បែបនេះ។
លោក ម៉ែន ណាត៖ «អាអំពើពុករលួយនេះវាមិនមែនរឿងមួយករណី ពីរករណីចាត់វិធានការអស់ទេ បើសិនជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹង មិនស្អាតស្អំដូចតែគ្នាហ្នឹង។ ហើយដល់ពេលមិនស្អាតស្អំដូចតែគ្នាហ្នឹង វាមានរឿងស៊ុមគ្រលុំស៊ីសំណូកសូកប៉ាន់។ ហើយជាក់ស្ដែង ហើយយើងមើលដូចជាករណីរឿងបែកធ្លាយលក់ទិដ្ឋាការនៅក្រសួងការបរទេស អ៊ីចឹងហើយតម្លៃរាប់លានដុល្លារដែលខាងអង្គភាពប្រឆាំងអំពើពុករលួយថា រកឃើញប៉ុន្មាន លក់ទិដ្ឋាការហ្នឹងតម្លៃប៉ុន្មាន ៣ លានដុល្លារ។ វាអាចច្រើនជាងហ្នឹង ហើយមនុស្សមិនមែនតែមនុស្ស ២-៣ នាក់ហ្នឹងអាចជាប់ពាក់ព័ន្ធទេ វាមានមន្ត្រីជាន់ខ្ពស់ធំជាងហ្នឹងច្រើននាក់ទៀតដែលពាក់ព័ន្ធ។ ហើយនៅក្នុងសំណុំរឿងនៅខាងខេត្តស្វាយរៀងអញ្ចឹងដែរ គឺវាមានជំពាក់ជំពិនហើយ ឃុបឃិតស៊ីសំណូកសូកប៉ាន់ហ្នឹង»។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីឆ្លើយតបចំពោះការលើកឡើងនេះបានទេ នៅថ្ងៃទី៤ សីហានេះ ដោយទូរស័ព្ទចុចមិនចូល។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សមត្ថកិច្ចគួរបន្តនីតិវិធីស្វែងរកអ្នកពាក់ព័ន្ធដែលឃុបឃិតគ្នា និងលំហូរសាច់ប្រាក់ដែលបានកេងប្រវ័ញ្ចនោះថា បានចែកចាយទៅប្រភពណាខ្លះ ឲ្យដល់ឫសគល់នៃបញ្ហា ដើម្បីឲ្យប្រជាពលរដ្ឋស្ងប់ចិត្ត។ លោករិះគន់ចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយថា ហាក់មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ធូរលុង និងហាក់បក្សពួក គ្រួសារនិយម ដោយមិនស៊ើបអង្កេតទៅលើប្រាក់ចំណូលរបស់មន្ត្រីរាជការឲ្យបានត្រឹមត្រូវ ដើម្បីលុបបំបាត់អំពើពុករលួយពិតប្រាកដ។ លោកបន្តថា ការបាត់បង់នូវសារព័ត៌មានឯករាជ្យ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការចូលរួមពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្រោយរបបរបស់គ្រួសារត្រកូលហ៊ុន ធ្វើឲ្យមន្ត្រីរាជការទាំងនោះ លែងខ្លាចរអានឹងការប្រព្រឹត្តអំពើពុករលួយ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោក ស៊ឹង សែនករុណា៖ «ការងាររបស់ខាងអង្គភាពប្រឆាំងអំពើពុករលួយនេះហាក់ដូចជាធ្វើដោយមិនមានការបន្តនីតិវិធីដោយឱ្យមានការជឿជាក់បានទេ ហាក់ដូចជាធ្វើដោយចោះៗ ដោយលើក្រុមតែមន្ត្រីណាដែលខ្លួនចង់ធ្វើតែប៉ុណ្ណឹង។ ហើយបើបើសិនជាធ្វើឱ្យបានត្រឹមត្រូវមែនទែន ត្រូវត្រួតពិនិត្យទៅមើលលើមន្ត្រី លើតួនាទីរបស់អ្នកទាំងអស់ហ្នឹង ប្រាក់ខែប៉ុណ្ណឹងតើគាត់ហេតុអ្វីបានគាត់មានឡានទំនើបៗ មានវីឡា មានដីរាប់កន្លែង ជាទឹកប្រាក់រាប់សែនរាប់លានដុល្លារ? អាហ្នឹងត្រូវបើកការស៊ើបអង្កេតឱ្យបានច្បាស់ ហ្នឹងត្រូវមានវិធានការតាមផ្លូវច្បាប់ ហើយផ្ដន្ទាទោសតាមផ្លូវច្បាប់»។
ចំណែកប្រជាពលរដ្ឋនៅលើបណ្ដាញសង្គមវិញ ក៏បានបញ្ចេញមតិយោបល់វែកញែក និងរិះគន់លើចំណាត់ការរបស់រដ្ឋាភិបាល ថា ព្យាយាមចិញ្ចឹមមន្ត្រីពុករលួយ ហើយការអនុវត្តទោសមិនស្មើភាពគ្នាចំពោះពលរដ្ឋទូទៅ។
គណនីមួយឈ្មោះ Khmao Borey បានបញ្ចេញមតិយោបល់លើវីដេអូចាប់ខ្លួន លោក សុខ ធន់ ដែលជាអ្នករាប់លុយនោះថា មិនមែនបម្រើរាស្ត្រទេក្រេបជញ្ជក់ញើសឈាមរាស្ត្រ។
គណនីមួយឈ្មោះ Theary Thim លើកឡើងថា ដល់ពេលចាត់វិធានការពិតដោយស្មើភាព និងអនុវត្តន៍ច្បាប់តឹងរ៉ឹង កុំត្រឹមតែដូរកន្លែងបើនៅតែបែបនោះទោះបីរកថ្នាំពីឋានព្រះចន្ទក៏ព្យាបាលជម្ងឺពុករលួយមិនជាសះស្បើយដែរ។
រីឯ គណនីឈ្មោះ បង បុរី ស្នើឲ្យរដ្ឋាភិបាល សូមសើបអង្កេតមន្ត្រីកាន់តាមច្រកព្រំដែនទៀត គឺដេកយោលអង្រឹងយកលុយមិនដែលត្រួតពិនិត្យទំនិញចេញចូលនោះទេ។
កន្លងមកក៏ធ្លាប់មានករណីអំពើពុករលួយនេះកើតឡើងដែរ គឺពាក់ព័ន្ធនឹងអតីតមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស លោក ថូ សំណាង និងមន្ត្រីក្រោមឱវាទ ២នាក់ទៀត ដែលត្រូវបានចោទថា បានលួចយកទិដ្ឋាការប្រភេទ C និង CEX យ៉ាងហោចណាស់ ១ម៉ឺន ២ពាន់សន្លឹក ដើម្បីលក់ឱ្យក្រុមឧក្រិដ្ឋជនដែលប្រតិបត្តិការឆបោកតាមអនឡាញនៅកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋាភិបាលក្រុមគ្រួសារត្រកូល ហ៊ុន។
ពលរដ្ឋ និងអ្នកឃ្លាំមើលទទូចឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លុបបំបាត់អំពើពុករលួយពិតប្រាកដ ហើយស្ដារនូវប្រព័ន្ធអនុវត្តច្បាប់នៅកម្ពុជាឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់ និងស្មើភាពគ្នាលើមន្ត្រីខិលខូច និងពលរដ្ឋ។ ពួកគេទទូចឲ្យរដ្ឋាភិបាលដាក់ទោសទណ្ឌមន្ត្រីប្រព្រឹត្តបទល្មើសឲ្យបានធ្ងន់ធ្ងរ ដើម្បីផ្តល់ទំនុកចិត្តឲ្យពលរដ្ឋឡើងវិញ៕









