លោក ធី ថន និង​សកម្មជន​​២​នាក់​ផ្សេង​ទៀត​រង​ការ​ផ្ដន្ទាទោស ៧​ឆ្នាំ ពី​បទ «​រួមគំនិត​ក្បត់» ពាក់ព័ន្ធ​រឿង CLV

0
86
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន និង​សកម្មជន​នយោបាយ ២​នាក់​ទៀត ដាក់​ពន្ធនាគារ ម្នាក់ៗ ៧​ឆ្នាំ ក្រោម​បទចោទ​ប្រកាន់ «​រួមគំនិត​ក្បត់​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​- វៀតណាម CLV-DTA។ មេធាវី និង​សង្គម​ស៊ីវិល​ខកចិត្ត និង​ចាត់ទុក​ការសម្រេច​នេះ ថា ជា​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ពលរដ្ឋ សកម្មជន​នយោបាយ និង​សង្គម​ស៊ីវិល។

នៅ​ទីបំផុត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​០២ ខែកញ្ញា បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​ប្រធាន​ស្ដីទី​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន ឱ្យ​ជាប់​ពន្ធនាគារ រយៈពេល ៧​ឆ្នាំ ពី​បទ​«​រួមគំនិត​ក្បត់​» ដោយសារ​ការ​បញ្ចេញមតិ​រិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម CLV-DTA។ ចំណែក​សកម្មជន​នយោបាយ​ពីរ​នាក់​ទៀត គឺ​លោកស្រី ស៊ឹង គន្ធា និង លោក មាន ចាន់ថុន ក៏​ត្រូវ​បាន​តុលាការ​កាត់​ឱ្យ​មានទោស​ម្នាក់ៗ​៧ ឆ្នាំ​ដូចគ្នា នៅក្នុង​សំណុំរឿង​តែមួយ​នេះ​ដែរ។

លោកស្រី ស៊ឹង គន្ធា និង​លោក មាន ចាន់ថុន បាន​និយាយ​នៅ​ក្រោយ​ការប្រកាស​សាលក្រម ថា ពួកគាត់​មិនអាច​ទទួលយក​ការសម្រេច របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ទេ។

មេធាវី​ការពារ​ក្ដី​ឱ្យ​លោកស្រី ស៊ឹង គន្ធា និង លោក មាន ចាន់ថុន គឺ​លោក សឺន ជុំជួន ប្រាប់​ទូរទស្សន៍​នៅ​ថ្ងៃទី​០២ ខែកញ្ញា ថា កូនក្ដី​របស់​លោក មាន​គម្រោង​ប្ដឹង ទៅ​សាលាឧទ្ធរណ៍ ឱ្យ​ពិចារណា​ឡើងវិញ ចំពោះ​សេចក្ដីសម្រេច​របស់​សាលាដំបូង រាជធានី​ភ្នំពេញ។ លោក​មេធាវី​ថា ការ​បញ្ចេញមតិ​របស់​កូនក្ដី​លោក​នៅ​លើ​បណ្ដាញ​សង្គម​កន្លងមក គឺជា​យោបល់​ស្ថាបនា​សុទ្ធសាធ ហើយ​មិន​គួរ​មាន​កម្រិត​ទោស​ធ្ងន់ធ្ងរ រហូតដល់​ត្រូវ​រង​ការចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់​នោះ​ទេ។

លោក សឺន ជុំជួន៖ «អ៊ីចឹង​និយាយ​ជាមួយ​រួម​ទៅ​បទ​ហ្នឹង គឺ​វា​ធ្ងន់ធ្ងរ បើ​និយាយ​អង្គ ហេតុ វា​អត់​ចូល​នៅក្នុង​បទ​ចោទ​ហ្នឹង​ទេ អង្គហេតុ តាម​អ្វី​ដែល​យើង​សិក្សា​សំណុំរឿង​ហើយ​ការពិភាក្សា​ដេញដោល​ទៅ អង្គហេតុ​ហ្នឹង វា​អត់​ស្ថិត​នៅ​ក្នុង​បទ​ចោទ នៃ​ការ​រួម​គំនិត​ក្បត់ វា​អត់​ពាក់ព័ន្ធ»។

សកម្មជន​នយោបាយ លោកស្រី ស៊ឹង គន្ធា និង​លោក មាន ចាន់ថុន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង បញ្ជូន​ពី​ប្រទេស​ថៃ​មក​កម្ពុជា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤​។ រីឯ ប្រធាន​ស្ដីទី​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រា​ធានី​ភ្នំពេញ កាលពី​ខែ​សីហា ឆ្នាំ​២០២៤​។ តុលាការ​បាន ចោទប្រកាន់​ពួកគាត់​ពី​បទ «​រួមគំនិត​ក្បត់​» តាម​មាត្រា​៤៥៣ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​ពួកគាត់​រិះគន់​រដ្ឋាភិបាល​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម CLV-DTA។

ដោយ​បារម្ភ​ពី​ការបាត់បង់​ទឹកដី​កម្ពុជា ទៅកាន់​ប្រទេស​វៀតណាម ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ កម្ពុជា​-​ឡាវ​-​វៀតណាម CLV-DTA ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស កាលពី​ឆ្នាំ​២០២៤ បាន​នាំគ្នា​រិះគន់ និង​ធ្វើបាតុកម្ម​តវ៉ា​យ៉ាង​ផុសផុល ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត ដកខ្លួន​ចេញពី គម្រោង​នេះ​។ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​បារម្ភ​ថា​គម្រោង​នេះ ជា​ផែនការ​ដើម្បី​សម្រេច​មហិច្ឆតា​របស់​អតីត​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​របស់​វៀតណាម ដែល​ប្រើ​ឧបាយកល​លេប​យក​ទឹកដី​កម្ពុជា​ចំនួន ៤​ខេត្ត​នៅ​ភាគ​ឦសាន ក្រោម​រូបភាព​គម្រោង​អភិវឌ្ឍន៍ រួមមាន ខេត្ត​រតនគីរី មណ្ឌលគិរី ក្រចេះ និង​ខេត្តស្ទឹងត្រែង។

ក្រោយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង និង ក្រៅប្រទេស​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បានសម្រេច​លុបចោល​គម្រោង​អភិវឌ្ឍន៍​ត្រីភាគី​នេះ​វិញ ប៉ុន្តែ​តុលាការ មិន​ព្រម​ដោះលែង​ក្រុម​អ្នក ដែល​រិះគន់​ពី​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ CLV នោះ​ទេ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​តាមដាន​ករណីនេះ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការ​កាត់ទោស​ពលរដ្ឋ ដែល​សម្ដែង​មតិ កែ​លម្អ​បញ្ហា​សង្គម ឱ្យ​ជាប់ពន្ធនាគារ ធ្វើ​ឱ្យ​បាត់​ធាតុ​ផ្សំ​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម។

លោក អំ សំអាត កត់សម្គាល់​ថា សកម្មជន​នយោបាយ​ពីរ​រូប គឺ​លោកស្រី ស៊ឹង គន្ធា និង​លោក មាន ចាន់ថុន គ្រាន់តែ​ឆ្លើយ​ឆ្លងតាម​បណ្ដាញ​សង្គម ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ ដូច្នេះ ពុំគួរ​ជា​មូលហេតុ នៃ​ការ​កាត់ទោស​ក្នុង​បទ​«​រួមគំនិត​ក្បត់​»​ឡើយ។

រីឯ​ការ​កាត់ទោស លោក ធី ថន វិញ លោក អំ សំអាត លើកឡើង​ថា ជា​ការ​រឹតត្បិត​សេរីភាព​មូលដ្ឋាន​នៃ​អង្គការ​សង្គម​ស៊ីវិល ពីព្រោះ​លោក ធី ថន ដែល​ជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អនុវត្ត​គម្រោង​ការងារ​របស់​ខ្លួន តាម​លក្ខន្តិកៈ​ដែល​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ។

លោក អំ សំអាត៖ «បើ​យើង​មើលទៅ​ក្នុង​ការ​ជជែក​ដេញដោល ក្នុង​សវនាការ​កន្លង​មក​នេះ ចំពោះ ធី ថន វា​ហាក់ដូចជា មិន​មាន​ភស្តុតាង ឬក៏​សកម្មភាព​ណាមួយ ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ទាំងពីរ​ផ្សេងទៀត ក៏ដូចជា អ្នកដទៃ​សោះ ហើយ​ហាក់ដូចជា​មិន​មាន​ភស្តុតាង​កន្លែង​ណាមួយ ដែល​បង្ហាញថា ធី ថន បាន ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​។ អ៊ីចឹង​មានការ​សោកស្ដាយ​ចំពោះ​ការ​ផ្ដន្ទាទោស​ទៅ លើ​លោក ធី ថន»។

អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​បង្ហាញ​របាយការណ៍ កាលពី​ខែសីហា​ថា ក្នុង រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ មាន​ព្រឹត្តិការណ៍​ធំៗ​ពីរ ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន​ពលរដ្ឋ​ដ៏​ច្រើន​។ ព្រឹត្តិការណ៍​ធំៗ​ទាំងពីរ​នោះ គឺ​ការ​ប៉ះទង្គិច ដោយ​អាវុធ​នៅ​តាម​បណ្តោយ​ព្រំដែន កម្ពុជា​-​ថៃ ដែល​ចាប់ផ្ដើម​នៅ​ពាក់កណ្តាល ឆ្នាំ​២០២៥ និង ព្រឹត្តិការណ៍​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជុំវិញ​គម្រោង​តំបន់ ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) នៅក្នុង​ឆ្នាំ ២០២៤។

ព្រឹត្តិការណ៍​នៃ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដក​កម្ពុជា​ចេញពី​គម្រោង​តំបន់ត្រី​កោណអភិវឌ្ឍន៍​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV-DTA) នៅក្នុង​ឆ្នាំ​២០២៤​នោះ បណ្ដាល​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល ប្រើ​កម្លាំង​ចាប់ខ្លួន និង​ឃុំខ្លួន​ប្រជាពលរដ្ឋ​ជិត ១០០​នាក់។

មនុស្ស​មួយចំនួន​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ ក្រោយពេល​ត្រូវ​បាន​ឃាត់ខ្លួន និង​ឃុំខ្លួន​មួយ​រយៈ​ពេល​ខ្លី នៅក្នុង​ប៉ុស្តិ៍​នគរបាល និង​ពន្ធនាគារ​ក្រោយ​ពួកគេ​សរសេរ​លិខិត ឬ​ធ្វើ​វីដេអូ​សុំទោស​អ្នកដឹកនាំ​ប្រទេស ឬ​ព្រម​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។ រីឯ​មនុស្ស​មួយចំនួន ទៀត ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ​ក្នុង រយៈពេល​ដ៏​យូរ ដូចជា ករណី​ប្រធាន​ស្ដីទី​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក ធី ថន ព្រមទាំង សកម្មជន​នយោបាយ លោកស្រី ស៊ឹង គន្ធា និង​លោក មាន ចាន់ថុន នៅ​ពេល​នេះ ដោយសារតែ​ពួកគេ​នៅតែ​ប្រកាន់​ជំហរ​ថា​មិនបាន​ប្រព្រឹត្ត​កំហុស ក្បត់ជាតិ​ដូច​ការចោទប្រកាន់​របស់​រដ្ឋាភិបាល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ