ប្រពន្ធ​លោក ថាច់ សេដ្ឋា និង សាច់ញាតិ​អ្នកទោស​មនសិការ​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះលែង​គ្រួសារ មុន​ការបោះឆ្នោត

0
101
ទិដ្ឋភាពលោក ថាច់ សេដ្ឋា ​អនុប្រធានគណបក្សភ្លើងទៀន និងភរិយា លោកស្រី ថាច់ ចន្ធូ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពលោក ថាច់ សេដ្ឋា ​អនុប្រធានគណបក្សភ្លើងទៀន និងភរិយា លោកស្រី ថាច់ ចន្ធូ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រពន្ធ​លោក ថាច់ សេដ្ឋា និង សាច់ញាតិ​អ្នក​ទោស​នយោបាយ និង​មនសិការ​ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​គ្រួសារ​របស់​ពួកគេ និង បើក​លំហ​សេរីភាព​ពេញលេញ នៅមុន​ការបោះឆ្នោត​ខាងមុខ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ​ជឿជាក់​លើ​ការ​ប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល ដែល​បាន​សន្យា​អំពី​ការគោរព​សិទ្ធិមនុស្ស​។ សង្គម​ស៊ីវិល​លើកឡើង​ថា កាលៈទេសៈ​នេះ គួរតែ​ដល់ពេល​ហើយ ដែល​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ការប្រតិបត្តិ​ឆន្ទៈ​កែ​លម្អ​ឱ្យ​មាន​ដំណោះស្រាយ​សមស្រប ដើម្បី​ទទួល​បាន​ការ​ជឿ​ទុកចិត្ត ពី​ដៃគូ​អន្តរជាតិ។

ប្រពន្ធ​លោក ថាច់ សេដ្ឋា និង​សាច់ញាតិ​អ្នកទោស​មនសិការ លើកឡើង​ថា ប្រសិនបើ​រដ្ឋាភិបាល នៅតែ​មិន​ព្រម​ដោះលែង​គ្រួសារ​ពួកគាត់ ឱ្យ​មាន​សេរីភាព​ពេញលេញ​ទេ នោះ​សហគមន៍​អន្តរជាតិ​មិន​ជឿជាក់​លើ​ការបោះឆ្នោត​ឆ្នាំ​២០២៧ និង​ឆ្នាំ ២០២៨​ខាងមុខ​នេះ​ឡើយ​។ ពួកគាត់​ថា ការ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ អ្នកនយោបាយ​ក្រៅ​រដ្ឋាភិបាល និង ពលរដ្ឋ នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ប្រឈម​សម្ពាធ​បន្ថែម​ទៀត ទាំង​មុន​និង ក្រោយពេល​បោះឆ្នោត។

ប្រពន្ធ​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ខកចិត្ត​យ៉ាង​ខ្លាំង ដែល​រដ្ឋាភិបាល មិន​ព្រម​បន្ធូរ​បន្ថយទោស​ដល់​ប្ដី​លោកស្រី អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​។ លោកស្រី​ថា ជា​រឿង​ឈឺចាប់​បំផុត ដែល​ដាក់​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ក្នុង​ពន្ធនាគារ រហូតដល់​គ្រប់​រយៈពេល​កំណត់ ទើប​ដោះលែង ប៉ុន្តែ​បែរ​កាត់​បន្ថយទោស និង​ផ្ដល់​សេរីភាព​ឱ្យ​អ្នកទោស​ជួញដូរ​គ្រឿងញៀន​ធំៗ ជា​បន្តបន្ទាប់​ទៅវិញ។.

លោកស្រី​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៧ ខែសីហា​ថា កន្លងមក មេធាវី​ការពារ​ក្ដី ធ្លាប់​ស្នើ​សុំ​ឱ្យ​ដោះលែង​ប្ដី​លោកស្រី​ដែរ ប៉ុន្តែ​តុលាការ​បដិសេធ​ហើយ​ប្រាប់​ថា ប្ដី​លោកស្រី នឹង​ត្រូវ​ដោះលែង បន្ទាប់ពី​អនុវត្ត​ទោស​គ្រប់​ចំនួន​កំណត់ នៅ​ឆ្នាំ​២០២៧។

លោកស្រី ថាច់ សុខបូរ៉ានី៖ «រដ្ឋាភិបាល ថ្នាក់ដឹកនាំ​រាល់ថ្ងៃ​ហ្នឹង មិន​ថា​ប្ដី​ខ្ញុំ មិន​ថា​បងប្អូន​ស​ផ្សេងៗ ដែល​ពួកគាត់​អត់​មាន​កំហុស​អី ដោះលែង​ចេញ​មក ដើម្បី​បម្រើ​ជាតិ ដោយសារតែ​ជិត​បោះឆ្នោត​ហើយ ឱ្យ​ពួកគាត់​ចេញ​មក ដើម្បី​ធ្វើការ​ទាំងអស់គ្នា ដើម្បី​បម្រើ​ជាតិ​ទៅមុខ​ទាំងអស់គ្នា​អ៊ីចឹង​។ មិន​ថា​ប្ដី​ខ្ញុំ មិន​ថា​គ្រួសារ​ដ៏ទៃ​ទៀត ចេញ​មក​ទាំងអស់​ឱ្យ​មាន​សេរីភាព ដោយសារ​ពួកគាត់​អត់​មាន​ខុស​អី​ទេ»។

ចំណែកឯ​ប្រពន្ធ​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ តែងតែ​បង្ហោះ​រូបថត និង​សារ​លើ​បណ្ដាញ​សង្គម​ដោយ​ទាមទារ​ឱ្យ​តុលាការ​តុលាការ​ដោះលែង​ប្តី ដើម្បី​បាន​ជួបជុំ​គ្រួសារ​ឡើងវិញ ពីព្រោះ​ប្ដី​លោកស្រី បាត់បង់​សិទ្ធិ​សេរីភាព ៤​ខែ​ហើយ គិត​ត្រឹម​ថ្ងៃទី​៧ ខែ​សីហា​នេះ។

ខណៈ​គ្រួសារ​អ្នក​ទោស​នយោបាយ អ្នកទោស​មនសិការ និង​សង្គម​ស៊ីវិល ស្នើ​ម្ដង​ហើយ​ម្ដងទៀត​ឱ្យ​ដោះលែង​ជនរងគ្រោះ ដែល​កំពុង​ជាប់ពន្ធនាគារ ដោយ​ហេតុផល​នយោបាយ និង​ការអនុវត្ត​ការងារ​មនសិការ​នោះ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត តែងតែ​ឆ្លើយតប​បែប​ចំអក និង​ផ្គើន ដោយ​រដ្ឋាភិបាល​ស្នើ​ឱ្យ​លើកលែងទោស​ដល់​ឧក្រិដ្ឋជន​ធំៗ​ទៅវិញ។

ជាក់ស្ដែង កាលពី​ខែឧសភា លោក ហ៊ុន សែន ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋស្តីទី បានសម្រេច​លើកលែងទោស ដល់​បុរស​ជនជាតិ​បែលហ្ស៊ិក​ម្នាក់​ឈ្មោះ តង់​ហ្គី អេដឌី ជេ តាល់ឡែ​រ (Tanguy Eddie J. Taller) ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា ផ្ដន្ទាទោស​ដាក់ ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ការ​លើកលែងទោស​ឱ្យ​មេ​គ្រឿងញៀន​រូប​នេះ​ធ្វើ​ឡើង​ខណៈ​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ ជាង ១០០​នាក់ ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។

អ្នកឃ្លាំមើល​លើកឡើង​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យកចិត្ត​ទុក ដាក់​នឹង​ប្រជាពលរដ្ឋ និង ប្រទេសជាតិ រដ្ឋាភិបាល​ត្រូវ​ផ្ដោត​លើ​ការ​បើក​សេរីភាព ដល់​ក្រុម​អ្នក​ដែល​ការពារ​ប្រយោជន៍​ជាតិ ដោយ​មនសិការ​របស់​ពួកគេ។

ប្រពន្ធ​សកម្មជន​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី លើកឡើង​ថា គិតដល់​បច្ចុប្បន្ន ប្ដី​លោកស្រី បាត់បង់​សេរីភាព​ជាង ២​ឆ្នាំ​ហើយ ក្នុង​បុព្វហេតុ​ការពារ​បរិស្ថាន​ជាតិ សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។ លោកស្រី​ថា​មានតែ​ការ​ផ្ដល់​សេរីភាព​ឱ្យ​អ្នកទោស​មនសិការ​ទាំង​អស់​ទេ ទើប​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ ចាប់អារម្មណ៍​ជួយ​ប្រទេស​កម្ពុជា ដោយ​លោកស្រី​ថា អន្តរជាតិ​ដឹង​ច្បាស់ អំពី​ឆន្ទៈ និង​សកម្មភាព​ស្មោះត្រង់ របស់​អ្នកទោស​មនសិការ ចំពោះ​ផលប្រយោជន៍​ជាតិ។

លោកស្រី ប៉ាត់ រស្មី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៧ ខែសីហា ថា បើ​រដ្ឋាភិបាល​នៅតែ​បន្ត​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​បរិស្ថាន សកម្មជន​សង្គម សកម្មជន​សិទ្ធិមនុស្ស និង សកម្មជន​នយោបាយ នោះ​នឹង​ធ្វើ​ឲ្យ​អាប់ឱន​កេរ្តិ៍ឈ្មោះ​កម្ពុជា កាន់តែ​ខ្លាំង នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​កម្ពុជា​កំពុង​រង​ការរិះគន់​លើ​បញ្ហា​ជាច្រើន​ស្រាប់​ទៅ​ហើយ ក្នុង​ពេល​បច្ចុប្បន្ន។

លោកស្រី ប៉ាត់ រស្មី៖ «បើសិនជា​ដោះលែង​ពួកគាត់​នៅមុន​ការបោះឆ្នោត អាច​និយាយ​បាន​ថា ទី​១ រដ្ឋាភិបាល​ចាប់ផ្ដើម​មានការ​ផ្សះផ្សា​ជាតិ ហើយ​បើសិនជា មិន​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ទេ យើង​មើល​ឃើញ​ថា វា​អត់​ចំណេញ​ដល់ រាជរដ្ឋាភិបាល​ទេ ព្រោះ​អីយើ​ង​ដឹង​ហើយ​ថា សកម្មភាព​ពួកគាត់ ការពារ​ធនធាន ធម្មជាតិ​ហ្នឹង ដើម្បី​ប្រយោជន៍​រួម ដើម្បី​ប្រទេសជាតិ​យើង​ទាំងមូល​។ អ៊ីចឹង ការ​នៅ តែ​បន្ត​ឃុំខ្លួន​គាត់​ហ្នឹង ធ្វើ​ឱ្យ​អាប់ឱន​ដល់​មុខមាត់​រាជរដ្ឋាភិបាល នៅ​លើ​ឆាក​អន្តរជាតិ»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក​ប៉ែន បូណា បានទេ នៅ​ថ្ងៃទី៧ ខែ​សីហា។

ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី៧ ខែ​សីហា​ថា អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក នៅតែ​បន្ត​ទទូច​ឱ្យ​រដ្ឋាភិបាល ផ្ដល់​សេរីភាព​ដល់​អ្នកទោស​មនសិការ ដូច​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ នា​ពេល​ថ្មីៗ​នេះ​។ លោក​ថា កាលៈទេសៈ​នេះ គួរតែ​ដល់ពេល​ហើយ ដែល​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​ការប្រតិបត្តិ​ឆន្ទៈ​កែ​លម្អ​ឱ្យ​មាន​ដំណោះស្រាយ​សមស្រប ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ ឱ្យ​ប្រសើរ​ឡើងវិញ ដើម្បី​ទទួល​បាន​ការ​ជឿទុកចិត្ត ពី​ដៃគូ​អន្តរជាតិ។

លោក នី សុខា៖ «គេ​នឹង​ផ្ដល់​ការ​យកចិត្តទុកដាក់​បន្ថែម​ទៀត ក្នុង​ដំណើរការ បោះឆ្នោត​យើង​នៅពេល​ខាងមុខនេះ ប៉ុន្តែ​បើសិន​រាជរដ្ឋាភិបាល​មិន​មាន​ការ​ផ្លាស់ ប្ដូរ​ក្នុង​ការរៀបចំ​ដោះលែង​អ្នក​ទាំង​អស់ហ្នឹង​ទេ ហើយ​ស្ថានភាព​សិទ្ធិ​សេរីភាព នៅតែ​មាន​ការ​រួម​តូច​អ៊ីចឹង​។ ខ្ញុំ​គិតថា​នេះ វា​អាច​ជះឥទ្ធិពល​មិនល្អ​ដល់​រូបភាព នៃ​ការបោះឆ្នោត​ខាងមុខ​ដែរ»។

អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​ទូលាយ​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​ធានា​ការគោរព​សិទ្ធិ​នយោបាយ ខណៈ​ប្រទេស​កំពុង​ឈាន​ទៅ​រក​ការបោះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​២០២៨​។ លោក ថម អេនឌ្រូ ថែមទាំង​បាន​រំឭក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែតចំៗ​អំពី​ការ​រង​គ្រោះ​របស់​មនុស្ស​ជាង​១០០ នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ដោយសារ​ការប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួបជុំ ដោយ​សន្តិវិធី និង​សិទ្ធិ​បង្កើត​សមាគម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ