គ្រួសារ​ជនរងគ្រោះ ដែល​ថៃ​ចាប់ខ្លួន​នៅ​ដែនទឹក​ខេត្តកោះកុង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​

0
53
អ្នកនេសាទខ្មែរ​ទាំង៣នាក់ ដែលយោធាថៃចាប់​ពីដែនសមុទ្រកម្ពុជាពេលកំពុងនេសាទ កាលពីថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម
អ្នកនេសាទខ្មែរ​ទាំង៣នាក់ ដែលយោធាថៃចាប់​ពីដែនសមុទ្រកម្ពុជាពេលកំពុងនេសាទ កាលពីថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ​២០២៦។ រូប៖ បណ្ដាញសង្គម

គ្រួសារ​ជនរងគ្រោះ ដោយសារ កងទ័ពជើងទឹក​ថៃ ចាប់ខ្លួន តាំងពី​ខែកុម្ភៈ នៅ​លើ​ដែនសមុទ្រ​កម្ពុជា ក្នុង​តំបន់​កោះ​យ៉រ ខេត្តកោះកុង ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជួយ​អន្តរាគមន៍​ទាមទារ​ឱ្យ​ថៃ ដោះលែង ពលរដ្ឋ​ខ្មែរ​៣​នាក់ ឱ្យមាន​សេរីភាព​ឡើងវិញ​។ ការទាមទារ​ជាថ្មី​នេះ ក្រោយពី​អាជ្ញាធរ​កម្ពុជា ធ្លាប់​បាន​អះអាង​ថា អ្នក​ទាំង​៣​រូប​នោះ នឹង​ត្រូវ​បាន អាជ្ញាធរ​ថៃ ដោះលែង​នៅ​ថ្ងៃទី​៣០​ខែ កក្កដា ប៉ុន្តែ​មក​ទល់​ពេល​នេះ នៅតែ​គ្មាន​ដំណឹង។

រយៈពេល​ជិត​៧​ខែ​ហើយ ដែល​ប្រជា​នេសាទ​ខ្មែរ​៣​រូប ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​យក​ទៅ​ឃុំឃាំង​នៅ​ប្រទេស​ថៃ ដោយ​ចោទ​ថា ចូល​នេសាទ​លើ​ដែនសមុទ្រ​ថៃ ប៉ុន្តែ​ក្រសួង​ការបរទេស​កម្ពុជា បំភ្លឺ​ថា ភាគី​ថៃ​ទេ ដែល​រំលោភ​ដែនសមុទ្រ​កម្ពុជា និង​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ដោយ​ខុសច្បាប់។

ប្អូនស្រី​ជនរងគ្រោះ ឈ្មោះ ងឹម រដ្ឋ គឺ​កញ្ញា ងឹម គឹមឡាយ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៣ ខែ​សីហា​ថា កញ្ញា​សោកស្ដាយ និង​អាណិត​ស្រណោះ បងប្រុស​ជា​ខ្លាំង ត្រូវ​បាន​ថៃ ចាប់ខ្លួន យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​ឯ​ប្រទេស​ថៃ ដោយ​ពុំបាន​ដំណឹង ពី​សុខទុក្ខ​សោះ​។ បងប្រុស កញ្ញា ជា​កម្មករ នេសាទ​ឱ្យ​ថៅកែ ម្នាក់​នៅ​ខេត្តកោះកុង​ឈ្មោះ យ៉ន មុត អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​រកលុយ​ផ្គត់ផ្គង់​គ្រួសារ និង​ឧបត្ថម្ភ ឱ្យ​កញ្ញា​ទៅ​រៀន។

ប៉ុន្តែ​ចាប់តាំងពី​បងប្រុស​ត្រូវ​បាន ថៃ​ចាប់ខ្លួន​មក​គ្រួសារ កញ្ញា ជួប​ការ​លំបាក ព្រោះ​គ្មាន​អ្នករក​ចំណូល ខណៈ​ដែល​ឪពុកម្ដាយ​ក៏​ចាស់ៗ​អស់​ទៅ​ហើយ។ កញ្ញា​រំលឹក​ថា កាលពី​ខែកក្កដា គ្រួសារ​កញ្ញា​សប្បាយចិត្ត​ជា​ខ្លាំង នៅ​ពេល​ដែល មាន​សារព័ត៌មាន​ក្នុងស្រុក​ផ្សព្វផ្សាយ​អំពី​ការ​ដោះលែង​បងប្រុស​កញ្ញា និង​សមាជិក​២​នាក់​ទៀត នៅ​ថ្ងៃទី​៣០ ខែកក្កដា ប៉ុន្តែ​មក​ទល់​ពេល​នេះ​ហើយ នៅតែ​គ្មាន ដំណឹង​សោះ ពី​ការ​ដោះលែង​នេះ​។ កញ្ញា​ស្នើ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ទាមទារ​ឱ្យ​ភាគី​ថៃ​ដោះលែង​អ្នក​ទាំង​៣​រូប ឱ្យ​មាន​សេរីភាព​វិញ​ដើម្បី​ជួបជុំ​គ្រួសារ។

កញ្ញា ងឹម គឹមឡាយ៖ «សូម​ឲ្យ​ខាង​អាជ្ញាធរ​ខ្មែរ​យើង​ជួយ​ដោះស្រាយ​រឿង​ហ្នឹង ឲ្យ​បងប្រុស​ខ្ញុំ​គាត់​ឆាប់​ត្រឡប់​មក​ផ្ទះ​វិញ​ឆាប់ៗ​មក ព្រោះថា​អី គ្រួសារ​បាត់បង់​គាត់​ចូល​ជិត​ច្រើន​ខែ​ដែរ​ហើយ​បង ហើយ​មានការ​ព្រួយបារម្ភ​ពី​សុខទុក្ខ​គាត់ សុខភាព​គាត់ មិនដឹង​ម៉េច​ម៉ា ព្រោះ​អីយើ​ង​អត់​បាន​ទទួល​ព័ត៌មាន​ពី​គាត់​បន្តិច​សោះ​។ បានតែ​សំបុត្រ​ម្ដង​ហ្នឹង ហើយ​យើង​អត់​ច្បាស់​ដូចដែល​យើង​បាន​និយាយ​ជាមួយ​គាត់​ផ្ទាល់មាត់​។ ចង់​ឲ្យ​គាត់​ជួយ​ដោះស្រាយ​បញ្ហា​ហ្នឹង​ឲ្យ​បាន​បងប្រុស​ខ្ញុំ​ត្រឡប់​មក​ផ្ទះ​ឆាប់ៗ​ណា៎​បង​..»។

ប្រជា​នេសាទ​ខ្មែរ ទាំង​៣​រូប ដែល​ថៃ​ចាប់ខ្លួន កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ មានឈ្មោះ ភាព ងឹម រដ្ឋ និង ចាន់នា។ អាជ្ញាធរ​ថៃ បាន​ចោទ​អ្នក​ទាំង​៣ ថា «​ចូល​ដែនទឹក​ថៃ និង​នេសាទ​ខុសច្បាប់​»​។ ភ្លាមៗ​នោះ ក្រសួងការបរទេស​កម្ពុជា ថ្កោលទោស ភាគី​ថៃ ដែល​ចាប់ ពលរដ្ឋ​ខ្មែរ​៣​នាក់ លើ​ដែន​អធិបតេយ្យ​កម្ពុជា និង​ទាមទារ​ឱ្យ​ថៃ ដោះលែង​ជាបន្ទាន់​។ ប៉ុន្តែ ចាប់តាំងពី​កម្ពុជា​បាន​ចេញ​សេចក្ដីប្រកាស ជា​ផ្លូវការ​រួចមក គេ​ហាក់​ពុំ​សូវ​ឮ​រដ្ឋាភិបាល និង​អាជ្ញាធរ​និយាយ​អំពី​ករណី​ទាំងនេះ​នៅ​លើ​ឆាក់​អន្តរជាតិ និង តាម​បណ្ដាញ​សង្គម​នានា​នោះ​ទេ ដែល​ធ្វើ​ឱ្យ​គ្រួសារ ជនរងគ្រោះ ព្រួយបារម្ភ ពី​សុវត្ថិភាព និង​មាន​អារម្មណ៍​ថា ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវ​បាន​រដ្ឋាភិបាល​ទុកចោល។

កាលពី​ថ្ងៃទី​១៤ ខែ​កក្កដា អ្នកនាំពាក្យ​ស្ដីទី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា លោក ចាន់ រតនា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា តុលាការខេត្ត​ត្រាត ប្រទេស​ថៃ បាន​កាត់ទោស​អ្នកនេសាទ​ខ្មែរ​២​នាក់ ឱ្យ​ជាប់ពន្ធនាគារ ៤​ខែ ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ ៩​ម៉ឺន​បាត ឬ​ស្មើ​១០​លាន​រៀល និង​អ្នក​បើកទូក​នេសាទ​ម្នាក់ ឱ្យ​ជាប់ពន្ធនាគារ ១​ឆ្នាំ ៤​ខែ និង​ពិន័យ​ជា​ប្រាក់​ជាង ១២​ម៉ឺន​បាត ឬ​ស្មើ​១៤​លាន​រៀល ក្រោម​បទ​ចោទ «​ចូល​ដែនទឹក​ថៃ និង​នេសាទ​ខុសច្បាប់។

ទន្ទឹមគ្នា​នោះ​លោក ចាន់ រតនា ក៏បាន​បញ្ជាក់​ថា អាជ្ញាធរ​ថៃ​នឹង​ដោះលែង​ពលរដ្ឋ​ខ្មែរ​ទាំង ៣​រូប នៅ​ថ្ងៃទី​៣០ ខែកក្កដា បន្ទាប់ពី​មន្ត្រី​កុងស៊ុល​កម្ពុជា បាន​ចូល​សួរសុខទុក្ខ និង​ស្នើសុំ​ឱ្យ​មាន​ការ​ដោះលែង​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ អាជ្ញាធរ​ថៃ​ពុំបាន ដោះលែង​នោះ​ឡើយ​។​

ទូរទស្សន៍​អាស៊ីសេរី បាន​ទាក់ទង​អ្នកនាំពាក្យ​ស្ដីទី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា លោក ចាន់ រតនា ដើម្បី​បញ្ជាក់​បន្ថែម ជុំវិញ​រឿង​នេះ​ដែរ នៅ​ថ្ងៃទី​១៣ ខែសីហា ប៉ុន្តែ​លោក​បដិសេធ​មិន​ឆ្លើយ ដោយ​ថា ជាប់រវល់។

ជុំវិញ​រឿង​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស និង​ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក យិន ម៉េងលី យល់ថា នៅក្នុង​ច្បាប់ ពលរដ្ឋ​ខ្មែរ មិន​ថា​ទៅ​ទីណា​នោះ​ទេ​រដ្ឋាភិបាល​ត្រូវតែ​យកចិត្តទុកដាក់ និង​តាមដាន​លើ​ករណី​ពួកគាត់​ឱ្យ​បាន​ដិតដល់ នៅពេ​ល​ដែល​ពួកគាត់​មាន​បញ្ហា​មួយចំនួន ដូចជា ករណី​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​បាន​កងទ័ព​ថៃ​ចាប់ខ្លួន​នៅ​ខេត្តកោះកុង យក​ទៅ​ឃុំខ្លួន​នៅ​ប្រទេស​ថៃ​ជាដើម។

លោក​បញ្ជាក់​ថា​ករណីនេះ អាជ្ញាធរ និង​មន្ត្រី​កុងស៊ុល​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ថៃ ត្រូវ​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព ជូន​ដល់​គ្រួសារ និង​មហាជន​ឱ្យ​បាន​ញឹកញាប់​។ ទន្ទឹមគ្នា​នោះ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​តវ៉ា និង​ធ្វើ​កិច្ច​អន្តរាគមន៍ ទៅកាន់​ភាគី​ថៃ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង ព្រោះ ក្រសួងការបរទេស​ក៏បាន​បញ្ជាក់​ហើយ​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​នោះ លើ​ដែនសមុទ្រ​កម្ពុជា ដូច្នេះ​ពួកគាត់​គ្មាន​កំហុស ដូច​ការ​ចោទប្រកាន់ របស់​អាជ្ញាធរ​ថៃ​នោះ​ទេ។

លោក យិន ម៉េងលី៖ «រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ព័ត៌មាន​ត្រឡប់ បាទ មកដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ ដើម្បី​ឲ្យ​ពួកគាត់​ដឹង ទោះបីជា​លទ្ធផល​វិជ្ជមាន​ក្តី អវិជ្ជមាន​ក្ដី ព្រោះ​កាលណា​ក្រុម​គ្រួសារ ទទួល​ព័ត៌មាន​ពី​ការ​ដោះលែង ហើយ​មិនឃើញ​ការ​ដោះលែង គាត់​តែងតែ​បារម្ភ នេះ​ជា​រឿង​ធម្មតា​ទេ បាទ​។ អ៊ីចឹង ត្រូវតែ​ផ្ដល់​ព័ត៌មាន​ត្រឡប់ ហើយ​បើសិន​ជា​មាន​បញ្ហា​អ្វី ត្រូវតែ​ជំរុញ​បន្ថែម​ទៀត ឬក៏​សាកសួរ​ទៅ​ខាង​រដ្ឋាភិបាល​ថៃ ដើម្បី​ឲ្យ​បំភ្លឺ​បញ្ហា​នេះ​ត្រឡប់មកវិញ បាទ»។

ករណី​ថៃ​ចូលចាប់​ពលរដ្ឋ​ខ្មែរ​នៅ​លើ​ដែនសមុទ្រ​កម្ពុជា ទៅ​ឃុំ​នៅ​ប្រទេស​ថៃ តាម​អំពើ​ចិត្ត​នេះ គឺ​ស្របពេល​កម្ពុជា និង​ថៃ កំពុង​មាន​ជម្លោះ​តាម​ព្រំដែន អស់​ជាង​១​ឆ្នាំ​ហើយ​។ អ្នកឃ្លាំមើល​យល់ថា ទង្វើ​ឈ្លានពាន និង​រំលោភបំពាន​របស់​ថៃ​នេះ ជា​ការ​ឆ្លុះបញ្ចាំង ឱ្យ​ឃើញ​ពី​ភាព​កម្សោយ​លើ​វិស័យ​ការពារ​ជាតិ និង​អសមត្ថភាព​នៃ ការដឹកនាំ​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​មិន​អាច​ការពារ សុវត្ថិភាព​ជូន​ពលរដ្ឋ និង ថែមទាំង​ទុក​ពលរដ្ឋ​ចោល​ឱ្យ​ជាប់ពន្ធនាគារ នៅ​ក្រៅ​ប្រទេស។

បន្ថែម​ពីលើ​នោះ ពលរដ្ឋ និង​អ្នកឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល​ត្រូវតែ​ប្រើ​យន្តការ​ច្បាប់ ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ច្បាស់លាស់ និង​ត្រូវ​ប្រមូល​ភស្តុតាង​ដើម្បី​បង្ហាញ​ដល់ សហគមន៍​អន្តរជាតិ​ចំពោះ​ទង្វើ​ខុសច្បាប់​របស់​ថៃ ដូចជា​ការ ចាប់​ជន​ស៊ីវិល​ខ្មែរ ដាក់គុក​ជាដើម​។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ រដ្ឋាភិបាល មិន​ប្រឹងប្រែង ការពារ​សុវត្ថិភាព​ពលរដ្ឋ និង​អធិបតេយ្យ ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ ភាគី​ថៃ​នឹង​បន្ត​គំរាមកំហែង និង​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​តាម​អំពើ​ចិត្ត​ដូច​បច្ចុប្បន្ន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ