សារព័ត៌មាន​អន្តរជាតិ​បន្ត​បង្ហាញ​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​អនឡាញ​នៅ​តំបន់​អូរស្មាច់

0
111
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ រូប៖ ទទក
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ រូប៖ ទទក

ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​បន្ត​រាយការណ៍​អំពី​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អូរស្មាច់ ខេត្តបន្ទាយមានជ័យ ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​អ្នកជំនួញ​ឧកញ៉ា​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន​។ ស្របគ្នា​នេះ តំបន់​អូរស្មាច់​កម្ពុជា​បច្ចុប្បន្ន ក៏ត្រូវ​បាន​យោធា​ថៃ​ឈរជើង​កាន់កាប់​យ៉ាង​រឹងមាំ បន្ទាប់ពី​បើក​ការវាយប្រហារ​ឈ្លានពាន​បាន​ពី​កម្ពុជា​។ អ្នកឃ្លាំមើល​រិះគន់​ថា ការ​បរាជ័យ​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​បាន​ធ្វើ​ឱ្យ​ប្រជាជន​ខ្មែរ​ទាំងមូល​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ និង​ថែម​ទាំង​បង្កើត​ឱកាស​ឱ្យ​ភាគី​ថៃ​ប្រើ​លេស ដើម្បី​ឈ្លានពាន​ទឹកដី​កម្ពុជា។

ទីភ្នាក់ងារ​សា​ព័ត៌មាន​រ៉យទ័រ (Reuters) នៅ​ថ្ងៃទី​១៥ ខែកក្កដា បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើបអង្កេត​មួយ​ដោយ​បង្ហាញ​ពី​ទីតាំង​អគារ​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​នៅ​តំបន់​អូរ​ស្មាច់​ដែលមាន​ម្ចាស់​កម្មសិទ្ធិ​គ្រប់គ្រង​ដោយ​អ្នកជំនួញ​ខ្មែរ​មាន​ងារ​ជា​អ្នក​ឧ​កញ្ញា​គឺ​លោក លឹម ហេង​។ របាយការណ៍​នោះ​ក៏បាន​រៀបរាប់ និង​បង្ហាញ​ភស្តុតាង​ទិដ្ឋភាព​ខាងក្នុង​អគារ​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហៀ​ល (Royal Hil) របស់​លោក លឹម ហេង ដែល​ត្រូវ​បាន​កែប្រែ​ជា​ជា​ស្ថានីយ​ប៉ូលិស​ក្លែងក្លាយ ការិយាល័យ​ធនាគារ​ជាច្រើន និង​បន្ទប់​បុគ្គលិក​អង្គុយ​ធ្វើ​ការងារ​ឆបោក​តាម​អនឡាញ​ទៅលើ​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក។

របាយការណ៍​ស៊ើបអង្កេត​របស់​ទីភ្នាក់ងារសារព័ត៌មាន រ៉យ​ទ័រ (Reuters) បាន​រកឃើញ​ថា ក្រុមហ៊ុន លឹម ហេង គ្រុប (Lim Heng Group) របស់​អ្នកឧកញ៉ា លឹម ហេង បាន​ចុះ​កិច្ចព្រមព្រៀង​ជួល​អគារ​ចំនួន ៣ ក្នុង​នោះ​ក៏​មាន​អគារ​កាស៊ីណូ រ៉ូយ៉ាល់ ហៀល (Royal Hill Casino Resort) នៅ​តំបន់​អូរស្មាច់​ទៅ​ឱ្យ​ជនជាតិ​ចិន តាំងពី​ខែមីនា ឆ្នាំ​២០២៤ ក្នុង​តម្លៃ​ជួល​ចំនួន ២០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

ទោះជា​យ៉ាងណា ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​មិនបាន​រក​ឃើញ​ភស្តុតាង​ណាមួយ​ដែល​បង្ហាញថា ក្រុមហ៊ុន លឹម ហេង គ្រុប (Lim Heng Group) ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​នៅក្នុង​ការ​ជួញដូរ​មនុស្ស និង​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អូរស្មាច់ឡើយ។ យោធា​ថៃ បាន​ហៅ​ភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ​មួយ​នេះ​ចុះទៅ​ថត​ទិដ្ឋភាព​អគារ​នៅ​តំបន់​អូរ​ស្មាច់​តាំងពី​អំឡុង​ខែមីនា បន្ទាប់ពី​បើក​ការវាយប្រហារ​ឈ្លានពាន​បាន​កាលពី​ចុងឆ្នាំ​២០២៥។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ថា របាយការណ៍​កិច្ចសន្យា​ជួល​អគារ​ទាំងនោះ​គឺជា​រឿង​មិន​ពិត និង​ថ្កោលទោស​ប្រទេស​ថៃ​ចំពោះ​ការវាយប្រហារ​ឈ្លានពាន​លើ​ហេដ្ឋារចនា​សម្ពន្ធ​ស៊ីវិល​កម្ពុជា។

ទាក់ទង​នឹង​រឿង​ដែរ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍ នៃ​អង្គការ​សង់​ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ចាត់ទុក​ការដឹកនាំ​របស់​ក្រុម​យោធា​ថៃ​នាំ​អ្នកសារព័ត៌មាន​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​នេះ​គឺជា​ទង្វើ​ខុសច្បាប់​។ លោក​ថា ថ្វី​ត្បិត​ទីតាំង​អូរស្មាច់​ធ្លាប់​រង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​អនឡាញ​ក៏ដោយ ប៉ុន្តែ​រាល់​ភស្តុ​ង​ដែល​បង្ហាញ​ចុង​ក្រោយ​គឺ​ទំនង​កើត​ចេញ​ពី​ការរៀបចំ​ដោយ​យោធា​ថៃ និង​ពុំ​មាន​ការ​ផ្ទៀងផ្ទាត់​ជាក់ស្ដែង​ណាមួយ​នៅឡើយ។

លោក ឌី ថេហូយ៉ា ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ថ្កោលទោស​ចំពោះ​ការ​បង្ហាញ​ភស្ដុតាង​ដែល​កើត​ចេញ​ពី​អំពើ​ឈ្លានពាន​របស់​យោធា​ថៃ​។ ទន្ទឹម​គ្នា​នេះ លោក​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើបអង្កេត​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​ជួល​អគារ​ឱ្យ​ឧក្រិដ្ឋជន​ដំណើរការ​អំពើ​ឆបោក​តាម​អន​ឡាញ ដើម្បី​រួមចំណែក​ស្ដារ​មុខមាត់​កម្ពុជា​ដែល​កំពុង​រង​ភាព​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ។ «»

អគារ​កាស៊ីណូ រ៉ូយ៉ាល់ ហៀ​ល (Royal Hill Casino Resort) របស់​លោក លឹម ហេង នៅ​តំបន់​អូរស្មាច់ ស្ថិតនៅ​មិន​ឆ្ងាយ​ពី​តំបន់​រមណីយដ្ឋាន​អូរ​ស្មាច់​របស់​លោក លី យ៉ុងផាត់ ឡើយ​។ ផ្នែក​ខ្លះ​នៃ​សំណង់​អគារ​កាស៊ីណូ​នៅ​តំបន់​នោះ​ត្រូវ​បាន​យោធា​ទម្លាក់​គ្រាប់បែក​កម្ចេច​កាលពី​អំឡុង​សង្គ្រាម​ឈ្លានពាន​កម្ពុជា​លើក​ទី​២ ក្នុង​ខែធ្នូ ឆ្នាំ​២០២៥​។ មុន​យោធា​ថៃ​ទម្លាក់​គ្រាប់បែក​អគារ​កាស៊ីណូ រ៉ូយ៉ាល់ ហៀ​ល របស់​លោក លឹម ហេង និង​តំបន់​រមណីយដ្ឋាន​អូរស្មាច់​របស់​លោក លី យ៉ុងផាត់ ត្រូវ​បាន​រាយការណ៍​ថា ជា​សម្បុក​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ជាទី​កន្លែង​រំលោភសិទ្ធិ​មនុស្ស​ដ៏​អាក្រក់​។ ក្រៅ​ពី​នេះ ក្រុម​ឧក្រិដ្ឋជន​បាន​ល្បួង​បោក​បញ្ឆោត​ជនរងគ្រោះ និង​ជួញដូរ​ពួកគេ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ និង​បង្ខាំង​ធ្វើ​ទារុណកម្ម ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​តាម​អនឡាញ។

បច្ចុប្បន្ន​តំបន់​អគារ​កាស៊ីណូ រ៉ូយ៉ាល់ ហៀ​ល (Royal Hill Casino Resort) របស់​លោក លឹម ហេង និង​តំបន់​រមណីយដ្ឋាន​អូរ​ស្មាច់​របស់​លោក លី យ៉ុងផាត់ ត្រូវ​បាន​បោះបង់ចោល បន្ទាប់ពី​យោធា​ថៃ​បាន​ឈ្លានពាន​ចូលកាន់​កាប់​។ ចាប់តាំងពី​ដើមឆ្នាំ​២០២៦ មក ក្រុម​យោធា​ថៃ​បាន​ដឹកនាំ​ក្រុម​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដោយ​ឯកតោភាគី​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​ដោយ​ខុសច្បាប់ ដើម្បី​ឱ្យ​ចូល​លុកលុយ និង​លាតត្រដាង​ពី​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​នៅ​តំបន់​អូរស្មាច់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ