លោក ហ៊ុន សែន លើកលែងទោស​ឱ្យ​ជនជាតិ​បែលហ្ស៊ិក ដែល​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំរឿង​គ្រឿងញៀន​ឆ្លងដែន

0
12
ជនជាតិ​បែលហ្ស៊ិក លោក តង់ហ្គី អេដឌី ជេ តាល់ឡែរ (Tanguy Eddie J. Taller) ឧក្រិដ្ឋជនគ្រឿងញៀន (ឆ្វេង) និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ រូប៖ បណ្ដាញសង្គម
ជនជាតិ​បែលហ្ស៊ិក លោក តង់ហ្គី អេដឌី ជេ តាល់ឡែរ (Tanguy Eddie J. Taller) ឧក្រិដ្ឋជនគ្រឿងញៀន (ឆ្វេង) និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ រូប៖ បណ្ដាញសង្គម

លោក ហ៊ុន សែន ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋស្តីទី​បាន​សម្រេច​លើកលែងទោស​ដល់​បុរស​ជនជាតិ​បែលហ្ស៊ិក​ម្នាក់ ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ពាក់ព័ន្ធ​នឹង​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​រិះគន់​ចំពោះ​ការ​លើកលែងទោស​នេះ និង​ទទូច​ឱ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​លើ​ករណី​អ្នក​ជាប់ឃុំ​ជនជាតិ​ខ្មែរ​មួយចំនួន ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ការពារ​សិទ្ធិមនុស្ស បញ្ហា​សង្គម និង​ធនធានធម្មជាតិ។

ជនជាតិ​បែលហ្ស៊ិក លោក តង់ហ្គី អេដឌី ជេ តាល់ឡែរ (Tanguy Eddie J. Taller) កើត​ឆ្នាំ​១៩៨០ បាន​ទទួល​ការ​លើកលែងទោស​តាម​ព្រះរាជក្រឹត្យ​ចុះ​តាំងពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៦ តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ពេល​នេះ​។ ព្រះរាជក្រឹត្យ​នេះ​ត្រូវ​បាន​ចេញ​ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រ និង​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋស្តីទី តាម​សេចក្តី​ក្រាបបង្គំ​ទូល​ថ្វាយ​របស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។

បុរស​ជនជាតិ​បែលហ្ស៊ិក​រូបនេះ ត្រូវ​បាន​តុលាការ​កំពូល​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត តាម​សាលដីកា​ព្រហ្មទណ្ឌ​ស្ថាពរ ចុះ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២៣ បន្ទាប់ពី​ត្រូវ​បាន​រក​ឃើញ​ថា មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។ លោក​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ចុងឆ្នាំ​២០១៨ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន ហើយ​ក្រោយមក​ត្រូវ​បាន​ឃុំខ្លួន និង​ផ្ដន្ទាទោស​តាម​នីតិវិធី​របស់​តុលាការ។

ព្រះរាជក្រឹត្យ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លើកលែងទោស​នោះ​ទេ។

ទាក់ទង​ទៅ​នឹង​ការ​លើកលែងទោស​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា តាម​ការ​កត់សម្គាល់​របស់​លោក​មាន​ជនបរទេស​មួយចំនួន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​នៅ​កម្ពុជា ប៉ុន្តែ​ពួកគេ​មិនទាន់​ត្រូវ​បាន​ផ្ដន្ទាទោស ក៏​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅកាន់​ប្រទេស​ដើម​របស់​ពួកគេ​វិញ​។ ដោយឡែក សកម្មជន​សង្គម សកម្មជន​មនសិការ នយោបាយ និង​សកម្មជន​បរិស្ថាន ដែល​ត្រូវ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ រដ្ឋាភិបាល​មិនបាន​គិតគូរ​ដល់​ពួកគេ​នោះ​ឡើយ។

លោក ស៊ឹង សែនករុណា បាន​បន្ថែម​ទៀត​ថា រាជរដ្ឋាភិបាល គួរតែ​ពិនិត្យ​ទៅលើ​សកម្មជន​ទាំងនោះ ដោយ​ស្នើ​ឱ្យ​មានការ​លើកលែងទោស​ដើម្បី​ផ្តល់​តម្លៃ​ទៅលើ​ជនជាតិ​ខ្មែរ ដែល​ជា​សកម្មជន​នយោបាយ សង្គម និង​បរិស្ថាន​ទាំងនេះ ពីព្រោះ​ពួកគេ​ធ្វើ​កិច្ច​ការងារ​ក្នុង​បុព្វហេតុ​ជាតិ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ។

លោក ស៊ឹង សែនករុណា៖ «ដូច្នេះ អ្វីៗ​ទាំងអស់​នេះ គួរតែ​មាន​ការ​គិតគូរ​ពិចារណា ក្នុង​ការ​ពិនិត្យមើល​សំណុំរឿង​ទាំងនោះ ដើម្បី​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​តុលាការ ឱ្យ​មាន​ការ​ទម្លាក់​រាល់​បទចោទប្រកាន់ ហើយ​ដោះលែង​ពួកគាត់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ស្រប​ទៅ​តាម​សកម្មភាព​ដែល​ខ្លួន​ពេញចិត្ត និង​ស្រឡាញ់ ក្នុង​ការ​បំពេញ​ការងារ​ជួយ​សង្គម និង​ជួយ​ជាតិ»។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ថែម​ថា ផ្ទុយទៅវិញ​គឺ​ក្រុម​ជនបរទេស​ទេ ដែល​មក រកស៊ី និង​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍ និង​មុខមាត់​របស់​ប្រទេស​កម្ពុជា ហើយ​ថែមទាំង​បង្ក​នូវ​អសន្តិសុខ​សង្គម និង​អ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត​ផង​។ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​គិតគូរ​ជាពិសេស​តែ​លើ​ក្រុម​ជនបរទេស​ទាំងនោះ​ឡើយ។

ទាក់ទង​ទៅ​នឹង​បញ្ហា​គ្រឿងញៀន​នេះ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១១ កាលពី​ខែមីនា ថា ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​រាជរដ្ឋាភិបាល​មិន​គ្រាន់តែ​ធ្វើ​ដើម្បី​គ្រាន់តែ​បាន​ធ្វើ​នោះ​ទេ គឺ​ធ្វើ​ដើម្បី​អនាគតជាតិ អនាគត​យុវជន និង​ពលរដ្ឋ​ខ្មែរ​គ្រប់រូប។

ទាក់ទិន​នឹង​បញ្ហា​គ្រឿងញៀន​នេះ អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ត្រូវជា​ម្តាយមីង​បង្កើត​របស់​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ពេល​កន្លងទៅ​ថា ជនសង្ស័យ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ប្រភព​រក​ប្រាក់​សម្រាប់​មន្ត្រី​មួយចំនួន​ដែល​មាន​ភារកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន។

អ្នកស្រី​បាន​អះអាង​ថា នៅពេល​មាន​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន ជនសង្ស័យ​មួយចំនួន​ត្រូវ​បាន​ការពារ​ដោយ​មន្ត្រី​មាន​សមត្ថកិច្ច​ក្រោម​ហេតុផល​ថា ពួកគេ​ជា​ជនបង្កប់ ឬ​ជា​អ្នក​ជួយ​ស៊ើបអង្កេត ប៉ុន្តែ​អ្នកស្រី​ចាត់ទុកថា ការអនុវត្ត​បែបនេះ​អាច​ធ្វើ​ឱ្យ​ពួកគេ​ក្លាយជា​មធ្យោបាយ​រក​ផលប្រយោជន៍​សម្រាប់​មន្ត្រី​ពាក់ព័ន្ធ។

ជុំវិញ​បញ្ហា​នេះ​ដែរ អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ​២៣ តុលា លោក គឹម សុខ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា នៅក្នុង​នយោបាយ​ក្រុម​គ្រួសារ​ហ៊ុន​មេ​ជួញដូរ​គ្រឿងញៀន ទាំង​ខ្មែរ ទាំង​បរទេស មិនមែន​ជា​ឧក្រិដ្ឋជន​ដែល​ពួកគាត់​ត្រូវ​កម្ចាត់​ទេ​។ ប៉ុន្តែ​អ្នក​ទោស​នយោបាយ អ្នកទោស​ប្រជាធិបតេយ្យ អ្នកទោស​មនសិការ អ្នកនយោបាយ​បក្ស​ប្រឆាំង ទើប​ជា ក្រុម​មនុស្ស ដែល​ក្រុម​គ្រួសារ ហ៊ុន ចាត់​ទុកជា​សត្រូវ​ដែល​ត្រូវ​កម្ចាត់​ចោល។

លោក គឹម សុខ៖ «ច្បាស់​ហើយ ការដែល​រដ្ឋាភិបាល​ក្រុមគ្រួសារ ហ៊ុន ស្នើ​ឱ្យ​មានការ​លើកលែង​ទោស មេ​ជួញដូរ​គ្រឿងញៀន​បរទេស​ដ៏​ធំ គឺជា​រូបភាព​ឆ្លុះបញ្ចាំង​ថា រដ្ឋាភិបាល​ក្រុម​គ្រួសារ ហ៊ុន ជា​រដ្ឋាភិបាល​ឧក្រិដ្ឋកម្ម គ្រឿងញៀន ឆបោក​អន​ឡាញ ជួញដូរ​មនុស្ស​ឆ្លងដែន ដើម្បី​តែ​ប្រមូល​លុយ​ចិញ្ចឹម​អំណាច ហើយ​ក្នុង​បុព្វហេតុ​អំណាច​ហ្នឹង យក​អំណាច​ទៅ​ធ្វើ​បាប​អ្នក​ប្រជាធិបតេយ្យ ដែល​ចង់បាន​សេរីភាព និង​យុត្តិធម៌​សង្គម»។

របាយការណ៍​រដ្ឋាភិបាល​រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៥ បង្ហាញថា អាជ្ញាធរ​បាន បង្ក្រាប​បទល្មើស​បាន ជា​១​ម៉ឺន​ករណី (១០,៧៤៣​ករណី​) និង​ចាប់ខ្លួន​ជន​សង្ស័យ​បាន​ជិត ៣​ម៉ឺន​នាក់ (២៧,៨៨៤​នាក់​)​។ លើស​ពី​នេះ ក៏​ចាប់បាន​គ្រឿងញៀន​គ្រប់​ប្រភេទ​ជិត ៦​តោន (៥,៨៩៧​គីឡូក្រាម​) និង​សារធាតុ​ផ្សំ​ជាង ៤០​តោន (៤២,៤១៨​គីឡូក្រាម​) ថែមទៀត ក្នុង​នោះ ក៏​រក​ឃើញ​វិជ្ជមាន​លើ​មន្ត្រី​កងកម្លាំង​ជាង ១០០​នាក់​ដែរ (១០៤​នាក់​) ដោយ​បញ្ចប់​មុខតំណែង​១០៣​នាក់ និង​១​នាក់​ទៀត កំពុង​បន្ត​នីតិវិធី​ច្បាប់។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ឆមាស​ទីមួយ ឆ្នាំ​២០២៦ កម្ពុជា​មាន​អ្នក​ជាប់ឃុំ​សរុប ៦៧,៦៧៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ៤,៥៣០​នាក់ និង​អនីតិជន ៣,០៤៧​នាក់​។ ប្រហែល ៥១% នៃ​អ្នក​ជាប់ឃុំ​ទាំងអស់ ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ស្មើនឹង​ជាង​៣​ម៉ឺន​៤​ពាន់ (៣៤,៥១០​នាក់​)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ