

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានព្រមានជាថ្មីថា អ្នកណាក៏ដោយ ដែលប៉ុនប៉ងចង់ផ្ដួលរំលំរដ្ឋាភិបាលត្រកូល «ហ៊ុន» នឹងត្រូវរងការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ដោយលោកសង្កត់ធ្ងន់ថា «ងើបមួយវាយមួយ» ដោយគ្មានការលើកលែងនោះទេ។ អ្នកឃ្លាំមើលរិះគន់ថា ការថ្លែងដោយហិង្សារបស់ លោក ហ៊ុន សែន នេះបង្ហាញច្បាស់ថា រដ្ឋាភិបាលត្រកូល«ហ៊ុន»គ្មានឆន្ទៈផ្សះផ្សាជាតិនោះទេ ហើយកំពុងតែបង្ហាញយ៉ាងច្បាស់ពីការដឹកនាំកាន់តែ«ផ្ដាច់ការ»។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានបញ្ចេញភាសាហិង្សាជាលើកដំបូងក្នុងនាមជាប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី ក្រោយពីលោកបានប្រគល់តួនាទីនាយករដ្ឋមន្ត្រី ឱ្យទៅកូនរបស់ លោក គឺ លោក ហ៊ុន ម៉ាណែត។ អ្នកឃ្លាំមើលថា ការថ្លែងសារគំរាមកំហែងតាមកម្ទេចអ្នកមានមតិផ្ទុយ ឬអ្នកដែលលោកចោទថា ចង់ផ្ដួលរំលំរដ្ឋាភិបាលជារឿងដែល គួរឱ្យសោកស្ដាយ។
ថ្លែងនៅក្នុងពិធីទស្សនកិច្ចនៅអគារទីស្នាក់ការកណ្ដាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន បានគំរាមកំហែងដល់អ្នកណាក៏ដោយ ដែលលោកថាមានបំណងប៉ុនប៉ង ផ្ដួលរំលំរដ្ឋាភិបាលត្រកូល«ហ៊ុន» នឹងរងការធ្វើទុក្ខបុកម្នេញដោយគ្មានការលើកលែងនោះទេ។ លោកបញ្ជាក់ថា ប្រទេសកម្ពុជា មិនអាចឱ្យនរណាម្នាក់មកដឹកនាំជំនួសបាននោះទេ ក្រៅតែពី សមាជិកគ្រួសារត្រកូល«ហ៊ុន» និងកូនចៅគណបក្សប្រជាជនកម្ពុជា។ ទន្ទឹមគ្នានោះ លោក ហ៊ុន សែន ហាក់ខឹង ចំពោះអ្នកដែលរិះគន់លោករឿងនាំចៅប្រុសចៅស្រី ចុះមូលដ្ឋាន ដែលថា ជាសញ្ញានៃការត្រៀមផ្ទេរអំណាចបន្ត ដូចដែល លោកបានប្រគល់អំណាច ឱ្យកូនប្រុសគឺលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន សែន៖ «អ្នកណាក៏ដោយ ដែលប៉ុនប៉ងផ្ដួលរដ្ឋាភិបាល ងើបមួយវាយមួយ។ អ្នកដែលធ្វើនយោបាយដោយសន្តិវិធី ដែលមិនប៉ុនប៉ងផ្ដួលរំលំ ដែលមិនខុសនឹងរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិរបស់អ្នកឯង ។ សារជូនអ្នកឯងមិនច្រើនទេ ប្រសិនបើអ្នកឯង នៅតែបន្ត និយាយថា ផ្ដួលត្រកូល «ហ៊ុន» អញសូមប្រាប់ទៅពួកឯងឱ្យច្បាស់ អត់មានត្រកូល «ហ៊ុន» ដឹកនាំក៏អត់ទាន់ដល់ពេល ពួកអាឯងដែរ គឺមានតែក្រុមហ្វូងទេវតា និង កូនតែទេវតាទេ ដែលមានសិទ្ធិកាន់កាប់»។
លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមតែងប្រើប្រាស់ភាសាគំរាមកំហែង តាមវាយប្រហារមកលើអ្នកមានមតិផ្ទុយ ឬរិះគន់របបដឹកនាំរបស់រដ្ឋាភិបាល ត្រកូល«ហ៊ុន»ហើយក្រោយពីលោក ហ៊ុន សែន បានគំរាមរួច គេតែងតែឃើញអាជ្ញាធរពាក់ព័ន្ធ អនុវត្តសកម្មភាពហិង្សាទាំងនោះយ៉ាងឃោរឃៅមកលើសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយបក្សប្រឆាំង ជាហូរហែ។
ទោះយ៉ាងណា អ្នកឃ្លាំមើលរិះគន់ថា ការដែល លោក ហ៊ុន សែន ចូលចិត្តប្រើអំណាចផ្ដាច់ការ ប្រឆាំងមកលើពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំង គឺដោយសារតែ លោក ហ៊ុន សែន ខ្លាចចលនាមហាជនក្រោកតវ៉ាផ្ដួលរំលំរដ្ឋាភិបាលបក្សកាន់អំណាច ព្រោះក្រោមការដឹកនាំប្រទេសជាងបួនទសវត្សរ៍ រហូតបន្តដល់កូន គឺ លោក ហ៊ុន ម៉ាណែត មកប្រទេសជាតិកាន់តែដុនដាប និងមានរឿងអាស្រូវជាច្រើនលើឆាក់អន្តរជាតិ ដូចជាឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការរំលោភសិទ្ធិមនុស្ស ការលាងលុយកខ្វក់ និងអំពើជួញដូរមនុស្សខុសច្បាប់លំដាប់អន្តរជាតិជាដើម។
ចំណែកបញ្ហាផ្ទៃក្នុង គេសង្កេតឃើញថា ពលរដ្ឋកាន់តែមានជីវភាពខ្វះខាត ជំពាក់បំណុលវ័ណ្ឌក គ្មានការងារធ្វើត្រឹមត្រូវ ខណៈពលរដ្ឋមួយចំនួនទៀត ត្រូវបានឧកញ៉ា និងអ្នកមានអំណាច ដែល ជិតស្និទ្ធនឹងរដ្ឋាភិបាល បោកប្រាស់លុយអស់រាប់ម៉ឺនដុល្លារ ។ រីឯ បញ្ហាថ្មីៗនេះទៀត ក្រោមការដឹកនាំ របស់ លោក ហ៊ុន ម៉ាណែត បានធ្វើឱ្យទឹកដីជាង៧០ទីតាំង ត្រូវបានយោធាថៃឈ្លានពានយក ដោយគ្មានការប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិនោះទេ។ អ្នករិះគន់ថា លោក ហ៊ុន សែន ខ្លាំងបានតែជាមួយខ្មែរគ្នាឯង ចំពោះសត្រូវឈ្លានពានទឹកដី លោកបែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ថា ការថ្លែងសារគំរាមកំហែងរបស់ លោក ហ៊ុន សែន ជាថ្មីនេះ បង្ហាញឱ្យឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងតែដើរថយក្រោយ ហើយ លោក ហ៊ុន សែន កំពុងតែរំលោភធ្ងន់ធ្ងរលើ រដ្ឋធម្មនុញ្ញកម្ពុជា និងកំពុងតែបំផ្លាញប្រព័ន្ធដឹកនាំរដ្ឋ ឱ្យក្លាយទៅជា ការបែកបាក់ឯកភាពជាតិ កាន់តែធ្ងន់ធ្ងរ។ ជាមួយគ្នានោះលោកថា ការប្រើប្រាស់ភាសា«ងើបមួយវាយមួយ» របស់ លោក ហ៊ុន សែន គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំង ហើយបង្ហាញថាកម្ពុជាកំពុងដឹកនាំតាមបែបផ្ដាច់ការឬជារបបដឹកនាំគ្រួសារនិយម កាន់តែខ្លាំងឡើង។
លោករិះគន់ថា ទង្វើដែល លោក ហ៊ុន សែន ធ្វើនេះ ពុំផ្ដល់ផលចំណេញដល់ជាតិនោះទេ ផ្ទុយទៅវិញ ធ្វើឱ្យប្រទេសជាតិបន្តបែកបាក់ ហើយយន្តការផ្សះផ្សាជាតិ និងឯកភាពជាតិ ដែល លោក ហ៊ុន ម៉ាណែត តែងតែលើកឡើងនោះ ក៏លែងមានតម្លៃ។ បន្ថែមពីលើនោះ លោកថា ការដែល លោក ហ៊ុន សែន អះអាងថា ប្រទេសជាតិនេះ មិនអាចឱ្យនរណាម្នាក់មកដឹកនាំជំនួស ក្រៅតែពីរដ្ឋាភិបាលត្រកូល«ហ៊ុន» និងបក្ខពួកខ្លួន ជាការប្រមាថធ្ងន់ធ្ងរ មកលើសមត្ថភាពពលរដ្ឋ។ លោកបន្តថា ការដឹកនាំរបៀបនេះ ធ្វើឱ្យកម្ពុជា កាន់តែឯកោនៅលើឆាកអន្តរជាតិ ព្រោះរបៀបដឹកនាំរបស់ លោក ហ៊ុន សែន គ្មានភាពស្របច្បាប់ អយុត្តិធម៌ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក សេង វណ្ណលី៖ «នៅលើឆាកអន្តរជាតិ ការដឹកនាំតាមបែបគំរាមកំហែងនេះធ្វើឱ្យកម្ពុជាកាន់តែឯកោ និងបាត់បង់ភាពស្របច្បាប់។ ប្រទេស លោកសេរី និងដៃគូពាណិជ្ជកម្មធំៗនឹងបន្តដាក់សម្ពាធផ្ដាច់ជំនួយនឹង ការដកប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចជាតិ និងឆ្នាំបាយរបស់កម្មករ ។ ករណីនេះក៏អាចធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងការពឹងផ្អែក ទៅលើប្រទេសមហាអំណាចតែមួយគត់ ដែលអាចជៀសមិនរួច ដែលធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងឯកភាពជាតិទាំងមូល»។
រីឯប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ចាត់ទុកការគំរាមកំហែងរបស់ លោក ហ៊ុន សែន គឺធ្វើឡើង ដើម្បីតែអំណាច និងបក្ខពួកខ្លួន ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញថា បើទោះបីប្រទេសជាតិកំពុងត្រូវបានយោធាថៃឈ្លានពានទឹកដីក្ដី ក៏លោក ហ៊ុន សែនមិនអើពើរកដំណោះស្រាយឱ្យបានទាន់ពេលវេលានោះទេ គឺគិតតែពីការធ្វើទុក្ខបុកម្នេញពលរដ្ឋ។ លោកថា លោក ហ៊ុន សែន ខ្លាំងបានតែជាមួយខ្មែរគ្នាឯង រីឯជាមួយថៃវិញ លោកគ្រាន់តែ ជាមេដឹកនាំ«អសមត្ថភាព» ម្នាក់ប៉ុណ្ណោះ។
លោក អ៊ុំ សំអាន៖ «គាត់ការពារតែអំណាច អត់ការពារទឹកដីទេ។ បើការពារទឹកដីគាត់អត់ខ្លាំងអ៊ីចឹងទេ ដូចសត្រូវឈ្លានពានដូចថៃ តែបើខ្មែរគ្នាឯង ដូចថា ចាប់គេដាក់គុក សម្លាប់គេ ធ្វើបាបក្រុមគ្រួសារគេ ចាប់ម៉ែឪគេដាក់គុក ដូច លោក ស៊ុន ដារ៉ា ជាដើម។ ដូច្នេះគាត់ធ្វើដើម្បីតែអំណាចត្រកូលហ៊ុនទេ»។
ក្នុងការដឹកនាំប្រទេសជាច្រើនទសវត្សរ៍មកនេះ គ្រួសារត្រកូលហ៊ុនបានប្រើប្រាស់ការបង្ក្រាបដោយហិង្សា ចាប់ចង ចោទប្រកាន់ និងផ្ដន្ទាទោសដាក់ពន្ធនាគារមកលើ មន្ត្រីបក្សប្រឆាំង និងពលរដ្ឋស្លូតត្រង់។ លោក ហ៊ុន សែន មិនដែលហ៊ានបើកលំហឱ្យមានការប្រកួតប្រជែងនយោបាយ ប្រកបដោយសេរី និង យុត្តិធម៌ នោះឡើយ។ ប៉ុន្តែ នៅពេលដែលមានពលរដ្ឋរិះគន់ពីការដឹកនាំ របស់លោក ហើយជំរុញឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ឡើងវិញ លោក ហ៊ុន សែន បែរជាចោទពលរដ្ឋ និងអ្នកនយោបាយ ថា កំពុងតែ ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលទៅវិញ៕









