

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានទៅគោរពវិញ្ញាណក្ខន្ធជីដូនជីតានៅ ឯស្រុកកំណើត ខេត្តតាកែវ ជាលើកដំបូង បន្ទាប់ពីលោកមានសេរីភាពឡើងវិញ ដើម្បីបួងសួងសុំសេចក្ដីសុខនិងបួងសូងសុំឱ្យលោកមានសេរីភាពពេញលេញ។ ជាមួយគ្នានោះស្ថានទូតប្រទេសប្រជាធិបតេយ្យ ប្រចាំនៅកម្ពុជា ក៏បានសាទរចំពោះការលើកលែងទោសលោក កឹម សុខា និង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិពលរដ្ឋ និងនយោបាយ ឱ្យបានទូលំទូលាយ។
ក្រោយពីប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យមេបក្សប្រឆាំង គឺលោក កឹម សុខា មានសេរីភាពឡើងវិញបាន៣ថ្ងៃមក នៅថ្ងៃទី២៧ ខែឧសភា លោក កឹម សុខា បានធ្វើដំណើរ ទៅលេងស្រុកកំណើត នៅភូមិត្រពាំងត្រកៀត ឃុំឧត្ដមសុរិយា ខេត្តតាកែវ ដើម្បីគោរពវិញ្ញាណក្ខន្ធជីដួនជីតា ដែលបានស្លាប់ កាលពីសម័យខ្មែរក្រហម។
មេធាវីការពារក្ដីឱ្យ លោក កឹម សុខា គឺលោក ផែង ហេង បានបង្ហោះសាររួមនិងរូបភាព លោក កឹម សុខា ដោយបង្ហាញពី សកម្មភាព លោក កឹម សុខា ទៅអុជធូបគោរពផ្នូរសពជីដូនជីតា ក្រោយពី ខានខានគោរពអស់រយៈ៨ឆ្នាំ។ លោក ផែង ហេង បានរៀបរាប់ថា លោក កឹម សុខា បានបួងសួងសុំសេចក្ដីសុខ និងសូមឲ្យបារមីនៃ បុព្វការីជន ឲ្យជួយ ម្ដាយ របស់លោកដែលមាន វ័យចាស់ជរា ឱ្យមានសុខភាពល្អ នៅបានជាម្លប់ដល់កូនចៅ ចៅទួត ព្រមទាំងសូមឱ្យលោកមានសេរីភាព បានពេញលេញឡើងវិញ ក្នុងពេលឆាប់ៗខាងមុខ។
ទន្ទឹមគ្នានោះ លោក កឹម សុខា បានបញ្ជាក់ថា លោកសុំរក្សាភាពស្ងប់ស្ងាត់មួយរយៈ ដើម្បីមើលថែម្ដាយ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ ហើយក៏គ្រោងសាងផ្នួសសងគុណម្ដាយ ក្នុងរយៈពេលខ្លី។ លោក ផែង ហេង បញ្ជាក់ថា លោក កឹម សុខា មកគោរពវិញ្ញាណខន្ធនៅទីនេះ ព្រោះជាទីដែលលោក កឹម សុខា និងគ្រួសារបានមករស់នៅកាលពីសម័យខ្មែរក្រហម និង ជាកន្លែងដែលពួកខ្មែរក្រហមបានចាប់ចងឪពុក របស់លោក យកទៅវាយនឹងត្បូងចបសម្លាប់យ៉ាងឃោរឃៅ។ ក្រោយពីគោរពវិញ្ញាណក្ខន្ធរួច លោក កឹម សុខា ក៏ត្រឡប់ទៅមើលថែ ម្ដាយរបស់លោកនៅភ្នំពេញវិញ។
ទន្ទឹមគ្នានេះ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា លោក ស្ទូហ្វាន មេសសឺរ័រ (Stefan Messerer) បានបង្ហោះលិខិតយ៉ាងខ្លីមួយសន្លឹក នៅលើគណនីហ្វេសប៊ុក របស់ស្ថានទូតអាល្លឺម៉ង់ នៅថ្ងៃទី២៧ខែឧសភាដោយបានរៀបរាប់ថា ការលើកលែងទោសដល់ លោក កឹម សុខា តាមរយៈលុបចោលទោសជាប់ពន្ធនាគារ២៧ឆ្នាំ គឺជាជំហានវិជ្ជមាន។ ទោះជាយ៉ាងណា ឯកអគ្គរដ្ឋទូតរូបនេះសង្ឃឹមថា នេះជាសញ្ញាដ៏ល្អ ដែលរដ្ឋាភិបាលកម្ពុជា នឹងឆ្ពោះទៅរកការបើកលំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឱ្យកាន់តែទូលំទូលាយ និងមានយុត្តិធម៌ជាងមុននៅកម្ពុជា។
លោក ស្ទូហ្វាន មេសសឺរ័រ បញ្ជាក់ថា «ប្រទេសអាល្លឺម៉ង់នៅតែបន្តប្ដេជ្ញាចិត្តចំពោះភាពជាដៃគូដ៏យូរអង្វែងរបស់ខ្លួនជាមួយកម្ពុជា និងគាំទ្រដល់ការអភិវឌ្ឍន៍ប្រទេសប្រកបដោយសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យ»។
រីឯ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានចេញចេញលិខិតមួយដែរ ដោយសរសេរថា ការលើកលែងទោសលោក កឹម សុខា គឺជាការបោះជំហានទៅមុខដ៏មានអត្ថន័យ សម្រាប់លោក កឹម សុខា និង សម្រាប់ជាតិទាំងមូល។ ស្ថានទូតអូស្ត្រាលី ក៏បានសូមស្វាគមន៍ ចំពោះការវិវឌ្ឍជាវិជ្ជមានបន្ថែមទៀត ពាក់ព័ន្ធនឹងករណីរបស់លោក កឹម សុខា។ ជាមួយគ្នានោះ ស្ថានទូតអូស្ត្រាលី បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវបើកផ្លូវឱ្យពលរដ្ឋ មានការចូលរួមក្នុងឆាកនយោបាយពិតប្រាកដ ខណៈអូស្ត្រាលីបានអះអាងថា ខ្លួនបានត្រៀមជាស្រេចក្នុងការជួយគាំទ្រកម្ពុជាឱ្យសម្រេចបាននូវគោលដៅនេះ។
ការដោះលែងអ្នកនយោបាយចាស់វស្សា គឺលោក កឹម សុខា ឱ្យមានសេរីភាពដើរហើរនៅក្នុងស្រុក ក្រោមរូបភាពដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត និងហាមមិនឱ្យធ្វើដំណើរទៅក្រៅប្រទេសចំនួន៥ឆ្នាំនេះ គេសង្កេតឃើញមានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលជាច្រើនបានពិពណ៌នាយ៉ាងវែងអន្លាយ ដោយរៀបរាប់ថា នេះជាសញ្ញាវិជ្ជមាន ហើយបង្ហាញពីគុណធម៌នយោបាយ ដ៏ជ្រាលជ្រៅ របស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ព្រោះការដោះលែងនេះ លោក ហ៊ុន ម៉ាណែត ផ្ទាល់ជា អ្នកស្នើសុំទៅកាន់អង្គព្រះមហាក្សត្រ។ ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត ក៏អះអាងថា នេះជាជំហាននៃការសាមគ្គីជាតិ និងឯកភាពជាតិ។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលបានពណ៌នា ការដោះលែង លោក កឹម សុខា នេះ គ្រាន់តែជាល្ខោននយោបាយរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» ដើម្បីបន្លំភ្នែកមហាជន និងសហគមន៍អន្តរជាតិ ព្រោះលោក ហ៊ុន ម៉ាណែត គ្មានឆន្ទៈផ្សះផ្សាជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពិតប្រាកដនោះទេ ខណៈជាក់ស្ដែង លោក កឹម សុខា នៅតែបាត់បង់សិទ្ធិជាពលរដ្ឋពេញលេញ និងគ្មានសិទ្ធិធ្វើនយោបាយដដែល។
ជុំវិញរឿងនេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន យល់ថា ថ្វីត្បិត លោក កឹម សុខា ត្រូវបានតុលាការដកហូតសិទ្ធិធ្វើនយោបាយ និងហាមឃាត់ធ្វើដំណើរទៅក្រៅប្រទេសក្ដី លោក កឹម សុខា នៅតែមានឱកាសដើម្បីជួបជាមួយបណ្ដាអង្គទូត និងអ្នកគាំទ្រ នៅតាមតំបន់នានានៅទូទាំងប្រទេសកម្ពុជា ដើម្បីបានដឹងពីសុខទុក្ខពលរដ្ឋ និងចូលរួមចំណែកខ្លះសម្រាប់ប្រទេសជាតិប៉ុន្តែ លោកថា ករណីនេះ សំខាន់នៅលើលោក កឹម សុខា ខ្លួនឯង។
ជាមួយគ្នានោះ លោក រ៉ុង ឈុន នៅតែជំរុញឱ្យរដ្ឋាភិបាលគួរតែទម្លាក់ការចោទប្រកាន់ទាំងអស់លើ លោក កឹម សុខា ហើយដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាពឡើង ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ពិតជាចង់សាមគ្គី និងឯកភាពជាតិប្រាកដ។
លោក រ៉ុង ឈុន៖ «តាមការពិតចំពោះកម្ពុជាយើង បង្ហាញពីការផ្សះផ្សាជាតិ ឯកភាពជាតិ មិនចំពោះតែលោក កឹម សុខា ទេ ឥស្សរជននយោបាយទាំងអស់ ក្រុមប្អូនៗយុវជន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានជាប់ខ្លួនពួកគាត់ក្ដី គឺត្រូវតែដោះលែង ហើយផ្ដល់សេរីភាពដល់ពួកគាត់ឡើងវិញ នោះទើបបានបង្ហាញថាប្រទេសជាតិយើងមានឯកភាពជាតិ»។
ពាក់ព័ន្ធការ ដោះលែង លោក កឹម សុខា នេះដែរ ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា បានចេញលិខិតដោយរៀបរាប់ថា ស្ថានទូតអង់គ្លេស បានតាមដានសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងលោក កឹម សុខា យ៉ាងយកចិត្តទុកដាក់ និងបានតស៊ូមតិ ឱ្យមានការដោះលែងលោក កឹម សុខា ពីការឃុំខ្លួននៅក្នុងផ្ទះ និងជំរុញឱ្យរដ្ឋាភិបាល បើកលំហសិទ្ធិសេរីភាពធ្វើនយោបាយរបស់លោក កឹម សុខា ឡើងវិញ។ ជាមួយគ្នានោះ ស្ថានទូតអង់គ្លេស ក៏បានសាទរចំពោះព្រះរាជក្រឹត្យលើកលែងទោសដាក់ពន្ធនាគារ ពីព្រះមហាក្សត្រ មកលើលោក កឹម សុខា។
កាលពីថ្ងៃទី២៥ ខែឧសភា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានលើកឡើងថា ការលើកលែង ទោសដល់លោក កឹម សុខា ដែលតុលាការផ្ដន្ទាទោស២៧ឆ្នាំនេះ គឺគ្រាន់តែជាការកែប្រែភាពអយុត្តិធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយនៅកម្ពុជា បានមួយផ្នែកប៉ុណ្ណោះ ប៉ុន្តែសេរីភាពនយោបាយ របស់លោក កឹម សុខា នៅតែបន្តរឹតត្បិត ខណៈអ្នកនយោបាយផ្សេងៗទៀតត្រូវបានលោក ហ៊ុន សែន គំរាមកំហែងនិងចាប់ដាក់ពន្ធនាគារតាមទំនើងចិត្ត៕









