

អ្នកឃ្លាំមើលសង្គមសង្កេតឃើញថាព្រះមហាក្សត្រកម្ពុជាបច្ចុប្បន្ន ព្រះអង្គគ្មានអំណាចពិតប្រាកដដូចត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនោះទេ។ ការកត់សម្គាល់នេះ ធ្វើឡើងនៅក្នុងថ្ងៃគម្រប់ខួប២២ឆ្នាំនៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលតាមរដ្ឋធម្មនុញ្ញព្រះអង្គគឺ ជាព្រះប្រមុខរដ្ឋ និងជានិមិត្តរូបនៃឯកភាពជាតិ ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលយល់ឃើញថា ឥទ្ធិពលជាក់ស្តែងរបស់ព្រះអង្គក្នុងនាមជាព្រះប្រមុខរដ្ឋនៅមានកម្រិត។
តាមរដ្ឋធម្មនុញ្ញព្រះមហាក្សត្រមានព្រះរាជតួនាទីក្នុងការថែរក្សាឯកភាពជាតិ រក្សាស្ថិរភាពនយោបាយ និងជួយដោះស្រាយវិបត្តិនយោបាយផ្ទៃក្នុងក្នុងនាមជាតួអង្គអព្យាក្រឹត្យដូចដែលព្រះរាជបិតារបស់ព្រះអង្គធ្លាប់បានបំពេញកាលពីព្រះអង្គនៅមានព្រះជន្ម។ ប៉ុន្តែឃ្លាំមើលសង្គមយល់ឃើញថា ឥទ្ធិពលជាក់ស្តែងរបស់ព្រះមហាក្សត្របច្ចុប្បន្នគឺនៅមានកម្រិតនៅឡើយបើប្រៀបធៀបជាមួយព្រះរាជបិតារបស់ព្រះអង្គគឺសម្តេចព្រះនរោត្តម សីហនុ ។
អ្នកនាំពាក្យនៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក គឹម សុខ បានលើកឡើងថា រដ្ឋធម្មនុញ្ញកំណត់ឋានៈរបស់ព្រះមហាក្សត្រជានិមិត្តរូបរបស់ជាតិ ប៉ុន្តែលោកយល់ថា ឥទ្ធិពលជាក់ស្តែងរបស់ព្រះអង្គលើកិច្ចការជាតិមានកម្រិត។ លោកថា ប្រសិនបើព្រះមហាក្សត្រអាចប្រើប្រាស់ឥទ្ធិពលរបស់ព្រះអង្គបានសូម្បីតែបន្តិច ក៏លោក ហ៊ុន សែន មិនអាចទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងវិបត្តិដូចបច្ចុប្បន្ននេះបានដែរ។
លោក គឹម សុខ បន្ថែមថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើឱ្យព្រះមហាក្សត្រមិនអាចបំពេញព្រះរាជតួនាទីជាសាធារណៈបានពេញលេញ ដោយមិនអាចមានព្រះបន្ទូលអំពីបញ្ហាប្រឈមរបស់ប្រទេស និងមិនអាចយាងជួបប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការឈ្លានពានដោយប្រទេសជិតខាង។
ហេតុដូច្នេះហើយ ក្នុងកាលៈទេសៈសព្វថ្ងៃ ដើម្បីឱ្យនិមិត្តរូបរបស់ព្រះអង្គមានឥទ្ធិពលឡើង ទី១លុះត្រាតែពួកអ្នកកាន់អំណាចនៅភ្នំពេញនិងអ្នកនយោបាយទាំងអស់ ព្រមស្ដាប់នូវព្រះឱវាទរបស់ព្រះអង្គ។ ហើយទី២ ប្រសិនបើពួកអ្នកកាន់អំណាចមិនព្រមស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គទេ គឺព្រះអង្គផ្ទាល់ត្រូវបង្ហាញសេចក្តីក្លាហាន ក្នុងការមានបន្ទូលជាសាធារណៈខ្លះ លើវិបត្តិផ្ទៃក្នុងជាតិ និងផ្ដល់ដំបូន្មាន ឱ្យពួកអ្នកកាន់អំណាចចេញមកដោះស្រាយ។
លោក គឹម សុខ
លោក គឹម សុខ បន្ថែមទៀតថា តួនាទីតាមរដ្ឋធម្មនុញ្ញរបស់ព្រះមហាក្សត្រក្នុងការលើកកម្ពស់ឯកភាពជាតិ និងដើរតួជាអាជ្ញាកណ្ដាលក្នុងពេលមានវិបត្តិនយោបាយ នឹងគ្មានអត្ថន័យជាក់ស្តែងឡើយ ប្រសិនបើអ្នកដឹកនាំនយោបាយមិនគោរព និងស្តាប់តាមព្រះរាជឱវាទរបស់ព្រះអង្គ។
រដ្ឋធម្មនុញ្ញកម្ពុជាកំណត់ព្រះមហាក្សត្រជាប្រមុខរដ្ឋ ប៉ុន្តែកំណត់ព្រំដែនចំពោះការចូលរួមដោយផ្ទាល់របស់ព្រះអង្គក្នុងការដឹកនាំប្រទេស។ មាត្រា៧ ចែងថា ព្រះមហាក្សត្រទ្រង់គ្រងរាជ្យ ប៉ុន្តែមិនកាន់អំណាចគ្រប់គ្រងប្រទេសឡើយ។ មាត្រា៨ កំណត់ថា ព្រះអង្គជានិមិត្តរូបនៃឯកភាព និងនិរន្តរភាពជាតិ ព្រមទាំងមានតួនាទីក្នុងការធានាឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជា លោក សេង វណ្ណលី បានលើកឡើងថា ការមិនមានអំណាចប្រតិបត្តិ មិនមានន័យថា ស្ថាប័នព្រះមហាក្សត្រគ្មានឥទ្ធិពលនោះទេ។ លោកថា ព្រះមហាក្សត្រអាចដើរតួនាទីជាតួអង្គបង្រួបបង្រួមជាតិ ដែលស្ថិតនៅលើសពីការបែងចែកនយោបាយ និងជួយរក្សានិរន្តរភាពរដ្ឋ នៅពេលមានការផ្លាស់ប្តូររដ្ឋាភិបាល ឬអ្នកដឹកនាំ។
លោក សេង វណ្ណលី បានបន្តថា មាត្រា៩ ក៏បានផ្តល់តួនាទីដល់ព្រះមហាក្សត្រជា «អាជ្ញាកណ្ដាលកំពូល» ដើម្បីធានាឱ្យអំណាចសាធារណៈដំណើរការបានជាប្រក្រតី នៅពេលប្រទេសជួបវិបត្តិនយោបាយ។ លោកថា ក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រអាចប្រើប្រាស់ឥទ្ធិពលផ្លូវសីលធម៌ ដើម្បីជំរុញការសន្ទនា កាត់បន្ថយការប្រឈមមុខដាក់គ្នា និងនាំគូប្រជែងនយោបាយឱ្យវិលមករកការចរចាដោយសន្តិវិធី។
លោកបានលើកឡើងពីយន្តការតាមរដ្ឋធម្មនុញ្ញ ដូចជា ការប្រោសព្រះរាជទានសវនាការដល់អ្នកដឹកនាំនយោបាយ ការផ្ញើព្រះរាជសារទៅកាន់រដ្ឋសភា តាមមាត្រា១៨ និងការទទួលសវនាការពីនាយករដ្ឋមន្ត្រី តាមមាត្រា២០។ លោកយល់ថា យន្តការទាំងនេះអាចជាមធ្យោបាយមួយឱ្យព្រះមហាក្សត្ររំឭកអ្នកដឹកនាំអំពីការទទួលខុសត្រូវតាមរដ្ឋធម្មនុញ្ញ និងផលប្រយោជន៍ជាតិ។
លោកថាអ្នកនយោបាយគ្រប់និន្នាការត្រូវតែគោរពភាពអព្យាក្រឹតរបស់ព្រះមហាក្សត្រ ដោយចៀសវាងដាច់ខាតនូវការទាញយកព្រះនាមរាជបល្ល័ង្កមកធ្វើជាឧបករណ៍កេងចំណេញនយោបាយបក្ខពួក។
អ្នកឃ្លាំមើលសង្គមយល់ថា ស្ថាប័នព្រះមហាក្សត្រអាចដើរតួនាទីសំខាន់ក្នុងនាមជានិមិត្តរូបនៃសន្តិភាព និងឯកភាពជាតិ ទោះបីព្រះអង្គមិនមានអំណាចប្រតិបត្តិដោយផ្ទាល់ក៏ដោយ។ ពួកគេលើកឡើងថា នៅពេលអ្នកដឹកនាំនយោបាយមានការខ្វែងគំនិតគ្នា ព្រះមហាក្សត្រអាចផ្តល់វេទិកាសម្រាប់ការសន្ទនា តាមរយៈការអញ្ជើញតំណាងគណបក្សនយោបាយផ្សេងៗចូលគាល់ និងពិភាក្សារកដំណោះស្រាយ ដូចដែលអតីតព្រះមហាក្សត្រសម្តេចព្រះនរោត្តម សីហនុ ធ្លាប់បានអនុវត្តកាលពីពេលព្រះអង្គនៅមានព្រះជន្មនៅឡើយ៕









