

អង្គការសង្គមស៊ីវិលជុំវិញពិភពលោកជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ ដែលកំពុងជាប់ពន្ធនាគារ ឱ្យមានសេរីភាពឡើងវិញ។ ការទាមទារនេះ ធ្វើឡើងតាម រយៈលិខិតចំហមួយផ្ញើជូនលោក ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា យុវជនបរិស្ថានវ័យក្មេងទាំងនេះ ជាធនធានដ៏សំខាន់ក្នុងកិច្ចការពារបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះ ដែលគួរតែត្រូវបានដោះលែងជាបន្ទាន់។
អង្គការ មូលនិធិប្រ៊ូណូ មែនសឺរ (Bruno Manser Fonds) រួមជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) ចំនួន៧០ ជុំវិញពិភពលោក បានរួមគ្នា ធ្វើលិខិតចំហមួយផ្ញើជូននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែមិថុនា ដោយអំពាវនាវជាសាធារណៈឱ្យដោះលែងសកម្មជនបរិស្ថានដ៏លេចធ្លោ ទាំងប្រាំរូបនៅកម្ពុជា ជាបន្ទាន់ ក្រោយពីពួកគាត់ត្រូវបានតុលាការក្រុងភ្នំពេញផ្ដន្ទាទោស ឱ្យជាប់ពន្ធនាគារចន្លោះពី៦ ទៅ៨ឆ្នាំ កាលពីខែកក្កដា ឆ្នាំ២០២៤។
អង្គការជាតិ និងអន្តរជាតិទាំងនេះបានរៀបរាប់ នៅក្នុងលិខិតថា អស់រយៈពេលជិតពីរឆ្នាំមកនេះ យុវជនបរិស្ថានទាំងប្រាំរូបនៃសកម្មជនចលនាមាតាធម្មជាតិ នៅតែ បន្តរង់ចាំយុត្តិធម៌ ខណៈដែលសវនាការរបស់ពួកគាត់ នៅសាលាឧទ្ធរណ៍ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ត្រូវបានពន្យារពេល និងមិនបានកំណត់ពេលវេលាឡើងច្បាស់លាស់នៅឡើយ។
ក្រុមអង្គការជាតិ និងអន្តរជាតិទាំង នេះលើកឡើងថា ខណៈដែលកម្ពុជា គ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie Summit) លើកទី២០ ក្នុងរាជធានីភ្នំពេញ នៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ ថ្នាក់ដឹកនាំកម្ពុជាត្រូវទទួលស្គាល់ថា ការលើកកម្ពស់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កិច្ចការពារបរិស្ថាន ដើម្បីការពារ ការប្រែប្រួល អាកាសធាតុ គឺជាបញ្ហាប្រឈមសកលដ៏សំខាន់មួយ ដែលមេដឹកនាំពិភពលោកចង់ដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ។ ដូច្នេះ ពួកគាត់ថា រាជរដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តស្របតាមស្មារតីនេះ តាមរយៈការ ដោះលែងសកម្មជនបរិស្ថានវ័យក្មេង ទាំងប្រាំរូបជាបន្ទាន់។
ថ្លែងនៅក្នុងលិខិតចំហ នាយកប្រតិបត្តិនៃអង្គការ Bruno Manser Fonds លោក លូកាស ស្ទូអ៊ូម៉ាន់ (Lukas Straumann) លើកឡើងថា សកម្មជនចលនាមាតាធម្មជាតិ គឺជាបន្ទាយការពារចុងក្រោយមួយនៃការការពារបរិស្ថាននៅក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធនាការដោយសន្តិវិធី និងមិនពាក់ព័ន្ធ នឹងនយោបាយនោះឡើយ។ ជាមួយគ្នានោះលោកថា សកម្មជន បរិស្ថាន៥រូបនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន និងសហគមន៍ដែលងាយរងគ្រោះ ពីការបំផ្លិចបំផ្លាញ តាមរយៈការផលិតវីដេអូ តស៊ូមតិ លាតត្រដាងពី ការកាប់ឈើខុសច្បាប់ និងការបូមខ្សាច់ ព្រមទាំង លាតត្រដាងអំពើពុករលួយ និងការប្រើប្រាស់ធនធានសាធារណៈមិនត្រឹមត្រូវ នៅកម្ពុជា។
នាយកអង្គការអន្តរជាតិរូបនេះបានថ្លែងក្នុងសម្ដីដើមថា «វាដល់ពេលហើយដែលត្រូវទទួលស្គាល់សកម្មជនបរិស្ថានទាំង៥រូប ស្របតាមគុណតម្លៃពិតប្រាកដរបស់ពួកគាត់។ ពួកគាត់ គឺជាមេដឹកនាំវ័យក្មេងដ៏ក្លាហាន ក្នុងកិច្ចការការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិ របស់កម្ពុជាដើម្បីផលប្រយោជន៍ប្រជាជនកម្ពុជាទាំងអស់គ្នា។» លោកបន្តថា «ការងាររបស់ពួកគេ ជួយពង្រឹង មិនមែនជាការគំរាមកំហែងដល់ ប្រទេសជាតិ និងអនាគតរបស់ជាតិនោះទេ»។
លោក លូកាស ស្ទូអ៊ូម៉ាន់ បានរៀបរាប់បន្តថា៖ «ការលើកកម្ពស់ផ្នែកសិទ្ធិមនុស្សនឹងជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងអាចទប់ទល់បានកាន់តែប្រសើរឡើងប្រឆាំងនឹងបញ្ហា ប្រឈមជាច្រើនដែល កម្ពុជា កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ ដូច្នេះ អ្នកការពារសិទ្ធិមនុស្ស និងបរិស្ថាន មិនគួរត្រូវបានចាត់ទុក ជាការគំរាមកំហែងដល់សន្តិសុខជាតិទៀតនោះទេ»។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យ សាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី២០ ខែឧសភា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
សកម្មជនបរិស្ថានទាំង៥រូប ដែលកំពុងជាប់ពន្ធនាគារ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា លោក យីម លាងហ៊ី រួមនឹងសមាជិកដទៃទៀតទាំងអស់ ចំនួន១០នាក់ គ្រោងនឹង ចូលសវនាការនៅសាលាឧទ្ធរណ៍នៅថ្ងៃទី០២ ខែមិថុនា ប៉ុន្តែសាលាឧទ្ធរណ៍បានប្រកាសលើសពេលដោយគ្មានពេលកំណត់ ដោយអះអាងថា ប្រធានក្រុមប្រឹក្សាមានធុរៈផ្ទាល់ខ្លួន។ សកម្មជន ទាំងនេះ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចន្លោះ ពី៦ ដល់៨ ឆ្នាំពីបទ «រួមគំនិតក្បត់» និង «ប្រមាថអង្គព្រះមហាក្សត្រ» ក្រោយពីពួកគាត់ បានប្រើប្រាស់ សិទ្ធិសេរីភាព ការពារធនធានធម្មជាតិ ដែលកំពុងរងការបំផ្លាញ នៅកម្ពុជា។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី លើកឡើងថា រដ្ឋាភិបាលមិនគួរដាក់ទោសទណ្ឌដល់សកម្មជនបរិស្ថានទៀតនោះទេ គួរតែដោះលែង តាមការអំពាវនាវរបស់អង្គការសង្គមស៊ីវិលទាំងជាតិ និងអន្តរជាតិ។ លោកថា ការដោះលែងពួកគាត់កម្ពុជានឹងទទួលបានការសាទរពីសហគមន៍អន្តរជាតិ ហើយរដ្ឋាភិបាល នឹងមានមុខមាត់ កាន់តែល្អ នៅលើឆាកអន្តរជាតិ ជុំវិញការគោរពសិទ្ធិមនុស្ស។
លោក យិន ម៉េងលី៖ «ការដោះលែងយុវជនទាំង៥នោះពិតជាមានការសាទរពីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដូចដែលបានដាក់លិខិតស្នើសុំទៅកាន់តែនាយករដ្ឋមន្ត្រី ឱ្យមានការដោះលែងទី១។ ទី២ នៅលើឆាកអន្តរជាតិនឹងមើលឃើញថា រដ្ឋាភិបាលនឹងចាប់ផ្ដើមបើកលំហសេរីភាព ចាប់ផ្ដើមបើក លំហសេរីភាព ចាប់ផ្ដើមទទួលយកមតិរិះគន់ ដើម្បីស្ថាបនាដែរ។ អ៊ីចឹងសរុបទៅ វាជាចំណុចល្អ ជាមុខមាត់របស់រដ្ឋាភិបាលទៅវិញទេ»។
ជុំវិញរឿងនេះដែរ នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA)លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) យល់ឃើញថា ការផ្ដន្ទាទោស របស់តុលាការលើយុវជនទាំង៥រូបជារឿងមិនត្រឹមត្រូវនោះទេ ព្រោះព្រះរាជអាជ្ញាបានបរាជ័យក្នុងការបង្ហាញភស្តុតាង ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» និង «ភស្តុតាង» ប្រមាថព្រះមហាក្សត្រ ។លោករិះគន់ថា ការអះអាងរបស់ព្រះរាជអាជ្ញាកន្លងមក មានភាពទន់ខ្សោយ និងគួរឱ្យអស់សំណើច។ ដូច្នេះលោកថា ការជំនុំជម្រះ និងការកាត់ទោសទាំងមូល គឺជាការបំផ្លាញយុត្តិធម៌នៅកម្ពុជា ដែលបង្គាប់តាមរដ្ឋាភិបាលដើម្បីដាក់ទោសទណ្ឌ លើយុវជនដែលហ៊ានរិះគន់គោលនយោបាយ និងថ្នាក់ដឹកនាំរដ្ឋាភិបាល។
លោកចាត់ទុកការកាត់ទោសនេះ គឺជាការសងសឹករបស់រដ្ឋាភិបាលប្រឆាំងនឹងក្រុមសកម្មជនបរិស្ថាន ដែលបានទទួល ជោគជ័យក្នុងការលាតត្រដាងអំពើពុករលួយ និងការរំលោភអំណាចក្នុងការទាញយកធនធានធម្មជាតិ និងការបំផ្លិចបំផ្លាញបរិស្ថាន។ លោកបន្តថា មន្ត្រីរដ្ឋាភិបាល និងក្រុមឧកញ៉ានៅកម្ពុជា មិនចូលចិត្តការទាមទារ ឱ្យទទួលខុសត្រូវពីសំណាក់យុវជននោះទេ។ ដូច្នេះលោកថា មេដឹកនាំរដ្ឋាភិបាលមកពីប្រទេសបារាំង កាណាដា ស្វីស និងបណ្ដាប្រទេសនិយាយភាសាបារាំង (Francophonie) ដទៃទៀត ដែលនឹងមកដល់ទីក្រុងភ្នំពេញក្នុងខែវិច្ឆិកា គួរតែទាមទារឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងយុវជនបរិស្ថានជាបន្ទាន់៕









