មេ​ធនាគារជាតិ​​ប្រាប់​កាសែត​អន្តរជាតិ​ថា កម្ពុជា​ជា​ជនរងគ្រោះ​ក្នុង​បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ

0
49
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP
អ្នកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែង​កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូប៖ គេហទំព័រ CPP

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី អះអាង​ប្រាប់​សារព័ត៌មាន​អន្តរជាតិ​ថា កម្ពុជា​ក៏​ជា​ជនរងគ្រោះ​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ផង​ដែរ​។ មេ​ធនាគារជាតិ​កម្ពុជា​រូប​នេះ​ក៏បាន​ច្រានចោល​ការចោទប្រកាន់ និង​ការរិះគន់​នានា​ដែល​ថា រដ្ឋាភិបាល​មិនបាន​ខិតខំ​ប្រឹងប្រែង​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា។

ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី បាន​ទទួលស្គាល់​ថា បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​ពិតជា​កំពុង​កើត​មាននៅ​កម្ពុជា​។ អ្នកស្រី​លើកឡើង​ថា មជ្ឈដ្ឋាន​នានា​មិន​គួរ​ទម្លាក់កំហុស ឬ​ដាក់​សម្ពាធ​មក​លើ​កម្ពុជា​តែម្នាក់ឯង​នោះ​ទេ ព្រោះ​អ្នកស្រី​ថា ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំងនេះ​មាន​លក្ខណៈ​ស្មុគស្មាញ និង​ជា​បញ្ហា​រួម​របស់​សហគមន៍​អន្តរជាតិ​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​បណ្ដា​ប្រទេស និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន។

អ្នកស្រី ជា សិរី ថ្លែង​បែបនេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ជប៉ុន និកគី អេស៊ា (Nikkei Asia) អំឡុង​ពេល​ទៅ​ចូលរួម​វេទិកា និកគី ហ្វ័រឹម (Nikkei Forum ) ស្ដីពី​អនាគត​អាស៊ី (Future of Asia) នៅ​ប្រទេស​ជប៉ុន​កាលពី​សប្ដាហ៍​មុន។

ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ជប៉ុន និកគី អេស៊ា (Nikkei Asia) ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ ខែមិថុនា អ្នកស្រី ជា សិរី ទទួលស្គាល់​ថា ស្ថាប័ន​ធនាគារជាតិ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ក្នុង​ការ​តាមដាន​លំហូរ​ហិរញ្ញវត្ថុ​ដែល​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​។ អ្នកស្រី​បកស្រាយ​ថា ការប្រើប្រាស់​រូបិយប័ណ្ណ​ឌីជីថល (Cryptocurrency) និង​បច្ចេកវិទ្យា​ប្លុកឆេន (Blockchain) បាន​ធ្វើ​ឱ្យ​ប្រតិបត្តិការ​របស់​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​កាន់តែ​ពិបាក​តាមដាន និង​ត្រួតពិនិត្យ​។ អ្នកស្រី​ថា កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​សមត្ថភាព​មន្ត្រី​ជំនាញ និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ដៃគូ​ដែល​មាន​បទពិសោធន៍​រួមមាន​សហរដ្ឋអាមេរិក និង​ជប៉ុន ដើម្បី​បង្ការ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ទាំង​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ មន្ត្រី​តំណាង​រដ្ឋាភិបាល​ក្រៅប្រទេស​រិះគន់​ថា ស្ថាប័ន​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បរាជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​លាង​លុយកខ្វក់​ដែល​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែមិថុនា​ថា ការ​បកស្រាយ​របស់​អ្នកស្រី ជា សិរី ហាក់ជា​ការ​ព្យាយាម​ការ​ពារ​ក្រុម​អ្នក​មាន​អំណាច និង​ក្រុម​ឧក្រិដ្ឋជន​ដែល​កាង​ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា​។ លោក​អះអាង​ថា ស្ថាប័ន​ធនាគារជាតិ​បានដឹង​អំពី​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន និង​បណ្ដាញ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់ បាន​មកពី​អំពើ​ឆបោក​តាម​អនឡាញ​រួម​ទាំង​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) របស់​ក្មួយប្រុស​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ផង​ដែរ ប៉ុន្តែ​លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិនបាន​ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។

លោក គឹម សុខ៖ «ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក គេ​មិនបាន​រើសអើង​ចំពោះ ប្រទេស​ណាមួយ​ក្នុង​វិធានការ​ចាត់ការ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ជា​អន្តរជាតិ​នោះ​ទេ​។ ពួកគេ​តែងតែ ស្វែងរក​កិច្ច​សហប្រតិបត្តិការ ដើម្បី​កម្ចាត់​ឧក្រិដ្ឋកម្ម​សកលលោក​ហ្នឹង​។ ក៏ប៉ុន្តែ​នៅ​កម្ពុជា គេ​រក​ឃើញ​ច្បាស់​ថា មាន​ឧកញ៉ា​នៅ​ជុំវិញ​ក្រុម​គ្រួសារ ហ៊ុន សមាជិក​ព្រឹទ្ធសភា មាន​ជាប់​ពាក់ព័ន្ធ ទៅ​ក្នុង​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​ប្រមូល​លុយ​ទៅ​ចិញ្ចឹម​អំណាច​ក្រុម​គ្រួសារ ហ៊ុន និង គណបក្ស​ប្រជាជន​កម្ពុជា​ទៅទៀត​។ នៅ​ពេល​ដែល​គេ​រក​ឃើញ​បែប​ហ្នឹង​គេ​ទាមទារ​ឱ្យ​មាន កិច្ច​សហប្រតិបត្តិការ»។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ហួយ​វ័ន ផេ (Huione Pay) កាលពី​ឆ្នាំ​២០២៤។ ក្រុមហ៊ុន​នេះ​មាន​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួយបង្កើត​លោក ហ៊ុន សែន ជា​សហប្រធាន​។ សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​នេះ ដោយសារតែ​រកឃើញ​ថា ពាក់ព័ន្ធ​នឹង​ការ​លាង​លុយកខ្វក់​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ និង​ក្រុម​ចោរ​ព័ត៌មានវិទ្យា​កូរ៉េខាងជើង ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ន​ក៏​មាន​ជនរងគ្រោះ​រាប់​រយ​នាក់​បន្ត​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាម​ទារ​លុយ​របស់​ខ្លួន​មកវិញ បន្ទាប់ពី​ក្រុមហ៊ុន​បាន​បង្កក​យក។

ទេសាភិបាល​ធនាគារជាតិ​កម្ពុជា​អ្នកស្រី ជា សិរី ប្រាប់​កាសែត​ជប៉ុន និកគី អេស៊ា ថា ស្ថាប័ន​ធនាគារ មិន​មាន​សិទ្ធិអំណាច​ក្នុង​ការ​ចុះ​បង្ក្រាប ឬ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​លើ​ករណី​ឧក្រិដ្ឋកម្ម​តាម​អន​ឡាញ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ​នោះ​ទេ។ អ្នកស្រី​អំពាវនាវ​ឱ្យ​សមត្ថកិច្ច និង​អង្គភាព​ពាក់ព័ន្ធ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ ជាមួយ​គ្នា​នេះ អ្នកស្រី​ថា ធនាគារជាតិ​កម្ពុជា​ក៏បាន​ចាត់វិធានការ​រឹត​បន្តឹង​ប្រព័ន្ធ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​លំហូរ​ប្រាក់​ខុសច្បាប់។

តំណាង​មន្ត្រី​រដ្ឋាភិបាល​ក្រៅប្រទេស លោក គឹម សុខ ថ្លែង​ថា ធនាគារជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​អ្នកស្រី ជា សិរី មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​លំហូរ​សាច់ប្រាក់​ងងឹត​របស់​បណ្ដាញ​ឧក្រិដ្ឋជន ប៉ុន្តែ​ដោយសារតែ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​ធ្វើ​ឱ្យ​ស្ថាប័ន​ធនាគារជាតិ​ខកខាន ដើម្បី​ស្វែងរក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​ប្រទេស​ធំៗ ដើម្បី​ចាត់វិធានការ​មេខ្លោង​សំខាន់ៗ រួម​ទាំង​លោក ហ៊ុន តូ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ